ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុវជនជនជាតិដើមភាគតិច ដែលជាជនជាតិព្នង អះអាងថា តាមប្រពៃណីជនជាតិដើមព្នង នៅពេលអ្នកណាម្នាក់ប្រព្រឹត្តខុសចំពោះជនជាតិដើមមួយនេះ ជននោះចាំបាច់ត្រូវរៀបចំពិធីសុំខមាទោសឲ្យបានត្រឹមត្រូវទៅតាម ប្រពៃណី។
អ្នកស្រី យុន ម៉ាណេ មានប្រសាសន៍ថា ការមិនព្រមរៀបចំសុំខមាទោសឲ្យបានត្រឹមត្រូវតាមបែបប្រពៃណីនោះទេ វានឹងមិនអាចធ្វើឲ្យជនជាតិដើមភាគតិចលើកលែងទោសឲ្យអ្នកតំណាង រាស្ត្រគណបក្សប្រជាជន លោក ឈាង វុន នោះឡើយ។ ដូច្នេះ អ្នកស្រីទទូចសុំឲ្យលោក ឈាង វុន មេត្តារៀបចំពិធីឲ្យបានត្រឹមត្រូវតាមបែបប្រពៃណីជនជាតិដើមភាគតិច ព្នង ហើយប្រារព្ធពិធីសុំខមាទោសនៅភ្នំដោះក្រមុំ ដែលស្ថិតនៅខេត្តមណ្ឌលគិរី។
អ្នកស្រី យុន ម៉ាណេ មានប្រសាសន៍ថា ប្រពៃណីជនជាតិដើមភាគតិចព្នង នៅពេលដែលជនណាមួយប្រព្រឹត្តកំហុសលើជនជាតិនេះ គេតម្រូវឲ្យជនដែលប្រព្រឹត្តខុសធ្វើពិធីមួយដែលគេហៅថា អំប៉េះ ដើម្បីសុំទោស។ តាមបែបប្រពៃណីជនជាតិព្នង ក្នុងពិធីអំប៉េះលិះលានេះ គេតម្រូវឲ្យជនដែលបានប្រព្រឹត្តកំហុសយកដំរីដើម្បីបូជាដល់ព្រះ នៃជនជាតិព្នងនោះ ប៉ុន្តែបើអ្នកនោះមិនមានសមត្ថភាពរកដំរីបានទេ គេអាចយកគោ ឬក្របីជំនួសក៏បាន។
អ្នកស្រីបញ្ជាក់ថា ពិធីនេះមានសារសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យជនជាតិព្នងអាចអត់ឱនឲ្យជនដែលប្រព្រឹត្ត ឆ្គាំឆ្គងចំពោះពួកគេនោះបាន។ ម្យ៉ាងទៀត អ្នកស្រី យុន ម៉ាណេ អះអាងថា ពាក្យសម្ដីរបស់លោក ឈាង វុន ដែលបានប្រមាថមាក់ងាយតំណាងរាស្ត្រគណបក្សប្រឆាំង ដោយបានប្រៀបប្រដូចទៅនឹងជនជាតិព្នងនោះ គឺមានលក្ខណៈធ្ងន់ធ្ងរ ព្រោះលោកបានដៀលដល់ពូជអំបូរនៃជនជាតិព្នងទាំងអស់ ហេតុនេះ អ្នកស្រីទទូចសុំឲ្យលោក ឈាង វុន បន្ទាប់ពីសុំទោសនៅក្នុងអង្គប្រជុំរដ្ឋសភារួចហើយ បន្តទៅប្រារព្ធពិធីសុំខមាទោសតាមបែបប្រពៃណីជនជាតិដើមភាគតិច ព្នងជាបន្ថែមទៀត។
កាលពីពេលថ្មីៗកន្លងទៅ លោក ឈាង វុន ប្រាប់អ្នកសារព័ត៌មានថា លោកនឹងសុំទោសជាសាធារណៈនៅក្នុងអង្គប្រជុំសភាចំពោះជនជាតិព្នង។ ម្យ៉ាងទៀត កំហុសរបស់លោកដែលបានប្រព្រឹត្ត ជាកំហុសអចេតនានោះ គឺលោកមិនប្រាថ្នាមាក់ងាយដល់ជនជាតិដើមភាគតិចព្នងនោះឡើយ។
ទោះយ៉ាងណា អ្នកស្រី យុន ម៉ាណេ មានប្រសាសន៍ថា ការប្រារព្ធពិធីសុំខមាទោសតាមបែបប្រពៃណីនេះ នឹងធ្វើឲ្យជនជាតិដើមភាគតិចព្នងសះជានឹងលោក ឈាង វុន ដូច្នេះបើសិនលោកយល់ព្រមតាមអ្វីដែលពួកគាត់សំណូមពរ វានឹងធ្វើឲ្យទទួលផលប្រយោជន៍ទាំងសងខាង៕(RFA)