Wednesday, September 26, 2012

អឿន ស្រីមុំ រស់​នៅ​ប្រទេស​កាណាដា​មិន​ស្រប​ច្បាប់?


120925_24
តារា​ចម្រៀង អឿន ស្រីមុំ និង​ស្វាមី​ក្រោយជា​អាណិក​ជន​​។ សហ​ការី
ភ្នំពេញៈ អ្នក​រស់​នៅ​ប្រទេស​កាណាដា បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ម្ចាស់​បទ «​ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ» អ្នក​នាង អឿន ស្រីមុំ កំពុង​រស់​នៅ​ទីក្រុង​ម៉ុងត្រេអាល់ មិន​ព្រម​ត្រឡប់​មក​ប្រទេស​កម្ពុជា​ ជា​ប្រទេស​កំណើត​វិញ​ឡើយ ខណៈ​នៅ​ពេល​នេះ នាង​ទំនង​កំពុង​រស់​នៅ​ទីនោះ​ដោយ​ខុស​ច្បាប់​។
តារា​ចម្រៀង​ល្បី​បង្គួរ ​នាង អឿន ស្រីមុំ បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កាណាដា កាល​ពី​ចុង​ឆ្នាំ​២០១០ ហើយ​នាង​មិន​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​តាម​គម្រោង​នោះ​ឡើយ​។ ការ​បោះ​ទីតាំង​សំចត​រស់​នៅ​ប្រទេស​ធ្លាក់​ព្រិល​នោះ​ ត្រូវ​បាន​គេ​ដឹង​ថា កើត​ឡើង​ក្រោយ​ពេល​តារា​ស្រី​មេ​ម៉ាយ​ក្តៅ​ស្រួយ​រូប​នេះ​បាន​ពើប​ប្រទះ​នឹង ​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​ជាមួយ​នឹង​អាណិកជន​ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា​ ម្នាក់ ហើយ​នៅ​ពេល​នេះ​រូប​នាង និង​បុរស​រូប​នោះ​កំពុង​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ក្នុង​នាម​ជា​ប្តី​ ប្រពន្ធ​រួច​ទៅ​ហើយ ដោយ​នាង​មិន​បាន​នៅ​ឈឺ​ចិត្ត​ស្អិត​ទ្រូង អាឡោះ​អាល័យ​ស្នាម​ស្នេហ៍​ជាមួយ​នឹង​លោក កែវ សុខា អតីត​ប្តី​មុន​នោះ​ឡើយ​។
គួរ បញ្ជាក់​ថា អ្នក​នាង អឿន ស្រីមុំ បាន​សម្រេច​ចិត្ត​លែង​លះ​ជា​ផ្លូវ​ការ​ជាមួយ​នឹង​តន្ត្រី​ករ​លោក កែវ សុខា កាល​ពី​ឆ្នាំ​២០០៧ បន្ទាប់​ពី​ពួក​គេ​បាន​រួម​រស់​ និង​ឆ្លង​កាត់​ការ​រស់​នៅ​​ជាមួយ​គ្នា​ទាំង​លំបាក និង​សុខស្រួល អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​។ ការ​លែង​លះ​នោះ អឿន ស្រីមុំ បាន​ចោទ​លោក កែវ សុខា ជា​ប្តី​ថា​មិន​ចេះ​រក​ស៊ី គិត​តែ​ផឹក និង​មាន​ស្រី​ទៀត តែ​អ្នក​ស្គាល់​តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ប្រហែល​ជា​ដោយ​សារ​កត្តា​មិន​ មាន​កូន​ជា​បញ្ហា​គន្លឹះ​។ តែ​ផ្ទុយ​មក​វិញ លោក កែវ សុខា បាន​ចោទ​ អឿន ស្រី​មុំ ថា នាង​មាន​អ្នក​ថ្មី​ទើប​បោះ​បង់​រូប​លោក​ចោល។
ការ​រស់​នៅ យ៉ាង​សុខ​សប្បាយ​ជាមួយ​នឹង​បុរស​អាណិកជន​ខ្មែរ​កាណាដា​មិន​ព្រម​ត្រឡប់​មក ប្រទេស​កំណើត​របស់​តារា​រូប​នេះ ត្រូវ​បាន​លោក ឃុន ដេវីត ម្ចាស់​ស្ប៉ន​ស័រ​នាំ​តារា​ចម្រៀង​សម្តែង​ទៅ​សម្តែង​ច្រៀង​នៅ​ប្រទេស​កាណាដា ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង អឿន ស្រី​មុំ រស់​នៅ​យ៉ាង​សុខ​ស្រួល​នៅ​ទីក្រុង​ម៉ុង​ត្រេ​អាល់​ប្រទេស​កាណាដា ជាមួយ​នឹង​ស្វាមី​ក្រោយ​របស់​នាង​តាំង​ពី​ឆ្នាំ​២០១០​មក​ ប៉ុន្តែ​តារា​រូប​នោះ​នាង​មិន​មាន​សិទ្ធិ​រស់​នៅ​ប្រទេស​កាណាដា​ជា​អចិន្ត្រៃយ៍​បាន​ទេ​។
លោក ឃុន ដេវីត បាន​ឲ្យ​ដឹង​ថា៖​«​តារា​ចម្រៀង​ដ៏​ពេញ​និយម​នាង អឿន ស្រីមុំ កំពុង​រស់​នៅ​ជា​មួយ​ប្តី​របស់​នាង​នៅ​ទីក្រុង​ម៉ុងត្រេអាល់​នៅ​ឡើយ គឺ​តាំង​ពី​ឆ្នាំ​២០១០​រហូត​ដល់​ឥឡូវ​ ប៉ុន្តែ​នាង​គ្មាន​សិទ្ធិ​រស់​នៅ​ជា​អចិន្ត្រៃយ៍​លើ​ទឹក​ដី​ប្រទេស​កាណាដា​នោះ​ឡើយ​»។
ម្ចាស់ ស្ប៉ន​ស័រ​រូប​នេះ បាន​បន្ត​ថា៖​«​ស្រីមុំ បាន​ប្រាប់​មិត្ត​ភក្តិ​នាង​ថា នាង​នឹង​ចាក​ចេញ​ពី​កាណាដា​នៅ​ខែ​មិថុនា ឆ្នាំ​២០១២​កន្លង​ទៅ​នេះ តែ​ពេល​នេះ​នាង​កំពុង​រស់​នៅ​កាណាដា​នៅ​ឡើយ​»។
តាម​រយៈ​សារ​អេឡិច ត្រូនិក​របស់​លោក ឃុន ដេវីដ ទស្សនិកជន​បាន​គិត​ថា នេះ​មាន​ន័យ​ថា អ្នក​នាង អឿន ស្រីមុំ សព្វ​ថ្ងៃ​កំពុង​រស់​នៅ​លើ​ទឹក​ដី​កាណាដា​ខុស​ច្បាប់​ តែ​អាច​ម្យ៉ាង​ទៀត​គឺ​នាង​រស់​នៅ​ដោយសារ​មាន​ការ​ធានា​ពី​ស្វាមី​ក្រោយ​ របស់​នាង​។
តាម​រយៈ​ការ​ធានា​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស ហើយ​បែរ​ជា​គេច​វេះ​មិន​ព្រម​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​កើត​ឡើង​ជា​ញឹកញាប់​សម្រាប់​សិល្បករ​ខ្មែរ ដែល​បាន​បង្ក​ផល​វិបាក​យ៉ាង​ខ្លាំង​ដល់​អ្នក​ធានា​។
អ្នក​ធានា​សិល្បករ ខ្មែរ​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​ក្រៅ​ប្រទេស​ធ្លាប់​និយាយ​ពី​បញ្ហា​នេះ​ថា ការ​ធានា​សិល្បករ​ចេញ​ក្រៅ ហើយ​មិន​ព្រម​មក​វិញ​នេះ បាន​ធ្វើ​ឲ្យ​ពួក គេ​មាន​ការ​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​ផ្នែក​ច្បាប់ ហើយ​នៅ​ពេល​ពួក​គេ​ចង់​ធានា​អ្នក​ណា​ម្នាក់​មក​សម្តែង​លើក​ក្រោយ​ នោះ​នឹង​មិន​ងាយ​នឹង​ទទួល​ការ​អនុញ្ញាតពី​ស្ថាន​ទូត​ឡើយ​។
លោក ឃុន ដេវីដ បាន​ឲ្យ​ដឹង​ថា៖​«នៅ​កាណាដា ឥឡូវ​មាន​តារា​ចម្រៀង​ខ្មែរ​ជា​ច្រើន​អាច​រស់​នៅ​ជា​អចិន្រៃ្តយ៍ ដូច​ជា នាង អ៊ិន លីដាលី  វង់ សូលីនដា លីន ធីតា និង​នាង សុភា ជា​ដើម»។
ដោយ​ឡែក តារា​ចម្រៀង អឿន ស្រីមុំ មិន​អាច​ទាក់​សុំ​ការ​បំភ្លឺ​បាន​ទេ​ កាល​ពី​ម្សិលមិញ ខណៈ​ទូរស័ព្ទ​ក្រៅ​ប្រទេស​របស់​នាង​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន។
ប៉ុន្តែ ​បើ​តាម​រយៈ​អ្នក​រស់​នៅ​កាណាដា​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​លះលែង​ជាមួយ​ស្វាមី​នៅ​ស្រុក​ខ្មែរ ហើយ​ប្រទះ​ស្នេហ៍​ឯ​នាយ​សមុទ្រ​នោះ គេ​សង្កេត​ឃើញ​ថា អឿន ស្រីមុំ កាន់​តែ​ស្រស់​ស្អាត​ ដោយ​សារ​នាង​ស្រួល​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​ ព្រោះ​មាន​ស្វាមី​ជា​អ្នក​មាន​ទ្រព្យ​ និង​ស្រឡាញ់​ថ្នាក់​ថ្នម​នាង​មិន​ឲ្យ​ឃ្នើស​ចិត្ត​នោះ​។
មិន​ខុស​ពី​កាល ​រស់​នៅ​ស្រុក​ខ្មែរ អឿន ស្រីមុំ ក៏​មិន​បោះ​បង់​អាជីព​ចម្រៀង​ដែរ ពោល​គឺ​នាង​នៅ​តែ​បន្ត​ច្រៀង ភាគ​ច្រើន​នៅ​ចុង​សប្តាហ៍ និង​នៅ​ពេល​មាន​អ្នក​សិល្បៈ​ពី​កម្ពុជា​ទៅ​សម្តែង​៕

Comments system

Disqus Shortname