ឆ្នាំ២០១២ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ១៥៧ ផ្នែកអំពើពុករលួយ
អង្គការតម្លាភាពអន្តរជាតិបានប្រកាសថា នៅឆ្នាំ២០១២នេះ
ប្រទេសកម្ពុជា មានចំណាត់ថ្នាក់លេខ ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៧៦
ក្នុងបញ្ហាអំពើពុករលួយ។ កម្ពុជា ទទួលបាន ២២ ពិន្ទុ
ដែលបង្ហាញឲ្យឃើញនូវភាពប្រសើរជាងមុនបន្តិច បើប្រៀបទៅនឹងលទ្ធផល
នៅក្នុងឆ្នាំ២០១១។ ឆ្នាំ២០១១ កម្ពុជាមានចំណាត់ថ្នាក់ ១៦៤ ក្នុងចំណោម
១៨៣ ប្រទេស។ យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ពុករលួយនេះ បង្ហាញថា
កម្ពុជានៅតែមានអំពើពុករលួយខ្លាំងក្លានៅឡើយ។
សន្ទស្សន៍ នៃការយល់ឃើញអំពីអំពើពុករលួយ ប្រចាំឆ្នាំ២០១២
ត្រូវបានអង្គការ តម្លាភាពកម្ពុជា ប្រកាសផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី៥
ខែធ្នូ ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ។ ជាលទ្ធផលប្រទេសកម្ពុជា
មានចំណាត់ថ្នាក់លេខ ១៥៧ ក្នុងចំណោមប្រទេសចំនួន ១៧៦
ដែលមាននៅក្នុងសន្ទស្សន៍ឆ្នាំ២០១២ ហើយបាន ២២ ពិន្ទុ។ លទ្ធផលនេះ
បង្ហាញឲ្យឃើញនូវភាពប្រសើរជាងមុនបន្តិច
បើប្រៀបទៅនឹងលទ្ធផលនៅក្នុងឆ្នាំ២០១១។
ក៏ប៉ុន្តែ ពិន្ទុសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ
សម្រាប់ឆ្នាំ២០១២ ដែលបានប្រកាស នៅថ្ងៃនេះ ត្រូវបានលោក រ័ត្ន សោភ័ណ្ឌ
ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការតម្លាភាព កម្ពុជា បានលើកឡើងថា
ចំណាត់ថ្នាក់នេះ បន្តបង្ហាញថា ប្រទេសកម្ពុជា នៅតែត្រូវបានចាត់ទុកថា
ជាប្រទេស ដែលមានអំពើពុករលួយខ្លាំងនៅឡើយ។
តាមអង្គការតម្លាភាព ដើម្បីកាត់បន្ថយអំពើពុករលួយ នៅប្រទេសកម្ពុជា
ចាំបាច់ត្រូវមានដំណើរការពង្រឹងច្បាប់ប្រឆាំងអំពើពុករលួយ
និងការបង្កើនសមត្ថភាព
និងលទ្ធភាពផ្សព្វផ្សាយរបស់អង្គភាពប្រឆាំងអំពើពុករលួយបន្ថែមទៀត
ដើម្បីធ្វើឲ្យការស៊ើបអង្កេតសំណុំរឿងពុករលួយ
និងការបញ្ជូនសំណុំរឿងទាំងនោះ ទៅតុលាការប្រកបដោយប្រសិទ្ធភាព។
មួយវិញទៀត ការអនុម័តច្បាប់ទទួលបានព័ត៌មាន ក៏ជាតម្រូវការ
ដើម្បីបង្កើនប្រសិទ្ធភាព
ក្នុងការពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ។
ចំណាត់ថ្នាក់អំពើពុករលួយខាងលើនេះ
មិនឆ្លុះបញ្ចាំងពីសភាពការណ៍ជាក់ស្តែងរបស់កម្ពុជាទេ។
នេះបើតាមការលើកឡើងរបស់លោក ផៃ ស៊ីផាន។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា
ការចាត់ថ្នាក់របស់អង្គការតម្លាភាពអន្តរជាតិ
គ្រាន់តែជាការសិក្សារបស់អង្គការមួយ
គឺមិនមែនស្តែងចេញពីអ្វីដែលកំពុងដំណើរការ នៅកម្ពុជាទេ។
តាមមន្ត្រីរដ្ឋាភិបាល កម្ពុជាសព្វថ្ងៃបន្តមានកំណើនសេដ្ឋកិច្ច
ដែលបង្ហាញពីបរិយាកាសមួយល្អសម្រាប់កម្ពុជា។
រដ្ឋាភិបាលក៏ខិតខំធ្វើឲ្យមានតម្លាភាព ក្នុងការផ្តល់សេវាកម្ម
ដល់មហាជន មន្ត្រីរាជការត្រូវប្រកាសទ្រព្យសម្បត្តិ
ហើយរដ្ឋាភិបាលបានប្តេជ្ញាប្រឆាំងនឹងរាល់អំពើអសកម្ម
រាប់ទាំងអំពើពុករលួយ ជាដើម។
របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ ប្រចាំឆ្នាំ២០១២ បង្ហាញថា
សម្រាប់ចំណាត់ថ្នាក់កម្ពុជា នៅឆ្នាំ២០១២ នេះ គឺកម្ពុជា
នៅលើប្រទេសឡាវ ដែលស្ថិតនៅលេខ ១៦០។ ក៏ប៉ុន្តែកម្ពុជា
ស្ថិតនៅក្រោមប្រទេសថៃ ដែលមានចំណាត់ថ្នាក់លេខ ៨៨
ព្រមទាំងប្រទេសវៀតណាម ស្ថិតនៅចំណាត់ថ្នាក់លេខ ១២៣។
នៅឆ្នាំ២០១២នេះ ប្រទេស Denmark ប្រទេស Finland និងប្រទេស New Zealand
ឈរនៅចំណាត់ថ្នាក់លេខ១ ដោយទទួលបានពិន្ទុ ៩០។ ចំណែកប្រទេស
ដែលស្ថិតនៅលេខរៀងបាតតារាង គឺប្រទេសអាហ្គានីស្ថាន ប្រទេសកូរ៉េខាងជើង
និងប្រទេស Somalia ដោយឈរនៅលេខរៀងដូចគ្នា ១៧៤ និងមានពិន្ទុត្រឹមតែ
៨ ប៉ុណ្ណោះ៕(RFI)