ទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple Inc នឹងដាក់លក់នៅលើទីផ្សារនៅថ្ងៃសុក្រនេះ។ ទូរស័ព្ទនេះ មានអេក្រង់ធំជាងមុន និងប្រើបច្ចេកវិទ្យាឥតខ្សែ 4G ខណៈក្រុមហ៊ុននេះ ព្យាយាមការពារផលប្រយោជន៍របស់ខ្លួន ពីគូប្រជែង ដូចជាក្រុមហ៊ុន Samsung Electronics Co Ltd និងក្រុមហ៊ុន Google Inc ជាដើម។
ទូរស័ព្ទ iPhone 5 បានបំពេញតាមតម្រូវការជាច្រើនរបស់អ្នកចូលចិត្តប្រើប្រាស់គ្រឿងអេឡិចត្រូនិក និងក្រុមអ្នកវិភាគបច្ចេកវិទ្យា មុនពេលការដាក់បង្ហាញទូរស័ព្ទនេះកាលពីថ្ងៃពុធ ប៉ុន្តែវាក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលតិចតួចផងដែរ ដោយធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple ដែលមានតម្លៃកប់ពពកទៅហើយនេះ ឡើងថ្លៃថែមទៀត។