Wednesday, September 12, 2012

សម្ដេចតេជោសែន៖ ការតភ្ជាប់អាស៊ានបៃតង រួមចំណែកសំខាន់ដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ

សម្ដេចតេជោសែន៖ ការតភ្ជាប់អាស៊ានបៃតង រួមចំណែកសំខាន់ដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ ក្រោម​ប្រធានបទ “​ការតភ្ជាប់​អាស៊ាន​បៃតង​” ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​សន្ដិភាព ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ ក្រោម​ប្រធានបទ “​ការតភ្ជាប់​អាស៊ាន​បៃតង​” ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​សន្ដិភាព ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា


ភ្នំពេញ: កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ ក្រោម​ប្រធានបទ “​ការតភ្ជាប់​អាស៊ាន​បៃតង​” ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ត្រូវបាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ នៅ​វិមាន​សន្ដិភាព ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​រដ្ឋមន្ត្រី នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន លើក​ទី​៣០ ក្រោម​ប្រធានបទ “​ការតភ្ជាប់​អាស៊ាន​បៃតង​” កិច្ចប្រជុំ​ពាក់ព័ន្ធ និង​វេទិការ​ធុរកិច្ច​ថាមពល​អាស៊ាន ឆ្នាំ​២០១២ ដែល​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ នាពេលនេះ​។​

​សម្ដេច ហ៊ុន សែន បាន​លើកឡើងថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​នាពេលនេះ ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា ក្នុងនាម​ជា​សមាជិក​អាស៊ាន ដើម្បី​ចូលរួម​កាន់តែ​សកម្ម​ទ្វេ​ឡើង ក្នុងការ​បន្ត​ព​ន្លឿ​ន​សមាហរណកម្ម​អាស៊ាន​មួយ​ពេញលេញ ការពង្រឹង​សន្តិសុខ និង​ស្ថិរភាព​តំបន់ ការពង្រឹង​កិច្ចទំនាក់ទំនង​ខាងក្រៅ ក៏ដូចជា​ការធានាបាន​ម​ជ្ឈ​ភាព​របស់​អាស៊ាន ក្នុង​និម្មាបនកម្ម​តំបន់​ដែល​វិវឌ្ឍន៍​ឥតឈប់ឈរ​។​

​ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានលើកឡើង​បន្តថា យើង​បាន​បង្កើត​ស្មារតី​រួម គឺ ’​អាស៊ាន សហគមន៍​តែមួយ វាសនា​តែមួយ​” ដែលជា​ការគូសបញ្ជាក់​ជាថ្មី​មួយទៀត អំពី​ការប្ដេជ្ញា​យកចិត្តទុកដាក់​ដ៏​មុតមាំ និង​ប្ដេជ្ញាចិត្ត​ខាង​នយោបាយ ក្នុងការ​បំពេញការងា​រទាំង​ក្នុងនាម​ជាស​ហគ​ន៍​រួមគ្នា ទាំង​ក្នុងនាម​ជា​ប្រទេស​នីមួយៗ​រៀងៗ​ខ្លួន ដើម្បី​ឆ្ពោះទៅ​សម្រេច​ជោគជ័យ​យ៉ាងពិត​ប្រាកដ ក្នុងការ​បង្កើត​សហគមន៍​អាស៊ាន និង​ប្រែក្លាយ​អាស៊ាន​ឲ្យ​ក្លាយទៅជា​មហា​គ្រួសារ​ដ៏​ជិតស្និទ្ធ​មួយ ដែលមាន​ភាព​សុខដុម​ទាំង​ផ្នែក​នយោបាយ សន្ដិសុខ និង​ភាព​សុខដុម​សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​។​

​សម្ដេច ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ថា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខែមេសា ឆ្នាំ​២០១២ កន្លង​ទៅនោះ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​បានរួម​គ្នា​ពង្រឹង​ស្មារតី​សាមគ្គីភាព និង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ក្នុងនោះ គំនិត​ផ្ដួចផ្ដើម និង​កិច្ចសហប្រតិបត្តិការ ជាច្រើន ត្រូវបាន​ជជែក​ពិភាក្សាគ្នា និង​ឈានដល់​ការព្រមព្រៀង​ជាមួយគ្នា​។ នៅក្នុង​ស្មារតី​នេះ រួមជាមួយ​នឹង​ការ​ងើបឡើង​យ៉ាង​ឆាប់រហ័ស សម្រាប់​តំបន់ ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នាពេល​កន្លង​ទៅនេះ បានផ្ដល់​ឱកាស​សម្រាប់​អាស៊ាន និង​អាស៊ាន​បូក​បី ក៏ដូចជា​ដៃគូ​ដទៃទៀត ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា និង​ជំរុញ​កិច្ច​សមាហរណកម្ម​តំបន់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ទាំង​លើ​វិស័យ​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ អប់រំ សុខាភិបាល និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​។ ប៉ុន្តែ ចំពោះមុខ​នេះ អាស៊ាន​បាននិងកំពុង​តែ​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ទាំង​កម្រិត​សកល និង​កម្រិត​តំបន់ ជាពិសេស​បញ្ហា​សន្តិសុខ​ស្បៀង ថាមពល និង​គ្រោះមហន្តរាយធម្មជាតិ​ជាដើម​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា “​ឈរ​នៅលើ​មូលដ្ឋាន​ទាំងនេះ យើង​អាច​មើលឃើញថា ការតភ្ជាប់​ក្នុង​វិស័យ​ថាមពល គឺជា​ផ្នែក​មួយ​នៃ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដែលជា​ផ្នែក​មួយ​នៃ​ផែនការមេ ស្ដីពី​ការតភ្ជាប់​អាស៊ាន ដែល​បានអនុម័ត​ដោយ​ប្រមុខរដ្ឋ នៃ​បណ្ដា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៧ នៅ​ទីក្រុង​ហា​ណូ​ល សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ខែតុលា ឆ្នាំ​២០១០ កន្លង​ទៅនោះ​។ ដូច្នេះ ការកំណត់​ប្រធានបទ ការតភ្ជាប់​អាស៊ាន​បៃតង នាពេលនេះ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការផលិត និង​ការប្រើប្រាស់​ថាមពល ដែល​កាត់បន្ថយ​ជា​អតិបរមា​នូវ​ផលប៉ះពាល់​ដល់​បរិយាកាស បរិស្ថាន​ធម្មជាតិ និង​សង្គម និង​បានរួម​ចំណែក​សំខាន់​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​”​។​

​សម្ដេច​បាន​បន្ថែមថា ក្នុង​បរិ​ការ​នេះដែរ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​យល់ឃើញថា វិស័យ​ថាមពល​អាចមាន​ជម្រើស​មួយចំនួន ដែលជា​ការរួមចំណែក​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​នៅក្នុង​បរិយាកាស ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ទាំង​ការផលិត ទាំង​ការផ្គត់ផ្គង់ និង​ការប្រើប្រាស់​ថាមពល​ឲ្យ​មាន​ប្រសិទ្ធភាព រួមទាំង​ការបង្កើន​ការប្រើប្រាស់​កកើតឡើង​វិញ​ផងដែរ ដូចជា ថាមពល​វា​រី​អគ្គិសនី ថាមពលខ្យល់ ថាមពល​ពន្លឺព្រះអាទិត្យ ថាមពល​កម្ដៅ​ទឹក​ក្នុង​ដី ថាមពល​ជី​យ៉ូ​បាយ ថាមពល​ជីវឧស្ម័ន និង​ថាមពល​ជីវ​ឥន្ធនៈ​ជាដើម​។ 

​សម្ដេច​តេ​ជោ បាន​បន្ថែមទៀតថា ម្យ៉ា​វិញទៀត​ប្រធានបទ​នេះ ពិតជា​បាន​ចូលរួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ប្ដេ​ជា​បង្កើន​សមាមាត្រ​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ឲ្យ​បាន ១៥​ភាគរយ នៃ​អនុភាព​តំឡើង​សរុប នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​។ ដូច្នេះ​យើង​អាច​វាយតម្លៃ​បាន​ថា ការតភ្ជាប់​បណ្ដាញ​បញ្ជូន​ថាមពល​ក្នុង​តំបន់ ក៏​ជា​ចំណែក​មួយ​នៃ​ការចូលរួម​ក្នុង​បរិ​ការ​ថាមពលបៃតង​ផងដែរ​។​

​សម្តេច​តេ​ជោ សែន បាន​ឲ្យ​ដឹង​ទៀតថា ទន្ទឹមនឹង​ទស្សន​វិស័យនេះ យើង​កត់សម្គាល់​ឃើញថា ការផលិត​ឧបករណ៍​បរិក្ខា​សម្រាប់​ផលិត​ថាមពល​អគ្គិសនី ដោយ​ថាមពល​កកើត​ឡើងវិញ ដូចជា ផ្ទាំង​កញ្ចក់​ស្រូប​ពន្លឺព្រះអាទិត្យ ទួល​ប៊ី​ន​ខ្យល់ ទួល​ប៊ី​ន​វា​រី​អគ្គិសនី ឡ​ត៍​ជី​យ៉ូ​ម៉ាស និង​សម្ភារៈ​សម្រាប់​ផលិត​ថាមពលបៃតង​មួយចំនួនទៀត នៅមានកម្រិត​ផ្នែក​គុណភាព និង​មានតម្លៃ​ខ្ពស់​នៅឡើយ​។ ក្នុងន័យនេះ យើងទាំងអស់គ្នា​គួរ​ស្នើ​ដល់​បណ្ដា​អ្នក​ផលិត​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ថែមទៀត ក្នុង​ការសិក្សា​ស្រាវជ្រាវ​រិះរក​មធ្យោបាយ ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ទាំងនោះ មានគុណ​ភាព មានតម្លៃ​ទាប និង​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រភព​ថាមពលបៃតង​ឲ្យ​មានការ​រីកចម្រើន​ឆាប់រហ័ស​។ ម្យ៉ាងទៀត ការតភ្ជាប់​ថាមពលបៃតង ក៏​នឹង​អនុវត្ត​ផងដែរ ទៅលើ​ការផ្ទេរ​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ ពី​ប្រទេស​ដែលមាន​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខ្ពស់ ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែលមាន​បច្ចេកវិទ្យា​នៅមានកម្រិត​នៅឡើយ​។​

​សូម​រម្លឹកថា រដ្ឋមន្ត្រី​ថាមពល​អាស៊ាន ត្រូវ​ជួបប្រជុំគ្នា​បន្ត​រយៈពេល​ពេញ​មួយ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២ រដ្ឋមន្ត្រី​ថាមពល​អាស៊ាន ក៏​នឹងត្រូវ​ជួបប្រជុំ​នឹង​ប្រទេស​ដៃគូ​អាស៊ាន និង​កិច្ចពិភាក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​។ កិច្ចប្រជុំ នឹង​បន្ត​រហូតដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១២​។ រីឯ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១២ ជាការ​វិលត្រឡប់​រប​ស់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន ប្រទេស​ដៃគូ​អាស៊ាន និង​គណៈប្រតិភូ ចាក​ពី​កម្ពុជា​៕​

Comments system

Disqus Shortname