លោក ម៉ម សូណង់ដូ ( អាវសដៃខ្លី ពាក់ក្រវ៉ាត់ក ) នៅពេលឆ្មាំពន្ធនាគារ នាំខ្លួន ចេញពីបន្ទប់សវនាការរបស់តុលាការ សាលាដំបូង រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា ) |
ភ្នំពេញ: សវនាការកាត់ទោស លោក ម៉ម សូណង់ដូ បានផ្អាក នៅព្រលប់ថ្ងៃថ្ងៃពុធ ទី១២កញ្ញា ឆ្នាំ២០១២។ សវនាការលើសំណុំរឿងក្តីនោះ នឹងបន្តធ្វើនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១២។
សវនាការពេញមួយថ្ងៃទី១២កញ្ញា ឆ្នាំ២០១២ ដែលជាថ្ងៃទី២ នៃសវនាការកាត់ទោសលោកម៉មសូណង់ដូ មានជនរងគ្រោះ ដែលជាអាជ្ញាធរភូមិឃុំ និងសាក្សីជាច្រើននាក់ បានចូលឆ្លើយបំភ្លឺ ចំពោះមុខតុលាការ។ ចៅក្រមបានសាកសួរបន្ថែម លើជនជាប់ចោទម្នាក់ទៀត ខណៈដែលតុលាការបានស្តាប់ចម្លើយសាក្សីដោះបន្ទុកលោកម៉មសូណង់ដូ ៣ នាក់ និងជនរងគ្រោះ ដែលជាអាជ្ញាធរភូមិឃុំ និងសាក្សីជាច្រើននាក់ ក៏បានផ្តល់ចម្លើយដាក់បន្ទុកលើសមាគមអ្នកប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន។
ជនរងគ្រោះ ៤ នាក់ ដែលតុលាការបានសាកសួរ ក្នុងសវនាការ កាលពីព្រឹកថ្ងៃទី១២កញ្ញានេះ គឺជាអាជ្ញាធរ ដែលរួមមាន ជំទប់ឃុំ មេភូមិ និងជាប៉ូលិស នៅក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលជាកន្លែងមានទំនាស់ដីធ្លី កាលពីខែឧសភា។
លោក អំ សំអាត បានបន្ថែមថា នៅព្រឹកថ្ងៃទី២ នៃសវនាការលោកម៉មសូណង់ដូ គេឃើញមានជនជាប់ចោទម្នាក់ទៀត ត្រូវបានតុលាការសាកសួរ ដែលនាំឲ្យចំនួនជនជាប់ចោទ ក្នុងសំណុំរឿងក្តីជាមួយលោកម៉មសូណង់ដូ ឡើងដល់ ១០ នាក់ ដែលមានវត្តមានក្នុងបន្ទប់សវនាការ ក្នុងចំណោមជនជាប់ចោទសរុបចំនួន ១៤ នាក់ ដែលរាប់ទាំងឈ្មោះ ប៊ុន រដ្ឋា កំពុងគេចខ្លួន។
ជនរងគ្រោះ ដែលជាអាជ្ញាធរ និងសាក្សីដាក់បន្ទុកជាច្រើននាក់ បានប្រាប់តុលាការ នៅថ្ងៃនេះថា សមាគមអ្នកប្រជាធិបតេយ្យ បានបង្ខិតបង្ខំអ្នកភូមិ ឲ្យចូលជាសមាជិកសមាគម ដែលមានលោកម៉មសូណង់ដូ ជាប្រធាន និងចាប់ដី បង្កើតជាតំបន់អបគមន៍ ដោយរារាំង មិនឲ្យអាជ្ញាធរត្រួតពិនិត្យ និងធ្វើរដ្ឋបាលលើទឹកដីជម្លោះនោះឡើយ។
ក៏ប៉ុន្តែសាក្សី លោក ជា បំរុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានច្រានចោលនូវការលើកឡើងទាំងនោះ ហើយថា សមាគមរបស់លោកម៉មសូណង់ដូ បង្កើតឡើង ក្នុងបំណងលើកតម្កើងលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ ដោយមិនមានបំណងទៅប្រឆាំងជំទាស់នឹងរដ្ឋាភិបាលទេ។
លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ថា ជាមេក្លោង បង្កើតតំបន់អបគមន៍ ពាក់ព័ន្ធនឹងជម្លោះដី នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ប៉ុន្តែក្នុងសវនាការ លោកម៉មសូណង់ដូ បានបដិសេធ។
នៅក្រៅរបងតុលាការក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១២កញ្ញា ឆ្នាំ២០១២ចាប់តាំងពីព្រឹកព្រលឹមស្រ៊ាង ប៉ូលិសបានបន្តពង្រាយកម្លាំង បិទកំណាត់ផ្លូវ ខាងជើង ជាប់របងស្តាតអូឡាំពិក ចាប់ពីភ្លើងស្តុបអាងទឹក រហូតដល់ភ្លើងស្តុបនាងគង្ហីង។ រីឯក្រុមប្រជាពលរដ្ឋ អ្នកគាំទ្រលោកម៉មសូណង់ដូ ក៏បានប្រមូលផ្តុំនៅមុខបារ៉ាស់របស់ប៉ូលិស ដោយសារតែប៉ូលិសរារាំង មិនឲ្យប្រជាពលរដ្ឋ ដែលមានចំនួនតិចជាងថ្ងៃទី១១កញ្ញា ឆ្នាំ២០១២ ចូលទៅកាន់តុលាការទេ៕