ខេត្ដឧត្ដរមានជ័យៈ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ត្រូវរន្ទះបាញ់សម្លាប់ភ្លាមៗ ខណៈនាងកំពុងអង្គុយលេងនៅមុខផ្ទះ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ។
ម្ដាយក្មេងស្រីរងគ្រោះ អ្នកស្រី នុត ធា អាយុ៣០ឆ្នាំ មានមុខរបរធ្វើស្រែ បានឧដឹងថា កូនស្រីដែលត្រូវរន្ទះបាញ់ ឆក់យកជីវិតឈ្មោះ ជិប ស្រីណែត ។ អ្នកស្រីបានឱ្យដឹងទៀតថា គាត់មានកូនប្រុស ស្រី២នាក់ក្នុងបន្ទុក ហើយកូនដែលត្រូវរន្ទះបាញ់ស្លាប់ជាកូនស្រីច្បង ។
ម្ដាយក្មេងស្រីរងគ្រោះបានឱ្យដឹងដែរ ថា អាចជាព្រហ្មលិខិតបានកំណត់ជីវិត កូនស្រីរបស់គាត់ ព្រោះនៅមុនមាន ភ្លៀងធ្លាក់ ពេលដែលមេឃងងឹត អ្នកស្រី បានហាមកូនកុំឱ្យទៅលេងមុខផ្ទះ ប៉ុន្ដែនៅពេលនោះកូនស្រីរបស់អ្នកស្រីបានតបមកគាត់វិញថា មិនអីទេម៉ែ បន្ដិចទៀតអន្ទះប្រាកដជាបាញ់ខ្ញុំស្លាប់ហើយ។
អ្វីដែលក្មេងស្រីរងគ្រោះនិយាយតប ម្ដាយបែបនេះត្រូវបានអ្នកស្រីគិតថា វាជាព្រហ្មលិខិតដែលបានកំណត់ជីវិតកូន ស្រីរបស់គាត់ ព្រោះនៅជិតកូនស្រីគាត់ ក៏មានក្មេងៗពីរបីនាក់ទៀតរត់លេងជាមួយដែរ ប៉ុន្ដែពុំមានគ្រោះថ្នាក់អ្វីទេ ។
លោក ធីន សុធីន អាយុ៣០ឆ្នាំ ឪពុកបង្កើតក្មេងស្រីរងគ្រោះបានឱ្យដឹងដែរថា រន្ទះមិនមែនត្រឹមសម្លាប់កូនគាត់នោះទេ ប៉ុន្ដែកាំជណ្ដើរផ្ទះក៏បាក់បែក ហើយ គ្រាប់រន្ទះក៏បានចូលទម្លុះដល់ដំបូលផងដែរ ។
គួរបញ្ជាក់ថា ចាប់តាំងពីដើមរដូវ វស្សារហូតមកដល់ពេលនេះ ភ្លៀងផ្គរ រន្ទះលាយឡំដោយខ្យល់ព្យុះដែលអាច និយាយថា ជាគ្រោះធម្មជាតិបានសម្លាប់ មនុស្សជាច្រើននាក់និងបំផ្លាញផ្ទះ សម្បែងប្រជាពលរដ្ឋរាប់ទាំងសត្វពាហនៈផងដែរ ៕