ដោយ វិទ្យុ អាស៊ីសេរី
2012-09-11
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ក្តីលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ FM 105Mhz និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះ។
លោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់កាលពីថ្ងៃទី១៦ កក្កដា ចំនួន ៤បទចោទ។ បទចោទទាំងនោះរួមមាន ចូលរួមក្នុងចលនាបះបោរ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធប្រឆាំងអាជ្ញាធរខុសច្បាប់ បទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។
ប៉ូលិសរារាំងអ្នកគាំទ្រ និងចាប់ព្រះសង្ឃ១អង្គ
ការបើកសវនាការជំនុំជម្រះក្ដី លោក ម៉ម សូណង់ដូ និងជនជាប់ចោទមួយចំនួនទៀតនៅសាលាដំបូងរាជធានីភ្នំពេញ នោះ ជាសំណុំរឿងក្ដីដែលសហគមន៍ជាតិ និងអន្តរជាតិចាប់អារម្មណ៍ក្នុងសំណុំរឿងក្ដីមួយនេះ ដែលគេចាត់ទុកថា ជារឿងក្ដីដ៏សំខាន់។
នៅខណៈដែលតុលាការកំពុងតែដំណើរការជំនុំជម្រះក្ដីនៅក្នុងបន្ទប់សវនាការនោះ នៅខាងក្រៅតុលាការឯណោះវិញ កងកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល បានពង្រាយរាប់រយនាក់នៅតាមដងផ្លូវព្រះមុនីរ៉េត នៅខាងមុខតុលាការ និងដាក់របាំងទប់មិនឲ្យអ្នកគាំទ្រ លោក ម៉ម សូណង់ដូ អ្នកកាសែតជាតិ អន្តរជាតិ និងមន្ត្រីសិទ្ធិមនុស្ស ដើរសំដៅទៅកាន់អាគារតុលាការនោះទេ។ ទង្វើនេះគឺផ្ទុយពីការរំពឹងទុករបស់ពួកគាត់ ដែលចង់ចូលរួមស្ដាប់នៅក្នុងសវនាការដែរនោះ។
ក្រុមអ្នកគាំទ្រទាំងនោះត្រូវកម្លាំងសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធ ខែល ដំបងឆក់ ជាច្រើនរយនាក់ ដាក់របាំងដែក ឃាំងទប់បិទផ្លូវជុំវិញអគារតុលាការចម្ងាយប្រមាណ ៥០០ម៉ែត្រ គឺនៅត្រង់រង្វង់មូលនាងគង្ហីង កែងរបងវត្តព្រះពុទ្ធ និងជិតអាងទឹកស្តាតអូឡាំពិក។ នៅក្នុងហេតុការណ៍នោះ ភាគីទាំងពីរបានប៉ះទង្គិចគ្នាមួយប្រាវ បណ្ដាលឲ្យកុមារីប្រមាណបីនាក់ត្រូវប៉ូលិសបង្ក្រាបបាតុកម្មប្រើដៃកៀសត្រូវចុងដង្ហើម បណ្តាលឲ្យឈឺចុកទ្រហោយំនៅនឹងកន្លែង នៅពេលពួកគេព្យាយាមទម្លាយរបាំងការពាររបស់សមត្ថិកច្ច និងចាប់ព្រះសង្ឃមួយអង្គ ព្រះនាម កៅ សុវណ្ណធឿន បញ្ជូនទៅខណ្ឌ៧មករា នៅម៉ោងប្រមាណជិត ១០ព្រឹក ដោយពុំបញ្ជាក់ពីមូលហេតុនោះទេ។ ប៉ុន្តែព្រះសង្ឃអង្គនោះ ត្រូវបានគេដោះលែងមកវិញហើយនៅរសៀលថ្ងៃដដែលនេះ។
ក្រុមអ្នកគាំទ្រទាំងនោះមួយចំនួនមកពីខែត្រផ្សេងៗ ប្រមាណ ១ពាន់នាក់ ក្នុងនោះមានអ្នកខ្លះពាក់អាវពណ៌ស និងកាន់បដាពណ៌ស ទាំងអាវ និងបដាមានសរសេរអក្សរដូចគ្នា គឺដោះលែងលោក ម៉ម សូណង់ដូ បញ្ឈប់អំពើហិង្សា។ លើសពីនេះទៀត ក្រុមអ្នកគាំទ្រទាំងនោះក៏បានស្រែកតាមឧគ្ឃោសនស័ព្ទ សុំឲ្យតុលាការឯករាជ្យ និងសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ។
មន្ត្រីសិទ្ធិមនុស្សថាការហាមឃាត់ពលរដ្ឋស្ដាប់សវនាការជារឿងខុសច្បាប់
ទាក់ទងទៅនឹងករណីកម្លាំងចម្រុះរដ្ឋាភិបាលដាក់របាំងបិទផ្លូវព្រះមុនីរ៉េត និងទីតាំងនៅជុំវិញតុលាការនេះ ត្រូវបានក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងក្រុមអ្នកតំណាងរាស្ត្រ បានបញ្ចេញប្រតិកម្មថា ជារឿងខុសទៅនឹងនីតិវិធី ប្រសិនបើតុលាការ ឬរដ្ឋាភិបាលគ្មានអ្វីអាថ៌កំបាំងទាក់ទងទៅនឹងការបើកសវនាការជំនុំជម្រះនេះ គឺតុលាការត្រូវបើកសវនាការជាសាធារណៈឲ្យប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្សជាតិ អន្តរជាតិចូលរួមស្ដាប់ក្នុងសវនាការ។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ មានប្រសាសន៍ថា ការដាក់របាំងទប់ស្កាត់មិនអនុញ្ញាតឲ្យគេចូលរួមស្ដាប់សវនាការនេះ ជារឿងមួយផ្ទុយពីច្បាប់។
ដោយឡែកនៅក្នុងសវនាការនេះ លើកលែងតែមន្ត្រីអង្គទូត មន្ត្រីសិទ្ធិមនុស្សអន្តរជាតិមួយចំនួន ដែលសមត្ថកិច្ចមិនហ៊ានទប់ស្កាត់ ហើយអនុញ្ញាតឲ្យចូលស្ដាប់ក្នុងសវនាការ។ រីឯអ្នកសារព័ត៌មានមួយចំនួនដែលជម្នះចូលទៅក្នុងអាគារតុលាការបាននោះ តុលាការមិនអនុញ្ញាតឲ្យចូលស្ដាប់សវនាការទេ គេឲ្យអង្គុយនៅបន្ទប់ខាងក្រៅ ដែលមិនបានឃើញអ្វីទាំងអស់។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានសម្ដែងការសោកស្ដាយចំពោះការបិទសិទ្ធិ និងរារាំងមិនឲ្យប្រជាពលរដ្ឋចូលទៅស្ដាប់នៅក្នុងបន្ទប់សវនាការនោះ។
លោក អ៊ូ វីរៈ បានអះអាងថា តុលាការបានប្រាប់ថា មូលហេតុដែលតុលាការមិនអនុញ្ញាតឲ្យចូលក្នុងបន្ទប់សវនាការនោះ ដោយសារតែបន្ទប់ចង្អៀត តែការពិតបន្ទប់សវនាការមិនចង្អៀតនោះទេ។
នៅរសៀលថ្ងៃទី១១ កញ្ញា នៅពេលសវនាការកំពុងតែដំណើរការជំនុំជម្រះក្ដីនៅក្នុងបន្ទប់តុលាការ រីឯនៅខាងក្រៅតុលាការ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអ្នកគាំទ្រលោក ម៉ម សូណង់ដូ មិនដើរថយចេញពីកន្លែងដែលសមត្ថកិច្ចដាក់បារាសឃាំងនោះឡើយ។ ពួកគាត់ទាំងនោះមានទាំងមនុស្សចាស់ ក្មេង និងកុមារា កុមារី អង្គុយក្រោមតំណក់ទឹកភ្លៀងធ្លាក់ទាំងខ្លួនរងាក្ដី ដើម្បីសបញ្ជាក់ថា ពួកគាត់ជឿជាក់ថា លោក ម៉ម សូណង់ដូ ជាមនុស្សស្អាតស្អំ គ្មានទោសដូចដែលតុលាការចោទប្រកាន់នោះទេ ដោយពួកគាត់ស្រែកទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាពវិញ។
ទោះយ៉ាងណាក៏ដោយ សវនាការសំណុំរឿងលោក ម៉ម សូណង់ដូ នៅថ្ងៃនេះមិនទាន់មានលទ្ធផលអ្វីនៅឡើយទេ ដោយតុលាការនឹងលើកយកសំណុំរឿងនេះទៅកាត់ក្ដីបន្ត នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ ទៀត។
ដំណើរការសវនាការកាត់ទោសលោក ម៉ម សូណង់ដូ នេះ បានធ្វើដំណាលគ្នានឹងអ្នកពាក់ព័ន្ធនៅក្នុងសំណុំរឿងជម្លោះដីធ្លីនៅឃុំកំពង់ដំរី ខេត្តក្រចេះ សរុបចំនួន ៩នាក់ផ្សេងទៀត។ បញ្ជីរបស់ចៅក្រមបានបង្ហាញថា សាក្សីក្នុងរឿងនេះសរុបមានរហូតដល់ ៨៦នាក់។ ប៉ុន្តែវត្តមានជាក់ស្តែងនៅតុលាការនៅព្រឹកនេះមានចំនួនតែជាង ២០នាក់ទេ ក្នុងនោះមានសាក្សីខាងដាក់បន្ទុកចំនួន ១៤នាក់ និងសាក្សីខាងលោក ម៉ម សូណង់ដូ មានចំនួន ៨នាក់ ប៉ុន្តែសាក្សីទាំងនោះគ្រាន់តែបង្ហាញមុខនៅខាងក្រៅប៉ុណ្ណោះ ដោយមិនឲ្យចូលស្ដាប់អង្គសវនាការនោះឡើយ។
លោក ម៉ម សូណង់ដូ ត្រូវបានឃុំខ្លួនអស់រយៈពេលជិត ២ខែហើយ ក្នុងពន្ធនាគារព្រៃស រាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី១១ កញ្ញា នេះ៕
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក វោហារ ជាតិ អំពីជីវប្រវត្តិសង្ខេបរបស់លោក ម៉ម សូណង់ដូ៖