លោក សម រង្ស៊ី ក្នុងឋានៈជាប្រធានគណបក្សសង្រ្គោះជាតិ
កាលពីថ្ងៃទី២៨ កញ្ញា ម្សិលមិញ បានចេញសេចក្តីអំពាវនាវមួយ
ដល់បងប្អូនជនរួមជាតិខ្មែរដែលមានសញ្ជាតិអាមេរិកាំង
ឲ្យជួយចុះហត្ថលេខាលើញត្តិតាមប្រព័ន្ធអ៊ីនធឺណេតដែលផ្តួចផ្តើមដោយ
លោកស្រី មូរ សុខហួរ ផ្ញើទៅកាន់លោក បារ៉ាក់ អូបាម៉ា
ប្រធានាធិបតីសហរដ្ឋអាមេរិក
សុំឲ្យលោកប្រើប្រាស់ឥទ្ធិពលយ៉ាងពេញទំហឹង
ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា
ស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ញត្តិរបស់លោកស្រី មូរ សុខហួរ ដាក់ទៅកាន់លោក អូបាម៉ា
ដែលត្រូវផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតកាលពីដើមសប្តាហ៍នេះបាន
សរសេរថា «លោក (បារ៉ាក់ អូបាម៉ា)
គ្រោងមកធ្វើទស្សនកិច្ចនៅកម្ពុជានាខែវិច្ឆិកា
ចំពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២។
យើងស្នើសុំឲ្យលោកលុបចោលការធ្វើទស្សនកិច្ចនេះ
បើសិនជាលោកមិនទទួលបានការធានាឲ្យមានកំណែទម្រង់ការបោះឆ្នោត
ឲ្យស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិទេនោះ»។ លោកស្រី មូរ
សុខហួរ បានសរសេរបន្តថា
«សូមកុំអនុញ្ញាតឲ្យរដ្ឋាភិបាលផ្តាច់ការចាត់ទុកដំណើរទស្សនកិច្ច
របស់លោកថា សហរដ្ឋអាមេរិកគាំទ្រការរំលោភបំពានសិទ្ធិមនុស្ស
និងការបោះឆ្នោតមិនត្រឹមត្រូវ…»៕