Sunday, February 26, 2012

គម្រោងតុក្កតាយក្ស ឆ្នាំ២០១២ បានដើរក្បួន តាមដងវិថី នៅក្រុងសៀមរាប

កាលពីរាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង៧:០០ រហូតដល់ម៉ោងប្រមាណ ៩:០០នាទីយប់ មានមនុស្សប្រមាណ ១.០០០នាក់ បានចូលរួមដង្ហែរ និងចូលរួមទស្សនាពិធីដើរ ជាក្បួនតាមដងវិថី ឆ្នាំ២០១២ នៃគំរោងតុក្កតាយក្ស នៅក្រុងសៀមរាប។ នេះជាលើកទី៦ហើយ
នៃការដើរក្បួនឆ្នាំ ដែលគម្រោង បានចាប់ផ្ដើម តាំងពីឆ្នាំ២០០៧ មកម្ល៉េះ។
គម្រោងសិល្បៈកុមារសហគមន៍ បានផ្ដួចផ្ដើម ដែលមានលក្ខណៈធំដុំមួយ នៅក្នុងខេត្តសៀមរាប ដើម្បីផ្ដល់វេទិកា និងលើកកម្ពស់ដល់កុមារ ដែលងាយរងគ្រោះ បានបង្ហាញ និងសម្ដែងនូវគំនិតយោបល់ ព្រមទាំងសេចក្ដីជឿជាក់ សេចក្ដីថ្លៃថ្នូរ និងសេចក្ដីអង់អាចក្លាហានរបស់ពួកគេតាមរយៈសិល្បៈ ។
 ការដើរក្បួនចាប់ផ្ដើមពីព្រលប់ម៉ោង៧:០០នាទី ពីទីតាំងផ្សារចាស់ ដើរដង្ហែរតាមបណ្ដោយមាត់ស្ទឹងត្រើយខាងកើត ឆ្ពោះទៅកាន់កន្លែងប្រារព្ធពិធី ប្រគុំតន្ត្រី សិល្បៈនៅឯសួនច្បារមាត់ស្ទឹងខាងមុខព្រះរាជដំណាក់។
ពិធីនេះមានអ្នកចូលរួមប្រមាណ ១.០០០នាក់ ហើយអ្នកចូលរួមភាគច្រើនជាកុមារ យុវជន សិស្ស និសិ្សត យុវជនកាយរិទ្ធិ មន្ត្រីអង្គការជាតិ អន្តរជាតិ ជនបរទេស ភ្ញៀវទេសចរ និងមហាជនជាច្រើន នាក់ទៀត។
នេះគឺជាឆ្នាំទី៦ ក្នុងការដើរក្បួនតាមដងវិថី នៃគម្រោងតុក្កតាយក្ស នៅក្រុងសៀមរាប ហើយព្រឹតិ្តការណ៍ដ៏សំខាន់មួយនេះ សម្រាប់ផ្ដល់ឱកាសជូនកុមារ ដែលងាយ រងគ្រោះ នៅខេត្តសៀមរាប ក្នុងការបង្កើតនូវវិញ្ញាសា ប្រកបដោយសុភវិច្ឆ័យ នៃការកសាងសហគមន៍ បង្កើតការងារជាក្រុម និងទទួលបាននូវមោទនភាព ព្រមទាំង ការកោតសរសើរដល់កុមារ។
តុក្កតាយក្សរៀបចំបង្កើត ដោយកុមារ រាប់បញ្ចូលនូវចំណេះដឹងប្លែកៗ ខាងការសិក្សាអប់រំ វប្បធម៌ ឬ អត្ថបទស្ដីពីបរិស្ថានភូមិសាស្ត្រ ដូចជា សុវត្ថិភាពផ្លូវថ្នល់ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ជាច្រើន សុខភាពអនាម័យ ព្រមទាំងការទទួលស្គាល់ និងផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌នៅថ្នាក់មូលដ្ឋាន និងបរិស្ថានធម្មជាតិ។ ការរៀបចំទាំងនេះក្រោមការណែនាំចង្អុលបង្ហាញពីសិស្ស សិល្បៈ នៃអង្គការហ្វារពន្លឺសិល្បៈ (Phare Penleu Seplak) ខេត្តបាត់ដំបង ។
លោកនាយកគម្រោងវិចិត្រសិល្ប: ជីហ្គ ខូជ្រេន (Jig Cochrane) បានថ្លែងថា ក្នុងនោះមានកុមារចូលរួមរៀបចំ និងដើរក្បួនជាង ៥០០នាក់ បង្កនូវភាពសប្បាយរីករាយ ព្រមទាំងលើកទឹកចិត្តផ្ដល់នូវក្ដីស្រមៃរបស់កុមារ ក្នុងការរៀបចំដំឡើងតុក្កតាយក្សផងដែរ។ ពេលរៀបចំ និងដើរក្បួនកុមារ មានការលូតលាស់នូវសេចក្ដីរីករាយ សប្បាយចិត្ត រហូតដល់ផ្ទុះសំណើចក្អាកក្អាយ ពិសេសនៅពេលដើរដង្ហែរក្បួន កាលពីព្រលប់ថ្ងៃអាទិត្យ កន្លងទៅនេះ តាមដងវិថីមួយចំនួន ក្នុងក្រុងសៀមរាប។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ ការដើរក្បួនជាលើកដំបូង មានអ្នកចូលរួមតែប្រមាណ២០០នាក់ប៉ុណ្ណោះ ដល់ឆ្នាំ២០១២ នេះ មានអ្នកចូលរួមដើរក្បួនជាង ៥០០នាក់ ព្រមទាំងអ្នកទស្សនាជិត១ពាន់នាក់ផងដែរ។ កុមារដែលចូមរួមពីចំរុះសាលារៀន មណ្ឌលកុមារកំព្រា មណ្ឌលកុមារ និងកុមារងាយរងគ្រោះមួយចំនួនទៀត។ ស្នាដៃតុក្កតាយក្ស ដែលរៀបចំបង្កើត និងបានយកទៅបង្ហែរក្បួនដើរពេលនេះ មានប្រវែង ពី ១០-៣០ម៉ែត្រ ក្នុងនោះមានតុក្កតាសត្វនាគ សត្វអង្ត្រង សត្វខ្លាពពក អ្នកប្រដាល់គុណល្បុក្កតោ ។ល។ ពិធីនេះ គឺមានការចូលរួមឧបត្ថម្ភគាំទ្រពី មណ្ឌលកុមារកំព្រា សណ្ឋាគារ ភោជនីយដ្ឋាន សប្បុរសជន និងអង្គការជាតិ អន្តរជាតិ ផងដែរ ៕

Comments system

Disqus Shortname