Wednesday, September 12, 2012

បុរស​ស៊ុយអែត Gottfrid បញ្ជូន​ចេញ​យប់​មិញ


120911_06
(កណ្តាល) បុរស​​ស៊ុយ​អែត Gottfrid ដែល​​ត្រូវ​​បាន​​បញ្ជូន​​ចេញ​​ពី​​កម្ពុជា ​យប់​មិញ​​។ រូបថត Reuters
ភ្នំពេញៈ សហ​ស្ថាបនិក​គេហទំព័រ​ Pirate Bay លោក Gottfrid Svartholm Warg ត្រូវ​បាន​និរទេស​កាល​ពី​យប់​មិញ ទៅ​ប្រទេស​ថៃ ជា​កន្លែង​ដែល​អាជ្ញាធរ​ស៊ុយអែត នឹង​បង្ខំ​ឲ្យ​គាត់​ឡើង​យន្ត​ហោះ​ទៅ​ប្រទេស​ស៊ុយអែត​។ នេះ​បើ​យោង​តាម​នគរបាល​ដែល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ។
លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ថា លោក Svartholm Warg ​បាន​ចាកចេញ​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ តាម​ជើង​ហោះ​ហើរ Thai Airways ទៅ​ទីក្រុង​បាងកក​នៅ​វេលា​ម៉ោង​ ៨:៣០ យប់​ថ្ងៃ​ចន្ទ។
លោក ច័ន្ទថារិទ្ធ ថ្លែង​ថា​៖«គាត់​ឥឡូវ​នេះ ​ បាន​ចាក​ចេញ​ពី​ប្រទេស​របស់​យើង​ហើយ​។ ទិសដៅ​បន្ត​ទៀត​របស់​គាត់​ គឺជា​ការ​ទទួល​ខុស​ត្រូវ​ របស់​អាជ្ញាធរ​ស៊ុយអែត»។
ប្រធាន​ផ្នែក​ អន្តរជាតិ របស់​នគរបាល​ជាតិ​ស៊ុយអែត លោក Bertil Olofsson បាន​ថ្លែង​ថា មន្រ្តី​ម្នាក់​ពី​ពន្ធនាគារ​ស៊ុយអែត និង​មន្រ្តី​នគរបាល​ស៊ុយអែត​ម្នាក់ នឹង​អម​ដំណើរ​លោក Svartholm Warg ​ដើម្បី​ធានា​ថា គាត់​នឹង​ត្រឡប់​ទៅ​ស៊ុយអែត​វិញ​។
ដើម្បី​ឲ្យ ការ​ផ្ទេរ​របស់​លោក Svartholm Warg ​ស្រប​ច្បាប់ ថៃ និង​ស៊ុយអែត នឹង​ត្រូវ​តែ​មាន​ការ​ចរចា​ពិសេស ដែល​បាន​ធ្វើ​រួច​ហើយ​សម្រាប់​ការ​ផ្ទេរ​គាត់​នៅ​ពេល​ដែល​គាត់​ឡើង​យន្ត​ហោះ​ទៅ Stockholm។
មន្រ្តី​ប្រឹក្សា​យោបល់​ផ្នែក​យុត្តិធម៌ Rodolphe Prom បាន​ថ្លែង​ថា​ បើ​ទោះ​បី​ជា​មាន​ការ​ទស្សន៍ទាយ​តាម​អ៊ីនធឺណិត​ថា កិច្ចព្រមព្រៀង​ទ្វេ​ភាគី​រវាង​ថៃ និង​ស៊ុយអែត​បាន​ធានា​រួច​ហើយ​ចំពោះ​ការ​ផ្ទេរ លោក Svartholm Warg ​ទៅ​ស្រុក​វិញ «ក៏​កិច្ច​ព្រមព្រៀង នឹង​ធ្វើ​ឡើង​បាន​ចំពោះ​តែ​ជន​ជាតិ​ស៊ុយអែត ដែល​ត្រូវ​បាន​កាត់​ទោស​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ថៃ​ឲ្យ​ផ្ទេរ​ទៅ​ប្រទេស​ស៊ុយអែត​ប៉ុណ្ណោះ មិន​មែន​អ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​នៅ​ប្រទេស​ភាគី​ទីបី ហើយ​បន្ទាប់​មក​និរទេស​ទៅ​ប្រទេស​ថៃ​នោះ​ទេ»។
លោក សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​ថ្លែង​មុន​ពេល​ការ​និរទេស លោក Svartholm Warg កាល​ពី​ម្សិលមិញ​ថា​៖ «ឥឡូវ​នេះ​ វា​យឺត​ហើយ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍»។ លោក ក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នោះ​ផង​ដែរ​ នៅ​ពេល​ដែល​មិត្តភក្តិ​របស់​ លោក Svartholm Warg ​បាន​មក​សុំ​ឲ្យ​លោក​ជួយ​ស្វែងរក​កន្លែង​ដែល​ជនជាតិ​ស៊ុយអែត​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​ហើយ​សុំ​ឲ្យ​លោក​សិក្សា​ព័ត៌មាន​បន្ថែម​ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ជន​ជាតិ​ស៊ុយអែត​នោះ​កាល​ពី​សប្តាហ៍​មុន​។ លោក សុក សំអឿន និង លោក Niklas Femerstrand មិត្តភក្តិ​របស់ លោក Svartholm Warg ​បាន​ថ្លែងថា ពួក​គាត់​បាន​ទៅ​ស្ថាន​ទូត​ស៊ុយអែត ក្នុង​រាជធានី​ភ្នំពេញ​ជា​មួយ​គ្នា ដើម្បី​សួរ​អំពី​កន្លែង លោក Svartholm Warg កំពុង​ស្នាក់​នៅ កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ឯកអគ្គ​រដ្ឋ​ទូត​ស៊ុយអែត​ទេ​។ លោក សុក សំអឿន បាន​លើក​ឡើង​ថា អាជ្ញាធរ​កម្ពុជា និង​ស៊ុយអែត បាន​ធ្វើ​ឲ្យ​មាន​លក្ខណៈ​មិន​ច្បាស់​រវាង​ពាក្យ​ថា​បត្យាប័ន និង​និរទេស​ ចំពោះ លោក Svartholm Warg។ ​លោក សុក​ សំអឿន បាន​ឮថា លោក Svartholm Warg គឺ​នឹង​ត្រូវ​បញ្ជូន​ទៅ​ស៊ុយអែត ប៉ុន្តែ​លោក បាន​ចង្អុល​បង្ហាញ​ថា«ប្រសិន​វាជា​ការ​និរទេស គាត់​គួរ​តែ​អាច​ទៅ​កន្លែង​ណា​ក៏​បាន។ ​គាត់​មិន​ចង់​ទៅ​ស៊ុយអែត​ទេ»។ លោក សុក សំអឿន និង​ លោក Femerstrand បាន​ថ្លែង​ថា ដោយ​សារ​ប្រើ​លេស​ថា ទិដ្ឋាការ​ផុត​ការ​កំណត់ ដើម្បី​និរទេស​គាត់ អាជ្ញាធរ បាន​ធ្វើ​ឲ្យ​គាត់​មិន​អាច​ទទួល​បាន​ការ​ជំទាស់​ទៅ​នឹង​សេចក្តី សម្រេច​របស់​តុលាការ ហើយ​នៅ​ពេល​ជា​មួយ​គ្នា​នោះ ពួក​គេ​មិន​បាន​ផ្តល់​ឲ្យ​គាត់​ នៅ​មេធាវី​ត្រឹម​ត្រូវ ឬ​ជម្រាប​គាត់​ថា ​ក្រោម​ការ​និរទេស ដែល​ខុស​ពី​បត្យាប័ន ​ហើយ​ដែល​សេចក្តី​សម្រេច​អំពី​កន្លែង​ត្រូវ​ទៅ​ពី​ប្រទេស​កម្ពុជា​គឺ អាស្រ័យ​លើ​រូប​គាត់។
លោក Femerstrand បាន​បន្ថែម​ថា វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​មិត្តភក្តិ​របស់​គាត់​នៅ​ទី​បំផុត​នឹង​ត្រូវ​ទៅ​ស៊ុយអែត​ឬ​អត់​នោះ​ ទេ​។ Femerstrand បាន​ថ្លែង​ទៀត​ថា​៖ «វា​មិនមែន​ជា​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ​ ប្រសិន​បើ​មិត្ត​របស់​ខ្ញុំ​ចាប់​ផ្តើម​តវ៉ា​នៅ​បាងកក ហើយ​បដិសេធ​មិន​ឡើង​យន្ត​ហោះ​ទៅ​»។ «​នេះ​មិន​មែន​ជា​លើក​ទីមួយ​នោះ​ទេ ​ដែល​គាត់ ប្រឈម​មុខ​ទៅ​នឹង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ច្បាប់​។ ​ពួក​គេ​មិន​អាច​យក​គាត់​ទៅ​ដោយស្រួល​ៗ​នោះ​ទេ​»។ PS​

Comments system

Disqus Shortname