Sunday, February 12, 2012

កុល ដាវី ពុះ​កញ្ជ្រោល​នឹង​ព័ត៌មាន​បោក​ទ្រព្យ​អ្នក​អាមេរិក

តារា​សម្តែង​ និង​ពិធីការិនី​ល្បី​ឈ្មោះ​ដែល​លេច​ធ្លោ​នឹង​សម្រស់​ដើម​ទ្រូង​ស​ខ្ចី​ដ៏ ទ្រលុក​ទ្រលន់​គួរ​ឲ្យ​គយគន់​នាង កុល ដាវី បាន​ឆេះ​ដុំ​កើត​ទុក្ខ​មិន​សុខចិត្ត និង​មិន​អាច​នៅ​សំងំ​ស្ងៀម​បាន​ទេ​នៅ​ពេល​នេះ ដោយសារ​តែ​មាន​អ្នក​និយាយ​បំភ្លៃ​ការ​ពិត ជុំវិញ​ព័ត៌​មាន​ថា តារា​រូប​នេះ​បាន​ប្រើ​សម្រស់​ជា​ដើម​ទុន​ដើម្បី​អង្រួន​ចិត្ត​អ្នក​អាមេរិក ​បោក​ប្រាស់​យក​ទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹក​សន្ធាប់​នោះ​។
តារា​សម្តែង​ដែល​រមែង​ពើប​ប្រទះ​នឹង​រឿង​អាស្រូវ​មិន​ចេះ​ចប់​មិន​ចេះ​ ហើយ​តារា​សម្តែង​ដែល​រមែង​ពើប​ប្រទះ​នឹង​រឿង​អាស្រូវ​មិន​ចេះ​ចប់​មិន​ចេះ​ ហើយ កុល ដាវី បាន​និយាយ​ដោយ​ឆេះ​ដុំ​រាប់​ពាន់​អង្សា​ថា មុន​នេះ​បន្តិច​មាន​ព័ត៌មាន​គ្មាន​ការ​ពិត​មួយ​បាន​និយាយ​បរិហារកេរ្តិ៍ ពី​នាង​ថា នាង​បាន​ធ្វើ​ជា​ភ្ជាប់​ទំនាក់​ទំនង​ស្នេហ៍​ក្លែង​ក្លាយ​ជា​មួយ​បុរស​ អាណិកជន​ខ្មែរ​ម្នាក់​រស់​នៅ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​រូប​នោះ​ស្ទើរ​ឆ្កួត​ចិត្ត ដោយ​សារ​តែ​ចាញ់​បោក​នាង​ បង់​ទាំង​ចិត្ត អស់​ទាំង​ទ្រព្យ​សម្បត្តិ​។

ពិធី​ការិនី​វាត​ទី​គ្រង​តំណែង​៤​ស្ថានីយ​ទូរទស្សន៍​ កុល ដាវី បាន​និយាយ​ដោយ​ខឹង​សម្បា​នឹង​ព័ត៌មាន​គ្មាន​ធាតុ​ពិត​ថា៖«​សុំ​ទោស​បង! ខ្ញុំ​រាង​ខឹង​បន្តិច ខាង​ព័ត៌​មាន​ហ្នឹង​មិន​ដឹង​ជា​គេ​ដឹង​ពី​ណា បាន​ជា​គេ​ចុះ​គ្មាន​ការ​ពិត​សូម្បី​បន្តិច​សោះ​ថា ខ្ញុំ​ហ្នឹង​បាន​ធ្វើ​ឲ្យ​បុរស​អាមេរិក​ម្នាក់​លង់​ខ្លួន ហើយ​គេ​ថែម​ទាំង​ថា អ្នក​អាមេរិក​ហ្នឹង​ឧបត្ថម្ភ​ខ្ញុំ តាំង​ពី​ទិញ​ផ្ទះ​ ឡាន​ទំនើប​ និង​របស់​របរ​ផ្សេង​ៗ បង់​ប្រាក់​អស់​មិន​តិច​ទេ តើ​គេ​ដឹង​ពី​ណា បើ​គ្មាន​ការ​ពិត​ហ្នឹង​?»។
ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ថា កុល ដាវី បោក​ចិត្ត បោក​ទ្រព្យ​នោះ តារា​ដែល​រវល់​សឹង​តែ​គ្មាន​ពេល​ចូល​បន្ទប់​ទឹក​ម្នាក់​នេះ បាន​ប្រាប់​ថា នាង​សូម​បញ្ជាក់​នៅ​ពេល​នេះ​ថា នាង​សូម​បដិសេធ​ទាំង​ស្រុង​ចំពោះ​ព័ត៌​មាន​នេះ។ នាង​បន្ត​ថា នាង​មិន​បាន​ដឹង​ខ្លួន​សូម្បី​បន្តិច​ ហើយ​ក៏​មិន​ធ្លាប់​ស្គាល់​អ្នក​អាមេរិក​ណា​ដែរ ​ព័ត៌​មាន​ដែល​គេ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នោះ គ្មាន​ប្រភព​ច្បាស់​ទាល់​តែ​សោះ ពោល​គឺវា​អាច​ជា​ការ​ប្រឌិត​ច្រើន​ជាង​។
ដើម្បី​ស​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​ក្នុង​នាម​ជា​តារា​មាន​ភាព​ថ្លៃ​ ថ្នូរ​ ម្នាក់​ ដែល​បាន​ទទួល​រង​ថ្ម​បាក់ កុល ដាវី បាន​ខិតខំ​ស្វះស្វែង​រត់​រក​ក្រសួង​ព័ត៌​មាន​ដែល​ជា​ឪពុក​ម្តាយ​ឲ្យ​ជួយ​ អន្តរាគមន៍​នៅ​ក្នុង​រឿង​នេះ និង​ធ្វើ​ការ​កែ​តម្រូវ​នូវ​រាល់​ព័ត៌​មាន​ខុស​ពី​ការ​ពិត​ទាំង​នោះ ដែល​ស្ថាប័ន​ព័ត៌​មាន​មួយ​ចំនួន​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​។
នាង​បាន​និយាយ​ថា៖«​ចំពោះ​ព័ត៌មាន​ដែល​ថា ខ្ញុំ​បោកប្រាស់​ទ្រព្យ​សម្បត្តិ លុយ​កាក់​គេ​យ៉ាង​សន្ធឹក​នោះ ​ខ្ញុំ​សូម​ធ្វើ​ការ​បដិសេធ​ទាំង​ស្រុង ហើយ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​ ខ្ញុំ​បាន​សុំ​ឲ្យ​ក្រសួង​ព័ត៌​មាន​ជួយ​អន្តរាគមន៍ និង​ឲ្យ​សារ​ព័ត៌​មាន​នោះ​ ជួយ​បកស្រាយ​ឲ្យ​ខ្ញុំ​វិញ​»។ តារា​រូប​នេះ​បាន​បន្ត​ថា៖​«​ធម្មតា​ខ្ញុំ​មាន​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្ញុំ ខ្ញុំ​ប្រាកដ​ណាស់​ថា ខ្ញុំ​មិន​ដែល​បាន​ធ្វើ​រឿង​បែប​នេះ​ទេ​»។
ជា​ការ​គាប់​ជួន​គ្នា​នឹង​ការ​ផ្ទុះ​ព័ត៌​មាន​ថា តារា​រូប​នេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​បុរស​អាមេរិក​ ហើយ​ក៏​បាន​​ទាត់​គេ​ចោល​ដូច​បាល់​នោះ បាន​កើត​ឡើង​នៅ​ខណៈ​ពេល​​ដែល​ពិធី​ការិនី កុល ដាវី កំពុង​តែ​កាក់​កប​នៅ​ក្នុង​អាជីព​របស់​ខ្លួន​ មាន​លុយ​កាក់​ទិញ​ផ្ទះ​មួយ​ល្វែង​នៅ​ម្តុំ​ព្រលាន​យន្ត​ហោះ​ភ្នំពេញ និង​ប្តូរ​មក​ជិះ​រថយន្ត​ទំនើប​ម៉ាក​ឡិចស៊ីស​៤៧០​យ៉ាង​ហ៊ឺហា​។
ចំណូល​ដែល​ទទួល​បាន ធ្វើ​ឲ្យ​តារា​រូប​នេះ​អាច​មាន​លទ្ធភាព​ប្រើប្រាស់​របស់​របរ និង​យាន​ជំនិះ​ទំនើប​នេះ ត្រូវ​បាន​ កុល ដាវី បញ្ជាក់​ឲ្យ​ដឹង​ថា គឺ​ជា​ការ​ខិតខំ​រក​ចំណូល​ដោយ​ខ្លួន​ឯង​ទាំង​យប់​ទាំង​ថ្ងៃ​ ទោះ​បី​ជា​ស្ថិត​ក្រោម​កម្តៅ​ថ្ងៃ និង​ភ្លៀង​ផ្គរ​ក៏​ដោយ ដោយ​មិន​មាន​ការ​ជួយ​ទំនុក​បម្រុង​ពី​បុរស​ណា​ឡើយ​។​ ជា​ការ​ពិត​ថ្វី​ដ្បិត​តែ កុល ដាវី មិន​ល្បី​ផ្តាច់​គេ​ទាំង​អាជីព​សម្តែង និង​ពិធី​ការិនី តែ​គេ​សង្កេត​ឃើញ​ថា តារា​រូប​នេះ​ហាក់​ដូចជា​ទទួល​បាន​ការងារ​ច្រើន​ពី​អាជីព​របស់​ខ្លួន​ ពិសេស​ពី​អាជីព​ជា​ពិធី​ការិនី​។
នាង​បាន​និយាយ​ថា៖​«​បង​ឯង​គិត​មើល! គេ​ថា គេ​ឲ្យ​ផ្ទះ ផ្ទះ​ណា? ផ្ទះ​របស់​ខ្ញុំ​ហ្នឹង​ទិញ​យូរ​ហើយ គឺ​ទិញ​បង់​រំលស់ រក​លុយ​បង់​ឲ្យ​ធនាគារ​២​ឆ្នាំ​ចង់​ដាច់​ខ្យល់​ហើយ​ហ្នឹង។​ រីឯ​ឡាន​ ខ្ញុំ​រក​លុយ​ទិញ​ខ្លួន​ឯង​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ខ្ញុំ​មាន​លទ្ធ​ភាព! មួយ​ថ្ងៃ​ៗ​ ខ្ញុំ​ធ្វើ​ការ ខ្ញុំ​ទៅ​ថត​ស្ទើរ​តែ​គ្មាន​ពេល​ញាំ​បាយ​ផង​។ ខ្ញុំ​ចុះ​ទៅ​ធ្វើ​ពិធីករ​តាម​ខេត្ត និង​កម្មវិធី​ផ្សេង​ៗ​ស្ទើរ​រាល់​ថ្ងៃ​ តែ​ពេល​ខ្ញុំ​ឃើញ​គេ​បង្ខូច​កិត្តិយស កេរ្តិ៍​ឈ្មោះ​ខ្ញុំ​អ៊ីចឹង ខ្ញុំ​ពិបាក​ចិត្ត​ណាស់ តែ​ខ្ញុំ​ក៏​អរគុណ​ដែរ​ដែល​បង​ប្អូន​ទស្សនិកជន ពិសេស​នៅ​តាម​ Facebook គាត់​ជឿ​ខ្ញុំ នៅ​តែ​គាំទ្រ​ខ្ញុំ តែ​ខ្ញុំ​ក៏​សូម​ប្រាប់​ពួក​គាត់​ថា ខ្ញុំ​ស្អាត​ស្អំ​១០០​ភាគរយ»។
ដាវី បញ្ជាក់​ថា៖«​បើ​អ្នក​ណា​គេ​ច្បាស់​ថា គេ​ចង់​ចេញ​មុខ​ត​ទល់​គ្នា ខ្ញុំ​ពិត​ជា​អត់​ខ្លាច​ទេ ខ្ញុំ​ស្វាគមន៍​ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេ​មើល​!»។
ជាមួយ​គ្នា​នេះ កុល ដាវី ក៏​ត្រៀម​ឯកសារ​រួច​ជា​ស្រេច​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ជុំវិញ​ការ​ចុះ​ ផ្សាយ​មួល​​បង្កាច់​កិត្តិ​យស​កេរ្តិ៍​នាង​ផង​ដែរ ដោយ​តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ស្ថាប័ន​មួយ​នោះ​មិន​ព្រម​បកស្រាយ​ពី​ភាព​ស្អាត​ស្អំ​ឲ្យ​នាង វិញ​ទេ​នោះ​។
តារា​ដែល​អ្នក​ណា​ៗ​ក៏​សរសើរ​ពី​សម្រស់​ដើម​ទ្រូង​របស់​នាង​នោះ​ បាន​និយាយ​ថា៖«​ខ្ញុំ​មាន​ឯកសារ​អស់​ហើយ​បង! បើ​គាត់​មិន​បកស្រាយ​ឲ្យ​ខ្ញុំ​វិញ​ទេ ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ ព្រោះ​រឿង​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ខ្លាំង​សម្រាប់​ខ្ញុំ​នោះ​ទេ គឺ​វា​ប៉ះពាល់​ទាំង​អស់ ទាំង​ម្តាយ​ខ្ញុំ បង​ប្អូន ជីដូន ជីតា​ខ្ញុំ​ទៀត​ផង»៕(PK)

Comments system

Disqus Shortname