Monday, December 3, 2012

មុខរបរលក់អាវជជុះ ធ្វើឲ្យមានជីវភាពធូរធារ

មុខរបរ​លក់​អាវ​ជ​ជុះ ធ្វើ​ឲ្យ​មាន​ជីវភាព​ធូរធារ
ភ្នំពេញ: អាវ​ជជុះ​បាន​ក្លាយទៅជា​មុខរបរ​មួយ ដែល​នាំ​ឲ្យ​មាន​ជីវភាព​ធូរធា​សមរម្យ​។ មិនតែប៉ុណ្ណោះ​បាន​ជួយ​សម្រួល​ដល់​អ្នក​ពាក់ ដែល​គ្មាន​ប្រាក់​ទិញ​សម្លៀកបំពាក់​ថ្មីៗ​នឹង​គេ​។ ណាមួយ​វិញ សម្រាប់​អ្នកគាំទ្រ​ប្រើ​អាវ​ជជុះ​នៅតែ​បន្ត​ពាក់​ដដែល​ព្រោះ​គេ​យល់ថា​វា​ មានតម្លៃ​ធូរ​ថ្លៃ​អាច​ទិញ​បាន និង​មានគុណ​ភាពល្អ​ទៀតផង​។ រីឯ​អ្នកលក់​វិញ​កាន់តែ​បាន​ពង្រីក​សាខា​កាន់តែច្រើន​រហូតដល់​១១​សាខា​ ទាំងអស់ មានដូចជា​នៅ ផ្សារ​នាគ​មាស​, ជិត​សាលា​ស៊ីសុវត្ថី​(​ផ្លូវ​ត្រសក់ផ្អែម​), ផ្សារកណ្តាល​, ក្បាលថ្នល់ (​ជិត​ហ្គា​រ៉ា​ស​សាំង​សូ​គី​មិច​), ជិត​ពេទ្យ​ចិន​, ជិត​ផ្សារ​ដេប៉ូ​, ផ្លូវ​កម្ពុជា​ក្រោម​, ផ្លូវ​ទេព​ផន (​ជិត​ស្តុ​ប​) , ជិត​ពេទ្យ​លោកសង្ឃ​, ផ្លូវ​៣១០ និង​នៅ​ផ្សារ​ទួល​ទំ​ពួ​ង​។​

​បុរស​ម្នាក់​កំពុង​ឈរ​ សំឡឹងមើល​ទៅកាន់​អាវ​មួយ ដែលមាន​ក​អត់​ក្បាល និង​មាន​ដៃ​អត់​មាន​ម្រាម ហើយ​ដៃ​គាត់​មួយ​ចំហៀង​កាន់​ស្នា ឯ​មួយ​ចំហៀង​ទៀត​បាន​កាន់​ចុងដៃ ហើយ​បាន​សួរ​ទៅកាន់ ម្ចាស់​របស់​នោះ​ថា “​បង​អានេះ​តម្លៃ​ប៉ុន្មាន​?” រំពេច​នោះ​ក៏មាន​សំឡេង​តប​មកវិញ​ថា “​អាវ​ហ្នឹង​តម្លៃ​៣,៥​ដុល្លារ​”​។ នេះ​ជា​សំឡេង​សន្ទនា​របស់​វាង​អ្នកលក់​អាវ​ជជុះ​លេខ​១ និង​ភ្ញៀវ ដែល​បានមក​ទិញ​។​

​លោក មាស គុ​ម្ភៈ ជា​ម្ចាស់​ហាង​លក់​អាវ​ជជុះ ដែលមាន​ស្លាក​យីហោ​ថា “​អាវប្រុស​ជជុះ​លេខ​១” មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវ ទេព​ផន ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ដែល​រូបលោក​ចាប់​អាជីព​នេះ​មក​មាន​រយៈពេល ជិត​៥​ឆ្នាំ​មកហើយ​នោះ បាន​ឲ្យ​ដឹងថា ការបើក​លក់​ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​៨និង៣០​យប់​។ រីឯ​មូលហេតុ ដែល​នាំ​ឲ្យ​មាន​មុខរបរ​នេះ​ឡើង​គឺជា​ការបន្ត​យក​របរ​នេះ​ពី​ម្តាយ​របស់គាត់ និង​បាន​រក​ចំ​ណួ​ល​ចូល​គ្រួ​សារបាន​សមរម្យ​។

​លោក មាស គុ​ម្ភៈ បាន​និយាយថា “​ដំបូង​ឡើយ​ជា​គំនិត​របស់​ប្អូនស្រី​ខ្ញុំ​ម្នាក់​ឈ្មោះ​កញ្ញា​។ ហើយ​ម៉ាក់​របស់ខ្ញុំ​យក​(​អាវ​)​មក​ច្រើន ពិបាក​រក​អ្នក​ប៉ាវ​ក្បាល​គីប​។ ហើយក៏​មានគំនិត​ចង់​បើក​លក់​ដែរ ក៏​ចាប់​ផ្តើមធ្វើ​ហាង​ដាក់​អាវ​ព្យួរលក់​ទៅ​។ ហើយ​វា​បាន​រកប្រាក់​ចំណូល​បាន​គួរសម​ដែរ​”​។​

​លោក មាស គុ​ម្ភៈ បាន​បន្តថា “​របរ​មួយ​នេះ (​លក់​អាវ​ជជុះ​) ត្រូវបាន​ម្តាយ​របស់ខ្ញុំ​រកស៊ី​មក​ជាង​១៦ ទៅ​១៧​ឆ្នាំ​មកហើយ អ៊ីចឹង​ខ្ញុំ​ក៏​បន្ត​លក់​ទៅ​”​។​

គុ​ម្ភ​:​មិនអាច​ប្រាប់​ពី​ចំណូល​ មួយថ្ងៃ​បាន​ប៉ុន្មាន​ទេ ព្រោះ​វា​ជា​រឿង​ផ្ទាល់​​ខ្លួន ។ ចំពោះ​មួយថ្ងៃ​លក់បាន​ពី​៣០ ទៅ​៧០​អាវ​ជា​មធ្យម ក្នុង​មួយថ្ងៃ​”​។​

​ ម្ចាស់​ហាង​លក់​អាវ​ជជុះ​វ័យក្មេង ខាងលើនេះ បាន​ប្រាប់​ឲ្យ​បានដឹង​បន្តថា “​តម្លៃ​អាវ​មាន​ចាប់ពី​៣,៥​ដុល្លារ ដល់​១២​ដុល្លារ​។ អាវ​៣,៥​ដុល្លារ​គឺជា​អាវ​ឆ្នូត​សម្រាប់​មនុស្ស​ចំណាស់ៗ ដែល​អាច​ពាក់​ទៅធ្វើ​ការ ឬ​ទៅ​ញ៉ាំ​ការ​បាន​ព្រោះ​វា​ស្អាត នៅ​ថ្មី​ដែរ​ពេលខ្លះ​។ បើ​អាវ​តម្លៃ​ចាប់ពី​៤​ដុល្លារ​ឡើង​នោះ​គឺ​សម្រាប់​ស្ទាវៗ មាន​រឹប​រាង មាន​ម៉ូដ​-​ម៉ាក តម្លៃ​ទៅតាម​ហ្នឹង​”​។​

​ចំពោះ សាខា​ទាំងអស់ ក៏ដូចជា​ហាង​របស់លោក កន្លង​គាត់​មាន​លក់​តែ​អាវ​សម្រាប់​បុរសៗ​ទេ ហើយ​ម្ចាស់​ហាង​ដដែល​បាន​និយាយថា “​ពី​ដើម​មក​គឺ​ម៉ាក់​របស់ខ្ញុំ​ទម្លាប់​លក់​តែ​អាវប្រុស​សុទ្ធ ហើយ​កាក់កប​ជាមួយ​អាវប្រុស​ជាង​អាវស្រី​។ មនុស្ស​ប្រុស​មិនសូវ​ជា​សាំញ៉ាំ រឿង​តថ្លៃ​ផង ហើយ​អ្នកទិញ​ភាគច្រើន​បានដឹង​តម្លៃ​រួចហើយ និង​លក់​អត់​កាត់ថ្លៃ​ផង តែមាន​អ្នកខ្លះ​តថ្លៃ​ដែរ ព្រោះ​ចង់​ឲ្យ​ចុះថ្លៃ​”​។​

​ម្ចាស់​ហាង​លក់​អាវ​ជជុះ និយាយ​បន្តទៀតថា “​ឥ​វ៉ាន់​ទាំងអស់នេះ​ភាគច្រើន​កុម្ម៉ង់​ផ្ទា​ល់​តែម្តង ដោយ​នាំចូល​ពី​ប្រទេស​ជប៉ុន កូរ៉េ ចិន ជាពិសេស​គឺ​ពី​ប្រទេស​កូរ៉េ​។ ឯការ​នាំចូល​ម្តងៗ​ក្នុង​មួយខែ​គឺ​ច្រើន​គីប​ណាស់​។ ខ្ញុំ​អត់​អាច​ប្រាប់​បានទេ ទាល់តែ​ម៉ាក់​ខ្ញុំ​បាន​គាត់​ដឹង​។ តម្លៃ​ក្នុង​មួយ​គីប​តាម​ខ្ញុំ​ដឹង​ចាប់ពី​៣០០ ដល់​៤៨០​ដុល្លារ​ជាង​។ ក្នុង​មួយ​គីបៗ​អាចមាន​ចំនួន​ជាង​៤០០​អាវ ឬ​៤២០​អាវ​ពេលខ្លះ​។ នៅពេល​ខ្លះ​ខ្ញុំ​គាស់​គីប​ហ្នឹង​មក​មាន​អាវ​ថ្មី​ក្នុង​ហ្នឹង​ដែរ​គឺ​ ភាគច្រើន​ជា​អាវ​ឡូត៍ (​អាច​ផុតកំណត់​នៅ​ស្រុក​គេ ហើយ​មាន​ទាំង​ស្លាក​សម្គាល់ថា​ថ្មី​តែម្តង​)”​។​

​ម្ចាស់​ហាង​អាវ​ ជជុះ បាន​បន្ថែមថា លោក​គាស់​គីប​ថ្មីៗ​សម្រាប់​ដាក់លក់​ជា​រៀងរាល់ថ្ងៃ​ចំពោះ​ថ្ងៃ​លក់ដាច់​ ខ្លាំង ករណី​លក់​ពុំ​សូវ​ដាច់​ទេ​គឺ​ពី​២ ទៅ​៣​ថ្ងៃ​ទើប​មាន​គាស់​គីប​ថ្មី​ម្តងៗ​។ លោក ពន្យល់ថា ប្រសិនណាបើ​មិន​កោះ​គីប​ថ្មី​ទេ អ្នកទិញ​មិនអាច​ទិញ​ឥ​វ៉ាន់​បានទេ​។ ម្យ៉ាងទៀត នាំ​ឲ្យ​បាត់បង់​អតិថិជន ហើយ​ពួកគាត់​ត្រូវការ​ម៉ូដ​ថ្មីៗ​ដែរ​ពេលខ្លះ ដូច្នេះ​លោក​ត្រូវតែ​គាស់​គីប​ថ្មី​រាល់ថ្ងៃ​ផងដែរ​ពេលខ្លះ​។​

​ ម្ចាស់​ហាង​អាវ​ជជុះ បាន​បញ្ជាក់ថា មានការ​បញ្ចុះតម្លៃ​ជូន​ខ្លះៗ​ដែរ តែ​មិន​ច្រើន​ទេ ដោយសារ​ការលក់​នោះ​មិនសូវ​ជា​ចំណេញ​ច្រើន​ប៉ុន្មាន​ដែរ​។ នៅពេល​ខ្លះ​មាន​ភ្ញៀវ​ទិញ​ច្រើនៗ ហើយ​យកទៅលក់​បន្តទៀត អ្នកខ្លះ​លក់​នៅតាម​ស្រុក តាម​ខេត្ត តាម​ផ្ទះ​របស់គេ​ក៏មាន​។​

​លោក មាស គុ​ម្ភៈ​បានបញ្ចប់​ថា “​សម្រាប់​ការលក់​អាវ​ជជុះ​នេះ​គឺ​មិនដែល​មាន​សល់​ទេ​។ នៅពេល​ដាក់លក់​ទៅ​ចេះតែ​អស់​ទៅៗ​។ ណាមួយ​យើង​មើលទៅ​តាម​អាវ​ដែរ​ពេលខ្លះ​អាវ​នៅ​ច្រើន ខ្ញុំ​បន្ថយ​ការនាំ​ចូល​សិន ហើយ​មើលទៅ​រាង​រលាស់​បន្តិច​ហើយ​បានដាក់​មក​ថ្មី​ទៀត​”​។

​ចំណែក​ អតិថិជន ដែល​និយម​គាំទ្រ​ប្រើប្រាស់​អាវ​ជជុះ​នោះ បាន​ទទួលស្គាល់ថា ពិតជា​មាន​អាវ​ខ្លះ​ល្អ​ស្អាត មាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​ធូរ​ថ្លៃ​ចំណាយ​ប្រាក់​តិច​អាច​ទិញ​បាន​របស់​ច្រើន​។​

​ លោក ឈន់​ហ៊ីម ជា​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ជា​ម៉ូយ​ប្រចាំ​ហាង​អាវ​ជជុះ​លេខ​មួយ​នោះ បាន​ឲ្យ​ដឹងថា “​មានអី​! តម្លៃ​ធូរ​ថ្លៃ​សមរម្យ ចំណាយលុយ​តិច​អាច​ទិញ​បាន​ច្រើន ហើយ​ពេលខ្លះ​អាច​ពាក់​ទៅ​ញ៉ាំ​ការ​គេ​ម្តងម្កាល​ដែរ​។ ជជុះ​មិន​ជជុះ​ពាក់​ទៅ​ដូច​តែ​គ្នា គ្មាន​អ្នកណា​មក​សួរ​ទេ​”​។​

​ រីឯ យុវជន វុត្ថា ជា​និស្សិត​មួយរូប បានមក​ទិញ​អាវ​ជជុះ​ជាមួយ​មិត្តភក្តិ នាំមក​នោះ បាន​និយាយថា “​ខ្ញុំ​អត់​ដែល​ពាក់អាវ​ជជុះ​ទេ តែ​ឡូ​វ​សាកមើល​ម្តង​។ ព្រោះ​ឃើញ​គេ​ពាក់​មើលទៅ​ស្អាត និង​មាន​គុណភាព​គួរសម​”៕(CEN)

Comments system

Disqus Shortname