Saturday, September 22, 2012

ជោគវាសនា​ម្ចាស់​ហាង​អ៊ុតសក់​ផាត់មុខ​មី​កា​ហ្សា​ស្ថិត​ក្រោម​ក្រសែភ្នែក​មហាជន​គ្រា​ដែល​មាន​លេចឮ​អន្ដរាគមន៍​គ្រប់​ច្រក​


​ភ្នំពេញ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១២​ តំណាង​អយ្យកា​រលោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បាន​ចោទប្រកាន់​ម្ចាស់​ហាង​អ៊ុតសក់​យីហោ​ មី​កា​ហ្សា​ ពី​បទ​ អន្ដរការី​រវាង​បុរស​ឬ​ស្ដ្រី​ពេស្យា​ និង​សញ្ចា​រិ​ក​ឬ​សញ្ចារិកា​ ដែល​អាច​ជាប់​ ពន្ធនាគារ​រយៈពេល​២​ឆ្នាំទៅ​៥​ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​១០​ លាន​រៀល​យោង​តាម​មាត្រា​២៨៥​នៃ​ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រសិនបើ​ចៅក្រម​ស៊ើបសួរ​រក​ឃើញ​ថា​ ថៅកែ​រូប​នេះ​បាន​ប្រព្រឹត្ដ​ដូច​ការ​ចោទ​ប្រកាន់​ ។​
​ជន​ត្រូវ​ចោទ​ ចាន់​ ស្រី​ណុ​ច​ ហៅ​ មុំ​ ម្ចាស់​ហាង​អ៊ុតសក់​យីហោ​មី​កា​ហ្សា​ឋិត​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១០​ សង្កាត់​ ផ្សារ​កណ្ដាល​១​ ខណ្ឌដូនពេញ​ ត្រូវ​បាន​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ ប្រទេស​ឃាត់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ឆ្នាំ​២០១២​ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ នាំ​ស្រី​ស្អាត​៥​នាក់​យក​ទៅ​ឱ្យ​តា​តា​ ដើម្បី​ ទាញ​យក​ប្រយោជន៍​អំពើ​ធ្វើ​ជា​អន្ដរការី​ រវាង​បុរស​ឬ​ស្ដ្រី​ពេស្យា​ និង​សញ្ចា​រិ​ក​ ឬ​សញ្ចារិកា​ ក្នុង​ការ​ប្រព្រឹត្ដ​ជាក់ស្ដែង​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​១​ក្នុង​ ខណ្ឌទួលគោក​ និង​មួយ​កន្លែង​ទៀត​នៅ​ ភោជនីយដ្ឋាន​១​ក្នុង​ខណ្ឌដូនពេញ​ ។​
​ការ​ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​ផ្លូវភេទ​ ឈ្មោះ​ ចាន់​ ស្រី​ណុ​ច​ ម្ចាស់​ហាង​អ៊ុតសក់​ មី​កា​ហ្សា​ រហូត​ដល់​ឃាត់ខ្លួន​ស្ដ្រី​ស្រស់​ ស្អាត​៥​នាក់​ ដែល​ម៉ែ​យ៉ែ​ម​រូប​នេះ​យក​ ទៅ​ឱ្យ​ភ្ញៀវ​ និង​បុរស​ម្នាក់​ទៀត​ជា​សន្ដិសុខ​ គឺ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី​ សៀ​ សម្បត្ដិ​ ស្នងការ​រង​ស្រាវជ្រាវ​ និង​ យុត្ដិធម៌​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ ប្រទេស​ និង​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជ​ អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ​ ។​ ស្ដ្រី​រង​គ្រោះ​ទាំង​៥​នាក់​ដែល​ ម្ចាស់​ហាង​អ៊ុតសក់​យីហោ​ មី​កា​ហ្សា​ នាំ​យក​ធ្វើ​ជា​ម៉ឺ​នុយ​សម្រាប់​តា​តា​ភ្លក្ស​ ចម្លែក​មាត់​នោះ​ និង​បុរស​ម្នាក់​ដែល​ជា​ សន្ដិសុខ​ ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធ​ ហត្ថ​ដោះ​លែង​នៅ​ថ្ងៃ​បន្ទាប់​ ខណៈ​ដែល​ មិន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ផ្លូវភេទ​ជាមួយ​ មេខ្លោង​ ចាន់​ ស្រី​ណុ​ច​ ។​
​ជន​ត្រូវ​ចោទ​ ចាន់​ ស្រី​ណុ​ច​ សាច់​ ញាតិ​ក្រុម​គ្រួ​សារបាន​ព្យាយាម​រត់ការ​ ឱ្យ​មានការ​ដោះ​លែង​តាំងពី​ដំណាក់កាល​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ តែ​មិន​ អាច​ធ្វើ​ទៅ​រួច​ ព្រោះ​ទ​ង្វើ​របស់​មេខ្លោង​ រូប​នេះ​ដែល​បាន​ប្រព្រឹត្ដ​ជះ​ឥទ្ធិពល​ដល់​  សង្គម​ ក៏​ដូច​ជា​ប៉ះពាល់​ទៅ​នឹង​សេចក្ដី​ ថ្លៃថ្នូរ​របស់​នារី​ខ្មែរ​ ហើយ​នៅ​ដំណាក់​ កាល​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ ដំបូង​ ក៏​មាន​ករណី​រត់ការ​សុំ​ឱ្យ​នៅ​ក្រោម​ ការ​ត្រួតពិនិត្យ​របស់​តុលាការ​ ប៉ុន្ដែ​ តំណាង​អយ្យការ​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ រួច​មក​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​ កញ្ញា​ ឆ្នាំ​២០១២​ បញ្ជូន​ទៅ​ឱ្យ​ចៅក្រម​ ស៊ើបសួរ​លោកស្រី​ សែ​ម​ ស​ក្ដ​កូ​ឡា​ បន្ដ​នីតិវិធី​ ប៉ុន្ដែ​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ ដដែល​នេះ​មិន​ទាន់​ដឹង​ថា​ ចៅក្រម​ស៊ើប​ សួរ​សម្រេច​ឃុំ​ឬ​មិន​ឃុំ​នៅឡើយ​ទេ​ ។​
​មជ្ឈដ្ឋាន​ទូទៅ​គាំទ្រ​ចំពោះ​ចំណាត់​ ការ​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ បង្ក្រាប​ក្រុម​មេខ្លោង​ជួញដូរ​ផ្លូវភេទ​ដែល​ ចូល​ចិត្ដ​មុខរបរ​មិន​ថ្លៃថ្នូរ​ យក​ស្រី​ស្អាត​ សម្រាប់​ឱ្យ​តា​តា​ ឧកញ៉ា​ ហើយ​ទ​ង្វើ​ទាំង​ អស់នេះ​កន្លង​ទៅ​ក៏​មាន​បញ្ហា​ប្រេះឆា​ កើតជា​ជម្លោះ​នៅ​ក្នុង​ក្រុម​គ្រួសារ​ បន្ទាប់​ ពី​តា​តា​ និង​ឧកញ៉ា​ ព្រមទាំង​បុរស​ជ្រួល​ ជ្រើម​មួយ​ចំនួន​ទៀត​ ឈ្លក់​វង្វេង​នឹង​ សម្រស់​ស្រី​ស្អាត​ភ្លេច​ប្រពន្ធ​ កូន​ បំផ្លាញ​ ទ្រព្យសម្បត្ដិ​ ដូច្នេះ​ ការ​បង្ក្រាប​ក្រុម​ម៉ែ​ យ៉ែ​ម​ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ ច្បាប់​ អាច​ជា​ការ​ចូលរួម​ចំណែក​មួយ​ យ៉ាង​សំខាន់​ក្នុង​សង្គម​ ។​
​កន្លង​មក​ ម្ចាស់​ហាង​អ៊ុតសក់​យីហោ​ មី​កា​ហ្សា​ មាន​ក្រុម​តារា​ស្រីៗ​ស្រស់​ស្អាត​ មួយ​ចំនួន​តែងតែ​និយម​ចូល​ចិត្ដ​ទៅ​កែ​ សម្ពស្ស​អ៊ុតសក់​នៅ​ទីនោះ​ ហើយ​បុគ្គលិក​ និយាយ​ថា​ ថៅកែ​ហាង​ច្រើន​មិន​យក​ ប្រាក់​ពី​តារា​ស្រស់​ស្អាត​មួយ​ចំនួន​ អាច​ ជា​ការ​ទាញ​យក​ផលប្រយោជន៍​ណា​ផ្សេង​ ក្នុង​ការ​លួងលោម​និង​ទាក់ទាញ​នារី​ស្រស់​ ស្អាត​ទាំងនោះ​ធ្វើ​ជា​ម៉ឺ​នុយ​ឱ្យ​តា​តា​ និង​ ឧកញ៉ា​ ទើប​ករណី​ជាក់ស្ដែង​ត្រូវ​បាន​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ ។​ ដូច្នេះ​បើ​ ទោះជា​មានការ​អន្ដរាគមន៍​ ក៏​ដូច​ជា​ សាច់ញាតិ​របស់​ជន​ត្រូវ​ចោទ​ ចាន់​ ស្រី​ណុ​ច​ ចំណាយ​ប្រាក់​រត់ការ​ដើម្បី​សុំ​ នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​តុលាការ​ ក៏​ដោយ​ ប្រហែលជា​មិន​អាច​ធ្វើ​ទៅ​រួច​ ព្រោះ​ទ​ង្វើ​ដែល​ប្រព្រឹត្ដ​នេះ​ ធ្វើ​ឱ្យ​អាប់ឱន​ កិត្ដិយស​ស្ដ្រី​ខ្មែរ​ និង​ជា​ប្រភព​ដែល​នាំ​ឱ្យ​ បង្កើត​ជា​ជម្លោះ​នៅ​ក្នុង​គ្រួសារ​អ្នក​ដទៃ​ ការ​បែកបាក់​ ការ​ក្បត់​ទំនុកចិត្ដ​ប្រពន្ធ​កូន​ ដោយសារ​តែ​ការ​អូស​ទាញ​ពី​សម្រស់​នារីៗ​  ដែល​ឋិត​នៅ​ក្រោម​ការ​នាំ​ទៅ​ធ្វើ​ជា​មី​នុយ​ ឱ្យ​តា​តា​របស់​ម្ចាស់​ហាង​អ៊ុតសក់​ ចាន់​ ស្រី​ណុ​ច​ ។​
​ការ​ឃាត់ខ្លួន​ ចាន់​ ស្រី​ណុ​ច​ ដែល​ជា​ ភរិយា​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌដូនពេញ​  ពិតជា​មាន​មតិ​មហាជន​មួយ​ចំនួន​ធំ​បាន​ បញ្ចេញមតិ​រិះគន់​ស្រ​ដៀង​គ្នា​ថា​ មិន​គួរ​ ណា​ខ្លួន​ជា​ម្ចាស់​ហាង​មាន​លុយ​គ្រប់គ្រាន់​ ហើយ​ប្ដី​ជា​ប្រធាន​សាខា​ពន្ធដារ​ខណ្ឌ​ដូន​ ពេញ​ មានមុខមាត់​កិត្ដិយស​ ធនធាន​ ទ្រព្យសម្បត្ដិ​ធូរធារ​ សម​នឹង​ភាព​ហ៊ឺហា​ ចុះ​ហេតុ​អ្វី​ក៏​មិន​បាន​គិត​អំពី​សេចក្ដី​ថ្លៃថ្នូរ​ ក្នុង​ និង​ចាប់​យកមុខ​របរ​ដែល​សង្គម​ស្អប់​ ខ្ពើម​ និង​ជា​បទល្មើស​ដែល​ច្បាប់​កំពុង​ រឹត​បន្ដឹង​ធ្វើ​ជា​អាជីព​ទៅ​វិញ​ ។​
​ដូច្នេះ​ការ​ ឃាត់ខ្លួន​រហូត​ដល់​ឈាន​ ទៅ​ចោទប្រកាន់​ពី​តំណាង​អយ្យការ​ និង​ កំពុង​បន្ដ​ទៅ​ឱ្យ​ចៅក្រម​ស៊ើបសួរ​ ថា​តើ​ សម្រេច​ឃុំ​ឬ​មិន​ឃុំ​នេះ​ គឺជា​ការ​គាំ​ ទ្រ​ពី​មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​ភរិយា​ របស់​អស់លោក​ដែល​ ធ្លាប់​ឈឺក្បាល​វិល​ មុខ​គ្រាំគ្រា​បេះដូង​ ស្ទើរតែ​ខ្សោះ​ឈាម​រឿង​ប្ដី​លួច​ទៅ​មាន​ សហាយ​ ឬ​ក៏​ភ្លក្ស​ម្ហូប​ក្រៅ​ផ្ទះ​បាន​ធូរ​ ស្បើយ​ក្នុង​អារម្មណ៍​ខ្លះៗ​ដែរ​ ៕

Comments system

Disqus Shortname