Monday, September 24, 2012

ខួបរម្លឹកថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ, អ្នក​បឹងកក់ និងបុរីកីឡា ជួបជុំ ដាក់​លិខិត​ នៅ​រដ្ឋសភា ​និង​ការិយាល័យ​សហប្រជាជាតិ​ នៅ​កម្ពុជា​

ភ្នំពេញ: ក្រុម​ប្រជាពលរដ្ឋ​តំបន់​បឹងកក់ និងពលរដ្ឋបុរីកីឡា ដែលជាស្ត្រី និងកុមារ ប្រមាណ ៦០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១២ ដែល​ត្រូវ​នឹង​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ បានជួប​ជុំ​លើកបដា និងដាក់​លិខិតទៅ​រដ្ឋសភា និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ អង្គការ​សហប្រជា​ជាតិ ទទួល​បន្ទុកសិទ្ធិមនុស្ស ប្រចាំ​កម្ពុជា​។ ក្នុងពេល​ដាក់​លិខិត​នៅ​រដ្ឋសភាជាតិ ពុំ​មានមន្ត្រី​រដ្ឋសភា​ ចេញមក​ទទួលយក​លិខិត​នោះទេ ហើយ​ពលរដ្ឋ បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​រដ្ឋធម្មនុញ្ញ​ ដែលជាច្បាប់កំពូលរបស់ជាតិ។​

​នៅក្នុង​លិខិត ​ដាក់​ទៅ​ស្ថាប័ន​ទាំងពីរ​នេះ បាន​លើកឡើងថា ពលរដ្ឋបឹងកក់ និងបុរីកីឡា សុំ​អន្តរាគមន៍​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ភាពយុត្តិធម៌​ ដោយ​ដោះលែង​អ្នកស្រី យ៉ោ​ម បុប្ផា សកម្មជន​ដីធ្លី និង​ជា​តំណាង​សហគមន៍​បឹងកក់ ពី​ពន្ធនាគារ​ព្រៃ​ស និង​បញ្ចប់​ជម្លោះ​នៅ​តំបន់​បឹងកក់ ដោយ​ផ្ដល់​ប្លង់កម្មសិទ្ធិ ដល់​ពលរដ្ឋ​បឹងកក់ ដែល​នៅ​សេស​សល់​ជាង ៦០​ គ្រួសារ និង​កំណត់​ព្រំប្រទល់​ដី ១២,៤៤​ ហិកតា ឲ្យ​បានច្បាស់លាស់ តាម​អនុក្រឹត្យរបស់ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

ក្រុមអ្នកភូមិ ក៏បានទាមទារឲ្យដោះលែងអ្នកស្រី ទឹម សាក់​មុន្នី តំណាងអ្នកភូមិបុរីកីឡា ដែលត្រូវបានតុលាការ ចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារព្រៃសផងដែរ។

​ខ្លឹមសារ​លិខិត​បន្តថា ជាង ១​ឆ្នាំ​ហើយ ដែល​អនុក្រឹត្យ​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី​បាន​ចេញ​ ​ប៉ុន្តែ​ពលរដ្ឋសហគមន៍​បឹងកក់ មិនទាន់​បានដឹងទីតាំង ដី​ទំហំ ១២,៤៤​ ហិកតា​ នៅទីណា​នៅឡើយ​ទេ​។

​សូម​រម្លឹកថា អ្នក​ភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការសម្រេច​ឃុំខ្លួន ពីបទ ប្រើ​អំពើហិង្សាដោយ​ចេតនា វាយ​លើ​បុរស​ពីរ​នាក់ កាលពី​ថ្ងៃ​៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ ចំណែក​អ្នក​តវ៉ា​ដីធ្លី​ម្នាក់ទៀត នៅ​បុរី​កីឡា គឺ​អ្នកស្រី ទឹម សាក់​មុន្នី ក៏ត្រូវបាន​តុលាការ​ក្រុងភ្នំពេញសម្រេច​ឃុំខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាមរយៈ​ការចូលរួម​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ បាន​វាយកម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​បុរី​កីឡា កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២​។​

​ក្នុង​រឿង​ចាប់ខ្លួន​ស្ត្រី​ទាំង​ពីរ​រូប​នោះ អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ដោយ​ថ្កោលទោស​នឹង​ការចាប់ខ្លួន​ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំងពីរ ហើយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ទាំង​ពីរ​នាក់ ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។​

​ចំណែក​ក្រុម​អ្នកភូមិ ក៏​បាន​ប្រមូលផ្តុំ​តវ៉ា និង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​នានា ព្រម​ទាំង​សម្តេច​ហ៊ុន​សែន និង​ដាក់​ទៅកាន់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ឲ្យ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​ទាំង​ពីរ​នាក់ ចេញពី​ពន្ធនាគារ​ព្រៃ​ស​។ 

​យ៉ាងណាក៏ដោយ ក្នុង​រឿង​ឃុំខ្លួន​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹង​កក់ និង​នៅ​បុរី​កីឡា​នេះ ត្រូវបាន​អាជ្ញាធរ និង​មន្ត្រី​តុលាការ​អះអាងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ដីធ្លី​ទេ តែ​ជា​រឿង​ព្រហ្មទណ្ឌ ដែល​ស្ត្រី​ទាំងពីរ​បាន​ប្រព្រឹត្ត​បទ​ល្មើស​​ប៉ុណ្ណោះ​។​

​ក្នុងនោះ ក៏​មាន​ក្រុមអ្នកតវ៉ា​ផ្សេងទៀត បានទាមទារ​ឲ្យ​តុលាការ ដាក់ទោស​លើ​ស្ត្រី​បឹងកក់ ដែល​ត្រូវ​ចាប់ខ្លួន ហើយ​ប្រកាស​ថា រឿង​នោះមិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី ដូច​ការលើក​ឡើង​របស់​ពលរដ្ឋ​បឹងកក់ និង​សង្គម​ស៊ីវិល​ឡើយ​៕​

Comments system

Disqus Shortname