ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី២៥ កុម្ភៈ ២០១២ នេះ
នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប
ក្នុងទន្លេល្ពៅនៃដៃទន្លេមេគង្គលើ
ស្ថិតក្នុងអធិបតេយ្យភាពកម្ពុជា
មានរៀបចំពិធីវប្បធម៌រួមគ្នាមួយ គឺកីឡាប្រណាំងទូក កីឡាវាយបាល់
កីឡាប្រដាល់ក្បាច់បុរាណខ្មែរ និងសម្តែងសិល្បៈខ្មែរបុរាណ
ចម្រៀងសម័យ រាំវង់កម្សាន្ត
និងដាក់តាំងពិព័រណ៍ផលិតផលកសិកម្មរួមគ្នារវាងខេត្តព្រះវិហារ
កម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ ។
ពិធីវប្បធម៌
និងការតាំងពិព័រណ៍ផលិតផលកសិកមក្មនេះគឺគោលបំណងចង់បង្ហាញ
ពីសក្តានុពលនៃខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរប្រចាំឆ្នាំ
ព្រះវិហារ-ចំប៉ាសាក់
ដែលមានភូមិផងរបងជាមួយនិងបានចុះកិច្ចព្រមព្រៀងជាមួយគ្នា
ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យលើការងារ
សន្តិសុខ តាមបណ្តោយព្រំដែន ការងារទេសចរណ៍ ការងារកសិកម្ម
ពាណិជ្ជកម្ម និងវប្បធម៌។
ពិធីបែបនេះខេត្តទាំងពីរធ្លាប់បានធ្វើម្តងរួចទៅហើយក្នុងឆ្នាំ
២០១១ នៅលើភូមិសាស្ត្រនៃទឹកដីប្រទេសឡាវ ស្ថិតក្នុងភូមិកោះស្មៅ
កណ្តាលទន្លេមេគង្គ ក្នុងស្រុកមឿងខូង
ពេលនោះភាគីចខេត្តចំប៉ាសាក់ ជាម្ចាស់ផ្ទះ
តែដោយឡែកសម្រាប់ឆ្នាំ២០១២ នេះ
ខេត្តព្រះវិហារធ្វើជាម្ចាស់ផ្ទះម្តង
ដោយប្រព្រឹត្តទៅក្នុងទឹកដីភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១
ស្រុកឆែប ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកអ៊ុំ ម៉ារ៉ា
អភិបាលខេត្តព្រះវិហារ ជាមួយលោកសនសៃ ស៊ីផាន់ដន
អភិបាលខេត្តចំប៉ាសាក់ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ កុម្ភៈ
ដល់ថ្ងៃទី២៦ កុម្ភៈ ២០១២
ដែលមានការចូលរួមទស្សនាកម្សាន្តពីសំណាក់ប្រជាពលរដ្ឋទាំងពីរខេត្ត
ក្នុងមួយថ្ងៃៗ មានដល់ទៅជាង១ម៉ឺននាក់ផងដែរ ។
ឱកាសបើកកម្មវិធីប្រកួត លោកអ៊ុំ ម៉ារ៉ា និងលោកសនសៃ ស៊ីផាន់ដន
បានមានមតិសំណេះសំណាលក្នុងទឹកចិត្តសប្បាយរីករាយជាមិត្តភាព
ក្នុងការបង្ហាញឱ្យឃើញនូវការទំនាក់ទំនងជាបងប្អូនល្អរវាងខេត្ត
ជាប់ព្រំដែនទាំងពីរ និងបានសន្យាថា
ខេត្តទាំងពីរមានចំណងមិត្តភាពល្អជាមួយគ្នាម៉ឺនឆ្នាំ ៕