Friday, September 28, 2012

សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ
ភ្នំពេញ: ​រាជរដ្ឋាភិបាល បានចេញ​សេចក្ដីសម្រេច​បង្កើត​គណៈ​កម្ម​ការដឹកនាំ​ការត្រួត​ពិនិត្យឡើងវិញ នូវ​អនុសញ្ញា​អង្គការសហប្រជាជាតិ ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា ដែលមាន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ប្រធាន ហើយ​និង​មាន​អនុគណៈកម្មការ ដែល​ជ្រើស​រើសយក​ពី​សមាគម​អ្នកសារព័ត៌មាន​ចំនួន​ពីរ គឺ​ក្លឹប​អ្នកកាសែត​កម្ពុជា របស់លោក ប៉ែន សមិទ្ធិ និង​សមាគម​មិត្ត​អ្នកសារព័ត៌មាន​ខ្មែរ របស់លោក ឱម ចន្ទ​តា​រ៉ា​។ ប្រធាន​សមាគម​អ្នកសារព័ត៌មាន​ទាំងពីរ បាន​អះអាង​ក្នុងន័យ​ស្រដៀង​គ្នា​ថា នឹង​ប្រឹងប្រែង​ធ្វើ​ការងារ​ប្រឆាំង​អំពើពុករលួយ តាម​វិជ្ជាជីវៈ​អ្នកកាសែត ដើម្បី​ឲ្យ​ការប្រឆាំង​អំពើពុករលួយ​នៅក្នុង​សង្គម​ខ្មែរ បាន​ផ្លែផ្កា​។​

​ នៅក្រៅ​សិក្ខាសាលា ស្តីពី ការត្រួតពិនិត្យ​ឡើងវិញ​នូវ​ការអនុវត្តន៍​អនុសញ្ញា របស់​អង្គការសហប្រជាជាតិ អ​.​ស​.​ប ប្រឆាំង​អំពើពុករលួយ (UNCAC) នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ គឺ​គណៈកម្មការ​នេះ បាន​បើក​សិក្ខាសាលា​លើកដំបូង​របស់ខ្លួន ដោយបាន​សហការ​ជាមួយ​អង្គការ UNODC​។ អង្គការ​នេះ នឹង​ជួយ​បំពាក់បំប៉ន​លើ​ការងារ​ថ្មី​នេះ ដល់​គណៈកម្មការ​រប​ស់​យើង​។​

​លោក ឱម យ៉ិនទៀង បាន​បន្តថា យើង​ស្វាគមន៍​ទាំងអស់ ចំពោះ​ការចូលរួម​សហការ​រ​បស់​អ្នក​សារព័ត៌​ទាំងអស់ ហើយ​ថ្ងៃក្រោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ផ្ដល់​រង្វាន់​ដល់​អ្នកសារព័ត៌មាន ដែល​បាន​សរសេរ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការប្រឆាំង​អំពើពុករលួយ​។​

​ ជាមួយគ្នានេះ លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ថា ក្លឹប​អ្នកកាសែត​កម្ពុជា ស្វាគមន៍​ការដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចាត់ទុក​ក្លឹប​អ្នកកាសែត​កម្ពុជា ជា​ដៃគូ ហើយ​យើង​នឹង​ប្រឹងប្រែង​ធ្វើ​ការងារ​ប្រឆាំង​អំពើពុករលួយ តាម​វិជ្ជាជីវៈ​អ្នកកាសែត ដើម្បី​ឲ្យ​ការប្រឆាំង​អំពើពុករលួយ​នៅក្នុង​សង្គម​ខ្មែរ បាន​ផ្លែផ្កា​។​

​ រីឯ​លោក ឱម ចន្ទ​តា​រ៉ា ប្រធាន​សមាគម​មិត្ត​អ្នកសារព័ត៌មាន​ខ្មែរ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ដែរ​ថា លោក​មានការ​សប្បាយរីករាយ នៅពេលដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជ្រើសរើស​សមាគម​អ្នកសារព័ត៌មាន​ចំនួន​ពីរ ដែល​ក្នុងនោះ មាន​សមាគម​របស់លោក​ផង ធ្វើជា​ដៃគូ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​

​ លោក​បញ្ជាក់ថា “​យើង​នឹង​ខិតខំ​សហការ​ចូលរួម​ជាមួយ​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រឆាំង​អំពើពុករលួយ ដើម្បី​ធ្វើ​ឲ្យ​សង្គម​មាន​តម្លាភាព​”​។

​ សូមបញ្ជាក់ថា លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល ៨​ខែ ក្នុង​ឆ្នាំ​២០១២ គិត​ត្រឹម​ខែមករា​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល បានទទួល​ពាក្យបណ្តឹង​រឿង​ពុករលួយ ចំនួន ៨០០ ពាក្យបណ្តឹង ដែល​ក្នុងនោះ ៥០% ជា​បណ្តឹង​អនាមិក​។ ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​បើក​ការស៊ើបអង្កេត ចំនួន ៣០% ផងដែរ​៕ K​                 

Comments system

Disqus Shortname