តារាចម្រៀងនាង គង់ ចាន់រដ្ឋា។ រូបថត សហការី |
ភ្នំពេញៈ មិនទាន់ប្រាកដក្នុងចិត្តថា ព្រមឬមិនព្រមពីសំណើអ្នកមានគុណឲ្យឆាប់យកប្តីផងនោះ តារាចម្រៀង រសាត់អណ្តែតពីក្រុងអង្គរ មកលក់សំឡេងនៅក្រុងភ្នំពេញ នាងគង់ ចាន់រដ្ឋា បែរជាចិត្តសឿងបង្ហោះរូបថតសិចស៊ី ជាមួយឈុតខោខ្លីពណ៌សត្រឹមភ្លៅ និងពាក់អាវចាក់ មើលធ្លុះដល់ក្នុង មិនចាញ់នាង ឆៃលី ដាឡែន កាលពីនាងទៅសម្តែងនៅអាមេរិកទេ។
ជាមួយនឹងការបង្ហោះរូបថតសិចស៊ី មួយសន្លឹកមើលឃើញល្វែងខាងលើស្ទើរច្បាស់ដូចថ្ងៃនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក ដែលមើលឃើញជាសាធារណៈស្របពេលដែលប៉ាម៉ាក់នាងបង្ខំឲ្យរៀបការនោះ បែរជាមានទស្សនៈពីរផ្ទុយគ្នាលើកឡើងថា គង់ ចាន់រដ្ឋា បញ្ចេញរូបថតសិចស៊ីមួយសន្លឹកចំហល្វែងលើស្ទើរអាក្រាតកាយនេះ ទី១ ទំនងជានាងបញ្ចេញឲ្យអស់ដៃមុនពេលនាងសម្រេចចិត្តចូលរោងការ និងចង់ដណ្តើមតំណែងសិចស៊ីឆ្នាំ១០១២។ ចំណែកឯទស្សនៈទី២គេនិយាយថា តាមរយៈរូបថតសិចស៊ីនេះ អាចជាចេតនាមួយធ្វើឲ្យបុរសដែលប៉ាម៉ាក់នាងចង់បានមកធ្វើកូន ប្រសានោះ បានឃើញរូបថតនេះហើយ គេនឹងដកចិត្តឈប់ស្រឡាញ់នាង។
ឆ្លើយតបនឹងទស្សនៈខាងលើនេះ បុប្ផាអង្គរប្តូរដីមករស់នៅភ្នំពេញ ដែលកំពុងស្មុគស្មាញក្នុងដួងចិត្តរូបនេះ ប្រាប់ថា នាងគ្មានចេតនាណាមួយដែលធ្វើឡើងដើម្បីហេតុផលទាំងពីរខាងលើដែល មហាជនលើកឡើងនេះឡើយ ហើយមិនមែនចង់ប្រកួតប្រជែងជាមួយតារារូបណាទេ គឺគ្រាន់តែជាស្ទីលថ្មីនាងតែប៉ុណ្ណោះ ព្រោះចង់រកអ្វីដែលថ្មី ហើយប្លែកសម្រាប់បម្រើអារម្មណ៍ទស្សនិកជន មិនចង់ធ្វើអ្វីដដែលនោះទេ។
រូបថតសិចស៊ី មើលឃើញល្វែងលើស្ទើរទាំងស្រុងនោះនាងមិនបានគិតថា ជារូបថតសិចស៊ីហួសហេតុនាំឲ្យប៉ះពាល់ដល់សង្គម និងវប្បធម៌ប្រពៃណីនោះទេ ដោយនាងនិយាយថា៖«ការស្លៀកពាក់នោះ មិនមែនខ្ញុំចង់បញ្ចេញភាពសិចស៊ីជ្រុលហួសហេតុអីទេ គឺវាគ្រាន់តែជាស្ទីលថ្មីសម្រាប់ខ្ញុំ ព្រោះក្នុងនាមជាតារាត្រូវតែរិះរកអ្វីដែលថ្មីៗ សម្រាប់ខ្លួនឯង មិនបានយកគំរូតាមតារារូបណា ឬក៏ប្រកួតប្រជែងជាមួយ ឆៃ លីដាឡែន ឬក៏តារាស្រីសិចស៊ីផ្សេងនោះទេ»។
នៅពេលដែលសួរថា នាងមិនខ្លាច មានឈ្មោះក្នុងបញ្ជីខ្មៅ ដែលក្រសួងក្នុងស្ថាប័នរដ្ឋ កំពុងតែធ្វើការព្រមាន និងត្រៀមចាត់វិធានការទៅដល់តារាស្លៀកសិចស៊ីទេ? អ្នកសិល្បៈនាង គង់ ចាន់រដ្ឋា បែរជាផ្តល់ចម្លើយ បែបជឿជាក់លើខ្លួនឯងថា៖ «ខ្ញុំដូចជាមិនមានអារម្មណ៍ថា ភិតភ័យអីនោះទេ ព្រោះថា ខ្ញុំមិនបានធ្វើអ្វីឲ្យហួសហេតុជ្រុលនោះទេ គ្រាន់តែថតរូបបែបស្ទីលយុវវ័យប៉ុណ្ណោះ»។
បើទោះជានាង គង់ ចាន់រដ្ឋា បានអះអាងថា ទង្វើដែលនាងធ្វើ នេះមិនបានជ្រុលហួសហេតុយ៉ាងណាក៏ដោយ តែនាងនៅមិនសុខក្នុងអារម្មណ៍ប៉ុន្មាននោះដែរ។ នាងបាននិយាយថា៖ «ខ្ញុំក៏មិនសូវជាសប្បាយក្នុងអារម្មណ៍នោះដែរ ខណៈមានមិត្តភក្តិខ្លះក៏ពោលសរសើរពីភាពក្លាហានហ៊ានបង្ហោះរូប នេះ គេសូមគាំទ្រ ហើយខ្លះទៀតក៏គេសួរខ្ញុំថា ធ្វើបែបនេះមិនខ្លាចក្រសួងហៅទៅអប់រំទេ? ហើយធ្វើនេះចំណេញអ្វីទៅ? ហើយរឿងនេះ ខ្ញុំនឹងសរសេរសុំទោសមហាជនវិញ នៅតាមហ្វេសប៊ុកក្នុងពេលឆាប់ៗនេះ»។
ពេលសួរថា តើភាពក្លាហាន បង្ហាញរូបរាងអាថ៌កំបាំងស្ទើរទាំងស្រុងបែបនេះ ប៉ាម៉ាក់ថាម៉េចទេ? ស្រីស្រស់ គង់ ចាន់រដ្ឋា ប្រាប់ថា៖«គាត់មិនទាន់បានឃើញទេរូបនេះ ហើយខ្ញុំក៏មិនប្រាកដដែរថា ចៀសផុតពីការស្តីបន្ទោសពីពួកគាត់»។ តែនាងនិយាយថា៖«កន្លងមកប៉ាម៉ាក់ខ្ញុំ គាត់ក៏មិនដែលហាមខាត់ខ្ញុំមិនឲ្យថតរូបបែបនេះដែរ គាត់មានតែប្រាប់កូនត្រូវសាងភាពល្បីឲ្យបាននៅក្នុងវិថីសិល្បៈ ប៉ាម៉ាក់គាំទ្រ តែសូមកុំឲ្យទៅធ្វើអ្វីដែលខុសច្បាប់ទៅបានហើយ»៕