បាតុករចិនកាន់រូបនាយករដ្ឋមន្ត្រីជប៉ុនមានឆូតខ្វែងពីលើក្នុងអំឡុងពេលប្រឆាំងតវ៉ានៅក្រុងណាន់នីញ |
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃសៅរិ៍ថាបាតុករចិនដ៏ក្រេវក្រោធបានប៉ុនប៉ុងសំរុកចូលស្ថានទូតជប៉ុននៅក្នុងប៉េកាំងនៅពេលមនុស្សរាប់ពាន់នាក់នៅពាសពេញប្រទេសចិនបានចេញមកប្រឆាំងជប៉ុន។
របាយការណ៍ជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យថាបាតុករប្រឆាំងជប៉ុនបានរីករាលដាលដល់៥០ទីក្រុងនៅចិន។
នៅក្រុងគីងដាវនៅចិនភាគឦសាន រោងចក្ររបស់ជប៉ុន១០រួមមានPanasonicត្រូវបានបាតុករវាយប្រហារ។កាសែតបាននិយាយថាមានការដុតបំផ្លាញនិងខ្សែសង្វាក់ផលិតកម្មត្រូវបានបំផ្លាញ។
លោកណូដាបានប្រាប់កម្មវិធីព័ត៌មានក្នុងទូរទស្សន៍ថា"សភាពការណ៍នេះគួរអោយខកចិត្តខ្លាំងណាស់និងយើងបានតវ៉ាទៅចិន។យើងចង់អោយចិនគ្រប់គ្រងសភាពការណ៍យ៉ាងហោចណាស់ក៏ជនជាតិនិងស្ថាប័នជំនួញជប៉ុននៅចិនមិនស្ថិតក្រោមគ្រោះថ្នាក់ដែរ"។
ជម្លោះទឹកដីបានវិវត្តដល់កំរិតថ្មីមួយក្នុងរយៈពេលតែមួយសប្តាហ៍នៅពេលជប៉ុនបានប្រកាសថាខ្លួនបានទិញកោះមួយនៅសមុទ្រចិនខាងកើតពីម្ចាស់ឯកជនមកដាក់ជាទ្រព្យសម្បត្តិជាតិ។
កោះដែលជប៉ុនហៅថាសេនកាគូនិងចិនហៅថាឌីអាវយូនេះត្រូវបានអះអាងជាកម្មសិទ្ធិដោយចិន ជប៉ុននិងតៃវ៉ាន់។
សូមបញ្ជាក់ថាទំនាក់ទំនងរវាងជប៉ុននិងចិនបានប្រែក្លាយជាអាក្រក់ឡើងកាលពីខែសីហានៅពេលសកម្មជនគាំទ្រចិនមួយក្រុមបានឡើងលើកោះជម្លោះនិងនៅប៉ុន្មានថ្ងៃក្រោយមកពួកជាតិនិយមជាងដប់នាក់បានធ្វើដំណើរទៅលើកទង់ជាតិនៅលើកោះដដែលជាហេតុនាំអោយមានការតវ៉ាប្រឆាំងពីចិន។
នាវាចិន៦គ្រឿងបានធ្វើដំណើរចូលដែនទឹកជុំវិញកម្រងកោះនេះកាលពីថ្ងៃសុក្រ ដោយរដ្ឋាភិបាលក្រុងប៉េកាំងនិយាយថានាវាត្រូវបានបញ្ជូនទៅទីនោះដើម្បីអនុវត្តច្បាប់ ជាហេតុនាំអោយក្រុងតូក្យូហៅឯកអគ្គរដ្ឋទូតចិនមកស្តាប់ការតវ៉ាចំពោះអ្វីដែលខ្លួនគិតថាជាការជ្រៀតចូលទឹកដីរបស់ខ្លួន៕