អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលកំពុងធ្វើការងារទាក់ទងសុខភាពមាតា និងទារក បានឱ្យដឹងថា អត្រាស្លាប់របស់ម្ដាយ និងទារក នៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបជាមួយបណ្ដាប្រទេសនៅក្នុងតំបន់។
អត្រាស្លាប់របស់មាតា និងទារក ក្នុងពេលសម្រាលកូននេះ ត្រូវបានគេបង្ហាញមូលហេតុថា បណ្ដាលមកពីការសម្រាលកូនខ្លះនៅក្រៅមន្ទីរពេទ្យជំនាញ និងសុខភាពរបស់ម្ដាយទន់ខ្សោយជាដើម។
តើរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល មានវិធានការយ៉ាងណាសម្រាប់អនាគត ក្នុងការកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកនៅក្នុងប្រទេសកម្ពុជានេះ?
ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (យូ.អេស.អេ.អាយ.ឌី = USAID) ឱ្យដឹងថា សុខភាពមាតា និងទារកនៅក្នុងប្រទេសកម្ពុជា នៅតែជាបញ្ហាចម្បង ដែលធ្វើឱ្យមានក្ដីបារម្ភនៅឡើយ។
រយៈពេល៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យមានការវិវត្តជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យបានសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៤ និងទី៥។ គោលដៅទាំងនោះរួមមាន ការកាត់បន្ថយនូវអត្រាស្លាប់របស់កុមារ និងទារក និងការកាត់បន្ថយចំនួនស្លាប់របស់ស្ត្រីជាម្ដាយនៅពេលសម្រាលកូនជាដើម។
លោក ហ្វ្លីន ហ្វូល្លឺ (Flynn Fuller) គឺជាប្រធានបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ប្រចាំកម្ពុជា លោកបានថ្លែងនៅក្នុងពិធីបើកសម្ពោធស្ថានីយផលិតទឹកពិសាចំនួនពីរកន្លែង នៅក្នុងឃុំព្រៃជ្រូក ស្រុកពួក និងឃុំខ្ចាស់ នៃស្រុកសូទ្រនិគម ព្រមទាំងបន្ទប់រង់ចាំមុន និងក្រោយពេលសម្រាលកូន តាមមណ្ឌលសុខភាពក្នុងខេត្តសៀមរាប ថា បើទោះបីជារដ្ឋាភិបាល និងអង្គការជាដៃគូ បានសម្រេចជោគជ័យកន្លងមកលើការបង្កើនពេទ្យឆ្មបនៅតាមមណ្ឌលសុខភាពទូទាំងប្រទេស និងមានមូលនិធិសមធម៌ សម្រាប់បង់ថ្លៃសេវាសុខភាពដល់ប្រជាពលរដ្ឋក្រីក្រ ឱ្យកាន់តែទទួលបានសេវាថែទាំសុខភាពប្រសើរឡើងក៏ដោយ ក៏សុខភាពមាតា និងទារកនៅតែជាបញ្ហាចម្បង ដែលជាក្ដីបារម្ភសម្រាប់យើងទាំងអស់គ្នា។
លោក ហ្វ្លីន ហ្វូល្លឺ បានបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្ន អត្រាស្លាប់របស់មាតា និងទារកអាយុក្រោម៥ឆ្នាំ គឺមានកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់៖«អត្រាកង្វះអាហារូបត្ថម្ភសារជាតិមីក្រូ នៅតែជាបញ្ហាចម្បងសម្រាប់សុខភាពសាធារណៈ។ កម្ពុជានៅតែប្រឈមមុខខ្ពស់ ចំពោះអត្រាក្រិន ភាពស្គមស្គាំងមិនគ្រប់ទម្ងន់ ដែលតែងតែកើតឡើងចំពោះកុមារនៅឡើយ។ បើទោះបីជាការបំបៅដោះកូនដោយទឹកដោះម្ដាយតែមួយមុខគត់ មានអត្រាកើនឡើងក៏ដោយ ក៏ម្ដាយមួយចំនួនបានផ្ដល់អាហារបន្ថែមទៅឱ្យកូន បន្ទាប់ពីផ្ដាច់ដោះដោយមិនមានប្រូតេអ៊ីន ថាមពល សារជាតិមីក្រូ បានគ្រប់គ្រាន់ទេ»។
អ្នកជំនាញរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ បានឱ្យដឹងថា ការស្រាវជ្រាវជាសកល គឺសារសំខាន់នៃអាហារូបត្ថម្ភ មានភាពពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយការទទួលបាននូវទឹកស្អាត និងអនាម័យផងដែរ។ ការធ្វើឱ្យសហគមន៍នៅតាមជនបទទាំងអស់មានទឹកស្អាតប្រើប្រាស់ គឺវានឹងធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងធំ ចំពោះជីវិតរស់នៅរបស់មាតា និងទារកនៅកម្ពុជាដែរ។
រដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈ អំពីការខិតខំប្រឹងប្រែងចំពោះវិធានការជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យសុខភាពរបស់ប្រជាពលរដ្ឋមានការប្រសើរឡើង។
លោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ជាខ្លាំង ទៅលើបញ្ហាសុខភាពសាធារណៈ ហើយជាបន្តបន្ទាប់នេះ រដ្ឋាភិបាលបានប្ដេជ្ញាលើការលុបបំបាត់ជំងឺមួយចំនួន មិនឱ្យកើតមានលើកុមារ និងប្រជាពលរដ្ឋទៀតទេ។
លោក ម៉ម ប៊ុនហេង៖ «យើងមានសំណាងណាស់នៅពេលនេះ ដែលរាជរដ្ឋាភិបាលបានបង្កើនការចាក់ថ្នាំជូនដល់ចៅរបស់យើង។ ឆ្នាំក្រោយយើង ១០មុខកុំឱ្យកូនចៅរបស់យើងឈឺ ហើយក្នុងឆ្នាំនេះ យើងសង្ឃឹមថានឹងលុបបំបាត់ជំងឺកញ្ជ្រិល និងជំងឺតេតាណូសដល់ម្ដាយ និងទារក។ នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ហើយយើងសង្ឃឹមថា នៅឆ្នាំ២០២៥ យើងលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅទូទាំងប្រទេស»។
អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ រ៉ាឆា (RACHA) បានមើលឃើញនូវដំណោះស្រាយជាចម្បងខ្លះៗ ដែលអាចជួយកាត់បន្ថយនូវអត្រាស្លាប់របស់មាតា និងទារក នៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី ចាន់ ធារី ជានាយិកាអង្គការ រ៉ាឆា បានមានប្រសាសន៍ថា មូលហេតុដែលធ្វើឱ្យម្ដាយស្លាប់ ភាគច្រើនគឺធ្លាក់ឈាមខ្លាំងនៅក្រោយពេលសម្រាលកូន ដែលអាចបណ្ដាលមកពីម្ដាយមានជំងឺហើម ជំងឺលើសឈាម និងជំងឺទឹកនោមប្រៃជាដើម។ ចំណែកស្ត្រីមួយចំនួនទៀត ដែលរំលូតកូន ដោយមិនបានទៅរកសេវាពីគ្រូពេទ្យជំនាញត្រឹមត្រូវ ក៏ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដែរ។
អ្នកស្រី ចាន់ ធារី៖ «ដែលធ្វើឱ្យធ្លាក់ឈាម មានមូលហេតុច្រើន ប្រសិនបើគាត់មានកូនលើសពី៥នាក់ អ៊ីចឹងទៅផ្ទៃពោះលើកទី៥ហ្នឹង គឺស្បូនរបស់គាត់ខ្សោយហើយ ឬក៏គាត់រហ័សមានកូនពេក ក៏ធ្វើឱ្យគាត់មានបញ្ហាដែរ។ អ៊ីចឹងហើយបានជាយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល យើងមានសកម្មភាពមួយ គឺពន្យារកំណើតឱ្យស្ត្រីហ្នឹងបានធ្វើម៉េចឱ្យកូនគាត់យ៉ាងហោចណាស់ក៏ពី៣ទៅ៥ឆ្នាំ កុំឱ្យគាត់រហ័សមានកូនពេក។ ករណីមួយទៀត ឧបមាថា គាត់ឈឺពោះយូរ ដោយសារស្បូនគាត់ខ្សោយ អាហ្នឹងរឿងមួយ តែឈឺពោះយូរដោយសារកូនធំ ត្រគាកតូច កាលយឺតយ៉ាវក្នុងការបញ្ជូនធ្វើឱ្យគាត់បែកស្បូន មានបញ្ហាស្លាប់ទាំងម្ដាយសម្លាប់ទាំងកូនក្នុងពោះអ៊ីចឹង គឺមានបញ្ហាច្រើន»។
ដោយមើលឃើញបញ្ហានេះ អង្គការ រ៉ាឆា កំពុងអនុវត្តនូវសកម្មភាពលើកកម្ពស់សុខភាពមាតា កុមារ និងទារក ដោយចំណាយមូលនិធិទៅលើការសាងសង់បន្ទប់រង់ចាំមុន និងក្រោយពេលសម្រាលកូន និងសាងសង់ស្ថានីយផលិតទឹកស្អាតនៅតាមមណ្ឌលសុខភាពនានាជាដើម។ សកម្មភាពនេះ កំពុងអនុវត្តនៅក្នុងខេត្តចំនួន៥ របស់ប្រទេសកម្ពុជា មានខេត្តសៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ ព្រៃវែង និងខេត្តកោះកុង។
ការស្រាវជ្រាវវេជ្ជសាស្ត្រ បានឱ្យដឹងថា កម្ពុជាកាលពីអំឡុងឆ្នាំ២០០៥ អត្រាស្លាប់របស់ម្ដាយនៅពេលសម្រាលកូនមានតួលេខខ្ពស់ គឺស្ត្រីប្រមាណជាង៤៧០នាក់បានស្លាប់ នៅក្នុងចំណោមស្ត្រីផ្ដល់កំណើត១.០០០នាក់។
ក៏ប៉ុន្តែ មកដល់ឆ្នាំ២០១០ អត្រាស្លាប់របស់ម្ដាយនៅពេលសម្រាលកូន បានថយចុះប្រមាណ៥៦% គឺស្ត្រីប្រមាណតែជាង២០០នាក់ប៉ុណ្ណោះ បានស្លាប់នៅក្នុងចំណោមស្ត្រី១.០០០នាក់ដែលបានផ្ដល់កំណើត៕