រាជធានីភ្នំពេញ ៖
យុវជនម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
នៃនាយកដ្ឋានក្រសួងមហាផ្ទៃចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃទី២៥ កុម្ភៈ
ដោយជាប់ចោទពីបទល្បួងលួងលោមកូនស្រីគេទៅឡើងឋានសួគ៍នៅផ្ទះសំណាក់រហូត
បានសម្រេចដល់ទៅ២ដង។
យុវជនជាប់ចោទមានឈ្មោះអ៊ុង សុភ័ក្រ ហៅប៊ី
អាយុ២៣ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃបានឱ្យដឹងថា
ការឃាត់ខ្លួនយុវជនរូបនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់អ្នកស្រីឈូក រដ្ឋា
អាយុ៤៧ឆ្នាំ ដែលជាម្តាយនារីរងគ្រោះបានចោទប្រកាន់ជនជាប់ចោទថា
បានល្បួងលួងលោមកូនស្រីគាត់ឈ្មោះស.ស.វ
ទៅរំលោភសេពសន្ថវៈនៅផ្ទះសំណាក់បានសម្រេចរហូតដល់ទៅ២ដង ។
អង្គហេតុនៃពាក្យបណ្តឹងនោះបានបញ្ជាក់ថា
កាលពីម៉ោងប្រហែល៧និង៣០នាទីព្រឹកថ្ងៃទី២០ កុម្ភៈ
ជនជាប់ចោទបានហៅកូនស្រីគាត់ឱ្យឡើងជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ
ទៅជាមួយគេ ។
ប្រភពបានឱ្យដឹងទៀតថា
លុះរហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែលមានអ្នកស្រុក
ភូមិជាមួយគ្នាបានប្រាប់ម្តាយនាងរងគ្រោះឱ្យទៅទទួលយក
នារីរងគ្រោះនៅមុខស្ថានីយទូរទស្សន៍បាយ័ន ស្ថិតនៅសង្កាត់បឹងស្នោ
ខណ្ឌមានជ័យ។ ខណៈទៅដល់ស្រាប់តែឃើញនាងរងគ្រោះកំពុងឈរម្នាក់ឯង
និងមានទឹកមុខក្រៀមក្រំ
ភ្លាមនោះអ្នកស្រីជាម្តាយបានសួរនាំកូនពីរឿងរ៉ាវដែលធ្វើឱ្យ
នាងមកដល់ទីនេះ តែនាងមិននិយាយប្រាប់អ្នកណាទេ ។
រហូតបាន២ទៅ៣ថ្ងៃកន្លងមក
ទើបនាងរៀបរាប់ប្រាប់ម្តាយក៏ដូចជាបានឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ច
ដែរថា នាងត្រូវយុវជនឈ្មោះអ៊ុង សុភ័ក្រ ហៅប៊ី
ល្បួងលួងលោមនាំទៅរំលោភសេពសន្ថវៈនៅផ្ទះសំណាក់មួយក្បែរផ្សារគគីរ
ស្រុកកៀនស្វាយ បានសម្រេចរហូតដល់ទៅ២ដង
រួចក៏ដឹកនាងយកទៅទម្លាក់ចោលនៅមុខស្ថានីយទូរទស្សន៍បាយ័ន
ក្រោយមកក៏ឈានដល់ការចាប់ខ្លួនតួឯកខាងប្រុសតែម្តង៕(KOH)