ភ្នំពេញ:
ប្រភពព័ត៌មានពីព្រះបរមរាជវាំងបានអោយដឹងថា
ព្រះមហាក្សត្រកម្ពុជាបានដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ត្រី
(ផ្កាយមួយ) ជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ)
បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាល នឹងធ្វើការផ្លាស់ប្តូរមុខតំណែង
ពីស្នងការប៉ូលិស ក្រុងភ្នំពេញ ជាប្រធាននាយកដ្ឋាន អង្គរក្ស។
ប្រភពនោះបានអោយដឹងថា បន្ទាប់ពីបានទទួលសំណើរពីសម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ព្រះមហាក្សត្រ ក៏បានឡាយព្រះហស្ថលេខា ទៅលើព្រះរាជក្រឹត្យ មួយ ដំឡើងឋានន្តរស័ក្តិ លោក ទូច ណារ៉ុថ រួចហើយ។ ព្រះរាជក្រឹត្យនោះ ក៏បានបញ្ជូនចេញពីព្រះបរមរាជវាំង រួចហើយដែរ។
ការស្នើដំឡើង ឋានន្តរស័ក្តិនេះ ត្រូវបានធ្វើឡើងដោយសម្តេច ហ៊ុន សែន ដោយសម្អាងទៅលើហេតុផលស្នាដៃរបស់លោក ទូចណារ៉ុថកន្លងមក។
លោក ទូច ណារ៉ុថ ត្រូវបានជំនួយសដោយ លោកឧត្តមសេនីយ៍ឯក ផ្កាយបី ជួន សុវណ្ណ ដែលបច្ចុប្បន្នជាអគ្គស្នងការរងនគរបាលជាតិ។
លោកឧត្ត សេនីយ៍ជួន សុវណ្ណ ត្រូវគេដឹងថាជាមនុស្សស្និទ្ធនឹងសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ដំណឹង នៃការតែងតាំងបានធ្វើអោយមានការភ្ញាក់ផ្អើលផងដែរ នៅក្នុងចំណោមសាធារណជន។ ប្រជាជនសង្ឃឹមថា លោកស្នងការក្រុងថ្មី នឹងធ្វើអោយក្រុងភ្នំពេញ កាន់តែមានសុវត្ថិភាពជាងមុនបន្ថែមទៀត៕