កំពង់ចាមៈ យុវជនឈាមរាវម្នាក់ បានស្លាប់ភ្លាមៗ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់ពីរូបគេ បានជិះម៉ូតូមួយគ្រឿង ជ្រែនិងវ៉ារថយន្ត ដែលបើកពីមុខ រួច ហើយជ្រុលទៅ បុករថយន្ត កូរ៉េមួយគ្រឿងទៀត ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ភ្លាមៗ ខាងលើ ត្រូវបានគេ ស្គាល់ថា ឈ្មោះ ហុង មានអាយុប្រហែល២៣ឆ្នាំ រស់នៅ ឃុំអំពិល ស្រុក កំពង់សៀម ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ-១២៥ ស៊េរី២០០៨ គ្មានស្លាកលេខ ។
សាក្សីបានប្រាប់ថា មុនកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ របស់ខ្លួន ពីចំណុច មុខធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ តាមផ្លូវជាតិលេខ៧ សម្តៅឡើង លើស្ពាន គីសូណា លុះដល់ចំណុច កើតហេតុ ដោយខ្វះភាពប្រុងប្រយ័ត្ន ក៏បណ្តាលឱ្យបុក រថយន្ត កូរ៉េមួយគ្រឿង ប្រភេទ២តោនកន្លះ នៅខាងស្តាំងដៃ ដែលបើក បញ្ច្រាស់ទិសគ្នា បណ្តាលឱ្យដួលបោក ក្បាលស្លាប់ មួយរំពេចតែម្តង ។ សាក្សីបន្តថា ចំណែកអ្នកបើករថយន្ត ក្រោយពេលកើតហេតុភ្លាមៗ ក៏រត់គេចខ្លួនបាត់ តែម្តង ទុកឱ្យជនងរងគ្រោះ ដេកស្លាប់តែម្នាក់ឯង។
សេចក្តីរាយការណ៍បានបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចបានស្ទួចយករថយន្ត និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំ ការដោះស្រាយបន្តទៀត៕(DAPNEWS)