ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ អ្នកធ្វើដំណើរតាមរថយន្ដនិងម៉ូតូ ក៏ដូចជាថ្មើរជើង បានឃើញអំពីសកម្មភាពអ្នកបើកបររថយន្ដដឹកស្រាបៀរកម្ពុជា នៅលើកំណាត់ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងទិសដៅពីរង្វង់មូលកាំកូស៊ីធីឆ្ពោះមកស្ពានអាកាស៧មករា ម្នាក់ៗគ្រវីក្បាលនិងភ័យ ខណៈដែលឃើញរថយន្ដដឹកស្រាបៀរកម្ពុជា១គ្រឿងប្រភេទកូរ៉េ ចំណុះ២តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ ភ្នំពេញ 3A-3147 បើកបរក្នុងល្បឿនលឿន មិនយោគយល់ចំពោះអ្នកដំណើរ ប៉ុន្ដែសំណាងល្អការបើកបរលើ កំណាត់ផ្លូវលេខ៥៩៨នេះមិនបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរនោះ ។
លោក កែ ប៊ុនសុង ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលកំពុងឌុបកូនចេញពីសាលាឯកជនមួយ ឋិតនៅភូមិទំនប់(ជិតរ៉ាដា) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននិយាយថា រថយន្ដដឹកស្រាបៀរកម្ពុជាបើកក្នុងល្បឿនលឿននេះ ហាក់ដូចជាមិនបានចាប់អារម្មណ៍ទៅលើច្បាប់ចរាចរពីការបើកបរនៅក្នុងក្រុងនោះទេ ហើយរូបភាពនេះងាយនឹងរងគ្រោះថ្នាក់ចរាចរ ប្រសិនបើម្ចាស់ក្រុមហ៊ុនមិនមានវិធានការរឹតបន្ដឹង ឬធ្វើការអប់រំទេនោះ ។ លោកបន្ដថា ការពិតរថយន្ដដឹកស្រាបៀរគួរតែមានសីលធម៌ ដោយសារការលក់គ្រឿងស្រវឹងនេះត្រូវបានផ្សព្វផ្សាយផងដែរជុំវិញ ការអប់រំ ដូចជាពាក្យថា “ពេលស្រវឹងកុំបើកបរ ” ។ ម្យ៉ាងវិញទៀត ក្នុងពេលដែលអគ្គស្នងការនគរបាលជាតិក៏បានធ្វើ ការណែនាំដល់ប្រជាពលរដ្ឋក្នុងពាក្យស្លោក “បើស្រវឹងកុំបើកបរ ” ជាដើម ។ ចុះបើអ្នកលក់គ្រឿងស្រវឹងបើកបរ មិនគោរពច្បាប់ចរាចរបែបនេះ តើសមត្ថកិច្ចគិតយ៉ាងណាដែរ ។
លោក សុផល ដែលកំពុងប៉ះរថយន្ដនៅលើកំណាត់ផ្លូវ៥៩៨ ជិតច្រកចូលបុរីប៉េងហួត ក្នុងសង្កាត់ភ្នំពេញថ្មី ដែលបាន ឃើញហេតុការណ៍រថយន្ដដឹកស្រាបៀរកម្ពុជា បើកក្នុងល្បឿនលឿននោះ បាននិយាយថា អ្នកបើកបររបៀបដូចឡាន ប្រណាំងនេះ ពេលខ្លះពួកគេឋិតក្នុងសីលធម៌ទាប ឬគ្មានប័ណ្ណបើកបរ ដូច្នេះពួកគេជាអ្នកបើកបរមិនបានគិតដល់ការ គ្រោះថ្នាក់ចរាចរ និងមិនបានគោរពច្បាប់ចរាចរនេះជាដើម ៕