សឹង្ហបុរី៖ អតីតនាយករដ្ឋមន្រ្តីថៃ ត្រៀមខ្លួនធ្វើដំណើរចាកចេញ ពីប្រទេសសឹង្ហបុរី ឆ្ពោះមកកាន់ប្រទេសកម្ពុជា នៅថ្ងៃនេះ ដើម្បីជួបសំណេះសំណាល និង វាយកូនហ្គោល ជាមួយមេដឹកនាំកម្ពុជា ។
យោងតាមសារព័ត៌មានINN នៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា នេះបានឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបុរី ដើម្បីចូលរួមការទស្សនាការប្រណាំងរថយន្ត Formula1 តាមការអញ្ជើញពីប្រធាន រៀបចំការការប្រណាំង កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ។
នៅព្រឹកថ្ងៃ អង្គារ នេះ លោក ថាក់ស៊ីន បានត្រៀមចាកចេញពីប្រទេសសឹង្ហបុរី ដើម្បីធ្វើដំណើរឆ្ពោះមកកាន់ប្រទេស កម្ពុជា នៅថ្ងៃនេះ ក្នុងគោលបំណងជួបសំណេះសំណាលជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទន្ទឹមគ្នានេះដែរ លោកថាក់ស៊ីន បានរៀបចំកម្មវិធី លេងកីឡាវាយកូនហ្គោលជាមួយសម្តេច ផងដែរ។បន្ទាប់ពីលោក ថាក់ស៊ីន បញ្ចប់ទស្សកិច្ចនៅកម្ពុជា ហើយនោះ លោកនឹងធ្វើដំណើរទៅស្នាក់អាស្រ័យនៅទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេសជាបន្តទៀត។
នាអំឡុងពេលលោក ថាក់ស៊ីន ស្នាក់នៅប្រទេសសឹង្ហបុរី មានមន្រ្តី និង អ្នកនយោបាយ ដែលមានស្និទ្ធស្នាល នឹងរូបលោក ថាក់ស៊ីន ជាច្រើនបានចូលជួបសម្តែងការគួរសម រួមមាន លោក ឈ្លើម យ៉ូបាំរ៉ុង ឧបនាយករដ្ឋមន្រ្តី លោក ឆាត់ កូឌីលុក អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍ និង លោក ណុបប៉ាដន ប៉ាតាម៉ា ទីប្រឹក្សាផ្នែកច្បាប់របស់លោក ថាក់ស៊ីនផងដែរ៕