Wednesday, February 22, 2012

ស្គាល់​អ្នក​បាញ់​តែ​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ

ស្វាយរៀងៈ ក្រសួង​មហាផ្ទៃ​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា ខ្លួន​បាន​ស្គាល់​អត្ត​សញ្ញាណ​និង​កំពុង​តាម​រក​ចាប់​ខ្លួន ជនសង្ស័យ ​ដែល​បាន​បាញ់​កម្មករ ៣ នាក់​ឲ្យ​រង​របួស​ធ្ងន់ នៅ​រោងចក្រ ក្នុង​ក្រុង​បាវិត​ ខណៈ​ដែល​នគរបាល​ខេត្ត​បាន​ដាក់​កម្លាំង​ពង្រាយ​ដើម្បី​រារាំង​មិន​ឲ្យ​ កម្មករ​ទៅ​ធ្វើ​ការ​ ដោយ​ខ្លាច​មាន​ការ​តវ៉ា​ជា​ថ្មី​ទៀត។

លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ក្នុង​ពិធី​មួយ​ នៅ​ក្រសួង​មហា​ផ្ទៃ កាល​ពី​ម្សិលមិញ​ថា បុរស​ដែល​បាញ់​កាំភ្លើង​នោះ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​អត្ត​សញ្ញាណ​រួច​ហើយ ហើយ​ក្រសួង​មិន​បញ្ចេញ​ព័ត៌មាន របស់​ជន​សង្ស័យ​នោះ​ទេ ដោយ​សារ​ការ​ស៊ើប​អង្កេត​កំពុង​បន្ត ទាក់ទង​នឹង​ទីកន្លែង​របស់​ជន​សង្ស័យ​នោះ។ លោក​បញ្ជាក់​ថា​៖«យើង​ដឹង​អ្នក​បាញ់​ជា​អ្នក​ណា​ហើយ ​ហើយ​យើង​ក៏​មាន​ភស្តុតាង [ដើម្បី​ផ្តន្ទាទោស​គាត់​] ផង​ដែរ​។ គ្រប់​ប្រទេស​មាន​ការ​តវ៉ា ប៉ុន្តែ​យើង [កម្ពុជា] ​យក​កាំភ្លើង​ទៅ​ដោះស្រាយ ​ឲ្យ​អ្នក​ដែល​គ្មាន​កាំភ្លើង​។ ​បញ្ជា​នគរបាល​ឲ្យ​បាញ់​អ្នក​ភូមិ។ ការ​អនុវត្ត​នេះ​ហួស​សម័យ​ហើយ​។ វា​មិន​មែន​ជា​របប​ខ្មែរ​ក្រហម​ទេ យើង​ត្រូវ​តែ​ការពារ​ប្រជាជន»។
កាល​ពី​ថ្ងៃ​ចន្ទ កម្មករ​ជាង ៦០០០ នាក់ មក​ពី​រោងចក្រ ៤ ​ក្នុង​តំបន់​សេដ្ឋកិច្ច Manhattan ក្នុង​ក្រុង​បាវិត
បាន​ធ្វើ​ការ​តវ៉ា និង​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ និង​លក្ខ​ខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជាង​មុន។ ក្រុម​កម្មករ បាន​អះអាង​ថា មន្ត្រី​នគរបាល​ម្នាក់​បាន​បាញ់​កម្មករ ៣ នាក់​ ឲ្យ​រង​របួស​ធ្ងន់​។ កាល​ពី​ម្សិលមិញ កម្លាំង​នគរបាល ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ១ ពី​ក្រុង​ស្វាយរៀង​ ទៅ​ក្រុង​បាវិត ​​និង​នៅ​ខាង​មុខ​រោងចក្រ​ដើម្បី​ធានា​ថា កម្មករ ​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នឹង​មិន​អាច​ជិះ ឡាន​ទៅ​រោងចក្រ​ដើម្បី​ធ្វើ​ការ​តវ៉ា​បាន​ទៀត​ទេ។
អ្នក​ស្រី អាន សំអឿន ​ប្រពន្ធ​របស់​អ្នក​បើកបរ​រថយន្ត​ម្នាក់ ដែល​ដឹក​ជញ្ជូន​កម្មករ​រោងចក្រ​ទៅ​ធ្វើ​ការ​បាន​ថ្លែង​ថា កាល​ពី​យប់​ថ្ងៃ​ចន្ទ ​មេ​ភូមិ​ព្រែក​ទប់ បាន​មក​ផ្ទះ​អ្នក​ស្រី​ ហើយ​ប្រាប់​ប្តី​របស់​អ្នក​ស្រី កុំ​ឲ្យ​ទៅ​យក​កម្មករ រហូត​ដល់​ថ្ងៃ​សុក្រ។ អ្នក​ស្រី​បាន​បន្ត​ទៀត​ថា៖ «​គាត់ [មេ​ភូមិ]​ បាន​ប្រាប់​ខ្ញុំ​ថា អាជ្ញាធរ​ចង់​ការ​ពារ​រោងចក្រ និង​រក​ដំណោះស្រាយ​ជូន​កម្មករ»។
លោក ទិត ពុធ មេ​ភូមិ​ព្រែក​ទប់ បាន​ថ្លែង​ថា ​លោក ព្រម​ទាំង​មេ​ភូមិ និង​មេ​ភូមិ​ដទៃ​ទៀត​ ត្រូវ​បាន​ណែ​នាំ​ឲ្យ​ប្រាប់​អ្នក​បើក​បរ​រថយន្ត ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ថា ​អ្នក​បើកបរ​រថយន្ត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​កម្មករ​ទៅ​ រោងចក្រ​ទេ រហូត​ទាល់​តែ​ដល់​ថ្ងៃ​សុក្រ។ លោក​បាន​បន្ថែម​ថា៖ «​ទោះ​បី​យើង​ធ្វើ​អ្វី​ក៏​ដោយ យើង​គ្រាន់​តែ​ចង់​ចៀស​វាង​អំពើ​ហិង្សា»។
នាង ភឿន ភីម អាយុ ១៧ ឆ្នាំ ជា​កម្មករ​នៅ​រោងចក្រ Kaoway Sports ​ដែល​ផលិត​ស្បែក​ជើង PUMA ​បាន​ថ្លែង​ថា អាជ្ញាធរ​គិត​ថា កម្មករ​នឹង​ធ្វើ​ការ​តវ៉ា​ម្តង​ទៀត​ ហើយ​បំផ្លិច​បំផ្លាញ​រោងចក្រ ដូច្នេះ​គេ​មិន​ឲ្យ​យើង​ធ្វើ​ការ​ចំនួន ៣ ថ្ងៃ។ នាង​បាន​បន្ថែម​ថា៖ «​មេ​ឃុំ​បាន​ប្រាប់​អ្នក​បើកបរ កុំ​ឲ្យ​មក​យក​យើង​ទៅ​ធ្វើ​ការ ព្រោះ​គេ​ខ្លាច​យើង​ដុត​រោង​ចក្រ»។
ក្រុមហ៊ុន PUMA បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​ទាក់ទងនឹង​ការ​តវ៉ា​នៅ​រោង​ចក្រ ដែល​បាន​លើក​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ​សម្អាង​លើ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ កម្ពុជា​ថា មាន​តែ​ស្រ្តី​ម្នាក់ បាន​រង​របួស​ ដោយ​សារ​ការ​បាញ់​នោះ​ ហើយ​កម្មករ​រោងចក្រ Kaoway Sports ​មិន​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ទេ​។
នាង​ កែវ នា ត្រូវ​បាន​បាញ់​ចំ​ដៃ​ស្តាំ ក្នុង​ពេល​តវ៉ា ហើយ​បាន​ទទួល​ការ​ព្យាបាល​របួស​គ្រាប់​កាំភ្លើង នៅ​គ្លីនិក​ឯក​ជន​ ក្នុង​ក្រុង​បាវិត​។ បង​ប្អូន​ជីដូន​មួយ​របស់​នាង​ឈ្មោះ ប៊ុត ចិន្តា ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ជាមួយ​នឹង​របួស ​ដែល​អាច​សម្លាប់​នាង​បាន​ហើយ​នាង នុត សាខន ក៏​ត្រូវ​បាន​គេ​បាញ់​ចំ​ផង​ដែរ ក្នុង​ពេល​តវ៉ា។​
នាង កែវ នា ដែល​ថ្លែង​ពី​គ្រែ​ក្នុង​គ្លីនិក កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា៖ «​គេ [PUMA] ​ថា យើង​មិន​មែន​ជា​កម្មករ​ Kaoway ​ទេ។ ​ប្រសិន​បើ​យើង​មិន​មែន​ជា​កម្មករ​រោងចក្រ តើ​យើង​ជា​អ្នក​ណា? យើង​តវ៉ា ហើយ​គេ​បាញ់​យើង​»។
លោក ជៀង អំ អភិបាល​ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ម្ចាស់​រោងចក្រ មក​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ជួប​ជាមួយ​នឹង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​កាល​ពី​ព្រឹក​​ម្សិលមិញ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​កម្មករ។ លោក​បាន​បន្ត​ថា គេ​យល់​ព្រម​ផ្តល់​ប្រាក់ ២០០០ រៀល សម្រាប់​ថ្លៃ​អាហារ​ថ្ងៃ​ត្រង់ ក្នុង​មួយ​ថ្ងៃ ១០ ដុល្លារ ក្នុង ១ ខែ សម្រាប់​ការ​ធ្វើ​ដំណើរ​ ព្រម​ទាំង​នៅ​ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ឈប់​សម្រាក បើ​រោងចក្រ មិន​មាន​រថយន្ត​ដឹក​ជញ្ជូន​ពួក​គេ រោងចក្រ​នឹង​ផ្តល់​ប្រាក់ ២ ដុល្លារ​បន្ថែម សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ។
អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​មួយ​កាល​ពី​ម្សិលមិញ​ដោយ​ធ្វើ​ការ​ថ្កោល ទោស​ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ប្រដាប់​អាវុធ​ទៅ​លើ​អ្នក​តវ៉ា ដែល​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​។
លោក​ស្រី Naly Pilorge ​ប្រធាន​អង្គការ​លីកាដូ បាន​ថ្លែងថា​៖ «​ប្រសិន​បើ​ការ​ចាប់​ខ្លួន និង​ការ​កាត់​ទោស​បទល្មើស​ទាំង​នេះ​មិន​ដល់​កម្រិត​ច្បាប់​និង​មិន ក្លាយ​ជា​វិធាន​តឹងរ៉ឹង ហើយ​មាន​ការ​លើក​លែង នោះ​អំពើ​ហិង្សា​នឹង​ច្បាស់​ជា​បន្ត​កើន​ឡើង​»៕

Comments system

Disqus Shortname