សាលាដំបូងរាជធានីភ្នំពេញ បន្តដំណើរការសវនាការក្ដីលើកករណីលោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ចូលដល់ថ្ងៃទី២ នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១២។
អង្គសវនាការពេញមួយព្រឹកកន្លងមកនេះ ចៅក្រមនៃសវនាការបានបន្តសាកសួរទៅសាក្សីជនជាប់ចោទចំនួន ៤នាក់ទៀត។ នៅក្នុងថ្ងៃទី២ នៃសវនាការនេះដែរ មានជនជាប់ចោទម្នាក់ទៀតឈ្មោះ គង់ វណ្ណៈ រស់នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានបង្ហាញខ្លួន។
មកដល់ពេលនេះ សវនាការបានសាកសួរសាក្សីរបស់លោក ម៉ម សូណង់ដូ បាន ៥នាក់ហើយ ក្នុងចំណោមសាក្សីទាំង ៨នាក់។ ចម្លើយសាក្សីភាគច្រើនបានឆ្លើយដាក់បន្ទុកទៅលើលោក ប៊ុន រដ្ឋា ដែលរដ្ឋាភិបាលចោទប្រកាន់ថា ជាអ្នកបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលកំពុងរត់ភៀសខ្លួននៅក្រៅប្រទេស។
អង្គសវនាការថ្ងៃទី២នេះ បានបើកដំណើរការចាប់ពីម៉ោង ៨កន្លះព្រឹក រហូតដល់ម៉ោងជាង ៣រសៀលហើយ នៅមិនទាន់បញ្ចប់នៅឡើយទេ។
ទាក់ទងនឹងដំណើរការសវនាការលោក ម៉ម សូណង់ដូ នៅនេះដែរ លោក សុក សំអឿន មេធាវីការពារក្ដីលោក ម៉ម សូណង់ដូ បានឆ្លៀតពេលសវនាការសម្រាកមួយភ្លែត នៅរសៀលថ្ងៃទី១២ កញ្ញា នេះ ផ្ដល់បទសម្ភាសន៍ខ្លី ស្ដីអំពីសកម្មភាពដំណើរការសវនាការថ្ងៃទី២នេះ តាមការសាកសួររបស់លោក វោហារ ជាតិ៖
អ្នកគាំទ្របន្តទាមទារឲ្យដោះលែង លោក ម៉ម សូណង់ដូ
សំឡេងស្រែកឲ្យដោះលែង លោក ម៉ម សូណង់ដូ និងបញ្ឈប់ការប្រើអំពើហិង្សា បានបន្តចូលដល់ថ្ងៃទី២ នៅក្បែររបាំងឃាំងរបស់កងកម្លាំងសមត្ថកិច្ច ដែលទប់ស្កាត់មិនឲ្យពលរដ្ឋចូលទៅខាងមុខអគារតុលាការ ឬចូលទៅក្នុងបន្ទប់សវនាការ ដើម្បីស្ដាប់ការបើកសវនាការជំនុំជម្រះក្ដីពីការកាត់ទោស លោក ម៉ម សូណង់ដូ នោះទេ។
ក្រុមអ្នកគាំទ្រនៅតែទទូចអោយតុលាការកាត់ក្ដីដោយយុត្តិធម៌ គឺត្រូវដោះលែងប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
ក្រុមអ្នកគាំទ្រមានចំនួនជាង ៣០០នាក់ ដែលចូលរួមដោយសមាជិកសមាគមអ្នកប្រជាធិបតេយ្យមកពីតាមបណ្ដាខេត្ត សហជីពកម្មករ និងក្រុមសកម្មជនការពារសិទ្ធិដីធ្លីបានប្រមូលផ្ដុំគ្នាតែមួយកន្លែង គឺនៅខាងមុខវត្តព្រះពុទ្ធ ត្រង់រង្វង់មូលនាងគង្ហីង ដែលស្ថិតនៅចម្ងាយប្រមាណ ៥០០ម៉ែត្រពី ខាងមុខអាគារសវនាការ។ ពួកគេភាគច្រើនពាក់មួកដែលសរសេរថា សមាគមអ្នកប្រជាធិបតេយ្យ ពាក់អាវយឺតដែលមានរូបសត្វឃ្មុំកាន់ផ្កាឈូក និងពាក្យថា ដោះលែងលោក ម៉ម សូណង់ដូ និងបញ្ឈប់អំពើហិង្សា។
ក្រុមអ្នកតវ៉ាបានលើករូបថត លោក ម៉ម សូណង់ដូ និងបដា ដែលមានន័យដោះលែងរូបលោកដែរ។ ក្រៅពីស្រែកអំពាវនាវ ពួកគេក៏បានសូត្រកំណាព្យដែលនិពន្ធដោយលោក ម៉ម សូណង់ដូរ។
ចំណែកក្រុមអ្នកមានវ័យចំណាស់បានអង្គុយស្មិងស្មាធិ៍សូត្រធម៌ និងការដាស់តឿនចិត្តតាមបែបព្រះពុទ្ធសាសនា។
បើទោះជាយ៉ាងណាសកម្មភាព និងចំនួនអ្នកតវ៉ាបានថយចុះជាងកាលពីថ្ងៃទី១ នៃសវនាកា។
សមាជិកអ្នកប្រជាធិបតេយ្យម្នាក់ដែលមកពីស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង លោក ផាត មានប្រសាសន៍ថា ពួកគាត់មួយចំនួនបានសម្រេចចិត្តវិលត្រឡប់ទៅភូមិស្រុកវិញ បន្ទាប់ពីបានដឹងថា សវនាការនឹងចំណាយពេលវែងជាងការរំពឹងទុករបស់ពួកគាត់។ ពួកគេដែលនៅស្វិតស្វាញ មានគោលដៅតែម្យ៉ាង គឺទាមទារការដោះលែងលោក ម៉ម សូណង់ដូ។
ក្រុមអ្នកតវ៉ាអះអាងដែរថា ពួកគេនឹងមិនបញ្ចប់ការតវ៉ា ដើម្បីសេរីភាពរបស់ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ឡើយ។
សមាជិកសមាគមអ្នកប្រជាធិបតេយ្យម្នាក់ទៀត ដែលមកពីស្រុកចម្ការលើ ខេត្តកំពង់ចាម អ្នកស្រី ម៉ៅ វណ្ណី មានប្រសាសន៍ថា ពួកគាត់នឹងនៅតែតស៊ូ ទាមទារអោយមានការដោះលែងលោក ម៉ម សូណង់ដូ។
នៅខាងក្រៅតុលាការកងកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលជាច្រើនរយនាក់ មិនត្រូវបានកាត់បន្ថយទេ គឺនៅតែត្រូវបានពង្រាយ នៅតាមដងផ្លូវព្រះមុនីរ៉េត នៅខាងមុខតុលាការ និងដាក់របាំងទប់មិនឲ្យអ្នកគាំទ្រ លោក ម៉ម សូណង់ដូ អ្នកកាសែតជាតិ អន្តរជាតិ និង មន្ត្រីសិទ្ធិមនុស្ស ដើរសំដៅទៅកាន់អាគារតុលាការឡើយ។
មន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ដែលបានឃ្លាំមើលស្ថានភាពនៃសវនាការក្នុងរយៈពេល ២ថ្ងៃនេះមានប្រសាសន៍ថា ការរឹតត្បិតពលរដ្ឋទូទៅមិនអោយចូលស្ដាប់សវនាការនៅតែបន្ត និងបានធ្វើអោយសវនាការនេះទៅជាសវនាការដែលមិនពេញលេញជាសវនាការសាធារណៈ។
នៅពេលដែលចរាចរណ៍នៅលើផ្លូវព្រះមុនីរ៉េត ត្រូវបន្តរាំងស្ទះ ផ្សារទំនើប ធនាគារ ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ នៅលើដងផ្លូវនេះនៅតែពុំអាចបើកទ្វារដូចធម្មតាបាន ដោយសារអតិថិជនមិនអាចចូលទៅបាន៕