ភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សៀ សម្បត្ដិ ស្នងការរងស្រាវជ្រាវយុត្តិធម៌សន្ដិសុខព័ត៌មាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះបង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារនិងភោជនីយដ្ឋាន ។ កិច្ចប្រតិបត្ដិការចុះបង្ក្រាបនិងឆែកឆេរនេះ សមត្ថកិច្ចបានឃាត់ស្ដ្រីស្រស់ស្អាតចំនួន៦នាក់ ៣នាក់នៅក្នុងសណ្ឋាគារស្រែលាភ និង៣នាក់ទៀតនៅក្នុងភោជនីយដ្ឋានស៊ីធីខេត ហើយក្នុងចំណោមស្រីទាំង៦នាក់នោះ មានម្នាក់ឈ្មោះមុំ ជាថៅកែហាងអ៊ុតសក់មីកាហ្សា ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ព្រមទាំងរឹបអូសរថយន្ដបាន២គ្រឿង ម៉ាកបាឡែននិងម៉ាកកាមរី និងនារី៦នាក់ យកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសួរនាំតាមនីតិវិធី ។