Friday, September 28, 2012

កម្ពុជា​អំណោយ​ផល​ខាង​ឧស្សាហកម្ម


120927_11
សេវាថែទំា​រថយន្តរបស់​ក្រុមហ៊ុន​​ ហុងដា នៅ​រាជធានីភ្នំពេញ​។ កម្ពុជាកំពុង​អំពាវនាវ​ឲ្យមានការ​វិនិយោគ​ក្នុង​​វិស័យឧស្សាហកម្ម​បន្ថែម​ទៀត​នៅកម្ពុជា​។ រូបថត វីរៈ ម៉ៃ​
ភ្នំពេញៈ សេដ្ឋវិទូ និង​ដៃគូ​ពាណិជ្ជកម្ម​បាន​អំពាវ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ផលិតកម្ម​នៅ​ប្រទេស ជិត​ខាង​កម្ពុជា​មក​ធ្វើ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​នេះ​មិន​រង​ផល​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់​ដែល​បង្ក​ឲ្យ​រាំង​ ស្ទះ​ដល់​ផលិតកម្ម ដូច​នៅ​ប្រទេស​ថៃ និង​វៀតណាម​នោះ​ទេ។
មន្ត្រី​ជាន់​ ខ្ពស់​កម្ពុជា ក៏បាន​អះអាង​ដែរ​ថា វិស័យ​ឧស្សាហកម្ម​កម្ពុជា​អាច​ធន់​នឹង​គ្រោះ​ទឹក​ជំនន់​បាន​បើ​ធៀប​នឹង ប្រទេស​ជិត​ខាង។
លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ក្នុង​ខួប​២០​ឆ្នាំ​របស់​ក្រុមហ៊ុន ហុងដា និង N.C.X Group នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រទេស​កម្ពុជា ប្រឈម​នឹង​ទឹក​ជំនន់​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​រោងចក្រ ឬ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ឡើយ។ លោក​បន្ត​ថា បច្ចុប្បន្ន ថៃ កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​។ លោក​បន្ត​ថា៖«ទោះ​បី​ជា​កម្ពុជា​ជួប គ្រោះ​ទឹក​ជំនន់​ជា​រៀង​រាល់​ឆ្នាំ​ក្តី វា​មិន​បាន​ប៉ះ​ពាល់​ដល់​តំបន់​ឧស្សាហកម្ម​​ឡើយ។ វា​ប៉ះពាល់​តែ​វាល​ស្រែ​តាម​ដង​ទន្លេ​មេគង្គ​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​បាន​ប៉ះពាល់​ដល់​រោង​ចក្រ​ឡើយ។ ម្យ៉ាង​វិញ​ទៀត យើង​បាន​ព្យាករ​ថា នៅ​ឆ្នាំ​នេះ ទឹក​ជំនន់​ធំ​ជាង​កាល​ពី​ឆ្នាំ​មុន ដូច្នេះ​យើង​កំពុង​ព្យាយាម​ទប់​ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន​មក​លើ​ សេដ្ឋកិច្ច។ វា​នឹង​មិន​អាច​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ដែល​ស្ថិត​នៅ​ ទីតាំង​ល្អ​ឆ្ងាយ​ពី​តំបន់​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ទេ»។
កម្ពុជា​ស្ថិត ក្នុង​តំបន់​អំណោយ​ផល​ដល់​ការ​ធ្វើ​អាជីវកម្ម មាន​បរិយាកាស​វិនិយោគ​ល្អ ហើយ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​បរទេស។ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​ហ៊ុន​ជប៉ុន​ផ្សេងៗ​ទៀត​ដែល​ មាន​រោង​ចក្រ​នៅ​ថៃ​គួរ​ពិចារណា​អំពី​កម្ពុជា។ នេះ​បើ​តាម​លោក ចម ប្រសិទ្ធ។
លោក Hiroshi SUZUKI ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​សេដ្ឋវិទូ​ប្រចាំ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អាជីវកម្ម​កម្ពុជា បាន​កត់​សម្គាល់​ឃើញ​ថា ទឹក​ជំនន់ មិន​សូវ​ជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ឡើយ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង។
ហេដ្ឋា​រចនា​សម្ព័ន្ធ ដូច​ជា ផ្លូវ​ថ្នល់ រង​ផល​ប៉ះ​ពាល់​តិច​តួច ហើយ​ការ​ត​ភ្ជាប់​រវាង​ភ្នំពេញ ថៃ និង​វៀតណាម មិន​សូវ​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ។
មាន​តែ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ប៉ុណ្ណោះ ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​។
លោក​បន្ត ថា វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា អាច​ធន់​បាន​នឹង​គ្រោះ​ទឹក​ជំនន់។ ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុន មាន​ទំហំ​ធំជាង​គេ​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ ប៉ុន្តែ​រោង​ចក្រ​ស្ទើរ​តែ​ទាំង​អស់ អាច​ចៀស​ផុត​ពី​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​បាន។
រោងចក្រ ក៏​ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​អាច​ធន់​នឹង​ទឹក​ជំនន់​បាន ហើយ​ឧស្សាហកម្ម​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា រោងចក្រ​កាត់​ដេរ និង​វាយនភ័ណ្ឌ មិន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​បាន​ឡើយ។
លោក​ថ្លែង​ ថា ក្រុមហ៊ុន មីនីបៀ (Minebea) បាន​សម្រេច​ចិត្ត និង​ចាប់​ផ្តើម​សាង​សង់​រោង​ចក្រ​ទី​ពីរ​របស់​ខ្លួន នៅ​ក្បែរ​រោងចក្រ​ទី១ ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ ដែល​នេះ​ជា​គំរូ​មួយ​នៃ​ការ​គ្រប់គ្រង​ហានិភ័យ​ដោយ​គ្រោះទឹក​ជំនន់​នៅ ប្រទេស​ថៃ។
ទោះបី​យ៉ាង​នេះ​ក្តី​លោក​បាន​អះអាង​ថា ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់ មិន​អាច​បង្ខំ​ឲ្យ​ក្រុម​​ហ៊ុន​ជប៉ុន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​ភ្លាមៗ បាន​ឡើយ៖ «ក្នុង​រយៈពេល​មធ្យម ក្រុមហ៊ុន​ខ្លះ ​ពិសេស​ក្រុមហ៊ុន​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​នឹង​ពិចារណា​អំពី​ការ​ផ្ទេរ ផ្នែក​មួយ​ចំនួន​នៃ​រោង​ចក្រ​របស់​ខ្លួន មក​តំបន់​មាន​សុវត្ថិភាព ដូច​ជា​ កម្ពុជា ហើយ​នេះ​ជា​វិធានការ​នៃ​ការ​គ្រប់គ្រង​ហានិភ័យ​»។
លោក ឆាយ រតនៈ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា គ្រោះ​ទឹក​ជំនន់ កាល​ពី​ឆ្នាំ​មុន បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​គម្រោង​សាង​សង់​មួយ​ចំនួន នៅ​សៀម​រាប និង​គម្រោង​ផ្លូវ​ដែក​នៅ​ខេត្ត​បន្ទាយ​មានជ័យ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រហែល១​លាន​ដុល្លារ​អាមេរិក។ លោក​សង្ឃឹម​ថា នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល នឹង​ត្រៀម​ខ្លួន​ឲ្យ​បាន​ប្រសើរ​ទប់​នឹង​ផល​ប៉ះពាល់​នៃ​ទឹក​ជំនន់​មក​លើ សេដ្ឋកិច្ច​របស់​កម្ពុជា។
កាល​ពី​មុន​ទឹក​ជំនន់ បាន​ប៉ះពាល់​ខេត្ត​មួយ​ចំនួន នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ ដែល​បំផ្លាញ​ផល​ដំណាំ​សរុប​ប្រហែល​១០​ភាគ​រយ ចំណែក​នៅ​ប្រទេស​ថៃ​វិញ ខេត្ត​ចំនួន​៣២ ក្នុង​ចំណោម​៧៧ រងគ្រោះ​ដោយ​ទឹក​ជំនន់។
កាល​ពី​ ឆ្នាំ​ទៅ​រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ទឹក​ប្រាក់​ប្រហែល ២០០​លាន​ដុល្លារ​សម្រាប់​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​ទឹក​ជំនន់។
នៅ​ឆ្នាំ​២០១២ នេះ​ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ថវិកា​ជាតិ​ប្រហែល​៩០​លាន​ដុល្លារ ដើម្បី​ទប់​ទល់​នឹង​ទឹក​ជំនន់​ដែរ៕ CS

Comments system

Disqus Shortname