Thursday, September 13, 2012

ក្រុមហ៊ុន ផលិតទឹកបរិសុទ្ធ វីតាល់ នាំថវិកា១ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា

Photo by DAP-NEWS
ភ្នំពេញ ៖ ឆ្លើបតបទៅនឹងការអំពាវនាវ ស្វែងរកជំនួយឧបត្ថម្ភពីសប្បុរសជន និងដៃគូនានា ពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរពេទ្យគន្ធបុប្ផា រួចមកនោះ ក្រុម ហ៊ុនអិនវីស៊ីខបភើរេសិន(វីតាល់) បាននាំ ថវិកាចំនួន១ម៉ឺនដុល្លារ  ដែលថវិកានោះ ជាប្រាក់ចំណេញ២៥រៀល ក្នុងទឹក១ដបរបស់អថិតិជន ជូនដល់មន្ទីរព្យបាលកុមារដ៏ល្បីមួយនេះ។
ទឹកប្រាក់ទាំងនេះ ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុម ហ៊ុនអិនវីស៊ីខបភើរេសិន(វីតាល់) លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាប្រតិបត្តិ ក្រុម ហ៊ុនអិនវីស៊ីខបភើរេសិន(វីតាល់) រួមជាមួយ  បុគ្គលិកក្រុមហ៊ុន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ បាននាំយក ទៅប្រគល់ជូន ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា។
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា បានមានប្រសាសន៍ថា ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានផ្ដោតសំខាន់ លើការចូលរួមចំណែកក្នុងសកម្មភាពមនុស្ស ធម៌ក្នុងសង្គម ហើយក្រុមហ៊ុនបានចូលរួម ឧបត្ថម្ភ ក្នុងសង្គមជាច្រើន ដូចជាការផ្ដល់ ថវិកា តាមរយៈកាកបាទក្រហម ការចូលរួម ផ្ដល់ជាសម្ភារៈ ស្បៀងអាហារដល់កុមារ កំព្រា កុមារក្រីក្រ ជួយឧបត្ថម្ភដល់កងទ័ព សមរភូមិមុខ ជួយឧបត្ថម្ភដល់សិស្សនិស្សិត ក្រីក្រ និងសហការឧបត្ថម្ភផ្សេងទៀតជា ច្រើន ដូចជាគាំទ្រដល់វិស័យព្រះពុទ្ធសាសនា ហើយ អ្វីដែលជាមោទនភាពទៀតនោះ គឺ ការចូលរួមឧបត្ថម្ភគាំទ្រ ដល់យុទ្ធនាការផ្ដល់ ឈាមរហូតរៀងមក ហើយនឹងបន្ដទៀតនា ពេលអនាគត ។
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា បានមានប្រសាសន៍បន្តទៀតថា ក្រុម ហ៊ុនអិនវីស៊ីខបភើរេសិន(វីតាល់)នឹងមានគម្រោងឧបត្ថម្ភថវិកាចំនូន៥០០០ដុល្លារបន្ថែមទៀត ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំក្រោយ។
គួរបញ្ជាក់ថា ក្រោយពីមានការអំពាវនាវពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពេទ្យមួយនេះ គេសង្កេតឃើញថា ទាំងរាជ រដ្ឋាភិបាល ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងសប្បុរសជនគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស បានចូលរួមឧបត្ថម្ភ ជាបន្តបន្ទាប់ ជាការបង្ហាញឲ្យឃើញថា ប្រជាជនខ្មែរទាំងមូល ទាំងថ្នាក់ធំ ថ្នាក់តូច គិតគូរយ៉ាងខ្លាំងចំពោះសេវា ព្យាបាលដល់កុមារកម្ពុជា ដែលទទួលរងនូវជំងឺឈឺស្កាត់នោះ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname