Saturday, September 29, 2012

Cisco បង្ហាញបច្ចេកវិទ្យា ឈានមុខ ដើម្បីជំរុញ ការអភិវឌ្ឍន៍ ការងារពាណិជ្ជកម្ម នៅកម្ពុជា

Photo by DAP-NEWS 
ភ្នំពេញៈ ក្រុមហ៊ុន Cisco ជាក្រុមហ៊ុនផ្គត់ផ្គង់ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) នៅកម្ពុជា ជាង១០ឆ្នាំមកហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ បានបង្ហាញឧបករណ៍ បច្ចេកវិទ្យាថ្មីៗ ដូចជា Cisco Collaboration & Virtualization និង Unified Computing នៅក្នុងសណ្ឋាគារ Intercontinetal ដែលជាបច្ចេកវិទ្យា ជំរុញមាន ការអភិវឌ្ឍន៍ខ្ពស់ ក្នុងវិស័យការងារ ពាណិជ្ជកម្ម នៅកម្ពុជា។
លោក ព្រំផន ខេធូដាត ប្រធានផ្នែកលក់ប្រចាំតំបន់ របស់ក្រុមហ៊ុន Cisco បានមានប្រសាសន៍ថា ការរីក ដុះដាល់ឥតឈប់ឈរ នៃប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេស កម្ពុជា នឹងធ្វើឱ្យមាន ការផ្លាស់ប្តូររបៀប ទម្រង់ពាណិជ្ជកម្ម នៅកម្ពុជា ដូចជា របបធ្វើការងារ ការរស់នៅ ការកំសាន្ត និងការសិក្សាជាដើម ។ លោក មានប្រសាសន៍ថា “ យើងមានក្តីរំភើបណាស់ ដែលអាចចែករំលែក អំពីសារសំខាន់ នៃប្រព័ន្ធបច្ចេកវិទ្យា ដល់ក្រុមហ៊ុននានា នៅក្នុងប្រទេសកម្ពុជា ដើម្បីកែប្រែវិស័យការងារពាណិជ្ជកម្ម នៅក្នុងប្រទេសនេះ ឱ្យងាក មកប្រើប្រាស់ បច្ចេកវិទ្យាសម័យថ្មីៗ ដូចជា Cisco Collaboration , Borderless Networks, Virtualization និង Mobility ដែលជា ដំណោះស្រាយការងារដ៏ល្អបំផុត” ។
លោកថា កម្ពុជា ជាប្រទេសឈានមុខមួយ ក្នុងតំបន់ឥណ្ឌូចិន ដែលគេសង្កេតឃើញថា GDP មានការរីក ចម្រើនខ្លាំង ហើយដែលមានសក្តានុពលខ្ពស់ ក្នុងការសម្រេចបាន នូវការរីកចម្រើនរហូតដល់៣ខ្ទង់ នៅពេល ដែលប្រទេសនេះ ដាក់ឱ្យប្រើប្រាស់ Broadband Highway ទូទាំងប្រទេស ហើយប្រព័ន្ធ Broadband ជំនាន់ក្រោយ នឹងក្លាយជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឱ្យប្រសើរឡើង ដល់ក្រុមហ៊ុន ផ្តល់ សេវាកម្ម ទូរស័ព្ទចល័ត ទូរស័ព្ទលើតុ Internet ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជា ស្ថាប័នរដ្ឋ និង ឯកជនផ្សេងៗទៀត ផងដែរ ។
លោក ឡុង ឈុនហួរ តំណាងក្រុមហ៊ុន Cisco កម្ពុជា បានឱ្យដឹងដែរថា ការភ្ជាប់ទំនាក់ទំនង និង ការសហការ គ្នាជាមួយអ្នកដ៏ទៃ ជាកត្តាគន្លឹះ របស់វប្បធម៌ Cisco ។ លោកមានប្រសាសន៍ថា “គោលដៅ របស់យើង គឺធ្វើឱ្យពិភពលោកទាំងមូល ក្លាយជាកន្លែងធ្វើការតូចមួយ នៅតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់បទពិសោធន៍ជីវិត ដែលមនុស្សគ្រប់គ្នា ត្រូវបានភ្ជាប់ទំនាក់ទំនងគ្នា ទៅវិញទៅមក” ។
លោកបន្ថែមថា “យើងមានមោទនភាព ក្នុងការចែករំលែក ភាពជោគជ័យ របស់ Cisco នៅក្នុង ប្រទេសកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ ជាផលិតផលនាំមុខគេ ក្នុងវិស័យ (ICT)” ។ លោកថា “កម្ពុជា ដល់ពេលដែល ត្រូវរះ ក្នុងនាមប្រទេសសេដ្ឋកិច្ច កំពុងលូតលាស់ ក្នុងយុគសម័យថ្មី នៅក្នុងតំបន់ អាស៊ី ហើយក្រុមហ៊ុន Cisco ប្តេជ្ញាក្នុងការជួយជំរុញឱ្យ មានបរិយាកាសអាជីវកម្ម នៅក្នុងប្រទេសន កាន់តែខ្លាំងក្លាឡើង” ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname