Sunday, December 2, 2012

ដំណើរ​ឆ្ពោះ​​ទៅ​រក​ការ​​កាត់​ផ្តាច់​ទាំង​​ស្រុង​នូវការ​ចម្លង​​មេ​រោគ​អេដស៍​របស់​កម្ពុជា

រាជធានីភ្នំពេញ ៖ ​នៅ​សាល​សន្និ​សីទ​ចតុ​មុខ​កាល​ពីថ្ងៃទី​១ ធ្នូ ២០១២ ​បាន​ប្រារព្ធ​​ទិវា​ពិភព​​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ «១ ធ្នូ ២០១២» ​ក្រោម​អធិប​តី​ភាព​​​​លោក​ជំទាវ ម៉ែន សំអន ​ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​​រដ្ឋ​សភា ព្រឹទ្ធ​សភា​ និងអធិការ​​កិច្ច​ ​តំណាងដ៏​​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី និង​មាន​ការ​អញ្ជើញ​​ចូលរួម​ពី​លោក​យឹម ​ឆៃលី ឧប​នាយក​រដ្ឋ​មន្ត្រី​​ និង​ជា​ប្រធាន​​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម និង​ជន​បទ លោក​​​នាយ​ឧត្តម​សេនីយ៍ កែ គឹម​យាន ​ឧប​នាយក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​​ការ​ងារ​ប្រយុទ្ធ​​នឹង​ជំងឺ​អេដស៍ និង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀន​ លោក​វេជ្ជ​បណ្ឌិត នុត សុខុម ​ទេស​រដ្ឋ​មន្ត្រី និងជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​​នឹង​ជំងឺអេដស៍ លោក​វេជ្ជ​បណ្ឌិត​ ម៉ម ​ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​​សុខា​ភិបាល​ លោក​ស្រី Marie-Oidile Emond អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេស​នៃ​អង្គ​ការ UNAID និង​ជា​តំណាង​​ភ្នាក់ងារ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ព្រម​ទាំង​សមា​ជិក សមា​ជិកា​រដ្ឋសភា ព្រឹទ្ធ​សភា ​ក្រសួង​ពាក់​ព័ន្ធ​ និង​សិស្សានុ​សិស្ស​​ជា​ច្រើន​​រូប​ទៀត ។
​ក្នុង​ឱកាស​នោះ​លោក​ជំទាវ ម៉ែន សំអន បាន​មាន​ប្រសាសន៍​ថា ​នៅថ្ងៃទី​១​ ធ្នូ ​២០១២ នេះ គឺ​ជា​ការ​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​​លើក​ទី ​២៣ នៅ​លើ​សាកល​​លោក និង​ជា​លើក​ទី​២០ សម្រាប់​ប្រទេស​​កម្ពុជា​ក្នុង​ការ​ចូលរួ​ម​ជា​មួយ​ពិភព​លោក​​ក្នុង​ការ​ ប្រារព្ធ​ទិវា​នេះ​ដើម្បី​បង្ហាញ​ដល់​មតិ​ជាតិ និង​អន្តរ​ជាតិ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ពង់​ខ្ពស់​របស់​រាជ​រដ្ឋា​ភិបាល ​ ។
​លោក​ជំទាវ​​បាន​មាន​ប្រសាសន៍​​បន្តថា នេះ​​ក៏​ជា​ឱកាស​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​​នឹង​ជំងឺ​អេដស៍​​ទាំង​អស់​​​ដែល ​មក​ពី​មជ្ឈ​ដ្ឋាន​ទូទាំង​ប្រទេស​ទាំង​ស្ថាប័ន​រាជរដ្ឋា​ភិបាល​ អង្គ​ការ​​សង្គម​ស៊ីវិល ​ស្ថាប័ន​ឯក​ជន និង​ដៃ​គូ​អភិវឌ្ឍន៍​​ជួប​ជុំ​គ្នា​ក្នុង​ការ​ចែក​រំលែក​​នូវព័ត៌​​មាន​ ជំនាញ​ និងបទ​ពិសោធន៍​​ថ្មីៗ​ស្តីពី «​ប្រសិទ្ធិ​​ភាព​នៃ​​ការ​ទប់​ស្កាត់​​ការ​រាល​ដាល​​មេរោគ​អេដស៍​ និង​ការ​ថែទាំ​ព្យា​បាល​​ និង​គាំទ្រ​​ដល់​អ្នក​ផ្ទុក​​មេរោគ​​អេដស៍​ និងអ្នក​​កើត​ជំងឺអេដស៍​​ផង​ដែរ» ។(KOH)

Comments system

Disqus Shortname