Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts
Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts

Saturday, August 24, 2013

PTT នឹង​ពង្រីក​ស្ថានីយ​ទ្វេ​ដង​នៅ​កម្ពុជា


ភ្នំពេញៈ ក្រុមហ៊ុន​ប្រេង និង ឧស្ម័ន PTT របស់​ថៃ​នឹង​បង្កើន​ចំនួន​ស្ថានីយ​ប្រេង​ទ្វេដង​នៅ​កម្ពុជា​ត្រឹម​ចុង ឆ្នាំ ២០១៧។
លោក ប៊ិន ម៉ៃ​មាលា ​អ្នក​គ្រប់គ្រង PTT នៅ​កម្ពុជា​និយាយ​ថា ពេល​នេះ​មាន​ក្រុមហ៊ុន​លក់​រាយ​ប្រេង PTT ចំនួន​ ១៥ ​កន្លែង​នៅ​កម្ពុជា​រួម​ទាំង​ស្ថានីយ​ថ្មី​នឹង​បើក​ដំណើរ​ការ នៅ​ខែ​សីហា​នេះ ហើយ​ស្ថានីយ​ប្លាទីនីម​ដែល​បម្រើ​សេវា​ច្រើន​ប្រភេទ​គ្រោង​នឹង​បើក ដំណើរ​ការ​នៅ​ខែ​តុលា។
លោកបន្ថែមថា៖ «នេះ​គឺ​ស្ថិត​ក្នុង​រង្វង់​ផែន​ការ​រយៈពេល ៥ ឆ្នាំ​ក្នុង​ការ​ពង្រីក​បណ្ដាញ​លក់​រាយ​កាន់​តែ​ច្រើន និង​ផ្ដល់​ស្ថានីយ​ប្រេង​កម្រិត​ស្ដង់​ដារ​ខ្ពស់​បំផុត ដែល​មាន​លំដាប់​ពី​ប្លាទីនីម ស្ដង់ដារ និង​ក្រោម​ស្ដង់​ដារ»។
ស្ថានីយ​ប្លាទីនីម អាច​មាន​កាហ្វេ មាន​សេវា​ហិរញ្ញ​វត្ថុ​ក្នុង​ស្រុក និង​មាន​ហាង​លក់​ម្ហូប​អាហារ ភេសជ្ជៈ​បន្ថែម​ ជាមួយ​នឹង​ប្រេង និង​សេវា​របស់​ក្រុមហ៊ុន​លក់​រាយ​ប្រកប​ដោយ​គុណភាព។
លោក Auttapol​Rerkpiboon អនុប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​បាន​ឲ្យ​ដឹងថា ទិស​ដៅ​របស់ PTT គឺ​ធ្វើ​ជា​យីហោ​ដ៏​ល្បី​នៅ​ក្នុង​តំបន់​នៅ​អាស៊ី​ដោយ​មិន​រាប់​បញ្ចូល ការ​គ្រប​ដណ្ដប់​លើ​ទីផ្សារ​នៅ​កម្ពុជា​នោះ​ទេ។ លោក​បាន​បន្ត​ថា៖ «យើង​ចង់​ធ្វើ​ជា​យីហោ​មួយ​ក្នុង​ចំណោម​យីហោ​ល្បីៗ​ជា​ច្រើន។ ប៉ុន្តែ​យើង​មាន​បំណង​តែ​មួយ​គត់​គឺ​ស្ថិត​​ក្នុង​ចំណោម​​អ្នក​​ដឹក​នាំ កំពូលៗ​នៅ​ក្នុង​ប្រទេស​នីមួយៗ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុង​ប្រទេស​នីមួយៗ​ដឹក​នាំ​ទីផ្សារ​នេះ»។
លោកបាន​លើក​ឡើង​ថា PTT គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ជាង ៧៧ លាន​ដុល្លារ​ចន្លោះ​ឆ្នាំ​២០១៣ និង​ឆ្នាំ ២០១៧ ដើម្បី​ពង្រីក​ក្រុមហ៊ុន​លក់​រាយ​របស់​ខ្លួន​នៅ​តំបន់ អាស៊ាន។ ថវិកា​ថ្មី​នេះ​មាន​ចំនួន​ ២៤ លាន​ដុល្លារ​​ច្រើន​ជាង​ថវិកា​ពី​មុន​ចំនួន ៥៣​លាន​ដុល្លារ​ដែល​បាន​គ្រោង​សម្រាប់​ឆ្នាំ ២០១២ រហូត​ដល់​ឆ្នាំ ២០១៦។
លោក​បញ្ជាក់​ថា៖ «យើង​ឃើញ​ឱកាស​នៅ​ក្នុង សេដ្ឋកិច្ច និងទី​ផ្សារ​កម្ពុជា​ដែល​ខ្លួន​អាច​វិនិយោគ​នៅ​ពេល​បច្ចុប្បន្ន​បាន។ យើង​ចង់​ធ្វើ​ឲ្យ​រួចរាល់​ផង​ដែរ​ ហើយ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​កំណើន​អនាគត​តាម​រយៈ​សហគមន៍​ សេដ្ឋកិច្ច​អាស៊ាន (AEC)»។
លោកបាន​បន្ថែម​ថា ទឹក​ដី​ភ្ជាប់​គ្នា​រវាង​ប្រទេស​ទាំង​នេះ​នឹង​ដើរ​តួ​នាទី​ដ៏​សំខាន់​ខណៈ ពាណិជ្ជកម្ម​ក្នុង​តំបន់​មាន​ការ​កើន​ឡើង​តាម​ការ​ចាប់​ផ្តើម AEC។
ក្រុមហ៊ុន​រដ្ឋ​ថៃ​មួយ​នេះ​មាន​បំណង​បង្កើត​ស្ថានីយប្រេង​ ៣០០ កន្លែង​​នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង​ត្រឹម​ឆ្នាំ ២០១៧ ធៀប​នឹង​ ១៥៥ ​កន្លែង​នៃ​ផែន​ការ​លើក​មុន​ដែល​បាន​កំណត់​ត្រឹម​ឆ្នាំ ២០១៦ ។ បច្ចុប្បន្ន មាន​ម៉ាស៊ីន​បូម​ប្រេង​ចំនួន ៨៨ ​គ្រឿង​ទូទាំង​តំបន់​អាស៊ាន​ដែល​មិន​រាប់​បញ្ចូល​ប្រទេស​ថៃ​ខ្លួន​ឯង។
ត្រឹមឆ្នាំ២០១៥ PTT ចង់​បង្កើត​ស្ថានីយ​ប្រេង​ចំនួន ៤០ នៅ​ប្រទេស​ឡាវ ដោយ​កើន​ឡើង​ពី​ចំនួន ២០ កន្លែង ចំនួន​១៨​ កន្លែង​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង ១០៨ ​កន្លែង​នៅ​ហ្វីលីពីន​កើន​ឡើង ៥៤។
ចំណូលប្រេងលក់​រាយ​​បាន​ពី​សាខា​ក្រៅ​ប្រទេស​កាល​ពីឆ្នាំ​២០១២ បាន​កើន​ឡើង ១៧ ​ភាគរយ​ធៀប​នឹង ១,៥ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១១។ ទំហំ​នៃ​ការ​លក់​ប្រេង​សរុប ១,៩​ពាន់​លាន​លីត្រ​ កើន​ឡើង ៣១ ភាគរយ​ធៀប​នឹង ១,៤៤ ពាន់​លាន​លីត្រ​កាល​ពី​ឆ្នាំ​មុន។
PTT រំពឹង​ថា​ប្រាក់​ចំណូលពី​ការលក់​រាយ​បាន​ពី​សាខា​ក្រៅ​ប្រទេស​កើន​ឡើង​ ២៨ ​ភាគរយ រហូត​ដល់​ ២,៣ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៧ កើន​ពី ១,៨ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន៕PB(POSTKHMER)

Thursday, August 8, 2013

ចម ប្រសិទ្ធ ៖ សេដ្ឋកិច្ចកម្ពុជា អាចកើន ៧,៦% បើគ្មាន ការរំជើបរំជួល ក្រោយការ បោះឆ្នោត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅថ្ងៃទី៨ ខែសីហា នេះថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនឡើងចំនួន ៧,៦ភាគរយនៅ ឆ្នាំ២០១៣ ប្រសិនបើគ្មានបញ្ហាកើនឡើង នៅក្រោយការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៥ នេះ។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៣ ក្នុងពិព័រណ៍ឧស្សាហកម្ម គ្រឿងយន្តកម្ពុជា-អន្តរជាតិ និង ពិព័រណ៍ ឧស្សាហ កម្មកាត់ដេរ និងវាយនភណ្ឌ កម្ពុជា-អន្តរជាតិ នាមជ្ឈមណ្ឌលកោះពេជ្រ ថា «សេដ្ឋកិច្ចកម្ពុជា កំពុង បន្តទទួលបាន នូវកំណើនដ៏ខ្ពស់ ក្នុងឆ្នាំ២០១២ គឺ ៧.៦ភាគរយ និងត្រូវ បានគេរំពឹងថា នឹងកើន ឡើងចំនួន ប្រហាក់ប្រហែលនៅឆ្នាំ២០១៣នេះ បើសិនគ្មានការរំជើបរំជួល ក្រោយការបោះឆ្នោត»។
លោកបានមានប្រសាសន៍បន្តថា ការកើន ឡើងនេះ មិនមែនគ្រាន់តែជាលទ្ធផល នៃការកើនឡើង នូវតម្រូវការ របស់បរទេសប៉ុណ្ណោះទេ តែវា ក៏ជាការបង្ហាញឲ្យឃើញ ពីសក្តានុពលដ៏ធំធេង និង ឱកាសធុរកិច្ច ដ៏សម្បូរបែប នៅកម្ពុជាផងដែរ។
លោក បានបន្ថែមទៀតថា ការវិនិយោគដោយផ្ទាល់ ពីបរទេស មកកម្ពុជា កើនឡើង៧០ភាគរយ នៅឆ្នាំ ២០១២ ដែលមានទឹកប្រាក់ប្រមាណជា ១,៥កោដិដុល្លារអាមេរិក ហើយបានបង្កើតការងារ យ៉ាង សន្ធឹកសន្ធាប់ឲ្យយុវជនខ្មែរ ហើយការធ្វើវិសោធន៍កម្ម លើសកម្មភាពសេដ្ឋកិច្ច និងជំរុញការ នាំចេញ ដើម្បីសម្រេចឲ្យបាន នូវកំណើនសេដ្ឋកិច្ចដ៏ខ្ពស់មួយ ប្រកបដោយចីរភាព និងផលិតផល ដែលមាន តម្លៃបន្ថែម។
លោក បានបន្ថែមទៀតថា «នៅក្នុងដំណើរការអភិវឌ្ឍន៍នេះ វិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ជាពិសេសវិស័យឧស្សាហ៍កម្ម ត្រូវបានចាត់ទុកថា ជាក្បាលម៉ាស៊ីនសំខាន់ ហើយ សហគ្រាសមធ្យម និងធុនតូច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារសមធម៌ និង ប្រសិទ្ធភាព ដើម្បីទាញយកផលប្រយោជន៍ ពីសក្តានុពលនានា ដែលកម្ពុជាកំពុងបានឆ្ពោះ ទៅរក ការធ្វើពាណិជ្ជកម្មសេរី និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងតំបន់ និងពិភពលោក»។
គួរបញ្ជាក់ថា ការតាំងពិព័រណ៍នេះ មានដូចជា សម្លៀកបំពាក់ និងវាយនភណ្ឌ, កសិកម្ម, ក្រណាត់ និងផលិតផលបន្ទាប់បន្សំ, ប្លាស្ទីក និងកៅស៊ូ, កញ្ចប់វេចខ្ចប់ និងការបោះពុម្ព, ការកែច្នៃម្ហូបអាហារ, គ្រឿងស្វ័យប្រវត្តិ និងការងារលោហៈ, ឧបករណ៍ និងគ្រឿងរឹង, គ្រឿងបន្លាស់ និងឧបសាធនគ្រឿង យន្ត៕(DAPNEWS)

Wednesday, January 16, 2013

ទីផ្សារ​បន្លែ ​ផ្លែឈើ ​ចំណីអាហារ​សរីរាង្គ​កំពុង​តែមាន​សន្ទុះ​នៅ​កម្ពុជា​

ការ​យល់ដឹង​ផ្នែក​សុខភាព​ខ្ពស់​បាន​ធ្វើឲ្យ​តម្រូវ​ការ​ផ្នែក​ចំណី​អាហារ​សរីរាង្គ​មាន​ការ​កើន​ឡើង​ខ្លាំង។​
ធីតា វីន
​ភ្នំពេញ​
ទីផ្សារ​បន្លែ ​ផ្លែឈើ ​ចំណី​អាហារ​សរីរាង្គ​កំពុង​តែមាន​សន្ទុះ​ ទទួល​បាន​ការ​គាំទ្រ​ជាខ្លាំង​ពី​អតិថិជន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ​ បើ​ទោះបីជា​ចំណី​អាហារ​ទាំង​នោះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ ឬ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រុម​អ្នក​ជំនាញ​ក៏ដោយ។​

បន្លែ ​ផ្លែឈើ​សរីរាង្គ​គឺ​ជា​បន្លែ​ផ្លែឈើ​ដាំ​ដុះ​ដោយ​ប្រើ​ជីរ​ធម្មជាតិ​ដែល​ ផ្សំ​ពី​លាមក​សត្វ​ ឬក៏​កម្ទេចកម្ទី​ឈើ ​ឬ​ស្លឹក​ឈើ​ជាដើម ​ដោយ​ជៀសវាង​ការ​ប្រើ​ប្រាស់​ថ្នាំពុល​កសិកម្ម​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សុខភាព។​

លោក​គា​ម មករាឌី ​នាយក​កម្មវិធី​បរិស្ថាន ​និង​សុខភាព​នៃ​មជ្ឈមណ្ឌល​សិក្សា ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ​ហៅ​កាត់​ថា​ សេដាក ​បាន​ឲ្យ​ដឹង​ថា ​រហូត​មកដល់​ពេល​នេះ​អង្គការសេដាក​មានផ្សា​រលក់​ចំណី​អាហារ​សរីរាង្គ​ចំនួន​ ៨​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​មាន​បន្លែ ​ផ្លែឈើ ​និង​ផលិតផល​សរីរាង្គ​សរុប​ទាំងអស់​ប្រមាណ​ជាង​៤០​មុខ។​

លោក​បានឲ្យ​ដឹង​បន្ថែម​ថា​ ការ​យល់ដឹង​ផ្នែក​សុខភាព​ខ្ពស់​បាន​ធ្វើឲ្យ​តម្រូវ​ការ​ផ្នែក​ចំណី​អាហារ​ សរីរាង្គ​មាន​ការ​កើន​ឡើង​ខ្លាំង​ដែល​ជា​មធ្យម​យ៉ាង​ហោច​ណាស់​ក្នុង​១​ខែ​ ត្រូវការ​បន្លែ ​ផ្លែឈើ​ប្រមាណ​ជា​៥០​តោនសម្រាប់​​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ទីក្រុង​ ភ្នំពេញ។​

«មាន​ការ​យល់ដឹង​ច្រើន​ពី​​គ្រោះថ្នាក់​នៃ​បន្លែ​​ប្រើប្រាស់​នូវ​សារ​ ធាតុគីមី​ ថ្នាំ​ពុល ​ធ្វើ​ឲ្យ​អតិថិជន​នៅ​ទីក្រុង​ភ្នំពេញ​គឺ​គាត់​ជួប​ប្រទេះ​នូវ​គ្រោះ​ពុល​ជា ​ញឹកញយ​ ហើយ​ដល់​អញ្ចឹង​ គាត់​រក​បន្លែ​ដែល​មិន​ប្រើប្រាស់​នូវ​សារ​ធាតុ​គីមី។​ ឃើញ​ថា ​និន្នាការ​ស្វែងរក​​បន្លែ​សរីរាង្គ​ ផលិតផល​សរីរាង្គ​គឺ​កំពុង​តែ​មាន​ការ​រីក​រា​ល​ដា​លពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ»។ ​

លោក​គា​ម មករាឌី​បាន​ឲ្យ​ដឹង​បន្ត​ថា ​ផ្សារ​អង្គការ​សេដាក​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៤ ​ក៏​ប៉ុន្តែ​ទទួល​បាន​ការគាំទ្រ​ខ្លាំង​នៅ​ឆ្នាំ​២០១២​ ​ហើយ​នៅ​អំឡុង​ពេលនេះ ​បន្លែ​ប្រមាណ​ជា​២០​មុខ​ដែល​មាន​ទម្ងន់​ប្រមាណ​ជា​១០​តោន​ក្នុង​១​ខែ​​ ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ផ្សារ​សេដាក។​

លោក​នាក់ ថារ៉ែន​ នាយក​គ្រប់គ្រង​ហាង​សួន​ធម្មជាតិ​ ដែល​ជាង​ហាង​មួយ​មាន​ការ​ដាំបន្លែ ​ផ្លែឈើ​សរីរាង្គ ​ដោយ​ខ្លួន​ឯង​ខ្លះ ​និង​ប្រមូល​ទិញ​ពី​អង្គការ​ផ្សេងៗ​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​១​ថ្ងៃ​គាត់​លក់​បន្លែ​សរីរាង្គ​ទាំង​នៅ​ក្នុង​ហាង​ផ្ទាល់​និង​តាម​ ភោជនីយដ្ឋាន​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​អស់​ប្រមាណ​ជា​១,៥​តោន​ដែល​សន្ទុះ​ នេះ​មាន​ការ​កើន​ឡើង​ទ្វេរ​ដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ។​

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ​នៅ​ក្នុង​ហាង​សួន​ធម្មជាតិ​មាន​លក់​បន្លែ​ប្រមាណ​ជាង​៤០​មុខ​ និង​មាន​ចំណី​អាហារ​សរីរាង្គ​ផ្សេងៗ​ទៀត​ប្រមាណ​ជា​៣០០​មុខ​ ដូចជា​ស្រា ​អង្ករ​ ទឹកត្រី ​ទឹក​ស៊ីអ៊ីវ​ជាដើម។​

«នៅពេល​ដែល​យើង​បើក​មុន​ដំបូង​ នៅ​មិនទាន់​មាន​គេ​ដឹង​ទេ ​ហើយ​អ្នក​ដឹង​១​ចំនួន​ក៏​មិន​សូវមាន​ការ​ទុកចិត្ត​ថា ​យើង​បាន​ធ្វើ​ពិត​ប្រាកដ​ថា​ គ្មាន​ជាតិ​គីមី​អញ្ចឹង​ដែរ​អត់។​ មកដល់​ពេល​បច្ចុប្បន្ន​នេះ​ យើង​ឃើញ​ថា​ សន្ទុះ​នៃ​ការ​ទទួល​ស្គាល់ ​ការ​ទុកចិត្ត​គឺ​មាន​កំណើន​កើន​ច្រើន​ពី​១​ឆ្នាំ​ទៅ​១​
ឆ្នាំ។​ អតិថិជន​បច្ចុប្បន្ន​​មាន​ការ​យល់​ដឹង ​ពីព្រោះ​ជំងឺ​បច្ចុប្បន្ន​គឺ​វា​កើត​ឡើង​ច្រើន​ពី​ប្រភព​នៃ​ការ​ទទួល​ទាន ​ដល់​អញ្ចឹង​ទៅ​ អតិថិជន​ងាក​មករក​ផលិត​ផល​ណាមួយ ​ដែល​គាត់​ពិសារ​ទៅ​ វា​អាច​ធានា​បាន​ថា ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់»។​

លោក​គង់ តារា​ ដែល​ជា​បុគ្គលិក​នៃ​ធនាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​ដើរ​ទិញ​ បន្លែ​នៅក្នុង​ហាង​សួន​ធម្មជាតិ​ បាន​ឲ្យ​ដឹង​ថា​ គាត់​ទិញ​បន្លែ​សរីរាង្គ​នេះ​អស់​រយៈ​៧​ឆ្នាំ​កន្លង​មក​ហើយ ​ក៏​ប៉ុន្តែ​គាត់​នៅតែ​មិន​ទាន់​ទុកចិត្ត​ទាំងស្រុង​ពី​គុណភាព​ចំណីអាហារ​ សរីរាង្គ​នេះ​នៅ​ឡើយ​ទេ។​

«នៅ​ចំណុច​នេះ ​ខ្ញុំ​អត់​ទាន់​បាន​ជឿ​ទុក​ចិត្ត​ច្រើន​ទេ​ ពី​ព្រោះ​យើង​ថា ​បន្លែ​អត់​មាន​សារ​ជាតិគីមី ​ក៏​ប៉ុន្តែ​យើង​អត់​មាន​អី​បង្ហាញ​អតិថិជន​ទេ។​ អញ្ចឹង​យើង​ពិបាក​ជឿ​ដែរ​​ ក៏ប៉ុន្តែ​គ្រាន់តែ​ថា​ យើង​ឧស្សាហ៍​ប្រើ​នៅ​ទីនេះ។ ​យើង​ញុំ​ទៅ ​យើង​ប្រៀបធៀប​ វា​ខុស​គ្នា។​ អញ្ចឹង​យើង​ព្យាយាម​ប្រើ ​តែបើ​ឲ្យ​យើង​ជឿ​ទុក​ចិត្ត​១០០​ភាគ​រយ ​យើង​នៅ​អត់​ទាន់​ជឿ​ទេ ​ពីព្រោះ​គាត់​អត់​មាន​បន្សល់​អី​ឲ្យ​អតិថិជន​មើល​ផង»។​
 
ជាមួយ​គ្នា​នេះ​ដែរ​ លោក​សាំង លាភ​ ជា​ពា​ណិ​ករ​ម្នាក់​ដែល​កំពុង​ទិញ​បន្លែ​សរីរាង្គ​នៅ​អង្គការ​សេដាក​ក៏​បាន​ ឲ្យ​ដឹង​ដែរ​ថា ​ទោះ​បីជា​បន្លែ​នៅ​ទីនេះ​មាន​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​បន្តិច​មែន ​តែ​ដើម្បី​សុខភាព​គឺ​ពិតជា​មិន​មាន​បញ្ហា​នោះ​ទេ។​

លោក​បាន​បញ្ជាក់​ថា​ បើ​មិន​ចាំបាច់​ លោក​កម្រ​ទិញ​ណាស់​បន្លែ​នៅ​លើ​ទីផ្សារទូទៅ​​ ​ពីព្រោះ​លោក​គិត​ថា ​វា​មាន​ជាតិ​គីមី​ច្រើន​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សុខភាព។​

«នេះ​ជា​ផលិតផល​មួយ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ពី​៨០​ទៅ​៩០​ភាគរយ។​
បន្លែ​ទាំងអស់​នេះ​ឃើញ​មាន​ពណ៌​មិន​ដូច​បន្លែ​នៅលើ​ទីផ្សារ​​ ដែល​ខៀវខ្ចី​នោះ​ទេ​គឺ​ខុស​គ្នា។​ ខ្ញុំ​ភាគច្រើន​គឺ​៨០​ភាគរយ​គឺ​ខ្ញុំ​ទិញ​បន្លែ​នៅ​ខាង​នេះ​លុះត្រា​អត់​មាន ​ទើប​ទិញ​បន្លែ​នៅ​ផ្សារ»។​
 
យ៉ាងហោចណាស់​នៅក្នុង​ប្រទេស​កម្ពុ​ជា​មាន​អង្គការ​និង​ក្រុម​អ្នកលក់​ផលិត​ ផល​សរីរាង្គ​ឯកជន​ប្រមាណ​ជា​១០​ក្រុម​ផ្សេង​គ្នា។​ ហើយ​ផលិតផល​ទាំង​នោះ​ភាគច្រើន​ចែកចាយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ​ដូចជា​នៅតាម​ភោជនីយ​ដ្ឋាន​មួយ​ចំនួន​ និង​​តាម​ហាង​ ឬ​ផ្សារ​ដែល​បើក​បម្រើ​លក់សម្រាប់​តែ​ចំណីអាហារ​សរីរាង្គ​នេះ។​ ផលិតផល​សរីរាង្គ​នេះ​មិនមាន​លក់​នៅតាម​ផ្សារ​ធម្មតា​ ដែល​មាន​ជា​មួយ​ និង​បន្លែ​ដែល​ប្រើ​ជាតិ​គីមី​នោះ​ទេ។​

លោក​បណ្ឌិត​គៀន សុភា ​ជា​អនុប្រធាន​​នៃ​អគ្គនាយកដ្ឋាន​សាក​វេប្បកម្ម ​និង​ដំណាំ​រួមផ្សំ​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម ​បាន​មាន​ប្រសាសន៍​ថា​ ទោះបីជា​ចំណី​សរីរាង្គ​ដែល​បាន​ដាក់លក់​នោះ​នៅ​មិនទាន់​បាន​ឆ្លើយតប​ទៅ​តាម​ ស្តង់ដារ​​ក៏ដោយ ​ក៏​ចំណីអាហារ​ទាំងនោះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បន្លែ​ផ្លែឈើ​នៅ​លើ​ ទីផ្សារ​ធម្មតា​ដែរ។​

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ​ខាង​ក្រសួង​កំពុង​រៀបចំ​ច្បាប់​ដើម្បី​គ្រប់គ្រង​ចំណី​អាហារ​សរីរាង្គ​នេះ​ឲ្យ​ស្រប​ទៅ​តាម​ស្តង់ដារ។​

«វិស័យ​ឯកជន​គេ​ធ្វើ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ ក៏​ប៉ុន្តែ​បើ​សិនជា​យើង​និយាយ​ប្រកាស​ថា​ ជា​ផលិតផល​សរីរាង្គ​ យើង​ពុំទាន់​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។​ យើង​ជឿជាក់​ថា ​ប្រសិន​ជា​គេ​ប្រកាស​អំពី​ផលិតផល​សរីរាង្គ​ ខ្ញុំ​ជឿថា​ ​គេ​ក៏​មាន​ការ​ប្រិតប្រៀង​ដែរ​អំពី​បញ្ហា​ប្រើប្រាស់​នូវ​សារធាតុ​គីមី។​ ហើយ​យើង​នៅ​ពុំទាន់​មាន​អង្គភាព​ណាមួយ​ដែល​ចុះ​ទៅ​ត្រួត​ពិនិត្យ​ថា ​តើ​វិធីសាស្ត្រ​ក្នុង​ការ​ដាំដុះ​របស់គាត់​នោះ​ប្រព្រឹត្ត​ទៅតាម​គោល​ការណ៍ ​សរីរាង្គ​ដែល​ឬ​អត់។ ​បច្ចុប្បន្ន​នេះ​ទីផ្សារ​សរីរាង្គ​ហ្នឹង​កំពុង​ពេញ​និយម​​សម្រាប់​​ប្រជាជន ​យើង»។​

យោងតាម​លទ្ធផល​ស្រាវជ្រាវ​របស់​លោកស្រី​បណ្ឌិត​ចេក សុថា ​ប្រធាន​ផ្នែក​គីមី ​និង​ចំណីអាហារ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា​រាជ​បណ្ឌិត​ សភា​កម្ពុ​ជា​ ដែល​សិក្សា​ស្តីពី​វត្តមាន​នៃ​សារធាតុ​គីមី​ ដែល​មាន​គ្រោះថ្នាក់​ក្នុង​ម្ហូប​អាហារ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​សារ​ធាតុគីមី​មួយ​ចំនួន​ដែលមាន​ការ​ ប៉ះពាល់​ជាខ្លាំង​ដល់​សុខភាព​ បាន​មាន​វត្តមាន​នៅលើ​ម្ហូប​ចំណី​អាហារ​បន្លែ​មួយ​ចំនួន​ដែល​កំពុង​ចររាច​នៅ ​លើ​ទីផ្សារ​ រួម​មាន​ដូច​ជា៖ សារធាតុ​គីមី​ប័រ៉ាក់ ​ឬ​ហៅ​ថា​​ទឹក​អន្សា​ សារធាតុ​គីមី​ហ្វ័រម៉ាលីន​ សារធាតុ​គីមី​អាស៊ីត​សាលីស៊ីលីក ​សារធាតុ​គីមី​សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត​ ឬ​ហៅ​ថា​ ម្សៅ​ស។​

សារធាតុ​ទាំងនោះ​បង្ក​​គ្រោះ​ថា្នក់ ​ដូចជា​ខូច​តម្រង​នោម ​ក្រលៀន​ ឈឺ​ក្បាល ​រមាស់​ស្បែក​ រលាក​ប្រដាប់​រំលាយ​អាហារ​ ក្រពះ ​ពោះវៀន​ ក្អួត​ វិល​មុខ ​ក្តៅ​ខ្លួន ​រាគ​ កន្ទួល​លើ​ស្បែក​ សន្លប់ ​ស្លាប់ ​និង​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​មួយ​ចំនួន​ជាដើម។​

លោកស្រី​បណ្ឌិត​ចេក សុថា​បាន​ឲ្យដឹង​ទៀត​ថា ​ដោយសារ​អំឡុង​ពេល​នេះ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ​មួយ​ចំនួន​ ជាពិសេស​គឺ​ជំងឺ​មហារីក​ជា​ដើម​ដែល​បណ្តាល​មក​ពី​ចំណីអាហារ​ដែល​មាន​ជាតិពុល ​កសិកម្ម។​

ហេតុដូច្នេះ ​លោកស្រី​បាន​បញ្ជាក់​ថា​ កត្តា​នេះ​ជាដើម​ហេតុ​ចម្បង​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ភាគច្រើន​ ស្វែងរក​ចំណី​អាហារ​សរីរាង្គ ​ក៏​ប៉ុន្តែ​ចំណី​អាហារ​សរីរាង្គ​ដែល​កំពុង​ចររាច​នៅលើ​ទីផ្សារ​នោះ​នៅ​មិន​ ទាន់មាន​ការ​សិក្សា​ស្រាវជ្រាវ​ណា​មួយ​បញ្ជាក់​ពី​គុណភាព​របស់​វា​នៅ​ឡើយ។​

«វា​មិនទាន់​មាន​ការ​សិក្សា​ណា​ដែល​រក​ឃើញ​ថា ​បន្លែ​ដែល​យក​មក​នោះ​អត់​មាន​ថ្នាំ​ទេ​ ពី​ព្រោះ​អត់​ទាន់​មាន​ការ​វិភាគ​ទៅលើ​បន្លែ​ដែល​គេ​ដាំ​ហ្នឹង។​ជា​ការ​ល្អ​ ហើយ​ដែល​ប្រជា​ពលរដ្ឋ​​យល់ដឹង។ ​គាត់​ចង់​បាន​បន្លែ​សរីរាង្គ​មែន​ ក៏​ប៉ុន្តែ​មិន​ដឹង​ថា ​អ្នក​ដាំ​គាត់​ទទួល​ខុសត្រូវ​ថា ​បន្លែ​អត់​ថ្នាំ​ពុល​ដែរ​ ឬ​អត់។ ​សំខាន់​គឺ​គាត់​អ្នក​ដាំ ​ក៏​ប៉ុន្តែ​វា​អត់​មាន​អី​បញ្ជាក់»។
​
ទោះបី​ជា​យ៉ាងណាក៏ដោយ​ ក្រុម​អ្នក​ផលិត​ចំណី​អាហារ​សរីរាង្គ​សុទ្ធតែ​បាន​អះអាង​ដូចៗ​គ្នា​ថា ​ផលិតផល​សរីរាង្គ​ដែល​បានដាក់​លក់​នៅ​លើ​ទីផ្សារ​នេះ​សុទ្ធតែ​បាន​ធ្វើ​ការ​ ដាំដុះ ​ថែទាំ ​និង​រក្សា​ទុក​យ៉ាង​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ​​ចំណី​អាហារ​សរីរាង្គ​ បើ​ទោះបី​ជា​មិន​ទាន់​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ពី​ក្រុម​អ្នក​ជំនាញ​នៃ​ ក្រសួង​កសិកម្ម​ក៏​ដោយ៕​(VOA)

Thursday, January 10, 2013

Samsung បង្ហាញ Evolution Kit ក្នុងពិព័រណ៍ CES 2013 បន្ថែមលើ​ ការអភិវឌ្ឍថ្មី នៃSmart TV

Photo by DAP-NEWSក្រុមហ៊ុន អេឡិចត្រូនិក Samsung បានចូលរួមតាំងបង្ហាញ ឧបករណ៍ Evolution Kit របស់ខ្លួន ក្នុងពិព័រណ៍ អេឡិចត្រូនិកអន្តរជាតិ (CES) 2013 ដែលប្រារព្ធឡើងពីថ្ងៃទី ៨-១១ ខែមករា ឆ្នាំ២០១៣ ដើម្បីបង្ហាញពីភាពច្នៃប្រឌិត របស់ខ្លួន ជូនដល់សាធារណជន ។
Evolution Kit ត្រូវបានតាំងបង្ហាញជាលើកដំបូង នៅពិព័រណ៍CES 2012ម្តងរួចមកហើយ ដែលជាជំហាន នៃការច្នៃប្រឌិតមួយ ជួយឲ្យទូរទស្សន៍ Samsung Smart TV 2012 អភិវឌ្ឍ ទៅជាទូរទស្សន៍ Samsung Smart TV 2013 ។
ការបន្ថែមឧបករណ៍ Evolution Kit នៅ ខាងក្រោយទូរទស្សន៍ Samsung Smart TV បានធ្វើឲ្យ អតិថិជនអាចរីករាយ នឹងលក្ខណៈថ្មីៗ ដែលទូរទស្សន៍ Smart TV 2013 មាន។
ជាមួយការកែប្រែថ្មី ទៅលើ Hardware ដូចជា CPU, Memory និង GPU ឡើងដល់កម្រិតនៃ ទូរទស្សន៍Smart TV ចុងក្រោយ អ្នកប្រើអាចរីករាយ នឹងល្បឿនដ៏លឿននៃការឆែកអ៊ីនធឺណិត និងមុខងារការងារច្រើន ដោយអាចប្រើកម្មវិធីបាន ក្នុងខណៈពេលកំពុងទស្សនាទូរទស្សន៍។
បន្ថែមលើនេះ លក្ខណៈពិសេសនៃ Smart Interaction របស់ Samsung ដូចជា Voice Control និងMotion Control ក៏នឹងត្រូវបានកែប្រែថ្មីផងដែរ។ នៅពេលឧបករណ៍ Evolution Kit ដោត ភ្ជាប់ទៅទូរទស្សន៍ Smart Hub2012 នឹងប្រែទៅជា 2013 ភ្លាម ។ រាល់ឆ្នាំ អតិថិជននឹងអាចរីករាយ ជាមួយសេវាថ្មីៗជានិច្ចពីSmart TVរបស់ Samsung។ រូបរាងពិតប្រាកដ នៃឧបករណ៍ Evolution Kit គឺត្រូវបានតាំងបង្ហាញមុនគេ នៅពិព័រណ៍ CES 2013។ Samsung នឹងបង្ហាញនូវការផ្លាស់ប្តូរដ៏អស្ចារ្យ ដែលអាចភ្ជាប់នឹងទូរទស្សន៍បាន ហើយSmart Hub 2013 ស៊េរីថ្មី អាចបង្ហាញផ្ទៃនៃកម្មវិធី បានចំនួនប្រាំផ្ទាំងផ្សេងគ្នា នៅលើអេក្រង់តែមួយ ដែលអាចឲ្យអតិថិជនរីករាយ នឹងកម្មវិធីជាច្រើន រួមទាំងកម្មវិធី Live TV, VODs, កម្មវិធីថ្មីៗ និងអ៊ីនធឺណិត។
លោក Sunny Lee ប្រធានប្រតិបត្តិផ្នែកទីផ្សារ និងផ្នែកលក់អេក្រង់រូបភាព នៃក្រុមហ៊ុន អេឡិចត្រូនិក Samsung បានឲ្យដឹងថា "Evolution Kit បានបើកទំព័រ សករាជថ្មី នៃទូរទស្សន៍ Smart TV និងបំពេញបន្ថែមនូវលក្ខណៈដ៏ពិតប្រាកដ នៃទូរទស្សន៍ Smart TV ជាមួយការច្នៃប្រឌិត របស់ខ្លួន ដែលស័ក្តិសមទៅនឹង និន្នាការនៃការផ្លាស់ប្តូរលើវិស័យ ព័ត៌មានវិទ្យា IT ។ អតិថិជនទាំងអស់អាចរីករាយ ជាមួយលក្ខណៈពិសេសៗ និងសេវាថ្មីៗ ជារៀងរាល់ឆ្នាំ ដោយមិនចាំបាច់ទិញទូរទស្សន៍ថ្មី។ អតិថិជន Samsung Smart TV នឹងរីករាយ ក្នុងការទស្សនា ទូរទស្សន៍គ្មានដែនកំណត់ជាមួយ Evolution Kit"៕

Monday, December 3, 2012

មុខរបរលក់អាវជជុះ ធ្វើឲ្យមានជីវភាពធូរធារ

មុខរបរ​លក់​អាវ​ជ​ជុះ ធ្វើ​ឲ្យ​មាន​ជីវភាព​ធូរធារ
ភ្នំពេញ: អាវ​ជជុះ​បាន​ក្លាយទៅជា​មុខរបរ​មួយ ដែល​នាំ​ឲ្យ​មាន​ជីវភាព​ធូរធា​សមរម្យ​។ មិនតែប៉ុណ្ណោះ​បាន​ជួយ​សម្រួល​ដល់​អ្នក​ពាក់ ដែល​គ្មាន​ប្រាក់​ទិញ​សម្លៀកបំពាក់​ថ្មីៗ​នឹង​គេ​។ ណាមួយ​វិញ សម្រាប់​អ្នកគាំទ្រ​ប្រើ​អាវ​ជជុះ​នៅតែ​បន្ត​ពាក់​ដដែល​ព្រោះ​គេ​យល់ថា​វា​ មានតម្លៃ​ធូរ​ថ្លៃ​អាច​ទិញ​បាន និង​មានគុណ​ភាពល្អ​ទៀតផង​។ រីឯ​អ្នកលក់​វិញ​កាន់តែ​បាន​ពង្រីក​សាខា​កាន់តែច្រើន​រហូតដល់​១១​សាខា​ ទាំងអស់ មានដូចជា​នៅ ផ្សារ​នាគ​មាស​, ជិត​សាលា​ស៊ីសុវត្ថី​(​ផ្លូវ​ត្រសក់ផ្អែម​), ផ្សារកណ្តាល​, ក្បាលថ្នល់ (​ជិត​ហ្គា​រ៉ា​ស​សាំង​សូ​គី​មិច​), ជិត​ពេទ្យ​ចិន​, ជិត​ផ្សារ​ដេប៉ូ​, ផ្លូវ​កម្ពុជា​ក្រោម​, ផ្លូវ​ទេព​ផន (​ជិត​ស្តុ​ប​) , ជិត​ពេទ្យ​លោកសង្ឃ​, ផ្លូវ​៣១០ និង​នៅ​ផ្សារ​ទួល​ទំ​ពួ​ង​។​

​បុរស​ម្នាក់​កំពុង​ឈរ​ សំឡឹងមើល​ទៅកាន់​អាវ​មួយ ដែលមាន​ក​អត់​ក្បាល និង​មាន​ដៃ​អត់​មាន​ម្រាម ហើយ​ដៃ​គាត់​មួយ​ចំហៀង​កាន់​ស្នា ឯ​មួយ​ចំហៀង​ទៀត​បាន​កាន់​ចុងដៃ ហើយ​បាន​សួរ​ទៅកាន់ ម្ចាស់​របស់​នោះ​ថា “​បង​អានេះ​តម្លៃ​ប៉ុន្មាន​?” រំពេច​នោះ​ក៏មាន​សំឡេង​តប​មកវិញ​ថា “​អាវ​ហ្នឹង​តម្លៃ​៣,៥​ដុល្លារ​”​។ នេះ​ជា​សំឡេង​សន្ទនា​របស់​វាង​អ្នកលក់​អាវ​ជជុះ​លេខ​១ និង​ភ្ញៀវ ដែល​បានមក​ទិញ​។​

​លោក មាស គុ​ម្ភៈ ជា​ម្ចាស់​ហាង​លក់​អាវ​ជជុះ ដែលមាន​ស្លាក​យីហោ​ថា “​អាវប្រុស​ជជុះ​លេខ​១” មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវ ទេព​ផន ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ដែល​រូបលោក​ចាប់​អាជីព​នេះ​មក​មាន​រយៈពេល ជិត​៥​ឆ្នាំ​មកហើយ​នោះ បាន​ឲ្យ​ដឹងថា ការបើក​លក់​ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​៨និង៣០​យប់​។ រីឯ​មូលហេតុ ដែល​នាំ​ឲ្យ​មាន​មុខរបរ​នេះ​ឡើង​គឺជា​ការបន្ត​យក​របរ​នេះ​ពី​ម្តាយ​របស់គាត់ និង​បាន​រក​ចំ​ណួ​ល​ចូល​គ្រួ​សារបាន​សមរម្យ​។

​លោក មាស គុ​ម្ភៈ បាន​និយាយថា “​ដំបូង​ឡើយ​ជា​គំនិត​របស់​ប្អូនស្រី​ខ្ញុំ​ម្នាក់​ឈ្មោះ​កញ្ញា​។ ហើយ​ម៉ាក់​របស់ខ្ញុំ​យក​(​អាវ​)​មក​ច្រើន ពិបាក​រក​អ្នក​ប៉ាវ​ក្បាល​គីប​។ ហើយក៏​មានគំនិត​ចង់​បើក​លក់​ដែរ ក៏​ចាប់​ផ្តើមធ្វើ​ហាង​ដាក់​អាវ​ព្យួរលក់​ទៅ​។ ហើយ​វា​បាន​រកប្រាក់​ចំណូល​បាន​គួរសម​ដែរ​”​។​

​លោក មាស គុ​ម្ភៈ បាន​បន្តថា “​របរ​មួយ​នេះ (​លក់​អាវ​ជជុះ​) ត្រូវបាន​ម្តាយ​របស់ខ្ញុំ​រកស៊ី​មក​ជាង​១៦ ទៅ​១៧​ឆ្នាំ​មកហើយ អ៊ីចឹង​ខ្ញុំ​ក៏​បន្ត​លក់​ទៅ​”​។​

គុ​ម្ភ​:​មិនអាច​ប្រាប់​ពី​ចំណូល​ មួយថ្ងៃ​បាន​ប៉ុន្មាន​ទេ ព្រោះ​វា​ជា​រឿង​ផ្ទាល់​​ខ្លួន ។ ចំពោះ​មួយថ្ងៃ​លក់បាន​ពី​៣០ ទៅ​៧០​អាវ​ជា​មធ្យម ក្នុង​មួយថ្ងៃ​”​។​

​ ម្ចាស់​ហាង​លក់​អាវ​ជជុះ​វ័យក្មេង ខាងលើនេះ បាន​ប្រាប់​ឲ្យ​បានដឹង​បន្តថា “​តម្លៃ​អាវ​មាន​ចាប់ពី​៣,៥​ដុល្លារ ដល់​១២​ដុល្លារ​។ អាវ​៣,៥​ដុល្លារ​គឺជា​អាវ​ឆ្នូត​សម្រាប់​មនុស្ស​ចំណាស់ៗ ដែល​អាច​ពាក់​ទៅធ្វើ​ការ ឬ​ទៅ​ញ៉ាំ​ការ​បាន​ព្រោះ​វា​ស្អាត នៅ​ថ្មី​ដែរ​ពេលខ្លះ​។ បើ​អាវ​តម្លៃ​ចាប់ពី​៤​ដុល្លារ​ឡើង​នោះ​គឺ​សម្រាប់​ស្ទាវៗ មាន​រឹប​រាង មាន​ម៉ូដ​-​ម៉ាក តម្លៃ​ទៅតាម​ហ្នឹង​”​។​

​ចំពោះ សាខា​ទាំងអស់ ក៏ដូចជា​ហាង​របស់លោក កន្លង​គាត់​មាន​លក់​តែ​អាវ​សម្រាប់​បុរសៗ​ទេ ហើយ​ម្ចាស់​ហាង​ដដែល​បាន​និយាយថា “​ពី​ដើម​មក​គឺ​ម៉ាក់​របស់ខ្ញុំ​ទម្លាប់​លក់​តែ​អាវប្រុស​សុទ្ធ ហើយ​កាក់កប​ជាមួយ​អាវប្រុស​ជាង​អាវស្រី​។ មនុស្ស​ប្រុស​មិនសូវ​ជា​សាំញ៉ាំ រឿង​តថ្លៃ​ផង ហើយ​អ្នកទិញ​ភាគច្រើន​បានដឹង​តម្លៃ​រួចហើយ និង​លក់​អត់​កាត់ថ្លៃ​ផង តែមាន​អ្នកខ្លះ​តថ្លៃ​ដែរ ព្រោះ​ចង់​ឲ្យ​ចុះថ្លៃ​”​។​

​ម្ចាស់​ហាង​លក់​អាវ​ជជុះ និយាយ​បន្តទៀតថា “​ឥ​វ៉ាន់​ទាំងអស់នេះ​ភាគច្រើន​កុម្ម៉ង់​ផ្ទា​ល់​តែម្តង ដោយ​នាំចូល​ពី​ប្រទេស​ជប៉ុន កូរ៉េ ចិន ជាពិសេស​គឺ​ពី​ប្រទេស​កូរ៉េ​។ ឯការ​នាំចូល​ម្តងៗ​ក្នុង​មួយខែ​គឺ​ច្រើន​គីប​ណាស់​។ ខ្ញុំ​អត់​អាច​ប្រាប់​បានទេ ទាល់តែ​ម៉ាក់​ខ្ញុំ​បាន​គាត់​ដឹង​។ តម្លៃ​ក្នុង​មួយ​គីប​តាម​ខ្ញុំ​ដឹង​ចាប់ពី​៣០០ ដល់​៤៨០​ដុល្លារ​ជាង​។ ក្នុង​មួយ​គីបៗ​អាចមាន​ចំនួន​ជាង​៤០០​អាវ ឬ​៤២០​អាវ​ពេលខ្លះ​។ នៅពេល​ខ្លះ​ខ្ញុំ​គាស់​គីប​ហ្នឹង​មក​មាន​អាវ​ថ្មី​ក្នុង​ហ្នឹង​ដែរ​គឺ​ ភាគច្រើន​ជា​អាវ​ឡូត៍ (​អាច​ផុតកំណត់​នៅ​ស្រុក​គេ ហើយ​មាន​ទាំង​ស្លាក​សម្គាល់ថា​ថ្មី​តែម្តង​)”​។​

​ម្ចាស់​ហាង​អាវ​ ជជុះ បាន​បន្ថែមថា លោក​គាស់​គីប​ថ្មីៗ​សម្រាប់​ដាក់លក់​ជា​រៀងរាល់ថ្ងៃ​ចំពោះ​ថ្ងៃ​លក់ដាច់​ ខ្លាំង ករណី​លក់​ពុំ​សូវ​ដាច់​ទេ​គឺ​ពី​២ ទៅ​៣​ថ្ងៃ​ទើប​មាន​គាស់​គីប​ថ្មី​ម្តងៗ​។ លោក ពន្យល់ថា ប្រសិនណាបើ​មិន​កោះ​គីប​ថ្មី​ទេ អ្នកទិញ​មិនអាច​ទិញ​ឥ​វ៉ាន់​បានទេ​។ ម្យ៉ាងទៀត នាំ​ឲ្យ​បាត់បង់​អតិថិជន ហើយ​ពួកគាត់​ត្រូវការ​ម៉ូដ​ថ្មីៗ​ដែរ​ពេលខ្លះ ដូច្នេះ​លោក​ត្រូវតែ​គាស់​គីប​ថ្មី​រាល់ថ្ងៃ​ផងដែរ​ពេលខ្លះ​។​

​ ម្ចាស់​ហាង​អាវ​ជជុះ បាន​បញ្ជាក់ថា មានការ​បញ្ចុះតម្លៃ​ជូន​ខ្លះៗ​ដែរ តែ​មិន​ច្រើន​ទេ ដោយសារ​ការលក់​នោះ​មិនសូវ​ជា​ចំណេញ​ច្រើន​ប៉ុន្មាន​ដែរ​។ នៅពេល​ខ្លះ​មាន​ភ្ញៀវ​ទិញ​ច្រើនៗ ហើយ​យកទៅលក់​បន្តទៀត អ្នកខ្លះ​លក់​នៅតាម​ស្រុក តាម​ខេត្ត តាម​ផ្ទះ​របស់គេ​ក៏មាន​។​

​លោក មាស គុ​ម្ភៈ​បានបញ្ចប់​ថា “​សម្រាប់​ការលក់​អាវ​ជជុះ​នេះ​គឺ​មិនដែល​មាន​សល់​ទេ​។ នៅពេល​ដាក់លក់​ទៅ​ចេះតែ​អស់​ទៅៗ​។ ណាមួយ​យើង​មើលទៅ​តាម​អាវ​ដែរ​ពេលខ្លះ​អាវ​នៅ​ច្រើន ខ្ញុំ​បន្ថយ​ការនាំ​ចូល​សិន ហើយ​មើលទៅ​រាង​រលាស់​បន្តិច​ហើយ​បានដាក់​មក​ថ្មី​ទៀត​”​។

​ចំណែក​ អតិថិជន ដែល​និយម​គាំទ្រ​ប្រើប្រាស់​អាវ​ជជុះ​នោះ បាន​ទទួលស្គាល់ថា ពិតជា​មាន​អាវ​ខ្លះ​ល្អ​ស្អាត មាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​ធូរ​ថ្លៃ​ចំណាយ​ប្រាក់​តិច​អាច​ទិញ​បាន​របស់​ច្រើន​។​

​ លោក ឈន់​ហ៊ីម ជា​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ជា​ម៉ូយ​ប្រចាំ​ហាង​អាវ​ជជុះ​លេខ​មួយ​នោះ បាន​ឲ្យ​ដឹងថា “​មានអី​! តម្លៃ​ធូរ​ថ្លៃ​សមរម្យ ចំណាយលុយ​តិច​អាច​ទិញ​បាន​ច្រើន ហើយ​ពេលខ្លះ​អាច​ពាក់​ទៅ​ញ៉ាំ​ការ​គេ​ម្តងម្កាល​ដែរ​។ ជជុះ​មិន​ជជុះ​ពាក់​ទៅ​ដូច​តែ​គ្នា គ្មាន​អ្នកណា​មក​សួរ​ទេ​”​។​

​ រីឯ យុវជន វុត្ថា ជា​និស្សិត​មួយរូប បានមក​ទិញ​អាវ​ជជុះ​ជាមួយ​មិត្តភក្តិ នាំមក​នោះ បាន​និយាយថា “​ខ្ញុំ​អត់​ដែល​ពាក់អាវ​ជជុះ​ទេ តែ​ឡូ​វ​សាកមើល​ម្តង​។ ព្រោះ​ឃើញ​គេ​ពាក់​មើលទៅ​ស្អាត និង​មាន​គុណភាព​គួរសម​”៕(CEN)

Monday, November 12, 2012

ចំណូល​ពន្ធ​កើន​តែ​អ្នក​រិះគន់​ថា​នៅ​ទាប


121109_11
បុគ្គលិកក្រុម ​ហ៊ុនមួយកំពុងរាប់លុយ។ ការ​ប្រមូល​ពន្ធ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​១០​ខែ​កើន​ឡើង​៣១​ភាគរយ។ ប្រភព​ចំណូល​ពន្ធមាន​ច្រើនដូច​ជាពន្ធប្រាក់​ខែ​ជាដើម ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ កម្ពុជា​ប្រមូល​ពន្ធ​បាន​៦៦៣​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១០​ខែ​ឆ្នាំ​នេះ​ កើន​ឡើង​៣១​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ។
ចំនួន​នេះ​ត្រូវ​បាន​គណ​បក្ស​ប្រឆាំង​អះអាង​ថា​នៅ​តែ​ទាប​ជាង​អត្រា​ជាក់​ស្តែង​ដដែល ដោយ​សារ​តែ​អំពើ​ពុក​រលួយ។
ចំណូល ​ទាំង​នោះ​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​លើ​ផល​ចំណេញ ពន្ធ​កាត់​ទុក ពន្ធ​ប្រាក់​ខែ ពន្ធ​លើ​តម្លៃ​បន្ថែម (VAT) ពន្ធ​ពិសេស​លើ​ទំនិញ និង​សេវា​កម្ម​មួយ​ចំនួន ពន្ធ​លើ​អាជីវ​កម្ម ពន្ធ​រថយន្ត ពន្ធ​ប៉ាតង់ និង​ពន្ធ​អច​លនទ្រព្យ​។
ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ខែ លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​បញ្ជា​ឲ្យ​ ប្រមូល​ពន្ធ​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ថវិកា​រដ្ឋ។
លោក​បាន​ឲ្យ​ ដឹង​ថា ប្រទេស​កម្ពុជា នៅ​តែ​មាន​ឱកាស​បង្កើន​ប្រាក់​ចំណូល​ពន្ធ ដូច្នេះ​កត្តា​សំខាន់​គឺ​ត្រូវ​លើក​កម្ពស់​ច្បាប់​ពន្ធ និង​ផល​វិបាក​នៃ​គេច​វេះពី​ការ​បង់​ពន្ធ​ដោយ​បុគ្គល សា​ជីវ​កម្ម ការ​ជឿ​ទុក​ចិត្ត និង​អង្គ​ភាព​ផ្សេង​ៗ​ទៀត ដើម្បី​លើក​ទឹក​ចិត្ត ដើម្បី​បង់​ពន្ធ។
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​សប្តាហ៍​មុន​ថា ការ​ប្រមូល​ពន្ធ​នៅ​តែ​ទាប​ជាង​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់។
លោក​ បន្ត​ថា បើ​ក្រឡេក​មើល​ទៅ​លើ​ពន្ធ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល យើង​សង្កេត​ឃើញ​ថា ពន្ធ​ទាំង​នោះ​មាន​ចំនួន​ច្រើន។ ម្យ៉ាង​វិញ​ទៀត ពន្ធ​ដែល​ប្រមូល​បាន​ពី​ប្រជាជន មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ចំនួន​ដែល​ប្រមូល​សម្រាប់​ចំណូល​ជាតិ នៅ​តែ​មាន​អត្រា​ទាប​ដដែល​គឺ​ត្រឹម​១២ ទៅ ១៣​ភាគ​រយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង ដែល​ប្រមូល​បាន​ពី​១៨ ទៅ ២៥​ភាគ​រយ​នៃ​ប្រាក់​ចំណូល​ជាតិ។
លោក​ថ្លែង​ថា រដ្ឋាភិបាល​គួរ​ពិចារណា​អំពី​ការ​ប្រើ​ប្រាស់​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​ សម្រាប់​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ ដើម្បី​រក​ប្រាក់​ចំណូល​បាន​កាន់​តែ​ច្រើន។ លោក​បន្ត​ថា៖ «ទាំង​ប្រាក់​ចំណូល​និង​ការ​ចំណាយ គឺ​មិន​សម​ស្រប​ឡើយ ប្រសិន​បើ​យើង​អាច​ទប់​ស្កាត់​អំពើ​ពុក​រលួយ។ យើង​អាច​រក​ចំណូល​បាន​ពី ៥០០លាន ទៅ ១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ»។
លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដោយ​សារ​ប្រជាជន​បាន​បង់​ពន្ធ​ច្រើន​ជាង​ប្រទេស​ជិត​ខាង ហើយ​ពន្ធ​ដែល​ពួក​គាត់​បង់ មិន​មែន​មាន​តែ​មួយ​ប្រភេទ​នោះ​ទេ ប៉ុន្តែ​មាន​អត្រា​ពន្ធ​ក៏​ខ្ពស់​ផង​ដែរ ខណៈ​ប្រាក់​ចំណូល​សម្រាប់​ថវិកា​ជាតិ នៅ​តែ​ទាប​ដដែល តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី។
លោក​ថ្លែង​ថា៖ «ប្រាក់​ជា​ច្រើន ត្រូវ​បាន​ហូរ​ចូល​ទៅ​បុគ្គល ឬ​មនុស្ស​មួយ​ក្រុម មិន​មែន​ចូល​ទៅ​ជាតិ​ឡើយ។ រដ្ឋាភិបាល ត្រូវ​តែ​ពិចារណា​អំពី​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ»។
លោក Olaf Unteroberdoerster អគ្គ​នាយក​រង​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ឲ្យ​ដឹង​កាល​ពី​ខែ​តុលា​ថា ប្រាក់​ចំណូល​របស់​កម្ពុជា មាន​ភាព​ប្រសើរ​នៅ​ឆ្នាំ​២០១២ ដោយ​ការ​ប្រមូល​ពន្ធ​ផ្ទាល់ និង​ប្រយោល ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​០,៧៥​ភាគ​រយនៃ​GDP​។​ឱនភាព​សារពើ​ពន្ធ​ ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​រួម​តូច​មក​នៅ​ប្រហែល​ជា​៣,២៥​ភាគ​រយ​ប៉ុណ្ណោះ​នៃ ​GDP ដោយ​សារ​សម្ពាធ​ចំណាយ​អាច​គ្រប់​គ្រង​បាន។
លោក​បន្ត​ថា៖ «ដោយ​សម្លឹង​ទៅ​មុខ ការ​បង្កើន​ប្រាក់​បញ្ញើ​របស់​រដ្ឋាភិបាល ដែល​ចាប់​ផ្តើម​ដោយ​ថវិកា​ឆ្នាំ​២០១៣ នៅ​តែ​មាន​អាទិភាព​ខ្ពស់​ដោយ​ធ្វើ​ឲ្យ​កម្ពុជា​អាច​ទប់​ទល់​នឹង​ផល​វិបាក​ បាន។ បើ​តាម​ការ​ប្រមើល​មើល​ក្នុង​រយៈ​ពេល​យូរ ការ​កៀរ​គរ​ចំណូល មាន​ភាព​ចាំ​បាច់​បើ​កម្ពុ​ជា​អាច​បំពេញ​តម្រូវ​ការ​អភិវឌ្ឍ និង​រក្សា​និរន្តរភាព​សារពើពន្ធ​បាន»។
កាល​ពី​ចុង​ខែ​តុលា រដ្ឋាភិបាល បាន​អនុម័ត​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ​រហូត​ដល់​ជិត​១៣​ភាគ​រយ​សម្រាប់​ ឆ្នាំ​២០១៣ គឺ​បង្កើន​ដល់​៣​ពាន់​លាន​ដុល្លារ​ខណៈ​ឆ្នាំ​២០១២ នេះ​មាន​ត្រឹម​តែ​២,៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​៕CS

Thursday, November 1, 2012

អេស៊ីលីដា ពង្រីក​សេវា​ធនាគារ​ទូរស័ព្ទ

121030_12a
សេវាដកប្រាក់ ​តាម​ម៉ាស៊ីន ATM របស់​ធនាគារ​អេស៊ីលីដា។ បច្ចុប្បន្ន​ធនាគារ​កំពុង​ពង្រីក​បណ្តាញ​ធនាគារ​តាម​ទូរស័ព្ទចល័ត ​​។ រូបថត ភ្នំពេញ ប៉ុស្តិ៍



ភ្នំពេញៈ​ធនាគារ​ អេស៊ីលីដា បាន​ពង្រីក​ប្រព័ន្ធ​ធនាគារ និង​សេវា​ទូ​ទាត់​តាម​ទូរ​ស័ព្ទ​ចល័ត​របស់​ខ្លួន​ទៅ​ដល់​អតិថិជន។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​ក្រុម​ហ៊ុន​ផ្តល់​សេវា​ បច្ចេក​វិទ្យា​ពិភព​លោក​Fiserv​។
សេវា Unity តាម​ទូរស័ព្ទ​របស់​អេស៊ី​លីដា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​អតិថិ​ជន​ជា​ច្រើន​កំពុង​ប្រើ​ប្រាស់ដោយ​ អតិថិជន​មិន​ចាំបាច់​មាន​គណនី​ធនា​គារ ដោយ​ពួកគេ​អាច​ទទួល​បាន​សេវា​ជា​ច្រើន​រួម​មាន​ការ​ពិនិត្យ​សម​តុល្យ របាយ​ការណ៍​ហិរញ្ញវត្ថុ​ខ្នាត​តូច ការ​ផ្ទេរ​ប្រាក់​ពី​គណនី​ផ្ទាល់​ខ្លួន ការ​ផ្ទេរ​ទុន ការ​បង់​ថ្លៃ​អគ្គិសនី ទឹក កាត​ទូរស័ព្ទ​ការ​ទូទាត់​សេវា​អ៊ីន​ធឺណិត​និង​ការ​ឆែក​មើល​អត្រា​ប្តូរ​ ប្រាក់​។
លោក​អ៊ិន ចាន់នី ប្រធាន និង​ជា​អគ្គ​នាយក​ធនាគារ​អេស៊ីលីដា បាន​លើក​ឡើង​នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​នោះ​ថា៖ «​យើង​បាន​ចាប់​ផ្តើម​ការ​ផ្តល់​សេវា​តាម​ទូរ​ស័ព្ទ​ចល័ត​នៅ​២០១០ ដោយ​ផ្តល់​ដល់​អ​តិ​ថិជន​នូវ​គម្រោង​ធនាគារ​តាម​ទូរស័ព្ទ​ការ​ជូន​ដំណឹង និង​ការ​ទូទាត់​ប្រាក់​ជា​ដើម​»​។ លោក​បាន​បន្ថែម​ថា៖ «ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ យើង​កត់​សម្គាល់​ឃើញ​ថា មាន​កំណើន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ជា​ច្រើន​ក្នុង​ចំណោម​អតិថិជន​ កម្ពុជា​ជា​ច្រើន​ដែល​មិន​មាន​គណនី​ធនាគារ»។
លោក​បាន​លើក​ឡើង​ទៀត​ថា ការ​ពង្រីក​សេវា​ដល់​អតិថិជន​ទាំង​នោះ តាម​Unity របស់​អេស៊ីលីដា និង Mobiliti Reach អាច​ឲ្យ​យើង​ក្លាយ​ទៅ​ជា​អ្នក​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​នាំ​មុខ​គេ​ក្នុង​ ចំណោម​កម្មករ​រោង​ចក្រ កសិករ​នៅ​តំបន់​ជន​បទ។
លោក អ៊ិន ចាន់នី បាន​លើក​ឡើង​ថា ការ​ពង្រីក​សេវា​Unity ដែល​បាន​ចាប់​ផ្តើម​នៅ​ខែ​កក្កដា ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​ឡើយ​នោះ មាន​គោល​ដៅ​ផ្តោត​ជា​សំខាន់​លើ​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស។
លោក​បន្ត​ ទៀត​ថា៖ «បច្ចុប្បន្ន មាន​កម្មករ ៣៥០ ០០០​នាក់​នៅ​ក្នុង​ឧស្សា​ហ​កម្ម​កាត់​ដេរ។ ប្រជា​ជន​ទាំង​នោះ​ចង់​ផ្ញើ​ប្រាក់​មក​ផ្ទះ ឲ្យ​គ្រួសារ​របស់​ខ្លួន នៅ​ជន​បទ។ ដូច្នេះ ពួក​គេ អាច​ប្រើប្រាស់​សេវា Unity ដើម្បី​ផ្ញើ​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​បាន»។
ដោយ​មិន​ចាំ​បាច់​ទៅ​ដល់ ​តាម​សាខា​ទេ អ្នក​ប្រើ​ប្រាស់​សេវា Unity អាច​ផ្ទេរ​ប្រាក់​ដោយ​ការ​បញ្ជូន​សារ​ជា​អក្សរ​ដោយ​មាន​លេខ​កូដ អ្នក​ទទួល​អាច​ទទួល​បាន​ប្រាក់​ពី​ATM នៅ​ទូ​ទាំង​ប្រទេស​ឬ​ទៅ​បញ្ជរ​ណា​មួយ ដើម្បី​ទទួល​ប្រាក់។
លោក​Thomas Hundt អគ្គនាយក​របស់​ទូរស័ព្ទ​ចល័ត Smart Mobile បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ប្រើ​ប្រាស់​ទូទៅ និង​អាជីវកម្ម​សេវា​ធនាគារ កំពុង​កើន​ឡើង​នៅ​កម្ពុជា។
លោក​បាន​ឲ្យ​ ដឹង​ថា សេវា​ធនាគារ​មិន​ទាន់​ជះ​ឥទ្ធិពល​នៅ​កម្ពុជា ដូច​នៅ​អា្រហ្វិក​ឡើយ ប៉ុន្តែ​ជា​ទូ​ទៅ យើង​សង្កេត​ឃើញ​មាន​និន្នាការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត​កើន​ឡើង ហើយ​Smart កំពុង​គាំ​ទ្រ​ការ​ប្រើ​ប្រាស់​នោះ យ៉ាង​ពេញ​ទំហឹង៕CS

Friday, September 28, 2012

កម្ពុជា​អំណោយ​ផល​ខាង​ឧស្សាហកម្ម


120927_11
សេវាថែទំា​រថយន្តរបស់​ក្រុមហ៊ុន​​ ហុងដា នៅ​រាជធានីភ្នំពេញ​។ កម្ពុជាកំពុង​អំពាវនាវ​ឲ្យមានការ​វិនិយោគ​ក្នុង​​វិស័យឧស្សាហកម្ម​បន្ថែម​ទៀត​នៅកម្ពុជា​។ រូបថត វីរៈ ម៉ៃ​
ភ្នំពេញៈ សេដ្ឋវិទូ និង​ដៃគូ​ពាណិជ្ជកម្ម​បាន​អំពាវ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ផលិតកម្ម​នៅ​ប្រទេស ជិត​ខាង​កម្ពុជា​មក​ធ្វើ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​នេះ​មិន​រង​ផល​ប៉ះពាល់​ពីគ្រោះ​ទឹក​ជំនន់​ដែល​បង្ក​ឲ្យ​រាំង​ ស្ទះ​ដល់​ផលិតកម្ម ដូច​នៅ​ប្រទេស​ថៃ និង​វៀតណាម​នោះ​ទេ។
មន្ត្រី​ជាន់​ ខ្ពស់​កម្ពុជា ក៏បាន​អះអាង​ដែរ​ថា វិស័យ​ឧស្សាហកម្ម​កម្ពុជា​អាច​ធន់​នឹង​គ្រោះ​ទឹក​ជំនន់​បាន​បើ​ធៀប​នឹង ប្រទេស​ជិត​ខាង។
លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ក្នុង​ខួប​២០​ឆ្នាំ​របស់​ក្រុមហ៊ុន ហុងដា និង N.C.X Group នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រទេស​កម្ពុជា ប្រឈម​នឹង​ទឹក​ជំនន់​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​រោងចក្រ ឬ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ឡើយ។ លោក​បន្ត​ថា បច្ចុប្បន្ន ថៃ កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​។ លោក​បន្ត​ថា៖«ទោះ​បី​ជា​កម្ពុជា​ជួប គ្រោះ​ទឹក​ជំនន់​ជា​រៀង​រាល់​ឆ្នាំ​ក្តី វា​មិន​បាន​ប៉ះ​ពាល់​ដល់​តំបន់​ឧស្សាហកម្ម​​ឡើយ។ វា​ប៉ះពាល់​តែ​វាល​ស្រែ​តាម​ដង​ទន្លេ​មេគង្គ​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​បាន​ប៉ះពាល់​ដល់​រោង​ចក្រ​ឡើយ។ ម្យ៉ាង​វិញ​ទៀត យើង​បាន​ព្យាករ​ថា នៅ​ឆ្នាំ​នេះ ទឹក​ជំនន់​ធំ​ជាង​កាល​ពី​ឆ្នាំ​មុន ដូច្នេះ​យើង​កំពុង​ព្យាយាម​ទប់​ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន​មក​លើ​ សេដ្ឋកិច្ច។ វា​នឹង​មិន​អាច​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ដែល​ស្ថិត​នៅ​ ទីតាំង​ល្អ​ឆ្ងាយ​ពី​តំបន់​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ទេ»។
កម្ពុជា​ស្ថិត ក្នុង​តំបន់​អំណោយ​ផល​ដល់​ការ​ធ្វើ​អាជីវកម្ម មាន​បរិយាកាស​វិនិយោគ​ល្អ ហើយ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​បរទេស។ នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​ហ៊ុន​ជប៉ុន​ផ្សេងៗ​ទៀត​ដែល​ មាន​រោង​ចក្រ​នៅ​ថៃ​គួរ​ពិចារណា​អំពី​កម្ពុជា។ នេះ​បើ​តាម​លោក ចម ប្រសិទ្ធ។
លោក Hiroshi SUZUKI ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​សេដ្ឋវិទូ​ប្រចាំ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​អាជីវកម្ម​កម្ពុជា បាន​កត់​សម្គាល់​ឃើញ​ថា ទឹក​ជំនន់ មិន​សូវ​ជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ឡើយ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង។
ហេដ្ឋា​រចនា​សម្ព័ន្ធ ដូច​ជា ផ្លូវ​ថ្នល់ រង​ផល​ប៉ះ​ពាល់​តិច​តួច ហើយ​ការ​ត​ភ្ជាប់​រវាង​ភ្នំពេញ ថៃ និង​វៀតណាម មិន​សូវ​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ។
មាន​តែ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ប៉ុណ្ណោះ ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​។
លោក​បន្ត ថា វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា អាច​ធន់​បាន​នឹង​គ្រោះ​ទឹក​ជំនន់។ ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុន មាន​ទំហំ​ធំជាង​គេ​បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ ប៉ុន្តែ​រោង​ចក្រ​ស្ទើរ​តែ​ទាំង​អស់ អាច​ចៀស​ផុត​ពី​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​បាន។
រោងចក្រ ក៏​ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​អាច​ធន់​នឹង​ទឹក​ជំនន់​បាន ហើយ​ឧស្សាហកម្ម​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា រោងចក្រ​កាត់​ដេរ និង​វាយនភ័ណ្ឌ មិន​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​បាន​ឡើយ។
លោក​ថ្លែង​ ថា ក្រុមហ៊ុន មីនីបៀ (Minebea) បាន​សម្រេច​ចិត្ត និង​ចាប់​ផ្តើម​សាង​សង់​រោង​ចក្រ​ទី​ពីរ​របស់​ខ្លួន នៅ​ក្បែរ​រោងចក្រ​ទី១ ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ ដែល​នេះ​ជា​គំរូ​មួយ​នៃ​ការ​គ្រប់គ្រង​ហានិភ័យ​ដោយ​គ្រោះទឹក​ជំនន់​នៅ ប្រទេស​ថៃ។
ទោះបី​យ៉ាង​នេះ​ក្តី​លោក​បាន​អះអាង​ថា ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់ មិន​អាច​បង្ខំ​ឲ្យ​ក្រុម​​ហ៊ុន​ជប៉ុន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ​ភ្លាមៗ បាន​ឡើយ៖ «ក្នុង​រយៈពេល​មធ្យម ក្រុមហ៊ុន​ខ្លះ ​ពិសេស​ក្រុមហ៊ុន​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​នឹង​ពិចារណា​អំពី​ការ​ផ្ទេរ ផ្នែក​មួយ​ចំនួន​នៃ​រោង​ចក្រ​របស់​ខ្លួន មក​តំបន់​មាន​សុវត្ថិភាព ដូច​ជា​ កម្ពុជា ហើយ​នេះ​ជា​វិធានការ​នៃ​ការ​គ្រប់គ្រង​ហានិភ័យ​»។
លោក ឆាយ រតនៈ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា គ្រោះ​ទឹក​ជំនន់ កាល​ពី​ឆ្នាំ​មុន បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​គម្រោង​សាង​សង់​មួយ​ចំនួន នៅ​សៀម​រាប និង​គម្រោង​ផ្លូវ​ដែក​នៅ​ខេត្ត​បន្ទាយ​មានជ័យ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រហែល១​លាន​ដុល្លារ​អាមេរិក។ លោក​សង្ឃឹម​ថា នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល នឹង​ត្រៀម​ខ្លួន​ឲ្យ​បាន​ប្រសើរ​ទប់​នឹង​ផល​ប៉ះពាល់​នៃ​ទឹក​ជំនន់​មក​លើ សេដ្ឋកិច្ច​របស់​កម្ពុជា។
កាល​ពី​មុន​ទឹក​ជំនន់ បាន​ប៉ះពាល់​ខេត្ត​មួយ​ចំនួន នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ ដែល​បំផ្លាញ​ផល​ដំណាំ​សរុប​ប្រហែល​១០​ភាគ​រយ ចំណែក​នៅ​ប្រទេស​ថៃ​វិញ ខេត្ត​ចំនួន​៣២ ក្នុង​ចំណោម​៧៧ រងគ្រោះ​ដោយ​ទឹក​ជំនន់។
កាល​ពី​ ឆ្នាំ​ទៅ​រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ទឹក​ប្រាក់​ប្រហែល ២០០​លាន​ដុល្លារ​សម្រាប់​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​ទឹក​ជំនន់។
នៅ​ឆ្នាំ​២០១២ នេះ​ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ថវិកា​ជាតិ​ប្រហែល​៩០​លាន​ដុល្លារ ដើម្បី​ទប់​ទល់​នឹង​ទឹក​ជំនន់​ដែរ៕ CS

Saturday, September 15, 2012

អូបាម៉ា​សន្យា ចាប់​ខ្លួន​ក្រុម​ឃាតក​សម្លាប់​ឯកអគ្គ​រដ្ឋ​ទូត​មក​កាត់​ទោស


លោកបារ៉ាក់ អូបាម៉ា ធ្វើសេចក្តី​ថ្លែង​ការណ៍ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ លោក​ស្រី ហ៊ីឡារី គ្លីន​តុន បន្ទាប់​ពី​មរណភាពរបស់​មន្ត្រីទូត នៅលីប៊ី។ REUTERS

ក្រុង វ៉ាស៊ីន/បេនហ្គាហ្ស៊ីៈ ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន សន្យា​នាំ​ខ្លួន​ក្រុម​ខ្មាន់​កាំភ្លើង​អ៊ិស្លាម​និយម​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ ដែល​បាន​សម្លាប់​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​លីប៊ី និង​ពលរដ្ឋ​អាមេរិក​បី​នាក់​ផ្សេង​ទៀត​មក​កាត់​ទោស​នៅ​ក្នុង​ការ​វាយ​ប្រហារ ​ដែល​អាច​មាន​ការ​រៀបចំ​ទុក​ជាមុន​មួយ។
លោក​ឯក​អគ្គ​រដ្ឋ​ទូត គ្រីស្តូហ្វើរ​ ស្ទេវិន​ និង​ពលរដ្ឋ​អាមេរិក​បី​នាក់ ទៀត ​បាន​ស្លាប់​បន្ទាប់​ពី​ក្រុម​ប្រដាប់​អាវុធ​អ៊ិស្លាម​និយម បាន​វាយ​ប្រហារ​ស្ថាន​កុង​ស៊ុល​អាមេរិក​មិន​សូវ​រឹងមាំ និង​ជម្រក​ផ្ទះ​សុវត្ថិភាព​មួយ​នៅ​ក្រុង​បេនហ្គាហ្ស៊ី​កាល​ពី​រាត្រី​ ថ្ងៃ​អង្គារ​។ ក្រុម​អ្នក​វាយ​ប្រហារ​គឺជា​ផ្នែក​មួយ​នៃ​ហ្វូង​ជន​អន្ធពាល ដែល​កំពុង​ចោទ​អាមេរិក​ជុំវិញ​ភាពយន្ត​មួយ ដែល​ពួក​គេ​​ថា បាន​ប្រមាថ​ព្យាការី មូហាម៉ាត់។
លោក​អូបាម៉ា បាន​និយាយ​ថា លោក​បាន​បញ្ជា​ឲ្យ​បង្កើន​សន្តិសុខ​នៅ​តាម​មូលដ្ឋាន​ទូត​អាមេរិក​នៅ​ទូទាំង​ពិភពលោក​បន្ទាប់​ពី ការ​វាយ​ប្រហារ​នោះ។
ខណៈ​កំពុង​ទទូច​ថា វា​នឹង​មិន​គំរាម​កំហែង​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ថ្មី​លីប៊ី លោក​អូបាម៉ា​ថ្លែង​ថា៖ «អាមេរិក ថ្កោល​ទោស​ក្នុង​ពាក្យ​សម្តី​ធ្ងន់​បំផុត​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​យង់ ឃ្នង​និង​គួរ​ឲ្យ​តក់ស្លុត​នេះ។ ដោយ​មិន​ធ្វើ​ឲ្យ​មាន កំហុស យើង​នឹង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​លីប៊ី ដើម្បី​នាំ​ខ្លួន​ឃាតក ដែល​បាន​វាយ​ប្រហារ​ពលរដ្ឋ​យើង​ មក​កាត់​ទោស​តាម​ច្បាប់​»។
ស្ថានកុង ស៊ុល​អាមេរិក​នោះ​ត្រូវ បាន​ចូល​លុក​លុយ​ និង​បាន​ដុត​បំផ្លាញ​ក្នុង​ការ​វាយ​ប្រហារ​បែប​យោធា​មួយ លោក​ឯកអគ្គ​រដ្ឋ​ទូត​បាន  ស្លាប់​តែ​ម្នាក់​ឯង នៅ​ក្នុង​ផ្សែង ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​រត់​ចូល​ទៅ​ក្នុង​ការ​ពួន​ស្ទាក់​វាយ ប្រហារ​សម្លាប់​មនុស្ស​មួយ ខណៈ​ពួក​គេ​ព្យាយាម​ជួយ អ្នក​នៅ​មាន​ជីវិត។ ក្រុម​អ្នក​វាយ​ប្រហារ បាន​ប្រើ​កាំភ្លើង​ដៃ កាំភ្លើង​ត្បាល់ និង​គ្រាប់​បែក​ដៃ។ ក្រុម​មន្ត្រី​អាមេរិក និង​លីប៊ី​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​អាច​មាន​ ផែន​ការ​ទុក​ជាមុន។
អំពើ​ហិង្សា​នៅ​ក្រុង​ ភាគខាង​កើត នេះ បាន​កើត​ឡើង​នៅ​ចំ​ថ្ងៃ​ខួប​ទី​១១ នៃ​ការ​វាយ​ប្រហារ​​របស់​ក្រុម​អាល់កៃដា​លើ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា ២០០១​។ ការ​វាយ​ប្រហារ​មួយ​ ត្រូវ​បាន​កើត​ឡើង​នៅ ឯស្ថាន​ទូត​អាមេរិក​នៅ​ក្នុង​ទីក្រុង​គែរ​ កាល​ពី​ថ្ងៃ​អង្គារ ដែល​ក្នុង​នោះ​ក្រុម​អ្នក​តវ៉ា ដែល​រួម​មាន​ក្រុម​អ៊ិស្លាម​និយម និង​ក្រុម​គាំទ្រ​បាល់​ទាត់​យុវវ័យ​ផង​បាន​ហែក​ចោល​ និង​ដុត​ទង់​ជាតិ​អាមេរិក។
កាល​ពី​រាត្រី​ថ្ងៃ​ពុធ នៅ​ក្រុង​គែរ​ កម្លាំង​សន្តិសុខ បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​គប់​ដុំ​ថ្ម​កាន់​តែ​ច្រើន នៅ​ក្បែរ​ស្ថាន​ទូត​អាមេរិក​។ ការ​ផ្សាយ​ផ្ទាល់ តាម​ទូរ​ទស្សន៍ បាន​បង្ហាញ​ពី​បាតុករ​រាប់​រយ​នាក់​នៅ​ឯ​ស្ថានទូត​។
ក្រុម​មន្រ្តី​អាមេរិក បាន​និយាយ​ថា កម្លាំង​សន្តិសុខ ត្រូវ​គេ​បំបែក​ចេញ​ពី​លោក​ស្ទេវិន វ័យ​៥២​ឆ្នាំ  ក្នុង​ពេល​វាយ​ប្រហារ​​ ដោយ​ពណ៌នា​ទិដ្ឋភាព​វឹកវរ​ដែល​មាន​ផ្សែង ការ​បាញ់​កាំភ្លើង និង​ច្របូក​ច្របល់​។
វេជ្ជបណ្ឌិត​លីប៊ី​ម្នាក់​បាន ប្រកាស​ ថា ​ស្ទេវិន​ស្លាប់​ដោយ​សារ​ឈ្លក់​ផ្សែង​។ អ្នក​ឯកទេស​បច្ចកវិទ្យា​ព័ត៌មាន​ លោក​សៀន ស្មីត​ និង​ពលរដ្ឋ​អាមេរិក​បី​នាក់​ទៀត ដែល​មិន ទាន់​ស្គាល់​អត្តសញ្ញា ក៏​ត្រូវ​បាន សម្លាប់​ដែរ​។
ក្នុង​ចំណោម​ជន​ដៃ​ដល់ ពលរដ្ឋ​លីប៊ី​បាន​ប្រាប់​ថា ជាកង​ឯកភាព ក្រុម​ប្រដាប់​អាវុធ​អ៊ិស្លាម អានសារ អាល់-សារៀ ដែល​មាន​សមាន​ចិត្ត​ នឹង​ក្រុម​អាល់កៃដា​និង មើល​ងាយ​កិច្ច​ប្រឹង​ប្រែង​គាំទ្រ​ដោយ​អាមេរិក​របស់​លីប៊ី​ដើម្បី​ប្រជាធិបតេយ្យ។
មន្ត្រី​អាមេរិក​ម្នាក់​និយាយ​ថា យោធា​អាមេរិក​កំពុង​បញ្ជូន​នាវា ពិឃាត​ពីរ​គ្រឿង​ទៅ​កាន់​ឆ្នេរ​សមុទ្រ​លីប៊ី ធ្វើ​ឲ្យ​រដ្ឋ​ការ​អូបាម៉ា បង្ហាញ​ពី​ភាព​បត់​បែន សម្រាប់​វិធានការ​នា​ពេល​អនាគត​ណាមួយ​ប្រឆាំង​នឹង​លីប៊ី​៕ NR







Monday, September 3, 2012

ខេមកូស៊ីធី បន្ត​អភិឌ្ឍន៍​ហាង​លក់​ទំនិញ-សួន​ច្បារ


120830_02
សំណង់​អគារ​ជា​ច្រើន​ ដែល​កសាង​ឡើង​នៅ​ក្នុង​គម្រោង​របស់​ទីក្រុង​រណបខេមកូស៊ីធី ។ រូបថត ហុង មីនា
ភ្នំពេញ​: គម្រោង​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី បាន​ចាប់​ផ្តើម​សកម្មភាព​សាងសង់​បន្ត​គម្រោង​ហាង​លក់​ទំនិញ​និង​ សួន​ច្បារ​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​អាក់​ខាន​សកម្មភាព​ចាប់​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ​២០១១​មក​។
កត្តា​ឥទិ្ធពល​ទីផ្សារ​តម្រូវការ​ក្នុង​ស្រុក​ និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ធ្វើ​ឲ្យ​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ នេះ ត្រូវ​ផ្អាក​សកម្មភាព​សាង​សង់​មួយ​រយៈ​។
លោក ​ខេង​ សែ ​ជំនួយ​ការ​អគ្គ​នាយក​ក្រុមហ៊ុន​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី មាន​ប្រសាសន៍​ថា ​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​កំពុង​បន្ត​ការ​វិនិយោគ​ជំហាន​ទី១​ ដែល​នៅ​ព័ទ្ធ​ជុំវិញ​ទីក្រុង​នេះ​ជា​បន្ត​ទៀត។ ​ប៉ុន្តែ​នៅ​ពេល​នេះ​គម្រោង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផ្សេង​ៗ​ទៀត ក្រុមហ៊ុន​​មិន​ទាន់​ចាប់​ផ្តើម​ធ្វើ​នៅ​ឡើយ​ទេ ​ហើយ​ក៏​មិន​បាន​កំណត់​ថា​ នឹង​ធ្វើ​វា​នៅ​ពេល​ណា​ដែរ​ ដោយ​នៅ​ពេល​នេះ​ក្រុមហ៊ុន​ធ្វើ​សម្រាប់​ជំហាន​ទី១​ ដែល​នៅ​សេស​សល់​ដើម្បី​បញ្ចប់​តែ​ប៉ុណ្ណោះ​។
ជំនួយ​ការ​រូប​នេះ​បន្ត​ថា ​ជំហាន​ទី១​យើង​សម្រេច​ការ​សាង​សង់​បាន​៧០​ភាគរយ​ហើយ ដោយ​នៅ​ពេល​នេះ​យើង​ធ្វើ​ដើម្បី​បញ្ចប់​គម្រោង​ដែល​នៅ​សល់​៣០​ភាគរយ ​ក្នុង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​ហាង​ទំនិញ ​និង​សួន​ច្បារ​ជាដើម​។ ​លោក​បញ្ជាក់​ថា​៖​«ជំហានទី១​ដែល​មាន​បី​ដំណាក់​កាល​នោះ ក្រុមហ៊ុន​បាន​សាង​សង់​ស្ទើរ​តែ​ចប់​រួច​រាល់​អស់​ទៅ​ហើយ​ ដោយ​នៅ​សល់​តែ​ដំណាក់​កាល​ទី៣​ នេះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ គឺវា​អាស្រ័យ​លើ​ដៃ​គូ​ភាគី​វិនិយោគ​របស់​យើង​»។
លោក​បាន​បន្ថែម​ថា ​ដំបូង​ដៃ​គូ​វិនិយោគ​របស់​យើង​គេ​បាន​ទិញ​អគារ​នេះ​អស់​តែ​ម្តង​គឺ​១០០​ ភាគរយ​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​លក់​ដំបូង ដោយ​រហូត​មក​ដល់​ពេល​នេះ​ការ​អភិវឌ្ឍ​នៅ​ជំហាន​ទី១ ដំណាក់​កាល​ទី១​ និង​ដំណាក់​កាលទី២​បាន​បញ្ចប់​ហើយ​ នៅ​តែ​ដំណាក់​កាល​ទី៣ កំពុង​រង់ចាំ​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​គូ​ភាគី​វិនិយោគ​។
លោក​បាន​អះអាង​ថា​ ៖«​បើ​ទោះ​បី​ជា​យើង​ចាប់​ផ្តើម​បន្ត​សកម្មភាព​ឡើង​វិញ​ពេល​នេះ​ក៏​ដោយ ​ក៏​ខាង​ក្រុមហ៊ុន​យើង​នៅ​មិន​ទាន់​មាន​ផែន​ការ​រៀបចំ​ថវិកា​សម្រាប់​ការ​ វិនិយោគ​គម្រោងធំៗ​ជា​បន្ត​ទៀត​នៅ​ឡើយ​ទេ​»​។ ​លោក​បន្ថែម​ថា ​សព្វ​ថ្ងៃ​យើង​កំពុង​វិនិយោគ​ទៅ​លើ​ហាង​ទំនិញ ​និង​រៀបចំ​សួន​ច្បារ​សាធារណៈ ​ប៉ុន្តែ​តម្រូវ​ការ​លក់ ​និង​ជួល​មាន​ចំនួន​ប៉ុន្មាន​លោក​សុំ​មិន​ប្រាប់​ទេ ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា ​មាន​តម្រូវ​ការ​ច្រើន​។
លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ​ជំហាន​ទី១​នៃ​ការ​វិនិយោគ​ផ្ទះ​ល្វែង ​និង​វីឡា​យើង​បាន​លក់​អស់​ហើយ​ ដោយ​នៅ​សល់​ផ្ទះ​ប្រភេទ​ខុន​ដូ​ចំនួន​តិច​តួច​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្នុង​ការ​ប្រកាស​លក់​ជា​បន្ត​ទៀត​។
លោក​បាន​បន្ថែម​ថា ​គម្រោង​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី​ជា​គម្រោង​ធំ​ដែល​សព្វ​ថ្ងៃ ធ្វើ​បាន​តែ​១​ភាគ​១០​នៃ​គម្រោង​ទាំង​មូល​តែ​ប៉ុណ្ណោះ។ ​លោក​ជឿថា ​គម្រោង​ធំ​ថ្មីៗ​នឹង​មាន​បន្ត​បន្ទាប់​ទៀត​ក្រោយ​ពី​បញ្ចប់​ជំហាន​ទី១​នេះ ដោយ​វា​គ្រាន់​តែ​ត្រូវ​ការ​ពេលវេលា​ដើម្បី​វិភាគ​លើ​តម្រូវការ​ទីផ្សារ​ បន្ថែម និង​ស្វែងរក​ដៃ​គូរ​វិនិយោគ​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ​ ព្រោះ​នេះ​ជា​គម្រោង​ធំ​។
លោក ​អាន ​ចន្នី ​ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ពេល​នេះ​ក្រុម​ហ៊ុន​កំពុង​រៀបចំ​ផែន​ការ​លក់ និង​ជួល​ហាង​ទំនិញ​ចំនួន​ជាង​៣០​ហាង។ លោក​បញ្ជាក់​ថា ​៖«​ហាង​ចំនួន​១០​ត្រូវ​បាន​អតិថិជន​កក់​អស់​ទៅ​ហើយ ​តាំង​ពី​ចាប់​ដំណើរ​ការ​សាង​សង់​មក​ម្ល៉េះ»។​ លោក​បន្ត​ថា ​គម្រោង​វិនិយោគ​ហាង​ទំនិញ​នេះ​បាន​ចាប់​ផ្តើម​សាង​សង់​នៅ​ពាក់​កណ្តាល​ខែ​ កក្កដា​កន្លង​មក ហើយ​ខ្ញុំ​គិត​ថា ​៣​ទៅ​៤ខែ​ទៀត​ទើប​ចប់​ ដោយ​គេ​នឹង​ដាក់​ជួល​ក្នុង​តម្លៃ​ចន្លោះ​ពី​៥​ទៅ​៨​ដុល្លារ​ក្នុង​មួយ​ ម៉ែត្រការ៉េ​។
លោក ចន្នី បាន​បន្ថែម​ថា ​គម្រោង​ដែល​កំពុង​ធ្វើ​នៅ​ពេល​នេះ​ គឺ​ដើម្បី​បញ្ចប់​ការងារ​ចាស់ៗ​ដែល​នៅ​សល់​តែ​ប៉ុណ្ណោះ ហើយ​លំនៅដ្ឋាន​ ផ្ទះ​ល្វែង ​និង​វីឡា​បាន​លក់​អស់​ទៅ​ហើយ ​សល់​តែ​ខុន​ដូប្រហែល​២០​ភាគរយ​តែ​ប៉ុណ្ណោះ ​ដោយ​បន្ទប់​ដែល​មាន​បន្ទប់​គេង​២​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​១៤​ទៅ​១៦​ ម៉ឺន​ដុល្លារ​ចំណែក​បន្ទប់​ដែល​មាន​បន្ទប់​គេង​៣ លក់​ក្នុង​​តម្លៃ​ចន្លោះ​ពី​១៨​ទៅ​២០​ម៉ឺន​ដុល្លារ ​និង​៤​បន្ទប់​គេង លក់​ក្នុង​តម្លៃ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។
ទីក្រុង​រណប​ខេមកូស៊ីធី ស្ថិត​នៅ​ក្នុង​តំបន់​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​មាន​សុវត្ថិភាព មាន​បរិស្ថាន​ល្អ ​ជា​មួយ​ការ​វិនិយោគ​ច្រើន​ធ្វើ​ឲ្យ​ទីផ្សារ​ជួល​ងាយ​ស្រួល​ក្នុង​ការ​រក​ អតិថិជន​។ លោក​ ចន្នី បាន​បញ្ជាក់​ថា៖​«នៅ​រយៈ​ពេល​បីខែ​ចុង​ក្រោយ​នេះ ​មាន​អតិថិជន​បរទេស​មក​ជួល​កើន​ឡើង​ច្រើន​ជាង​កាល​ពី​ដើម​ឆ្នាំ​នេះ​»។
លោក ​ច្រឹក សុខនីម អនុ​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​វីត្រាស់ មាន​ប្រសាសន៍​ថា ការវិល​ត្រឡប់​នៃ​សកម្មភាព​វិនិយោគ​ទីក្រុង​រណប​ខេមកូស៊ីធី​ គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ ដែល​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​កើន​ឡើង​។ លោក​បន្ត​ថា ​ការ​វិនិយោគ​ធំៗ​គឺ​ទាមទារ​ឲ្យ​មាន​​ភាព​ច្បាស់​លាស់ ​ទើប​ការ​វិនិយោគ​អាច​ដំណើរ​ការ​ដល់​គោល​ដៅ​បាន​ ហើយ​ការ​វិល​ត្រឡប់​នៃ​ក្រុមហ៊ុន​នេះ​អាច​នឹង​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ​ ដែរ​។
លោក​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​គិត​ថា ការ​វិនិយោគ​ហាង​ទំនិញ ​នៅ​ទីនោះ​នា​ពេល​នេះ​ពិត​ជា​ល្អ ​គឺ​អាច​ធ្វើ​ឲ្យ​ការវិ​និយោគ​ជំហាន​ទី១​របស់​ក្រុមហ៊ុន​មាន​តម្លៃ​ឡើង​ វិញ ​ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ការ​វិនិយោគ​ជំហាន​បន្ទាប់​របស់​ក្រុម​ហ៊ុន​ ទទួល​បាន​ជោគជ័យ​ផង​ដែរ​»។
លោក​បាន​បន្ថែម​ថា​ ទីផ្សារ​អចលនទ្រព្យ​សព្វ​ថ្ងៃ​កំពុង​ធ្វើ​ដំណើរ​ម្តង​មួយ​ជំហានៗ ​ដូច្នេះ​ការ​វិនិយោគ​ចាំ​បាច់​គឺ​ត្រូវ​ការ​ពេលវេលា​ដែល​ជា​រឿង​ល្អ​ដែរ​ សម្រាប់​ការ​វិនិយោគ​យូរ​អង្វែង៕

Saturday, September 1, 2012

ទំនិញ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​សហរដ្ឋអាមេរិក​​នៅ​ឆ្នាំ​២០១១​មានការ​កើនឡើង

 
ខេត្តសៀមរាប ​៖​ យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​មាន​ ស្តី​ពី​កិច្ច​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ ជាមួយ​តំណាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ នៅ​សណ្ឋាគារ​អ​ប្សា​រា​អង្គរ​រី​ស្សត​ នៅ​ក្រុង​សៀមរាប​ ក្រោម​អធិបតី​ លោក​ទេស​ រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​ កម្ម​កម្ពុជា​ និង​លោក​ Ron​ Kirk​ តំណាង​រដ្ឋមន្ត្រី​ ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ កាលពី​ព្រឹក​ ថ្ងៃ​ទី​៣០​ សីហា​ ឆ្នាំ​២០១២​ បាន​ឲ្យ​ដឹង​ថា​ តាម​ទិន្នន័យ​របស់​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ ថា​ ទំនិញ​ពាណិជ្ជកម្ម​សរុប​រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១១​ កើនឡើង​ ៩.២%​ គឺ​កើន​ពី​១៧៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ទៅ​១៩៤​លាន​ដុល្លារ​អា​មេ​រិ​ក​ លើស​ពី​ឆ្នាំ​ មុន​ ។​ ទំនិញ​ពាណិជ្ជកម្ម​អាស៊ាន​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក​ បាន​កើនឡើង​ជិត​៨.៦%​ គឺ​ ៧៦,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ខណៈ​ដែល​ទំនិញ​ពាណិជ្ជកម្ម​អាស៊ាន​ នាំ​ចេញ​ទៅ​ សហរដ្ឋអាមេរិក​បាន​កើនឡើង​ ៩.៨%​ គឺ​ កើន​១១៨.២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ ឆ្នាំ​២០១១​ ។​
​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នោះ​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំងអស់​ បាន​ធ្វើការ​កត់​ សំគាល់​អំពី​ទំនាក់ទំនង​លើ​ការ​ផ្លាស់​ប្តូរ​ផ្នែក​វិស័យ​ពាណិជ្ជកម្ម​រវាង​ អាស៊ាន​ និង​សហរដ្ឋ​អា​ មេ​រិ​ក​ មាន​ភាពរឹងមាំ​ និង​រីក​ចំរើន​ ។
​ដោយឡែក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ អាជីវកម្ម​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​១​ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​មេ​ឌី​យ៉ា​ណ​អង្គរ​ នា​ព្រឹក​ថ្ងៃ​នោះ​ដែរ​ លោក​អគ្គលេខាធិការ​ អាស៊ាន​ ស៊ូ​រិ​ន្ទ​ ពិត​ស៊ូ​វណ្ណ​ (​ Surin​ Pitsuwan​ )​ មាន​ប្រសាសន៍​ថា​ អាស៊ាន​ទាំងអស់​ពិត​ ជា​បានដឹង​យ៉ាង​ច្បាស់​ហើយ​ថា​ ប្រសិនបើ​អាស៊ាន​មិន​បាន​ត្រៀមខ្លួន​ ដោយ​ប្រុង​ប្រ​ យ័​ត្ន​ និង​បើ​មិន​មាន​ភាព​វៃឆ្លាត​ ព្រមទាំង​មិន​បាន​គិតគូរ​ជ្រើសរើស​ភាព​ជា​ដៃគូ​ សម្រាប់​រៀបចំ​ អនាគត​របស់​ខ្លូ​ន​នោះ​ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ទំនង​នឹង​ស្ថិត​នៅ​ក្នុង​ភាព​ភយន្តរាយ​ ដូច្នេះ​សហរដ្ឋអាមេរិក​ គឺជា​ដៃគូ​មួយ​ដ៏​ល្អ​សម្រាប់​ បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ។
​លោក​ ដេ​វិត​ ខា​រិ​ន​ តំណាង​លោក​ Ron​ Kirk​ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​អះអាង​បញ្ជាក់​ជា​រួម​ថា​ កិច្ចប្រជុំ​អាជីវកម្ម​ធុរកិច្ច​ អាស៊ាន​លើក​ទី​១​ ខ្ញុំ​ជឿជាក់​ថា​អា​មេ​រិ​កបាន​អា​មេ​រិ​ក​ បាន​ស្គាល់​ក្រុង​សៀមរាប​-​អង្គរ​ របស់​ កម្ពុជា​ ជា​បន្តបន្ទាប់​ទាំង​ពី​ទស្ស​វ​ត្យ​ឆ្នាំ​១៩៦០​ ហើយ​ក្នុង​នោះ​ពួក​គេ​ ក៏​បាន​ស្គាល់​ប្រទេស​ នៅ​អាស៊ី​-​អាគ្នេយ៍​ផង​ដែរ​ ។​ ហើយ​ការ​ទំនាក់ទំនង​ និង​ការ​នាំ​ទំនិញ​ចេញ​ ចូល​ ក៏​ចាប់​ ផ្ដើម​មាន​ និង​មានការ​កើនឡើង​រាប់​កោដិ​ដុល្លារ​ ដែល​ជា​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ យើង​រួម​គ្នា​ក្នុង​ការ​ជំរុញ​នូវ​កំណើនសេដ្ឋកិច្ច​វិនិយោគ​ និង​ពង្រីក​ទីផ្សារ​ឲ្យ​បាន​ទូលំទូលាយ​ឡើង​រវាង​ អាស៊ាន​ និង​អា​មេ​រិ​ក​ ៕

Sunday, August 26, 2012

អង្គការ​មិត្តសម្លាញ់​ច្នៃ​បដា​អ៊ីហ្ស៊ីខមជា​រ៉ូប និង​វត្ថុផ្សេងៗ

120824_21
ឈុត​រ៉ូប និង​វត្ថុ​ប្រើប្រាស់នានា ដែលកែ​ច្នៃ​ពីបដា​ក្រុមហ៊ុន​អីុហ្ស៊ីខម​។ រូបថត ឈឹម ស្រីនាង
ភ្នំពេញ : ក្រុម ​ហ៊ុន​អ៊ីន​ធឺណិត​អ៊ីហ្ស៊ីខម (Ezecom) បាន​សហការ​ជាមួយនឹ​ង​អង្គការ​មិត្តសម្លាញ់ ដើម្បី​កែច្នៃ​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចាស់ៗ​របស់​ក្រុមហ៊ុន​របស់​ ខ្លួន​ឲ្យទៅជា​កាបូប​យួរ កាបូបដៃ​របស់​ស្រ្តី និង​វត្តុអនុស្សាវរីយ៍​ជាច្រើន​ទៀត​។
កាលពី​ព្រឹកថ្ងៃទី​២៣ សីហា ម្សិលមិញនេះ អ៊ីហ្ស៊ីខម​ក៏បាន​បើក​ពិព័រណ៍​សម្លៀក​បំពាក់ និង​វត្ថុ​ប្រើប្រាស់​ជាច្រើន​ដែល​ធ្វើ​អំពី​សម្ភារ​កែច្នៃ​ឡើងវិញ នៅ​បរិវេណ​E-cafe នៃ​ក្រុមហ៊ុន ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​។
កញ្ញា អ៊ីនហ្គ៍ អូលដ៍ រីកឃើត (Inge Olde Rikkert) ប្រធាន​គ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម​បានឲ្យដឹង​ថា៖ «ពិព័រណ៍នេះ​មាន​គោល​បំណង​ពីរយ៉ាង គឺយើង​ចង់បង្ហាញ​ពី​សមិទ្ធផល​ការងារ​ដ៏អស្ចារ្យ​របស់​អង្គការ​មិត្តសម្លាញ់ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​ពួកគេ​។ ម្យ៉ាង​គឺ​បង្ហាញ​សាធារណជន​ថា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ជាច្រើន​រួមទំាង​ក្រុមហ៊ុន​របស់​យើង​ផងដែរ​មាន​ការយកចិត្ត​ទុកដាក់​អំពី​ បរិស្ថាន និង​ការអនុវត្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន»។
កញ្ញាបាន​ បន្តទៀត​ថា ក្រុមហ៊ុន​បាន​ប្រមូល​បដា​ផ្សព្វផ្សាយ​ចាស់​របស់​អ៊ឹហ្ស៊ីខម​ដែលប្រើរួច ហើយ​ប្រគល់​ឲ្យទៅ​អង្គការ​មិត្ត​សម្លាញ់ ដើម្បី​យកទៅ​កែច្នៃ​ជាវត្តុ​ប្រើប្រាស់​ផ្សេងៗ​ បន្ទាប់ពី​ច្នៃ​រួច​ក្រុមហ៊ុន​នឹង​ទិញ​របស់​ទំាងនោះ​ទុក​ធ្វើជា​កាដូ​ អនុស្សាវរីយ៍​ជូនទៅ​អតិថិជន​របស់​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម។
ក្នុងនោះ​ ផងដែរ លោក ជេមស៍ ស៊ូធឺលេន (James Sutherland)ប្រធាន​ផ្នែក​ទំនាក់​ទំនង​អង្គការ​មិត្តសម្លាញ់​ក៏បាន​ឲ្យដឹង​ ថា៖ «នៅក្នុង​អង្គការ​យើងខ្ញុំ​ផលិតផល​ភាគច្រើន​គឺ​ផលិត​ចេញពី​សម្ភារ​ដែល​លែង​ ប្រើការហើយ យើង​គិតថា ការបង្កើត​ឲ្យ​មាន​ផលិត​ផល​ និង​សម្លៀក​បំពាក់​ច្នៃ​នេះ​ឡើង ​គឺ​ជាវិធីសាស្រ្ត​ដ៏ល្អ​ក្នុងការបង្ហាញ​អំពី​អត្ថប្រយោជន៍​នៃ​ការមិន​ ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ព្រមទំាង​ស្នាដៃ​ប្រកប​ដោយ​ទេពកោសល្យ​របស់​ សិស្ស​ និង​គ្រូ​នៅក្នុង​អង្គការ​មិត្តសម្លាញ់»។
ពិព័រណ៍​ដែល​បាន​ ដាក់តាំង​ដូចជា​សម្លៀកបំពាក់ និង​សម្ភារ​ទាំងនោះ​គឺ​ច្នៃម៉ូដ​ដោយ​សិស្ស​សាលា​ដែល​បាន​បញ្ចប់​ការសិក្សា​ នៅ​ក្នុង​អង្គការ​មិត្ត​សម្លាញ់ រី​ឯ​គ្រឿង​ប្រើប្រាស់​ដ​ទៃ​ទៀត​គឺ​ផលិត​ដោយ​ឪពុក​ម្តាយ​របស់​សិស្ស​ដែល​ ស្ថិត​នៅ​ក្នុង​គម្រោង​បង្កើត​ប្រាក់​ចំណូល​គ្រួសារ​របស់​អង្គ​ការ​នេះ​ផង​ ដែរ​។​
ពិ​ធី​កា​រីនី​ទូរ​ទស្សន៏​ស៊ី​ធី​អិន និង​ជាអតីត​តារា​បង្ហាញ​ម៉ូដ​ឈ្មោះ​លីតា ដែល​បាន​ដើរ​ម៉ូដ​សម្លៀក​បំពាក់​នេះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ថា​៖ «នេះ​ជាលើកទីមួ​យ​ហើយ​ដែល​ខ្ញុំ​បាន​ស្លៀកសម្លៀក​បំពាក់​ប្លែក​បែប​នេះ​ដែល​ ធ្វើ​ពី​ក្រណាត់​PVC។ វាប្លែក​បន្តិច ប៉ុន្តែ​ខ្ញុំគិតថា​វាជា​គំនិត​ដ៏​អស្ចារ្យ​ក្នុង​ការច្នៃ​សម្ភារ​ដែល​ ប្រើរួច មិន​ថា​ជា​សម្ភារ​អ្វី​ទេ»។
ការបង្ហាញម៉ូដ​ឈុត​រ៉ូប​ កែច្នៃនេះ​គឺ​ជា​លើក​ទីពីរ​ហើយ​ដែល​ក្រុម​ហ៊ុន​អ៊ីហ្ស៊ីខម​បាន​រួមសហការ​ជា​ មួយ​អង្គការ​មិត្ត​សម្លាញ់។ ក្រុមហ៊ុននេះ​ក៏​កំពុង​តែផ្តល់​សេវាអ៊ីនធឺណិតឥតគិតថ្លៃ​ដល់​សិស្ស​នៅ​ក្នុង​ អង្គការ​ផងដែរ។
ការទស្សនា​ម៉ូដ​សម្លៀក​បំពាក់ និង​ផលិតផល​ដទៃទៀត​ដែល​បង្កើត​ដោយ​សិស្ស​របស់​អង្គការ​មិត្តសម្លាញ់​អាច​ ធ្វើ​ទៅ​បាន​នៅ E-cafe​ របស់​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម​ នៅតាម​បណ្តោយផ្លូវ​ព្រះសីហនុ​ ដែល​ពិព័រណ៍​នេះ​នឹងតាំង​បង្ហាញ​រយៈ​ពេល​១​ខែ​ពេញ៕

Saturday, August 18, 2012

តម្លៃ​ដី​ធ្លី ក្នុង​រាជធានី​ភ្នំពេញ​កើន​ឡើង​តិចតួច


120816_02
ចំនួន​ប្រជាជន​កាន់​តែ​ច្រើន ​ធ្វើ​ឲ្យ​ដី​ធ្លីនៅ​ភ្នំពេញមាន​តម្លៃ​កើន​ឡើង​ជា​ប្រចាំ ។ ស្រេង ម៉េង​ស្រ៊ុន

ភ្នំពេញ ​: ទីផ្សារ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​តំបន់​ដែល​មាន​តម្លៃ​កើន​ឡើង​ខ្ពស់ ​ជាង​គេ​​គឺ​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​៧​មករា ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១២​ នេះ​បើ​យោង​តាម​របាយការណ៍​ក្រុមហ៊ុន​វាយ​តម្លៃ​អចលនទ្រព្យ​អេស៊ារៀល អ៊ីស្ទេត។
ទិន្នន័យ​បង្ហាញ​ថា តម្លៃ​ដីធ្លី​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​៧មករា​ ក្នុង​រាជធានី​ភ្នំពេញ​ នា​ឆមាស​ទី១​ ឆ្នាំ​២០១២​នេះ​បាន​កើន​ឡើង​១៩,៧​ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១​ ចំណែក​តម្លៃ​ដីធ្លី​ក្នុង​ខណ្ឌ​ចំការមន​ដែល​ល្បី​ថា​ ជា​តំបន់​ល្អ​មាន​តម្រូវការ​ច្រើន​នោះបាន​កើន​ត្រឹម​តែ​៥,៣​ភាគរយ ​និង​ខណ្ឌ​ទួលគោក​បាន​កើន​ឡើង​១២,៧​ភាគរយ​​។
លោក​ កឺក ​ណារិន អនុប្រធាន​ក្រុមហ៊ុន​អេស៊ារៀល​អ៊ីស្ទេត បាន​ប្រាប់​ថា កំណើន​នេះ​​មាន​​តាំង​ពី​ឆ្នាំ​២០១១​មក​ម្ល៉េះ ខណៈ​ពេល​វិបត្តិហិរញ្ញ​វត្ថុ​ពិភពលោក​កាន់​តែ​មាន​ភាព​ធូរ​ស្បើយ​។ ​លោក​បញ្ជាក់​ថា​៖​«វិស័យ​សេដ្ឋកិច្ច​ចាប់​ផ្តើម​ដំណើរ​ការ​ល្អ ​ខណៈ​វិស័យ​ធនាគារ​ បាន​បន្ធូរ​បន្ថយ​លើ​ការ​ប្រាក់​កម្ចី ដែល​បាន​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើងៗ​ ជា​មួយ​នឹង​អ្នក​ទិញ​អចលនទ្រព្យ​សព្វ​ថ្ងៃ​មាន​ទិស​ដៅ​ច្បាស់​លាស់​»​។
របាយការណ៍ ​នោះ​បាន​បង្ហាញ​ទៀត​ថា ​ដី​ធ្លី​ក្នុង​ខណ្ឌ​ដូនពេញ ​តំបន់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឆមាសទី១​ឆ្នាំ​នេះ​ មាន​តម្លៃ​ជា​មធ្យម​ ៣៣៦៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​តំបន់​លំនៅ​ដ្ឋាន​មាន​តម្លៃ​ ​២០៤២​ដុល្លារ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​តំបន់​ធ្វើ​ពាណិជ្ជកម្ម​មួយ​ ម៉ែត្រ​ការ៉េ​ថ្លៃ​២៨៣២​ដុល្លារ និង​តំបន់​លំនៅដ្ឋាន​មាន​តម្លៃ​១៦៩២​ដុល្លារ។
ខណ្ឌ​៧​មករា​ តំបន់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឆមាស​ទី១​ឆ្នាំ​នេះ​តម្លៃ​​ ៣ ០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​តំបន់​លំនៅដ្ឋាន​មាន​តម្លៃ​១៦៨១​ដុល្លារ ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន​តំបន់​ធ្វើពាណិជ្ជកម្ម​មួយ​ ម៉ែត្រ​ការ៉េ​ថ្លៃ​២​៥៩៧​ដុល្លារ​ និង​តំបន់​លំនៅដ្ឋាន​មាន​តម្លៃ​១ ៣៥៧​ដុល្លារ​។
ដីធ្លី​ក្នុង​ខណ្ឌ​ចំការមន​ តំបន់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឆមាស​ទី១​ឆ្នាំ​នេះ​តម្លៃ​គិត​ជា​មធ្យម ​២ ៦៨៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​តំបន់​លំនៅដ្ឋាន​មាន​ត្រឹមតែ ​១ ៣៦២​ដុល្លារ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​តំបន់​ធ្វើ​ពាណិជ្ជកម្ម​មួយ​ ម៉ែត្រ​ការ៉េ​ថ្លៃ​២ ៥០៣​ដុល្លារ ​និង​តំបន់​លំនៅដ្ឋាន​ជា​មធ្យម​ត្រឹម​តែ​១ ៣១៧​ដុល្លារ​។ រីឯដីធ្លី​ក្នុង​ខណ្ឌ​ទួលគោក​ តំបន់​ធ្វើ​ពាណិជ្ជកម្ម​មាន​តម្លៃ​គិត​ជា​មធ្យម ​២ ១៤០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ និង​តំបន់​លំនៅដ្ឋាន​មាន​តម្លៃ​៩៤៨​ដុល្លារ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​តំបន់​ធ្វើ​ពាណិជ្ជកម្ម​មួយ​ម៉ែត្រការ៉េ​ ថ្លៃ​១ ៨២៧​ដុល្លារ​ និង​តំបន់​លំនៅដ្ឋាន​មាន​តម្លៃ​៨៧៤​ដុល្លារ​។
លោក ​ណារិន​ មាន​ថ្លែង​ទៀត​ថា តម្លៃ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ដំណាច់​ឆ្នាំ​នេះ​មិន​រំពឹង​ថា​ កើន​ឡើង​លើស​ឆ្នាំ​ទៅ​មិញ​ច្រើន​ទេ គឺ​វា​អាច​ត្រឹមតែ​៦​ភាគ​រយ​ប៉ុណ្ណោះ​។​ លោក​បាន​លើក​ឡើង​ថា ​អ្នក​វិនិយោគ​ផ្នែក​វិស័យ​អចលន​ទ្រព្យ​មាន​ការ​យល់​ដឹង​ច្រើន​ក្នុង​ការ​ ប្រែ​ក្លាយ​លំនៅដ្ឋាន​ដើម្បី​ធ្វើ​អាជីវកម្ម​ ដែល​ពី​មុន​ពួក​គាត់​វិនិយោគ​តែ​វីឡា ប៉ុន្តែ​ឥឡូវ​នេះ​បាន​ចាប់​ផ្តើម​វិនិយោគ​ជា​អាផាតមិន លក់​ឬ​ជួល​វិញ​ម្តង​។
លោក ​បញ្ជាក់​ថា៖​«​វីឡា​មួយ​ជួល​បាន​តែ​៣​ទៅ​៤ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ​តែ​បើ​សាង​សង់​ធ្វើ​ជា​អាផាតមិន​ ស្ថិត​នៅ​តំបន់​ដូច​គ្នា ​ទំហំ​ដី​ប៉ុន​គ្នា​វិញ​គាត់​អាច​រក​ចំណូល​បាន​ពី​៤​ទៅ​៥ម៉ឺន​ដុល្លារ​ក្នុង ​មួយ​ខែ​»។ ​លោក​បន្ត​ថា ​តម្រូវ​ការ​ជួល​អាផាតមិន បាន​កើន​លើស​ការ​ផ្គត់​ផ្គង់​ពី​៥​ទៅ​១០​ភាគរយ​។
លោក​ ស៊ឹង​ ប៊ុណ្ណា ​ប្រធាន​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធីគ្រុប​ និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា​បាន​ថ្លែង​ថា ទីផ្សារ​អចលន​ទ្រព្យ​នៅ​ភ្នំពេញ​តម្លៃ​ទិញ​ដូរ​ពិត​ប្រាកដ​នៅ​ឆមាសទី១​ ឆ្នាំ​នេះ​បាន​កើន​ឡើង​១០​ភាគរយ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
លោក​បាន​ ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ដី​ធ្លី​ខណ្ឌ​ដូនពេញ​គ្រប​ដណ្តប់​ទៅ​ដោយ​ការ​វិនិយោគ​សំណង់​ច្រើន​មែន​ ប៉ុន្តែ​ខណ្ឌ​នេះ​មាន​ទីតាំង​ល្អ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​ថា ​៖«​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ចំការ​មន​ ល្អ​ដូច​គ្នា​ ​មាន​សក្តានុពល​នៃ​ការ​វិនិយោគ​ប្រហាក់​ប្រហែល​​គ្នា ​ជាក់​ស្តែង​លំនៅដ្ឋាន​តំបន់​បឹង​កេងកង១​ ជា​តំបន់​មាន​តម្រូវ​ការ​ចាំបាច់​ខ្លាំង​ជាង​តំបន់​ផ្សេងៗ​ទៀត​នៅ​ភ្នំពេញ​» ។ ​លោក​បន្ថែម​ថា ​ដីធ្លី​ខណ្ឌ​ចំការមន មាន​សក្តានុពល​៥០​ភាគរយ ដូនពេញ​មាន​៧០​ភាគរយ​ និង​តំបន់​ខណ្ឌ​៧​មករា​ជា​តំបន់​ដែល​មាន​លក្ខណៈ​ទីផ្សារ​ចម្រុះ​តែ​ទីផ្សារ ដោះ​ដូរ​នៅ​មាន​កម្រិត​នៅ​ឡើយ៕

Monday, July 30, 2012

AirAsia អាច​បន្ត​ការ​ហោះ​ហើរ​ទៅ​អឺរ៉ុប​ជាមួយ Airbus A330 ថ្មី

យន្តហោះ Airbus A340 របស់​ក្រុមហ៊ុន AirAsia X។ Reuters
ក្រុង​ស៊ីដនីៈ ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia X Sdn ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ហោះ​ហើរ​ផ្លូវ​ឆ្ងាយ​របស់​ក្រុម​ហ៊ុន​អាកាស ចរណ៍​ផ្តល់​សេវា​ហោះ​ហើរ​តម្លៃ​ទាប​របស់​អាស៊ី​ បាន​ឲ្យ​ដឹង​ថា ផែន​ការ​បញ្ជា​ទិញ​យន្ត​ហោះ A330 ស៊េរី​ថ្មី​ ពី​ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​ Airbus អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ខ្លួន ស្តារ​អាជីវកម្ម​ផ្តល់​សេវា​ហោះ​ហើរ​នៅ​តំបន់​អឺរ៉ុប​ឡើង​វិញ ដែល​អាជីវកម្ម​នេះ ​មិន​សូវ​បាន​ទទួល​ជោគ​ជ័យ ដោយ​សារ​ការ​ប្រើប្រាស់​យន្តហោះ​ចាស់ៗ។
លោក Azran Osman Rani អគ្គនាយក​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​នៅ​ទីក្រុង​ស៊ីដនី​កាល​ពី​ម្សិលមិញ​ថា​៖​ «​យើង​នឹង​ផ្តល់​សេវា​ហោះ​ហើរ​ទៅ​កាន់​តំបន់​អឺរ៉ុប​បាន​កាន់​តែ​ច្រើន​ ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ថ្មីៗ​ទាំង​នេះ​»។ ​លោក​ បាន​បដិសេធ​មិន​ប្រាប់​ពី​ចំនួន​យន្ត​ហោះ A330 ដែល​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី​នេះ នឹង​បញ្ជា​ទិញ​ ឬ​ពេល​វេលា​ដែល​ក្រុម​ហ៊ុន​នេះ នឹង​ចាប់​ផ្តើម​ផ្តល់​សេវា​ហោះ​ហើរ​ទៅ​អឺរ៉ុប​ជា​ថ្មី​នោះ​ទេ។  ​
លោក Azran មាន​ប្រសាសន៍​ថា​៖​ «​យន្ត​ហោះ​ A330 ថ្មី នឹង​អាច​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​សម្រាប់​​ការ​ផ្តល់​សេវា​ហោះ​ហើរ​ទៅ​ កាន់​តំបន់​អឺរ៉ុប ដោយ​សារ​យន្ត​ហោះ​ទាំង​នោះ ស៊ី​សាំង​តិច និង​មាន​សមត្ថភាព​ខ្ពស់។ ក្រុម​ហ៊ុន AirAsia X បាន​បញ្ចប់​ការ​ផ្តល់​សេវា​ហោះ​ហើរ​ទៅ​កាន់​តំបន់​អឺរ៉ុប​កាល​ពី​ដើម​ ឆ្នាំ​នេះ ដោយ​សារ​តម្លៃ​ប្រេង​ខ្ពស់ តម្រូវ​ការ​ធ្លាក់​ចុះ និង​ដោយ​សារ​ការ​ហូត​ពន្ធ​លើ​ការ​បញ្ចេញ​កាបូន​។
ក្រុម​ហ៊ុន​ផលិត​ យន្ត​ហោះ​ Airbus បាន​ប្រកាស​ពី​ផែន​ការ​ផលិត​យន្ត​ហោះ​ A330 ដែល​មាន​បំពាក់​ម៉ាស៊ីន​ភ្លោះ​កាល​ពី​ដើម​ខែ​នេះ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​នឹង​យន្ត​ហោះ​ម៉ូដែល 787 និង​យន្ត​ហោះ​ម៉ូដែល 777 របស់​ក្រុមហ៊ុន​ផលិត​យន្ត​ហោះ Boeing។ យន្ត​ហោះ​ម៉ូដែល​ថ្មី​នេះ ដែល​នឹង​ចាប់​ផ្តើម​ផ្តល់​សេវា​ហោះ​ហើរ​នៅ​ឆ្នាំ​២០១៥ នឹង​ប្រើប្រាស់​បច្ចេក​វិទ្យា​ពី​យន្ត​ហោះ​ម៉ូដែល A350 ដើម្បី​បង្កើន​ចំណាត់​ថ្នាក់​ និង​សមត្ថភាព​របស់​យន្តហោះ​ប្រភេទ​នេះ។
លោក Azran មាន​ប្រសាសន៍​បន្ត​ថា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍ AirAsia X ដែល​កំពុង​ផ្តល់​សេវា​ហោះ​ហើរ​នៅ​តំបន់​អាស៊ី និង​ប្រទេស​អូស្រ្តាលី ក៏​មាន​ផែន​ការ​លក់​ភាគ​ហ៊ុន​ប្រមាណពី ​២៥ ភាគ​រយ ទៅ​ ៣០ ​ភាគ​រយ​ផង​ដែរ​នៅ​ក្នុង​ការ​បោះផ្សាយ​មូលបត្រ​ជា​សាធារ​ណៈ​លើក​ដំបូង​(IPO) របស់​ខ្លួន៕ BP

Tuesday, July 3, 2012

ក្រសួង​ឧស្សាហកម្ម​គ្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស

ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មាន​ផែនការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ទប់ទល់​នឹង​ការ​ខាត​បង់​ថវិកា​រដ្ឋ ដែល​បាន​ចំណាយ​នៅ​ឆ្នាំ​២០១២ នេះ ដោយសារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ខ្ពស់​កន្លង​មក។


រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​ថា ក្រសួង​នេះ​អនុញ្ញាត​ឲ្យ​អគ្គិសនី​កម្ពុជា ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ បើ​មិន​ដូច្នោះ​ទេ អគ្គិសនី​កម្ពុជា មិន​អាច​បន្ត​រង​ការ​ខាត​បង់​ប្រាក់​ចំណូល​ទៀត​ឡើយ។
ការ​ខាត​បង់​ប្រាក់​ចំណូល​នោះ គឺ​ច្រើន​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១២ នេះ នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​បាន​ឡើង​ថ្លៃ​ខ្ពស់​រហូត​ដល់ ៥.៩០០​រៀល​ក្នុង​មួយ​លីត្រ ប្រៀប​ធៀប​នៅ​ពេល​នេះ តំលៃ​ប្រេង​សាំង​បាន​ធ្លាក់​តម្លៃ​មក ៥.០០០​រៀល​ក្នុង​មួយ​លីត្រ។ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ អគ្គិសនី​កម្ពុជា (EDC) បាន​ទទួល​ប្រាក់​ចំណេញ​ចំនួន​ជាង ៣០​លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​ចរន្ត​អគ្គិសនី នៅ​គ្រា​ដែល​តំលៃ​ប្រេង​សាំង​នៅ​ថោក។
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជាក់លាក់​ទេ​ថា តើ​ការ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​នោះ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ណា និង​មាន​តំលៃ​ប៉ុន្មាន​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង នៅ​តាម​តំបន់​នីមួយៗ។
តំលៃ​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន​មាន​តំលៃ​ខុស​គ្នា​តិច​ច្រើន​ទៅ​តាម​ចំនួន​ប្រើប្រាស់​ អគ្គិសនី។ ក្នុង​នោះ​មាន​តម្លៃ ៣៥០ តំលៃ ៥៥០​រៀល និង​តំលៃ ៧៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ប្រៀបធៀប​នឹង​ខេត្ត និង​តំបន់​ដទៃ​ទៀត គឺ​តំលៃ ១.២០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង និង​តំលៃ​លើស​នេះ​ទៀត​ក៏​មាន។
រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល កំពុង​តែ​រៀបចំ​ឲ្យ​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ឆាប់ៗ​នេះ​ហើយ៖ «ឆ្នាំ​ នេះ​ទេ ប្រេង​ឡើង​ធ្វើ​ឲ្យ​ចំណូល​អគ្គិសនី​ហ្នឹង​មិន​បាន​តាម​បំណង ដោយសារ​អត់​ទាន់​ឡើង​ថ្លៃ​ភ្លើង (អគ្គិសនី) អ៊ីចឹង​ថ្លៃ​ភ្លើង​នឹង​អាច​សុំ​ឡើង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បើ​សិន​មិន​ឡើង អគ្គិសនី​កម្ពុជា ខាត​ហើយ»។
លោក​បាន​បន្ត​ថា មូលហេតុ​ដែល​តម្លៃ​អគ្គិសនី​កម្ពុជា ថ្លៃ​ជាង​ប្រទេស​ជិត​ខាង គឺ​ដោយសារ​តែ​កម្ពុជា មាន​រោងចក្រ​ផលិត​អគ្គិសនី​ភាគ​ច្រើន​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។
ទាក់ទង​នឹង​បញ្ហា​គម្រោង​ឡើង​ថ្លៃ​អគ្គិសនី​នេះ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ខាង​ផ្នែក​ពាណិជ្ជកម្ម នៃ​អគ្គិសនី​កម្ពុជា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។
អាជីវករ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា គ្រួសារ​របស់​នាង​ប្រើប្រាស់​ចរន្ត​អគ្គិសនី​អស់​ចំនួន​ជាង ៣០០​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ និង​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ២៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។
នាង​មិន​សប្បាយ​ចិត្ត​ចំពោះ​គម្រោង​ដំឡើង​ថ្លៃ​ចរន្ត​អគ្គិសនី​ខាង​មុខ​នេះ​ទេ៖ «... ​កាល​ណា​ឯកជន​ឡើង​ថ្លៃ​តាម​ចិត្ត ប្រជារាស្ត្រ​រស់​នៅ​ងាប់​ហើយ ពិបាក​ងាប់​ហើយ ភ្លើង។ អ្នក​រត់​ម៉ូតូ​ឌុប​អី​ក៏​គេ​ត្រូវ​ការ​ភ្លើង​ប្រើ​ដែរ ដល់​ពេល​គាត់​ធ្វើ​អ៊ីចឹង ខ្ញុំ​អត់​គាំទ្រ​ទេ។ រដ្ឋ​មិន​គួរ​ធ្វើ​អ៊ីចឹង​ទេ រដ្ឋ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​ចូល​រួម​ដេញ​ថ្លៃ»។
រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ទុន លាង បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ត្រូវ​ការ​ទិញ​ចរន្ត​អគ្គិសនី​ចំនួន ៤៥% នៅ​ទូទាំង​ប្រទេស​ពី​ប្រទេស​ថៃ វៀតណាម និង​ឡាវ៕

Chevron៖ ការ​ផលិត​ប្រេង​ពន្យារ​រហូត​ដល់​ឆ្នាំ​២០១៦

ភ្នំពេញៈ ការ​ផលិត​ប្រេង​នៅ​កម្ពុជា​អាច​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៦ ឬ​យ៉ាង​ហោច​ណាស់​៣​ឆ្នាំ​ទៀត បន្ទាប់​ពី​កាល​បរិច្ឆេទ​កំណត់​ជា​លើក​ដំបូង​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​មន្ត្រី Chevron ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្រសួង​បរិស្ថាន​ កាល​ពី​ថ្ងៃ​សុក្រ​ស្តី​ពី​ការ​វាយ​តម្លៃ​លើ EIA របស់ Chevron។
មន្ត្រី​រដ្ឋាភិបាល​ កាលពី​ម្សិលមិញ​ក៏​បាន​អះអាង​អំពី​លទ្ធភាព​កំណត់​ពេលវេលា​រុករក​ប្រេង​នេះ​ផង​ដែរ។
អ្នក ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្រុមហ៊ុន Chevron Overseas Petroleum Cambodia ទទួល​បាន​ការ​យល់​ព្រម​សម្រាប់​ការ​ផលិត​ប្រេង​នៅ​ចុង​ឆ្នាំ​នេះ វា​អាច​ចាប់​ផ្តើម​ដំណើរ​ការ​រយៈពេល​៣៤​ខែ ដែល​នឹង​នាំ​ដល់​ការ​បូម​ប្រេង​នៅ​ក្នុង​ប្លុក A។​
លោក ម៉ម សម្បត្តិ ប្រធាន​នាយកដ្ឋាន​ភាព​ជា​ដៃ​គូ​អភិវឌ្ឍន៍​សកម្មភាព (DPA) បាន​ដក​ស្រង់​ព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ដំណើរ​ការ​នេះ​នឹង​រួម​មាន​ការ​សម្រេច​ចិត្ត និង​ការ​ព្រមព្រៀង​វិនិយោគ​ ផ្ទៃ​ក្នុង ជា​មួយ​រដ្ឋាភិបាល​។
លោក ឌឹប សេរីវី​សិទ្ធិ អ្នក​នាំ​ពាក្យ​របស់​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា (CNPA) បាន​ឲ្យ​ដឹង​តាម​អ៊ីមែល ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ «ប្រសិន​បើ​អ្វីៗ​គ្រប់​យ៉ាង អាច​ដំណើរ​ការ​ទៅ​ដោយ​រលូន នោះ​រយៈពេល​៣៤​ខែ​នឹង​ជា​ពេលវេលា​សម​ស្រប​សម្រាប់​ផលិតកម្ម​នេះ។ ឆ្នាំ​២០១៦ ជា​ពេលវេលា​សម​ស្រប ដោយ​សារ​តែ​ភាព​យឺតយ៉ាវ​នៃ​ស្ថានភាព​បច្ចុប្បន្ន»។
ទោះ ​បី​ជា​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ ជា​កាល​បរិច្ឆេទ​សម្រាប់​ផលិត​តំណក់​ប្រេង​លើក​ដំបូង​ក្តី  ក៏​ក្រុមហ៊ុន Chevron បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​តាម​អ៊ីនធឺណិត កាល​ពី​ខែ​មេសា​ថា ខ្លួន​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​អនុម័ត​លើ​ការ​ផលិតកម្ម​នៅ​ចុង​ឆ្នាំ​ នេះ។
កាល​ពី​ខែ​មករា ឆ្នាំ​២០១២ នេះ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា លទ្ធភាព​នៃ​ការ​ទាញ​យក​ប្រេង​នៅ​ឆ្នាំ​នេះ​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ។
លោក Steve Glick ប្រធាន​ប្រតិបត្តិការ​របស់ Chevron នៅ​កម្ពុជា កាល​ពីថ្ងៃ​ម្សិលមិញ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ទាក់ទង​នឹង​កាល​បរិច្ឆេទ​ផលិតកម្ម​ប្រេង​ ទេ​។ ប៉ុន្តែ​លោក​បាន​ផ្តល់​ពន្លឺ​ទាក់ទង​ស្ថានភាព​នៃ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ លើ​បរិស្ថាន (EIA) ។
កាល​ពី​សប្តាហ៍​មុន ភ្នំពេញ ប៉ុស្តិ៍ បាន​ទទួល EIA ទាក់​ទង​នឹង​ផលិតកម្ម​ប្រេង​របស់ Chevron នៅ​ក្នុង​តំបន់​រុករក​ប្រេង​ក្នុង​ឈូង​សមុទ្រ​កម្ពុជា។ ទោះ​បី​ជា​ឯកសារ​នេះ​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ​ជា​លើក​ដំបូង​ក៏​ ដោយ ប៉ុន្តែ​លោក Glick បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក បាន​បញ្ចប់ EIA ៣ រាប់​បញ្ចូល​ទាំង​របាយការណ៍​ស្តី​ពី​ការ​ទាញ​យក​ប្រេង​ផង​ដែរ។ លោក​បាន​លើក​ឡើង​ថា៖ «យើង​នៅ​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ ហើយ​ Chevron បាន​បង្ហាញ​ EIA ចំនួន​២​រួច​ទៅ​ហើយ​ ក្នុង​ពេល​នោះ»។ លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​កម្មវិធី​គ្រប់គ្រង​បរិស្ថាន ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​ខ្លួន។
EIA ស្តី​ពី​ការ​រុករក​ប្រេង គឺ​តម្រូវ​ដោយ​ច្បាប់​កម្ពុជា​។
ការ ​បារម្ភ​នៅ​តែ​មាន​ចំពោះ EIA ភាគ​ច្រើន​របស់​ Chevron។ របាយ​ការណ៍ បាន​កំណត់​ផល​ប៉ះពាល់​ «តិច» ឬ «មិន​សូវ​ច្រើន» លើ​បរិស្ថាន និង​សហគមន៍​ក្បែរ​តំបន់​នោះ ដោយ​កន្លែង​​ខ្លះ​ស្ថិត​នៅ​១៥៧​គីឡូម៉ែត្រ ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​កម្ពុជា។
ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក ម៉ម សម្បត្តិ បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​ដ៏​ខ្លាំង​ក្លា​លើ​វិស័យ​ទេសចរណ៍ និង​សហគមន៍​នេសាទ ត្រូវ​ការ​កិច្ច​ពិភាក្សា​បន្ថែម​។ លោក​បាន​លើក​ឡើង​ថា៖ «យើង​ព្រួយបារម្ភ​ថា អ្នក​នេសាទ​នឹង​ត្រូវ​បាន​មិន​អនុញ្ញាត​ឲ្យ​ទៅ​ក្បែរ​នោះ​ទេ​។ ពួក​គេ​អាច​ទទួល​រង​ផល​ប៉ះ​ពាល់​លើ​សេដ្ឋកិច្ច​គ្រួសារ ប៉ុន្តែ​បញ្ហា​នេះ មិន​ទាន់​ត្រូវ​បាន​ពិភាក្សា​នៅ​ឡើយ​ទេ។  ភ្ញៀវ​ទេសចរ​ បាន​ទៅ​ទស្សនា​កោះ​ក្បែរ​ៗ​តំបន់​ផលិត​ប្រេង។ យើង​មិន​ដឹង​ថា​ ប្រតិបត្តិការ​នេះ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ទេ»។
ក្រុមហ៊ុន Chevron បាន​ខួង​អណ្តូង​រុក​រក​ប្រេង១៨ មុន​នឹង​ប្រកាស​ការ​រក​ឃើញ​ប្រេង​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ពី​ឆ្នាំ ២០១០។ ក្រុម​ហ៊ុន​នេះ មាន​ភាគ​ហ៊ុន ៣០​ភាគរយ នៅ​ប្លុក A ឬ​ហៅ​ថា​តំបន់​អប្សារា៕

ភ្នាក់ងារ​មូលបត្រ​មិន​បារម្ភ​ពី​ការ​ប្តូរ​អគ្គនាយក

ភ្នំពេញៈ ក្រុមហ៊ុន​មូលបត្រ​បាន​ឲ្យ​ដឹង​ថា​គេ​មិន​បារម្ភ​អំពី​ការ​ផ្លាស់ប្តូរ​ អគ្គនាយក​រដ្ឋាករ​ទឹក​ស្វ័យ​ភ្នំពេញ​(PPWSA)ឡើយ​តែ​អះអាង​ថា​អាច​នឹង​បង្ក​ ផលប៉ះពាល់​តិច​តួច​រយៈ​ពេល​ខ្លី​។
លោក ឯក សុន​ចាន់ ដែល​បម្រើ​ការ​ជា​អគ្គនាយក​ PPWSA ប្រហែល​២០​ឆ្នាំ​មក​ហើយ​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ថ្ងៃ​ ត្រឹម​ថ្ងៃ​ទី១ ខែ​កក្កដា។
លោក​ ស្វាយ ហៃ នាយក​ក្រុមហ៊ុន​ឈ្មួញ​ជើង​សា​របស់​ធនាគារ​អេស៊ីលី​ដា​បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់ប្តូរ​អគ្គនាយក​ថ្មី នឹង​ធ្វើ​ឲ្យ​លទ្ធផល​របស់​ក្រុមហ៊ុន​នេះ​កាន់​តែ​ប្រសើរ។ លោក​ថ្លែង​ថា៖ «ការ​ផ្លាស់​ប្តូរ​នេះ មិន​បង្ក​ឲ្យ​មាន​បញ្ហា ឬ​វិបត្តិ​ណា​មួយ​ឡើយ។ វា​ទាក់ទង​នឹង​អាយុ​ចាស់​របស់​អគ្គនាយក​ដែល​ត្រូវ​ចូល​និវត្តន៍។ បញ្ហា​នេះ​មិន​មែន​កើត​មាន​តែ​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋាភិបាល​នោះ​ទេ វា​ក៏​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ផង​ដែរ គឺ​ពួក​គេ​ត្រូវ​តែ​កំណត់​អាយុ​ចូល​និវត្តន៍»។
លោក ស្វាយ ហៃ បាន​បន្ថែម​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា ស្ថាប័ន​ធំ​របស់ PPWSA  និង​រដ្ឋាភិបាល​បាន​ព្យាករ​ច្បាស់​លាស់​រួច​ហើយ​អំពី​សារៈ​សំខាន់​នៃ​ការ ​ផ្លាស់​ប្តូរ​ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​មាន​ភាព​​រីក​ចម្រើន ពីព្រោះ​ពួក​គេ​ឃើញ​អគ្គ​នាយក​ចាស់​ធ្វើ​ការ​បាន​ល្អ​ ដូច្នេះ​ពួក​គេ​ចង់​ដាក់​អ្នក​ថ្មី ដើម្បី​ឲ្យ​តម្លៃ​ភាគហ៊ុន​នៅ​ថេរ ឬ​ឡើង​ថ្លៃ»។
លោក តាន សុខ​ជា មន្ត្រី​បម្រើ​ការ​នៅ​នាយក​ដ្ឋាន​ទឹក​ស្អាត​នៅ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​អះអាង​ថា មិន​មាន​ជម្លោះ​ផ្ទៃ​ក្នុង​កើត​ឡើង​ជុំវិញ​ការ​ផ្លាស់​ប្តូរ​នេះ​ឡើយ។ លោក​​បន្ត​ថា៖ «វា​ជា​ការ​ផ្លាស់​ប្តូរ​ធម្មតា​ដោយ​សារ​តែ​លោក​ចូល​និវត្តន៍ ដូច​នេះ​អ្នក​ថ្មី គួរ​មក​ជំនួស​តំណែង​លោក»។
លោក​ តាន សុខជា ក៏បាន​ទទួល​ស្គាល់ និង​ស្ងើច​សរសើរ​លទ្ធផល​ការងារ​របស់​លោក ឯក ​សុនចាន់ ក្នុង​អាណត្តិ​ការងារ​របស់​លោក​ផង​ដែរ៖​«លោក​បាន​សម្រេច​លទ្ធផល​ជាច្រើន សម្រាប់​ស្ថាប័ន​របស់​លោក ហើយ​លោក​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គលិក​របស់​លោក ​ស្មើ​ៗ​គ្នា ​តាម​ច្បាប់។ តាម​ដែល​ខ្ញុំ​ដឹង បុគ្គលិក​ទាំង​អស់ ស្រឡាញ់​លោក​ណាស់។ និយាយ​ដោយ​ស្មោះ​ទៅ លោក​ជា​មេដឹកនាំ​ដ៏​ល្អ និង​ប្រសើរ​ណាស់​»។
លោក​ សង្ឃឹម​ថា អ្នក​ថ្មី​មាន​ជំនាញ និង​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បន្ត​ការងារ​ពី​លោក ឯក សុនចាន់។ លោក​បន្ថែម​ថា ការ​ចាក​ចេញ​នេះ​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ឡើយ។ លោក សុខជា បាន​លើក​ឡើង​ទៀត​ថា៖ «​យើង​ពិត​ជា​អាណិត​គាត់​ណាស់ ប៉ុន្តែ​នេះ​ជា​វដ្ត​ជីវិត​ដែល​មិន​មែន​កើត​ឡើង​តែ​ចំពោះ​គាត់​ប៉ុណ្ណោះ​ទេ គឺ​កើត​ឡើង​ចំពោះ​យើង​គ្រប់ៗ​គ្នា។ ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល ព្យាយាម​បណ្តុះ​បណ្តាល និង​អប់រំ​យុវជន​ឲ្យ​មក​ជំនួស​តំណែង​​អ្នក​ចូល​និវត្តន៍»។
លោក Min Kyoung Hoon អគ្គ​នាយក​រង​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចូល​និវត្តន៍​របស់​អគ្គ​នាយក​រដ្ឋាករ​ទឹក​អាច​នឹង​ប៉ះ​ពាល់ ឬ​មិន​ប៉ះពាល់​អាស្រ័យ​លើ​អ្នក​ដែល​ត្រូវ​មក​គ្រប់គ្រង​បន្ត​។ លោក​បន្ថែម​ថា៖ «ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ចាត់​តាំង​អគ្គនាយក​ដែល​ល្អ និង​អស្ចារ្យ​សម្រាប់ PPWSA។ ដូច្នេះ ខ្ញុំ​គិត​ថា វា​អាច​នឹង​មិន​ប៉ះ​ពាល់​ដល់​តម្លៃ​ភាគ​ហ៊ុន​ឡើយ»​។
លោក Min Kyoung Hoon បាន​លើក​ឡើង​ថា៖ «គ្រប់​ប្រទេស និង​ទីផ្សារ​ទាំង​អស់​ដែល​មាន​ការ​ផ្លាស់ប្តូរ​ដូច​នៅ​ទី​នេះ ​អាច​នឹង​មាន​ផល​ប៉ះពាល់​តិច​តួច​ដល់​តម្លៃ​ភាគហ៊ុន​របស់​ក្រុម​ហ៊ុន ដូច​ដែល​អ្នក​ដឹង​ហើយ​ថា នៅ​ពេល Steve Job ស្លាប់ ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន ដល់​តម្លៃ​ភាគហ៊ុន​របស់​ Apple។
លោក ស៊ីម ស៊ីថា អគ្គ​នាយក​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ បាន​អះ​អាង​កាល​ពី​ម្សិលមិញ​ថា លោក​នឹង​គ្រប់គ្រង​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។
តម្លៃ ​ភាគហ៊ុន​របស់​រដ្ឋាករ​ទឹក បាន​បិទ​ឈប់​លក់​ក្នុង​តម្លៃ ៦ ៣៥០​រៀល កាល​ពី​ម្សិល​មិញ ពោល​គឺ​នៅ​ពីលើ​តម្លៃ​IPO​តែ​៥០​រៀល​ប៉ុណ្ណោះ។
លោក ស្វាយ ហៃ ឲ្យ​ដឹង​ថា ដោយ​សារ​ការ​ចាប់​ផ្តើម​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ជាច្រើន ដូច​ជា​ឡាវ និង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន ភាគ​ហ៊ុន​អាច​នឹង​ឡើង​ចុះ​ខ្ពស់ ឬ​ទាប​ជាង​តម្លៃ IPO ដូច​ជា​ភាគហ៊ុន​facebook ជា​ដើម។
លោក​បន្ត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​ចេញ​លក់​ភាគ​ហ៊ុន​នឹង​ចេញ​របាយការណ៍​ចំណូល​របស់​គេ​ឲ្យ​បាន​ ឆាប់​រហ័ស នោះ​វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​របស់​វា​ប្រែប្រួល ប៉ុន្តែ​ពេល​នេះ​តម្រូវ​ការ​និង​ការ​ផ្គង់ផ្គង់អាច​ប្រើ​ប្រៀប​បាន​ដូច្នេះ​ វា​នឹង​ឡើង​ចុះ​តិចតួច»​។
លោក Min Kyoung Hoon បាន​ឲ្យ​ដឹង​ថា មាន​ហេតុ​ផល​ជា​ច្រើន​នៅ​ពី​ក្រោយ​នោះ។ លោក​បន្ត​ថា៖ «យើង​កំពុង​ព្យាយាម​រក​ឲ្យ​បាន​ច្បាស់​លាស់​ហេតុ​អ្វី​បាន​ជា​តម្លៃ​របស់ វា​ធ្លាក់​ចុះ »​៕

Friday, June 15, 2012

ក្រុមហ៊ុន​ដាក់​ចំណាត់​ថ្នាក់​តែ​រៀងៗ​ខ្លួន

ភ្នំពេញៈ យុទ្ធសាស្រ្ត​ក្នុង​ការ​ទាញ​អតិថិជន​ក្នុង​ទីផ្សារ​សេវា​ទូរស័ព្ទ​ដ៏ តូច​ចង្អៀត​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​គេ​ធ្វើ​សម្រាប់​ជា​ការ​ដាក់ ចំណាត់​ថ្នាក់។
ក្រុមហ៊ុន Smart Mobile ក្នុង​សប្តាហ៍​នេះ​បាន​ប្រកាស​ថា មាន​អតិថិជន​៣​លាន​នាក់ ពោល​ជា​ក្រុមហ៊ុន​ជាប់​ចំណាត់​ថ្នាក់​ទីពីរ​នៅ​កម្ពុជា​បើ​គិត​តាម ចំនួន​អតិថិជន​បន្ទាប់​ពី​ក្រុមហ៊ុន​មិត្តហ្វូន​ របស់​វៀតណាម​។
តួ​លេខ​ដែល​ទទួល​បាន​ដោយ​ភ្នំពេញ ប៉ុស្តិ៍​បាន​បង្ហាញ​ថា ក្រុមហ៊ុន​Cellcard ​មាន​ប្រើប្រាស់​២,៩​លាន​នាក់​តាំង​ពី​ឆ្នាំ​២០១១​។
អ្នក​វិភាគ​និយាយ​ថា ចំនួន​ដ៏​ច្រើន​លើសលប់​នៃ​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ទូទាំង​ប្រទេស ដែល​ច្រើន​ជាង​ចំនួន​ប្រជាជន​កាល​ពី​ឆ្នាំ​មុន គឺ​ដោយ​សារ​តែ​អ្នក​ខ្លះ​គ្រាន់​តែ​ជា​អតិថិន​ប្រើ​រយៈ​ពេល​ខ្លី​ និង​ងាយ​នឹង​មាន​ភាព​ប្រែប្រួល​។
តួលេខ​ថ្មី​របស់​ Smart ​បាន​បង្ហាញ​អំពី​ចំនួន​អតិថិជន​របស់​ខ្លួន​បាន​កើន​ឡើង​ជាង​១​លាន អ្នក ​ចាប់​តាំង​ពីខែ​មករា។
ក្រុមហ៊ុន Hello ​កាលពី​ថ្មី​ៗ​នេះ​បាន​រាយការណ៍​អំពី​កំណើន​អតិថិជន​១៥ ភាគរយ ក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ ​
ក្រុមហ៊ុន​មាន​អ្នក​ប្រើប្រាស់ ១,៦៧​លាន​នាក់ ក្នុង​ខែ​វិច្ឆិកា​។ នេះ​បើ​តាម​តួ​លេខ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន។ ​ប្រាក់​ចំណូល​របស់​ Hello ​ទាប​ជាង​មុន ២ ភាគ​រយ ​ដោយ​សារ​មាន​កំណើន​ខ្លាំង​ក្នុង​ត្រី​មាស​ទី​បួន។
លោក Shiv Putcha អ្នក​វិភាគ​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ Ovum មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​បាន​ឲ្យ​ដឹង​ថា មាន​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​បំប៉ោង​ចំនួន​តួ​លេខ។ លោក​បាន​ថ្លែងថា​៖ «នៅ​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍ ​យើង​ឃើញ​ថា​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពី​ក្រុមហ៊ុន​មួយ​ ទៅ​ក្រុមហ៊ុន​មួយ​ទៀត​ជា​ញឹកញាប់​»។
លោក​កត់​សម្គាល់​ថា ស្តង់​ដារ​សម្រាប់​កំណត់​អ្នក​ប្រើប្រាស់​អចិន្រៃ្តយ៍​ជា​រឿយៗ​មិន​មាន​ភាព​ច្បាស់​លាស់។
នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Smart ​លោក Thomas Hundt ​កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ថា ស្តង់ដារ​របស់​ក្រុមហ៊ុន​សម្រាប់​រាប់​អ្នក​ប្រើប្រាស់​គឺជា «​វិធានការ​អន្តរជាតិ​ដែល​មាន​លក្ខណៈ​អភិរក្ស​បំផុត​» ​ដោយ​រួម​បញ្ចូល​ទំាង​គណនី​ទូរស័ព្ទ ដែល​បាន​ប្រើ​អស់​រយៈ​បី​ខែ ឬ​តិច​ជាង​នេះ។
អត្រា​កំណើន​របស់​ទូរស័ព្ទ​ដៃ​ដែល​ទំនង​ជា​មាន​លក្ខណៈ​ខ្ពស់​ក្នុង ប្រទេស​កម្ពុជា​អាច​នឹង​គិត​បញ្ចូល​ផង​ដែរ​ទៅ​នឹង​កំណើន​ប្រជាប្រិយភាព​ ចំពោះ​ទូរស័ព្ទ​ដៃ​ទំនើប ដែល​អាច​ប្រើ​ជា​មួយ​ស៊ីម​កាត​លើស​ពី​ពីរ។ នេះ​បើ​តាម លោក Shiv Putcha ដែល​បាន​កត់​សម្គាល់។
លោក​បន្ត​ថា ខណៈ​ការ​ភ្ជាប់​នេះ​នៅ​តែ​បង្កើត​ចំណូល​សម្រាប់​ក្រុមហ៊ុន​ទូរស័ព្ទ ​មួយ​ចំនួន ប៉ុន្តែ​ពួក​គេ​ប្រហែល​មិន​មែន​ជា​អតិថិជន​តែ​មួយ​គត់​របស់​ក្រុមហ៊ុន ទាំង​នោះ​ឡើយ។
ព័ត៌​មាន​ស្តីពី​អតិថិជន​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន មិត្តហ្វូន និង Cellcard ​មិន​អាច​រក​បាន​កាល​ពី​ម្សិលមិញ ហើយ​តំណាង​នៅ​ក្រុមហ៊ុន​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។
ក្រុមហ៊ុន​មិត្តហ្វូន មាន​អតិថិជន​ចំនួន ៧,៣៥ លាន​នាក់ ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១។ ​នេះ​បើ​តាម​តួ​លេខ​ដែល​ទទួល​បាន​ដោយ​ភ្នំពេញ ប៉ុស្តិ៍ ប៉ុន្តែ​អ្នក​នៅ​ក្នុង​វិស័យ​នេះ​បាន​ហៅ​តួលេខ​នេះ​ថា​មាន​លក្ខណៈ​បំប៉ោង៕

Saturday, June 9, 2012

ដំណាំ​ពោត​នៅ​ប៉ៃលិន​ខូច​ជិត​ពាក់​កណ្តាល

ប៉ៃលិនៈ ​ដំណាំ​ពោត​នៅ​ខេត្ត​ប៉ៃលិន​កំពុង​ទទួល​រង​ការ​ខូច​ខាត​ជិត​ពាក់​កណ្តាល​ដោយ ​សារ​តែ​ភាព​រាំង ​ស្ងូត នៅ​ពាក់​កណ្តាល​រដូវ។ នេះ​បើ​យោង​តាម​មន្ត្រី​កសិកម្ម​ខេត្ត។
លោក ​ផាន់ ​ពេជ្រ​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា ផ្ទៃ​ដីដាំ​ដុះ​ពោត​នៅ​ប៉ៃលិន​មាន​ជាង​១​ម៉ឺន​ហិកតា​នៅ​ក្នុង​រដូវ​ ទី១​។ ​ការ​ដាំ​ពោត​នៅ​ខេត្ត​ប៉ៃលិន​កសិករ​ដាំ​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ​ដែល​វគ្ត​ទី១​ចាប់​ផ្តើម​ពី​ខែ​មករា ​និង​កុម្ភៈ​។ ​លោក ​ផាន់​ ពេជ្រ​ បន្ត​ថា ​ក្នុង​ទំហំ​ដី​ជាង​១​ម៉ឺន​ហិកតា ​ការ​ខូចខាត​អស់​ប្រមាណ​៤០​ភាគរយ ហើយ​កន្លែង​ខ្លះ​ដែល​មិន​ខូច​ខាត​ក៏​ទទួល​បាន​ផល​តិច​តួច​ដែរ​។
លោក​បន្ត​ថា​៖ «ភ្លៀង​ចាប់​ផ្តើម​ធ្លាក់​នៅ​ក្នុង​ខែ​មករា ធ្វើ​ឲ្យ​កសិករ​ខំ​ដំា​នៅ​ដើម​រដូវ​ តែ​ក្រោយ​មក​ភ្លៀង​ខ្សត់​ធ្វើ​ឲ្យ​ទិន្នផល​ពោត​បាន​ធ្លាក់​ចុះ​ដោយ​សារ​ គ្មាន​ផ្លែ»។
ទោះបីយ៉ាង​នេះ​ក្តី លោក​បាន​កត់​សម្គាល់​ថា​ តម្លៃ​ពោត​បាន​ឡើង​ថ្លៃ​ពី​ជាង​៤០០​រៀល​ ដល់​៥០០​រៀល​​ក្នុង​១​គីឡូក្រាម​សម្រាប់​ពោត​ស្នួល​។
កាល​ពី​ដើម​ខែ​ឧសភា​ក្នុង​ពិធី​ច្រត់​ព្រះ​នង័្គល​ គោឧសភរាជ​បាន​បរិភោគ​ពោត​នឹង​សណ្តែក​ច្រើន​ ធ្វើ​ឲ្យ​មាន​ការ​ព្យាករ​ថា​ទិន្នផល​ពោត​​សម្រាប់​រដូវ​ថ្មី​នេះ​នឹង​ទទួល ​បាន​ផល​ល្អ​។ ​
លោក ​ជា​ គា ​ឈ្មួញ​ទិញ​ពោត​ដ៏​ធំ​នៅ​ខេត្ត​ប៉ៃលិន បាន​និយាយ​ថា ​តាម​ការ​សង្កេត​របស់​លោក ពោត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​មូល​អាច​ខូច​ខាត​ ប្រហែល​ជា ​៧០ ​ទៅ ៨០ ​ភាគរយ ​ព្រោះ​គ្មាន​ភ្លៀង​ទាល់​តែ​សោះ​ពេល​ពោត​កំពុង​ចេញ​​ផ្កា​។ ​ លោក​បន្ត​ថា៖​ «​តម្លៃ​អាច​នឹង​ឡើង​ថ្លៃ ​តែ​យើង​មិន​ទាន់​ដឹង​ច្បាស់​ទេ​ ព្រោះ​កសិករ​នៅ​ដាំ​បន្ត​មួយ​រដូវ​ទៀត​»។
កសិករ​រូប​នេះ​បាន​បន្ត​ទៀត​ថា នៅ​វគ្គ​ទី​មួយ​នេះ ​ពួក​គាត់​ខូច​ខាត​ស្ទើរ​តែ​ទាំង​ស្រុង​ ហើយ​អ្នក​ខ្លះ​បាន​ភ្ជួរ​ចោល​ទាំងអស់​ដោយ​សារ​តែ​គ្មាន​ផល។ លោក​បន្ត​ទៀត​ថា នៅ​ពេល​កសិផល​នៅ​ក្នុង​ស្រុក​ខ្វះខាត ​តម្លៃ​នឹង​កើន​ឡើង​ព្រោះ​ខ្វះ​ខាត​នៅ​តាម​ទីផ្សារ​។ តម្លៃ​ពោត​ពេល​នេះ​ថ្លៃ​១ ២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ នេះ​បើ​តាម​លោក ជា គា។
អ្នក​ ស្រី ​យ៉ង់ ​សុផល ​កសិករ​ដំា​ពោត​នៅ​ខេត្ត​ប៉ៃលិន ​បាន​និយាយ​ថា ​អ្នក​ស្រី​បាន​ភ្ជួរ​ចោល​នូវ​ផ្ទៃ​ដី​ដាំ​ពោត​ប្រហែល​ប្រាំ​ហិកតា​តាំងពី​ ដាំ​បាន​ប្រហែល​១​ខែ ​ដោយ​សារ​វា​ដុះ​មិន​បាន​ល្អ​ ព្រោះ​ខ្សត់​ភ្លៀង​​ហើយ​អ្នក​ស្រី​បាន​បង្វែរ​ទៅ​ដាំ​ដំឡូង​មី​វិញ​។ ​
កសិករ​រូប​នេះ​បាន​ចំណាយ​ទុន​ដាំពោត​អស់​ប្រមាណ​ពី​៣០០​ទៅ​៤០០​ដុល្លារ​ក្នុង​មួយ​ហិកតា។​
លោក ​មាស ​លឿន ​កសិករ​នៅ​ភូមិ​ប៉ាង​រលឹម ​ឃុំ​អូរ​តាវ៉ៅ ​ស្រុក​ប៉ៃលិន ​បាន​ឲ្យ​ដឹង​ថា ការ​ដាំនៅ​វគ្គ​ទីពីរ​នឹង​ទទួល​បាន​ផល​ល្អ​។
​លោក​បន្ត​ថា​៖ «ខ្ញុំ​ជឿថា​ នៅ​វគ្គ​ទី​ពីរ​​នេះ​វា​នឹង​មិន​ខូច​ខាត​ទេ​។ ​វា​​មិន​ដែល​គ្មាន​ភ្លៀង​ក្នុង​រដូវ​វស្សា​នោះ​ទេ​»។​ លោក​នៅ​តែ​មាន​ជំនឿ​ថា​ ឆ្នាំ​នេះ​នឹង​បាន​ផល​ល្អ៕

Tuesday, May 8, 2012

ទឹកលិច​​ផ្លូវ​ជាច្រើន​កន្លែង​ក្នុងរាជធានី​ភ្នំពេញ ដើម​ឈើ​​ជាច្រើន​​​រលំ និង​​សង្កត់​រថ​យន្ត​​​ដោយសារ​​​ភ្លៀងធំ

រាជ​ធានីភ្នំពេញ ៖ ​ រថ​យន្ត​ម៉ាក​ឡែនរ៉ូវែរ និងរថយន្តម៉ាកមែរសឺដេស​ពណ៌​ខ្មៅ ស៊េរីទំនើប ដែល​ចតនៅលើចិញ្ចើមផ្លូវ​ជិត​ភ្លើង​ស្តុប​បូកគោ ស្ថិតក្នុងខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវ​ដើម​ឈើដួលរលំសង្កត់​លើរង​ការខូចយ៉ាងដំណំ កាលពីវេលា​ម៉ោង​៣ និង​២៥​នាទី​រសៀលថ្ងៃទី៨ ឧសភា ២០១២​ដោយសារ​​សារ​តែភ្លៀង​ជញ្ជ្រុំ​ និងខ្យល់​​បក់បោក​​​រំលើង​គល់ ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ខណៈពេលដែលភ្លៀងកំពុងបង្អុរនៅឡើយ​

Comments system

Disqus Shortname