Sunday, September 23, 2012

ការ​បិទ​ទ្វារ​ផ្ទះ​បន​ធ្វើ​ឲ្យ​ស្ត្រី​ងាយ​រងគ្រោះ​កាន់​តែ​ជួប​បញ្ហា


120921_02
ហាង​ខារ៉ា​អូខេមួយ នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ពេល​កន្លង​មក​​​។ រូបថត សុវណ្ណ ភីឡុង​

















ក្នុង​ស្ថានការណ៍​សេដ្ឋកិច្ច​បច្ចុប្បន្ន នៅ​កម្ពុជា ស្រ្តី​ទទួល​បាន​ឱកាស​មាន​កំណត់ ហើយ​ការ​រក​ស៊ី​ផ្លូវ​ភេទ ជា​ជម្រើស​មួយ​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ។
យោង​តាម​របាយការណ៍​របស់ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឆ្នាំ​២០០៤ បាន​ឲ្យ​ដឹង​ថា ស្រ្តី​មាន​ការងារ​ធ្វើ​ភាគ​ច្រើន នៅ​កម្ពុជា ស្ថិត​ក្នុង​វិស័យ​កាត់​ដេរ ​ហើយ​រក​បាន​ប្រាក់​ពីរ ៤៥ ទៅ ៨០ ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ដែល​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​អាច​រក​បាន​ពី​៩០ ទៅ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ​។ ប្រាក់​ជា​កត្តា​ទាក់ទាញ​យ៉ាង សំខាន់​ក្នុង​ការ​បង្ខំ​ឲ្យ​ស្ត្រី​មួយ​ចំនួន​តូច​ដែល​ទីទាល់​ក្រ ចូល​ក្នុង​វិស័យ​រក​ស៊ី​ផ្លូវ​ភេទ។
ចាប់​ពី​ឆ្នាំ​១៩៩៤ មក អង្គការ Popular Services International (PSI) បាន​ផ្គត់ផ្គង់​ស្រោម​អនាម័យ​ប្រហែល ៣០០ លាន​ ដល់​ប្រទេស​កម្ពុជា។ បេសកកម្ម​របស់​អង្គការ PSI គឺ​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​ផ្តោត​លើ​ការ​ពន្យារ​កំណើត ជំងឺ និង​មេរោគអេដស៍ ផលិតផល និង​សេវា​សុខាភិបាល និង​ការ​ទំនាក់​ទំនង​ផ្នែក​សុខភាព។
កម្មវិធី​ប្រើ​ស្រោម​អនាម័យ​១០០ ភាគរយ(CUP)​មាន​គោល​បំណង​កាត់​បន្ថយ​អត្រា ឆ្លង​មេរោគ​អេដស៍​ថ្មី នៅ​កម្ពុជា ​ហើយ​ផ្ទះ​សំណាក់​ជាង​៩០ ភាគរយ នៅ​ភ្នំពេញ កំពុង​ដាក់​តាំង​ស្រោម​អនាម័យ​សម្រាប់​ភ្ញៀវ​ពួក​គេ​។ ទោះ​ជា​យ៉ាង​ណា ចំនួន​ស្រោម​អនាម័យ ដែល​លក់​បាន​ កំពុង​តែ​ធ្លាក់​ចុះ​ ក្នុង​រយៈ​ពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ក្នុង​ឆ្នាំ​២០០៨ លក់​បាន​២៧​លាន​ស្រោម និង​នៅ​ក្នុង​ឆ្នាំ ២០១១ លក់​បាន​ត្រឹម​តែ​១៧ លាន​ស្រោម​ប៉ុណ្ណោះ។
ក្រោម​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ត្រូវ​បាន​អនុម័ត​ ក្នុង​ឆ្នាំ ២០០៨ ដែល​កំណត់​ការ​រក​ស៊ី​ផ្លូវ​ភេទ​ជា​បទល្មើស​និង​ដែល​អនុម័ត​យក​និយមន័យ​ទូលំ​ទូលាយ​នៃ​ពាក្យ «ជួញ​ដូរ​»។ ​នេះ​បាន​នាំ​ទៅ​រក​ការ​បិទ​ផ្ទះ​បន​ជា​ច្រើន​កន្លែង​ ហើយ​ឥឡូវ​នេះ អ្នក​រក​ស៊ី ​ផ្លូវ​ភេទ​រាប់​ពាន់​នាក់​​ កំពុង​ធ្វើ​ការ​ក្នុង​ហាង​ម៉ាស្សា​ និង​ខារ៉ាអូខេ​បិទ​បាំង​ខ្លួន។ ​​ពួក​គេ​ត្រូវ​លាក់​ខ្លួន​ពី​មន្រ្តី​អនុវត្ត​ច្បាប់ ដែល​ជា​ការ​បើក​ឱកាស​ឲ្យ​មន្ត្រី​នគរ​បាល​ខ្លះ​ឆ្លៀត​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​ឆ្លង​មេរោគ​/ជំងឺ​អេដស៍​ផង​ដែរ។ ការ​បក​ស្រាយ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​ខុស ដោយ​នគរ​បាល​ ក៏​បាន​បង្ក​បញ្ហា​ដល់​អ្នក​ចែក​ចាយ​ស្រោម ដើម្បី​ផ្សព្វ​ផ្សាយ​យុទ្ធនាការ​រួម​ភេទ​ដោយ​សុវត្ថិភាព ​និង​ការ​បង្ការ​មេរោគ​អេដស៍និង​ជំងឺ​ដទៃ​ទៀត​ផង​ដែរ​។
មាន​ការ​រាយការណ៍​ថា មន្រ្តី​អនុវត្ត​ច្បាប់​ បាន​ប្រើ​កម្មវិធី​ប្រើ​ស្រោម​អនាម័យ ១០០​ភាគរយ ​ជា​លេស ដើម្បី​យាយី និង​ធ្វើ​បាប​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​។ បន្ទាប់​ពី​ការ​ចាប់​ខ្លួន ស្រ្តី​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​រដ្ឋាភិបាល ឬ​ក៏​មន្ទីរ​ឃុំ​ឃាំង​ដែល​មិន​មែន​ជា​ពន្ធនាគារ​។ ​អង្គការ​លីកាដូ បាន​កត់ត្រា​ពី​ករណី​រំលោភ​សិទិ្ធ​មនុស្ស​ធ្ងន់ធ្ងរ ដោយ​បុគ្គលិក​នៅ​មន្ទីរ​ឃុំ​ខ្លួន​របស់​រដ្ឋាភិបាល ដែល​រាប់​បញ្ចូល​ទាំង​ការ​រំលោភ​ផ្លូវ​ភេទ​ផង​ដែរ។ ម្យ៉ាង​ទៀត មន្រ្តី បាន​ទាមទារ​ប្រាក់​ពី​អ្នក​ជាប់​ឃុំ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង។ នេះ​ជា​ឧទាហរណ៍​មួយ​ទៀត នៃ​អំពើ​ពុករលួយ​របស់​នគរបាល និងការ​ប្រើ​អំណាច​របស់​ពួក​គេ មក​លើ​ជន​ងាយ​រង​គ្រោះ។
អនុ​ប្រធាន នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា តាម​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​កម្ពុជា ពុំ​មាន​មាត្រា​ណា​មួយ​ចែង​ថា ស្រោម​អនាម័យ​អាច​ប្រើ​ជា​ភស្តុតាង ដើម្បី​ចាប់​ខ្លួន​នរណា​ម្នាក់​នោះ​ទេ និង​ថា នគរបាល​នឹង​មិន​ប្រើ​ស្រោម​អនាម័យ​ជា​មូលហេតុ ដើម្បី​ចាប់​ខ្លួន​ឡើយ លើក​លែង​តែ​ករណី​ទាក់ទង​នឹង​ការ​រំលោភ​ផ្លូវ​ភេទ។ វា​មិន​មែន​ជា​ស្ថានការណ៍​ឈ្នះ​ទេ ដែល​ប្រជាជន​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​តែ​កាន់​ស្រោម​អនាម័យ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួនដោយ​ខុស​ច្បាប់​នោះ។
ខ្ញុំ​មិន​ដឹង​ទេ​ថា​ តើ​មួយ​ណា​ផ្តល់​ការ​ការពារ​ច្រើន​ជាង?« ស្រោម​អនាម័យឬ​មន្រ្តី​នគរ​បាល ?»៕ TK

Comments system

Disqus Shortname