នាង សឿ សុធារ៉ា កូនស្រី សាពូន ដារ៉ាភិមាន និងសាពូន មីដាដា។ រូបថត សេត គឹមសឿន |
ភ្នំពេញៈ ផ្ទុយពីអ្វីដែលគេនិយាយថា នាង សឿ សុធារ៉ា និងសាពូន មីដាដា ជួបស្នេហារង្គោះរង្គើ នៅពេលនេះ ទោះបីជាប់រវល់នឹងការសម្តែងច្រៀងយ៉ាងណា ពិសេសនាងកំពុងសម្តែងច្រៀងនៅលើទឹកដីអាមេរិកនោះ ក៏ សឿ សុធារ៉ា បានចំណាយពេលបន្តិចបន្តួចដើម្បីរៀបរាប់ប្រាប់ពីបំណងនៃការ ត្រៀមយកកូនទី២របស់នាងផងដែរ។
ចាប់តាំងពីទទួលបានកំណើតកូន ស្រីគួរឲ្យស្រឡាញ់ម្នាក់មក សឿ សុធារ៉ា ដែលធ្វើការកែសម្ផស្សយ៉ាងល្អផូរផង់នៅប្រទេសថៃនោះ ហាក់មានហុងស៊ុយខ្ពស់ ហើយអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ គឺនាងបានទទួលឱកាសចេញទៅសម្តែងនៅដែនដីសហរដ្ឋអាមេរិកជាប្រវត្តិសាស្រ្តក្នុងអាជីពសិល្បៈ១៦ឆ្នាំ។
តារាសម្តែងស្រីកូនមួយរូប នេះបាននិយាយថា៖«នេះជាលើកទី១ហើយដែលខ្ញុំបានជាន់ដីអាមេរិក ដើម្បីសម្តែងច្រៀងក្នុងអាជីពសិល្បៈរបស់ខ្ញុំ។ ខ្ញុំរំភើបមែនទែនសម្រាប់ឱកាសនេះ»។
សឿ សុធារ៉ា បានចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ១៩៩៧ ហើយនៅក្នុងអំឡុងពេលនោះ នាងជាតារាចម្រៀងប្រចាំភោជនីយដ្ឋានហង្សនាគ១ នៅព្រែកលៀប។ តារារូបនេះ កើតនៅក្នុងគ្រួសារអ្នករកស៊ីដែលមានឪពុកឈ្មោះ សឿ ឈៀង និងម្តាយឈ្មោះ ណោ សុខ អ្នកទាំងពីរជាអាជីវករនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
សឿ សុធារ៉ា ជាកូនសំណព្វចិត្តម្នាក់ក្នុងគ្រួសារ ដោយសារនាងជាកូនពៅដែលមានបងប្អូនបង្កើត៦នាក់ស្រី៥ ប្រុសម្នាក់។ ក្រោយចូលប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ តារារូបនេះបានពើបប្រទះស្នេហ៍នឹងអ្នកសិល្បៈដូចគ្នា គឺតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសលោក សាពូន មីដាដា ហើយចំណងស្នេហ៍មួយនេះ ក៏បានឈានដល់ការរៀបមង្គលការរយៈពេល៣ថ្ងៃយ៉ាងអធិកអធមកាលពី ឆ្នាំ២០០៩។ នៅពេលនេះ អ្នកទាំងពីរទទួលបានចំណងដៃស្នេហានូវកូនស្រីម្នាក់ឈ្មោះ សាពូន ដារ៉ាភិមាន ដែលមានអាយុ១ឆ្នាំ៨ខែ។
មុននេះមានការលេចឮថា គូស្នេហ៍ជ្រកក្រោមដំបូលសិល្បៈទាំងពីរបានជួបនឹងស្នេហ៍ រង្គោះរង្គើ តែការលើកឡើងនេះ ត្រូវបានតារាចម្រៀង សាពូន មីដាដា ជាស្វាមី ចាត់ទុកថា ជាការនិយាយបំផ្លើសគ្មានការពិត និងចុះផ្សាយដោយគ្មានវិជ្ជាជីវៈត្រឹមត្រូវ។
តារាចម្រៀងដែលធ្លាប់ ឈរនៅកំពូលតារាងក្នុងអំឡុងឆ្នាំ២០០៤ សាពូន មីដាដា បាននិយាយថា៖ «អរគុណសារព័ត៌មាន លើកលែងទស្សនាវដ្តីមួយចំនួនដែលចុះផ្សាយផ្ទុយពីការពិត ដោយគ្មានបទសម្ភាស និងខុសក្រមសីលធម៌នៃសារព័ត៌មាន»។
ផ្ទុយពី អ្វីដែលគេធ្លាប់និយាយ នាង សឿ សុធារ៉ា ដែលកំពុងច្នៃសម្រស់កាន់តែស្រស់ស្អាតដើម្បីចងជើងស្វាមី និងដើម្បីហក់ចូលប្រឡូកក្នុងវិស័យសិល្បៈឲ្យកាន់តែខ្លាំងក្លា ក្នុងទឹកទី២បន្ទាប់ពីដកខ្លួនម្តងនោះ ក៏បានលើកឡើងពីគម្រោងនៃការចង់បានកូនចៅដើម្បីបញ្ជាក់បន្ថែមពី ចំណងស្នេហារវាងនាង និងស្វាមី។
សឿ សុធារ៉ា បានឲ្យដឹងថា នាង និងស្វាមីមានគម្រោងចង់បានកូនបន្ថែមទៀត ប៉ុន្តែកំពុងរង់ចាំឱកាសហុចឲ្យល្អជាងនេះ ព្រោះក្រោយពេលហក់មកកាន់វិស័យសិល្បៈវិញ នាងទទួលបានការងារយ៉ាងច្រើនជាបន្តបន្ទាប់ ពិសេសការងារចេញសម្តែងច្រៀងនៅក្រៅប្រទេស។ នាងបានបន្ថែមថា ម្យ៉ាងការពន្យារពេលយកកូននោះ ព្រោះនៅពេលនេះ កូនស្រីរបស់នាងមានអាយុនៅតិចនៅឡើយ ពោលគឺទាមទារពេលវេលាបន្ថែមទៀត ដើម្បីឲ្យ សាពូន ដារ៉ាភិមាន កាន់តែរឹងដៃរឹងជើងជាងនេះ។
ម្តាយ សាពូន ដារ៉ាភិមាន បាននិយាយថា៖ «ចា៎! សម្រាប់គម្រោងយកបុត្រហ្នឹងមាន ប៉ុន្តែសម្រាប់ឥឡូវហ្នឹងខ្ញុំរវល់ខ្លាំង ម្យ៉ាងចង់ឲ្យ ភិមាន គាត់មានអាយុច្រើនបន្តិចសិន ព្រោះឥឡូវហ្នឹងគាត់ទើបមានអាយុមួយខួបប្រាំបីខែប៉ុណ្ណោះ បើយើងយកក៏នៅពិបាកដែរ ព្រោះគាត់នៅតូច ចាំគាត់២-៣ឆ្នាំសិន»។
ដោយ ឡែកសម្រាប់ការចេញទៅសម្តែងនៅលើទឹកដីអាមេរិកជាប្រវត្តិសាស្ត្រ របស់ខ្លួន បន្ទាប់ពីធ្លាក់សម្ភាសន៍អាមេរិកជិត១០ដងនោះ សឿ សុធារ៉ា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ប៉ុន្តែនាងហាក់ដូចជាអល់អែកបន្តិចនៅពេលរូបនាងត្រូវបានម្ចាស់ ស្ប៉នស័រ ផ្តាច់ឲ្យច្រៀងដោយឡែកតែម្នាក់ឯង ខណៈ អ៊ឹង រដ្ឋា ហៅទុយ និង ស៊ឹម ថៃណា ត្រូវនៅច្រៀងរួមគ្នាគ្រប់កម្មវិធីនោះ។
ប៉ុន្តែ ទោះបីជាយ៉ាងណា គេសង្កេតឃើញថា នាងកំពុងក្រសោបយកបានបេះដូងជនរួមជាតិកម្ពុជានៅលើទឹកដីអាមេរិក យ៉ាងច្រើនកុះករ៕