Saturday, December 1, 2012

យីងឡាក់​គេច​ផុត​​ពី​ការ​បោះ​ឆ្នោត​មិន​ទុក​ចិត្ត​ រីឯ​លោក​ថាក់​ស៊ីន​មិន​សប្បាយ​ចិត្ត

121130_17a
លោកស្រីយីងឡាក់ ស្តាប់​ការ​បក​ប្រែ ក្នុង​អំឡុង​ពេល​ជំនួប​កំពូល​អាស៊ាននៅ​ក្រុង​ភ្នំ​ពេញ កាល​ពី​ថ្ងៃ​ទី២០ វិច្ឆិកា​​។ Reuters


ក្រុង​បាងកកៈ រដ្ឋាភិបាល​ថៃ បាន​រួច​ផុត​ពី​ការ​បោះឆ្នោត​សម្តែង​ការ​មិន​ទុក​ចិត្ត​មួយ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​រាជធានី​នេះ រវាង​ក្រុម​អ្នក​តវ៉ា និង​ក្រុម​ប៉ូលិស​ប្រឆាំង​កុបកម្ម​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ធំ​បំផុត​មួយ ​ប្រឆាំង​នឹង​រដ្ឋការ​អាយុ​១៦​ខែ របស់​នាយក​រដ្ឋមន្ត្រី យីង​ឡាក់ ស៊ីណាវ៉ាត្រា។
ប៉ុន្តែ​អតីត​នាយក​រដ្ឋមន្ត្រី​ដែល​គេ​បណ្តេញ​ចេញ​ពី​ អំណាច ត្រូវ​ជា​បង​ប្រុស លោក​ថាក់ស៊ីន ស៊ីណា វ៉ាត្រា បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត នឹង​ប្រធាន​សភា និង​អនុ​ប្រធាន​សភា​សម្រាប់​ការ​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​ការ​ដេញ​ដោល​ សម្តែង​ការ​មិន​ទុក​ចិត្ត​នោះ ថ្វី​បើ​លោក ស្រី​យីងឡាក់ និង​គណៈរដ្ឋ​មន្ត្រី​ថៃ បាន​គេច​ផុត​ពី​ការ​បោះ​ឆ្នោត​នោះ​ដោយ​ងាយ​ស្រួល​ក្តី​។
យោង​តាម​ប្រភព​ក្នុង​គណបក្ស​ជា​ច្រើន​ឲ្យ​ដឹង​ថា​លោក​ថាក់​ស៊ីន បាន​និយាយ​ថា ក្រុម​អ្នក​តំណាង​បក្ស​ភឿ​ថៃ ដែល​បាន​ចូល​រួម​ក្នុង​ការ​ដេញ​ដោល​នេះ គឺ​ខ្សោយ​ពេក ជា​ពិសេស​នៅ​ពេល​ដែល​តំណាង​រាស្ត្រ​បក្ស​ប្រជា​ធិបតេយ្យ លោក​ជូរីន ឡាក់​សាណាវីស៊ីត បាន​បូក​សរុប​ការ​ចោទ​ប្រកាន់​របស់​បក្ស​ប្រឆាំង​កាល​ពី​រាត្រី​ថ្ងៃ​ អង្គារ។
ក្រុម​តំណាង​រាស្ត្រ​បក្ស​ភឿថៃ ជា​ច្រើន ក៏​បាន​យល់ ស្រប​ជាមួយ​ការ​រិះ​គន់​លោក​ថាក់ស៊ីន​នៅ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ផ្កាយ​រណប Skype នោះ​ផង​ដែរ។
ក្រុម​អ្នក​ធ្វើ​ច្បាប់​ថៃ បាន​បោះ​ឆ្នោត​ក្នុង​សំឡេង​៣០៨-១៥៩​ពី​ថ្ងៃ​ពុធ ដើម្បី​ឲ្យ​លោក​ស្រី​យីង​ឡាក់​នៅ​បន្ត​កាន់​អំណាច បន្ទាប់​ពី​ក្រុម​ប្រឆាំង​បាន​ចោទ​ប្រកាន់​លោក​ស្រី​ពី​បទ​បរាជ័យ​មិន​ បង្ក្រាប​លើ​អំពើ​ពុក​រលួយ។ ឧបនាយក​រដ្ឋ​មន្ត្រី​មួយ​រូប និង​រដ្ឋ​មន្ត្រី​ពីរ​រូប​ទៀត ក៏​បាន​រួច​ផុត​ពី​ការ​បោះ​ឆ្នោត​សម្តែង​ការ​មិន​ទុក​ចិត្ត​នោះ​ដែរ។
បន្ទាប់ ​ពី​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ដេញ​ដោល​គ្នា​៣​ថ្ងៃ ប្រធាន​សភា លោក​ស៊ុម​សាក់​គាត​ស៊ូ​រ៉ាណុន បាន​ប្រកាស​ថា៖ «សភា​បាន​បោះឆ្នោត​ផ្តល់​ឲ្យ​នាយក​រដ្ឋមន្ត្រី​យីងឡាក់​បន្ត​ធ្វើ​ការ​ទៀត​ »។
ក្នុង​អំឡុង​ពេល​ពិភាក្សា​ដេញ ដោល​នោះ ក្រុម​ប្រឆាំង​បាន​ផ្តោត លើ​ការ​អន្តរាគមន៍​អង្ករ ដែល​ថា គាំង​ដោយ​សារ​អំពើ​ពុក​រលួយ។
គណបក្ស ​ប្រជា​ធិបតេយ្យ​ជា​បក្ស​ប្រឆាំង​បាន​ស្តី​បន្ទោស​លោក​ស្រី​យីង​ឡាក់​ពី​បទ​ ដាក់​ប្រទេស​ថៃ​ឲ្យ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​បាត់​បង់​កន្លែង​ខ្លួន​ ជា​រដ្ឋ​នាំ​ចេញ​អង្គរ​កំពូល​របស់​ពិភពលោក​នៅ​ក្នុង​កម្ម​វិធី​ដែល​ រដ្ឋាភិបាល​ផ្តល់​ឲ្យ​កសិករ​នូវ​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទី​ផ្សារ​។ លោក​ស្រី​យីង​ឡាក់ បាន​ប្រាប់​សមាជិក​សភា​ថា កម្មវិធី​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​កសិករ​ថៃ និង​បាន​ជួយ​បង្កើន​អង្ករ​ថៃ​ផង​ដែរ។
លោក​ស្រី​យីងឡាក់ បាន​ថ្លែង​ថា៖ «យើង​ជួប​ការ​ខាតបង់​ដោយ​ព្យយាម​ជួយ​ដល់​កសិករ​ក្រីក្រ​ថៃ​ប៉ុន្តែ​គម្រោង​នេះ​មាន​តម្លាភាព»។
ក្រុម ​ប្រឆាំង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ពី​បទ​អនុញ្ញាត្ត​ឲ្យ​ក្រុម​ហ៊ុន​ឯក​ ជន​ពាក់​ព័ន្ធ​នឹង​កម្មវិធី​នេះ​ដើម្បី​បាន​ប្រយោជន៍​ពី​គោល​នយោបាយ​នេះ។
មេ ​ដឹកនាំ​ប្រឆាំង​និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី លោក​អាភីស៊ីត វ៉េចាជីវ៉ា បាន​និយាយ​ថា៖«គម្រោង​នេះ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​ការ​លក់​ អង្ករ​ផ្តាច់​មុខ។​អំពើ​ពុក​រលួយ​គឺ​គ្រាន់​តែ​ជា​ផល​ប៉ះពាល់​បន្ទាប់​បន្សំ ​នៃ​គម្រោង​ដែល​មាន​កំហុស»។
លោក​ស្រី​យីង​ឡាក់ និង​រដ្ឋមន្ត្រី ជា​ច្រើន​ទៀត​ក៏ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ គម្រោង​ថវិកា​គ្រប់​គ្រង​ទឹក​ជំនន់​គម្រោង​ជីក​ព្រែក និង​ការ​ជាវ​ប្រព័ន្ធ​ប្រយុទ្ធ​សម្រាប់​នាវា​កង​ទ័ព​ជើង​ទឹក​ពីរ​គ្រឿង​ផង​ ដែរ។
ក្រុម​ប្រឆាំង​នៅ​តែ​គំរាម​កំហែង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ គណកម្មា​ធិការ​ប្រឆាំង​ពុករលួយ​ជាតិ​ជុំវិញ​គោល​នយោ​បាយ​អង្ករ ប៉ុន្តែ​បន្ទាប់​ពី​លែង​មាន​ការ​តវ៉ា​និង​បរាជ័យ​ក្នុង​ការ​ចោទ​ប្រកាន់​ រដ្ឋាភិបាល​គេ​ក៏​បាន​រលាស់​ខ្លួន៕ IN(CEN)

Comments system

Disqus Shortname