លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា។រូបថត ហុង មិនា |
ប្រមុខការទូតកម្ពុជាលោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងសម័យប្រជុំលើកទី៦៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលាឆ្នាំ២០១២។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោកហោ ណាំហុងនឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៦៧នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងត្រូវធ្វើជា ប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការ និងចូលរួមកិច្ចប្រជុំតុមូលរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
លើសពីនេះ លោកហោ ណាំហុងក៏នឹងចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃអនុសញ្ញាអាវុធគីមី ស្តីពី «១៥ឆ្នាំ នៃអនុសញ្ញាអាវុធគីមី៖ ភាពជោគជ័យនៃប្រតិបត្តិ និងការប្តេជ្ញាចំពោះអនាគតកាល»។
លោកក៏នឹងចុះហេត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិចំនួន០៤ គឺ អនុសញ្ញាស្តីពីការទទួលខុសត្រូវខាងរដ្ឋប្បវេណីចំពោះការខូចខាតក្នុងអំឡុងពេលដឹកជញ្ជូនទំនិញគ្រោះថ្នាក់តាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹកក្នុងប្រទេស, អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីរូបិយាណត្តិអន្តរជាតិ និងប័ណ្ណសងតាមបញ្ជាអន្តរជាតិ, អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការចាត់តាំងតំណាងសម្រាប់ទូទាត់បំណុលក្នុងពាណិជ្ជកម្មអន្តរជាតិ, អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រើប្រាស់គមនាគមន៍អេឡិចត្រូនិច ក្នុងកិច្ចសន្យាអន្តរជាតិ។