សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញមកដល់ចំណតអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងលំបុក ខេត្តនូសាតេងហ្ការ៉ា ភាគខាងលិច សាធារណរដ្ឋឥណ្ឌូណេស៊ី តាមជើងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ប្រកប ដោយសុវត្តិភាព នៅវេលាម៉ោង១២និង៤០នាទី ម៉ោងនៅទីក្រុងលំបុក ត្រូវនិងម៉ោង១១និង៤០នាទី ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីចូលរួមមហាសន្និបាតលើកទី៣៣ នៃសន្និបាតអន្តរសភាអាស៊ានAIPA។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវ កិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំខេត្តនូសាតេងហ្ការ៉ា លោក កាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជាប្រចាំអាស៊ាន និងសាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងវត្តមានលោក លោកស្រី ឥស្សរជនជាន់ខ្ពស់ឥណ្ឌូណេស៊ី និងព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ។
សូមបញ្ជាក់ថា ដំណើរនៃការអញ្ជើញមកចូលរួម ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន AIPAលើកទី៣៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត ម៉ាស៊ូគី អាលី ប្រធានសភាតំណាងរាស្ត្រ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៣ ៕