ភ្នំពេញ៖ ឆ្លើយតបតាមការអញ្ជើញរបស់ មេបញ្ជាការកងទ័ព ជើងទឹកម៉ាឡេស៊ី នាយឧត្តមនាវី ថាន់ ស្រ៊ីអាប់ឌុល អាស៊ីចារ៉ា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២នេះ គណៈប្រតិភូកងទ័ពជើងទឹក ដែលដឹកនាំដោយ ឧត្តមនាវីឯក ទៀ វិញ ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ អមដំណើរដោយ ឧត្តមនាវីទោ សំ សុខា នាយរងសេនាធិការកងទ័ពជើងទឹក និង សហការី មួយចំនួនទៀតទៅចូលរួមសន្និសីទ មេបញ្ជាការកងទ័ពជើងទឹកប៉ាស៊ីហ្វិចខាងលិច លើកទី១៣ ឆ្នាំ២០១២ នៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចំនួនបួនថ្ងៃគឺថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ ។
យោងតាមប្រសាសន៍ ឧត្តមនាវីទោ សំ សុខា បានឲ្យដឹងថាសន្និសីតមេបញ្ជាការកងទ័ពជើងទឹកប៉ាស៊ីហ្វិចខាងលិចនេះ គេប្រារព្ធធ្វើឡើងក្នុងរយៈ ពេល ២ឆ្នាំម្តង ហើយឆ្នាំនេះប្រទេសអូស្ត្រាលី និងប្រទេសម៉ាឡេស៊ីធ្វើជាប្រធាន នៃអង្គសន្និសិត ។
សូមបញ្ចាក់ថាកងទ័ពជើងទឹក អាស៊ីប៉ាស៊ីហ្វិចខាងលិចនេះ មានសមាជិកចំនួន ២៧ប្រទេស ចូលលរួមដែលហៅថា WPNS ហើយកងទ័ពជើងទឹកនៃកងយោពល ខេមរភូមិន្ទ បានចូលជាសមាជិកពេញសិទ្ធិ តាំងពីឆ្នាំ២០០៨មកម្ល៉េះ។
ប្រតិភូដែលបានអញ្ជើញ ជូនដំណើរគណៈប្រតិភូ ដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ រួមមាន ឧត្តមនាវីឯក សៅ សារិន មេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពជើងទឹក ឧត្តមនាវីឯក មាស ថង ឧត្តមនាវីឯក អ៊ុក សីហា ឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក ឧត្តមសេនីយ៍ឯក សេង វ៉ាន់ធី អគ្គ លេខាធិការរង គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ព្រមទាំងអស់លោកជាប្រធានស្នងការ ស្នងការរង បណ្តាការិយាល័យ ជាច្រើនរូបទៀតផងដែរ ៕