Wednesday, September 19, 2012

សុខ ពិសី ត្រៀមឡើងជម្រះមន្ទិលតាម​កញ្ចក់​ទូរទស្សន៍​


ខណៈ​ដែល​ទស្សនិកជន​មួយ​ចំនួន​នៅ​តែ​មាន​ការ​សង្ស័យលើ​ការ​បក​ស្រាយ​របស់​កញ្ញា សុខ​ពិសី​ តាម​រយៈ​វីដេអូ​ឃ្លីប​ ចំនួន​ពីរលើក​រួច​មក​នោះ ពេល​នេះ​ធ្លាយ​ព័ត៌មាន​ថា នាងត្រៀម​​ចេញ​មុខ​នៅ​តាម​ប៉ុស្តិ៍​វិញ​ម្ដង ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​រំងាប់​ព័ត៌មាន​ដែល​កើត​មាន​ឡើង។
ព័ត៌មាន​ធ្លាយ​ចេញ​ដែល​ថា ​កញ្ញា សុខ ពិសី ត្រៀម​ឡើង​ឆាក​តន្រ្តី​ទូរទស្សន៍​ក្នុង​ស្រុកមួយ​នេះ គឺ​បន្ទាប់​ពី​មុន​នេះ នាង​បាន​​ចេញ​មុខ​បក​ស្រាយ​តាម​វីដេអូ​ឃ្លីប​ចំនួន​ពីរដង​​ជា​ បន្តបន្ទាប់រួច​មក​ហើយ​ថា នាង​គ្មាន​ផ្ទៃពោះ​ដូច​ព័ត៌មាន​ចចាមអារ៉ាម​នោះ ហាក់​គ្មាន​ទម្ងន់​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គេ​ជឿ ស្រប​ពេល​ដែល​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ​ការ​បក​ស្រាយ​តាម​វិដេអូ​ឃ្លីប​ម្តង​ហើយ​ម្តង​ទៀត​នេះ ​គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ ខណៈ​ជាក់​ស្តែង​គឺ​គេ​មើល​ឃើញ​ច្បាស់​ថា ក្បាល​ពោះ​របស់​នាង​ប្រែ​ប្រួល​ទំហំ តែ​ត្រង់​ថា​នាង​ឡើង​គី​ឡូ​ ឬ​ក៏​មាន​គភ៌​មែន​ឬ​មិន​មែន​មិន​ប្រាកដ។ យ៉ាង​ណា​ក៏​ដោយ គេ​មិន​ជឿ​ថា ការ​ប្រែ​ប្រួល​ទំហំ​ពោះ​ក្នុង​ពេល​បាត់​មុខ​ក្រោម​ពាក្យ​ចចាម​អារ៉ាម​ថា​ មាន​ផ្ទៃ​ពោះ​នេះ ជា​ការ​ឡើង​ទម្ងន់​នោះ​ឡើយ ព្រោះ​តែ​ហេតុ​ថា ការ​ឡើង​ទម្ងន់​នេះ គឺ​ជា​សត្រូវ​របស់​តារា​ដែល​ត្រូវ​ការ​រាង​ស្វែល​ស្អាត​គ្រប់​ពេល​ទៅ​ហើយ បែប​នេះ សួរ​ថា តារា​ល្បី​ដួច​ជា​ សុខ ពិសី សុខ​ចិត្ត​ឡើង​ទម្ងន់​រហូត​បាត់​រាង​រៅ​យ៉ាង​នេះ​? អីចឹង​ហើយ​ទើប​គេ ពិបាក​ដាក់​ចិត្ត​ជឿ​តាម​ការ​ព្យាយាម​​បក​ស្រាយ​របស់​នាង​ដល់​ទៅ​២​ដង​ក្នុ ​រយៈ​ពេល​មិន​ដល់​មួយ​អាទិត្យ​បែប​នេះ។
ដោយ​សារ​តែ​បែប​នេះ ទើប​មាន​ព័ត៌មាន​ថា កញ្ញា សុខ ពិសី ត្រៀម​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ជម្រះ​បញ្ហា​ថា​នាង​​មាន​ផ្ទៃពោះ ជាមួយ​បុរស​អាថ៌កំបាំង​នោះ ឲ្យ​វា​ស្លាប់​បង់​តែ​ម្ដង​ទៅ។
ព័ត៌មាន​នេះ ត្រូវ​បាន​បុគ្គល​មាន​មុខ​មាត់​ក្នុង​សង្គម​សិល្បៈ​មួយ​រូប បាន​បង្ហើប​ឲ្យ​ដឹង។ បុគ្គល​នោះ បាន​ប្រាប់ Sabay ឲ្យ​ដឹង​​ថា កញ្ញា សុខ ពិសី ​កំពុង​តែ​អន្ទះសា​ចង់​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​ដើម្បី​ឈាន​ចាប់​អាជីព​ជា​ អ្នក​ចម្រៀង​ឡើង​វិញ​តាម​ការ​សន្យា ម្យ៉ាង​ក៏​ដើម្បី​រំងាប់ព័ត៌មាន​មាត់​ចាប​មាត់​ព្រាប​ដែល​កើត​មាន​ចំពោះ​នាង ​ផង​ដែរ។
ប្រភព​បាន​បន្ត​ថា​ ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​កន្លង​មក​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ប្រជាប្រិយភាព​របស់​នាង​ក្នុង​សង្គម​សិល្បៈ អីចឹង​ហើយ ទើប​នាង​ត្រៀម​​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​នេះ​ ដើម្បី​ស្ដារ​មុខមាត់​ឡើង​វិញ ខណៈ​អ្នក​គាំទ្រ​នាង​ជា​​ច្រើន​ ក៏​កំពុង​តែ​ទន្ទឹងពី​ការ​បក​ស្រាយ​របស់​នាង​ដោយ​ផ្ទាល់​ ជាង​ការ​ចេញ​មុខ​តាម​ឃ្លីប​ដូច​ពេល​កន្លង​មក​ដែរ។
ប្រភព​លាក់​មុខ​ខាង​លើ បាន​បន្ថែម​ថា ទូរទស្សន៍​ដែល​កញ្ញា សុខ ពិសី ត្រៀម​នឹង​ឡើង​បក​ស្រាយ​មុន​គេ​នោះ គឺ​ទូរទស្សន៍​មួយ​ដែល​មាន​ទី​តាំង​នៅ​ខាង​លិច​រាជធានី ដោយ​សារ​តែ​ប៉ុស្តិ៍​មួយ​នេះ​បាន​ទាក់ទង​នាង​ជាប់​រហូត​  តាំង​តែ​ពី​នាង​បាន​ដាក់​ច្បាប់​ឈប់​សម្រាក​ពី​ការងារ​រយៈ​ពេល​បី​ខែ ពី​ផលិត​កម្ម​សាន់ដេ ដើម្បី​ទៅ​សិក្សា​ផ្នែក​សម្អាងការ​នៅ​សិង្ហបុរី​មក​ម្ល៉េះ។ ដូច្នេះ​ហើយ​ទើប​នាង សម្រេច​តប​តាម​ការ​អញ្ជើញ​នេះ ប្រយោជន៍​បាន​រំលាយ​ពាក្យ​ចចាមអារ៉ាម​ផង។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រភព​នេះ មិន​បាន​បញ្ជាក់​ថា សុខ ពិសី នឹង​ឡើង​ច្រៀង​នៅ​ស្ថានីយ​នោះ​នៅ​ថ្ងៃ​ណា​ឱ្យ​ប្រាកដ​ឡើយ​ទេ គ្រាន់​តែ​បញ្ជាក់​ថា ​ក្នុង​ពេល​ឆាប់ៗ​ប៉ុណ្ណោះ។
ដូច​តែ​មុន​ៗ កញ្ញា សុខ ពិសី មិន​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​នេះ ដោយសារ​តែ​ទូរស័ព្ទ​របស់​នាង​ជា​ច្រើន​ខ្សែ​មិន​អាច​ទាក់ទង​បាន។ ដោយ​ឡែក​អ្នក​ចាត់​ការ​ទូទៅ​​ក្នុង​ផលិតកម្ម​សាន់ដេ​លោក ឡាយ សុក​ចំរើន ក៏​មិន​អាច​សុំ​ការ​បក​ស្រាយ​បាន ចំពោះ​ព័ត៌មាន​ សុខ ពិសី ត្រៀម​ឡើង​ច្រៀង និង​បក​ស្រាយ​តាម​ប៉ុស្តិ៍​នេះ។
ទស្សនិកជន និង​អ្នក​គាំទ្រ​កញ្ញា សុខ ពិសី កំពុង​តែ​ទន្ទឹង​រង់​ចាំ​ការ​បក​ស្រាយ​របស់​នាង​ពី​បញ្ហា​​ដែល​បាន​កើត​ឡើង​នា​ពេល​កន្លង​មក ម្យ៉ាង​ក៏​ចង់​ឃើញ​មុខ​មាត់ និង​សុខ​ទុក្ខ​របស់​នាង​ផ្ទាល់​ដែរ។
យ៉ាង​ណា​ក៏​ដោយ គេ​មិន​ដឹង​ថា ព័ត៌មាន​ដែល​បង្ហើប​ចេញ​នេះ មាន​ការ​ពិត​កម្រិត​ណា​ឡើយ ប៉ុន្តែ​គេ​ជឿ​ថា ការ​ចេញ​មុខ​បក​ស្រាយ​មុន​លុក​ក្នុង​អាជីព​សិល្បៈ​ចម្រៀង​ជា​ថ្មី គឺ​ជា​រឿង​ដែល​១០០​ភាគ​រយ សុខ ពិសី នឹង​ធ្វើ មិន​អាច​វិល​មក​វិញ​ឆ្កុយ​ដូច​កាល​ចាក​ចេញ​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ មិន​ខុស​អី​នឹង​ការ​ចិញ្ចឹម​ព័ត៌មាន​ចចាមអារ៉ាម​ទុក​ឲ្យ​នៅ​រស់​រាន ដែល​វា​នឹង​នៅ​តែ​តាម​​លង​បន្លាច​នាង​នៅ​ពេល​បន្ត​បន្ទាប់​ទៀត​នោះ​ឡើយ។
ដូច្នេះ​ហើយ ស្រប​នឹង​ការ​ព្រលយ​ចេញ​ពី​ប្រភព​លាក់​មុខ​ខាង​លើ​នេះ គេ​ជឿ​ថា​មាន​ការ​ពិត​ក្នុង​កម្រិត​ខ្ពស់​ជាង ជា​ដំណឹង​ខ្យល់។ ម្យ៉ាង​ទស្សនិកជន​ក៏​ជឿ​ថា នាង​នឹង​ចេញ​មុខ​វិញ​ឆាប់​ៗ​នេះ​ដែរ ព្រោះ​នាង​ជា​ម្ចាស់​ពាន​អាណាចក្រ​តារា​ឆ្នាំ ២០១១ ក្នុង​នាម​ជា​តារា​ចម្រៀង​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ។ ម្ល៉ោះ​ហើយ​បើ​នាង​មិន​ចេញ​មុខ​ប្រមូល​ការងារ​សិល្បៈ​ ក៏​ដូច​ជា​ប្រជាប្រិយភាព​មក​ក្ដាប់​ក្នុង​ដៃ​ទេ នាង​នឹង​មិន​មាន​គុណ​សម្បត្តិ​អ្វី​សម្រាប់​ការពារ​ពាន​ដែល​ពូន​ផ្ដុំ​ដោយ​បេះ​ដូង ក៏​ដូច​ជា​ទឹក​ចិត្ត​ស្រឡាញ់​របស់​អ្នក​គាំទ្រ​ចំពោះ​នាង​​នេះ បាន​ឡើយ៕(Sabay)

Comments system

Disqus Shortname