Tuesday, December 4, 2012
ចោទនិងបញ្ជូនក្រុមឧកញ៉ា គ្រឿងញៀនទៅឃុំនៅព្រៃស
លោក បញ្ជាក់ថា៖ «ក្នុងចំណោមអ្នកត្រូវចាប់ខ្លួន៥នាក់ និងអ្នករត់គេចខ្លួនម្នាក់ត្រូវតុលាការចោទប្រកាន់ជាផ្លូវការនិង សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសដើម្បីរង់ចាំនីតិវិធីបន្ត»។ លោកបានបន្តថា៖ «ក្នុងចំណោមជនជាប់ចោទ ៣នាក់ ត្រូវចោទពីបទជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ ពីរនាក់ទៀតនិងអ្នករត់គេចខ្លួន ត្រូវចោទពីបទសមគំនិតក្នុងបទចោទអ្នកទាំងបីខាងលើនេះ។ ពួកគេត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃសពីល្ងាចមិញ»។
ឧត្តម សេនីយ៍ ខៀវ សាម៉ន ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងពីម្សិលមិញថា ជនសង្ស័យទាំង៥នាក់ ដែលមាន តាន់ សេងហាក់ ជាមេខ្លោងកំពុងត្រូវតុលាការចោទប្រកាន់និងឃុំខ្លួន។ ប៉ុន្តែប្រពន្ធនិងកូនស្រីត្រូវបានដោះលែងវិញហើយ។
លោកប្រាប់ ថា ប្រពន្ធនិងកូនៗរបស់តាន់ សេងហាក់ មិនពាក់ព័ន្ធទេ ព្រោះបើតាមប្រជាពលរដ្ឋនៅក្បែរផ្ទះជនសង្ស័យប្រាប់ថា តាន់ សេងហាក់ ពេលចេញពីពន្ធនាគារអំឡុងឆ្នាំ២០១១គឺរស់នៅមិនចុះសម្រុងគ្នាទេ ដោយប្រពន្ធនិងកូនៗនៅជាន់ខាងលើ ហើយមានកូនប្រុសម្នាក់ធ្វើការងារចិញ្ចឹមម្តាយនិងបងប្អូនគេ។
ចំណែក ឯ តាន់ សេងហាក់ វិញរស់នៅជាន់ខាងក្រោមជាមួយបក្ខពួកគេ។
លោក ឲ្យដឹងទៀតថា តាន់ សេងហាក់ធ្លាប់ជាប់ពន្ធនាគារម្តងក្នុងឆ្នាំ២០០៧ពាក់ព័ន្ធនឹង ដីធ្លីរួមនឹងជនសង្ស័យ៣នាក់ទៀតពីបទប្លន់ និងស្រ្តីម្នាក់ទៀតប្រព្រឹត្តបទល្មើសជាក់ស្តែងលក់ថ្នាំញៀន។
លោក បញ្ជាក់ដែរថា៖ «ថ្នាំញៀនដែលរឹបអូសបានមានទម្ងន់ជាង១១៥ក្រាមនិងម៉ាទឹកកកជិត ២០០ក្រាម ហើយមុននឹងធ្វើការបង្រ្កាបករណីណាមួយខាងនាយកដ្ឋានរបស់ខ្ញុំ សុទ្ធតែមានសំណុំរឿងនិងឯកសាររឹងមាំណាស់ ហើយពេលចុះចាប់ក៏មានខាងព្រះរាជអាជ្ញានិងមន្រ្តីជំនាញពាក់ព័ន្ធ ចូលរួមទាំងអស់ ដូច្នេះយើងអនុវត្តការងារច្បាស់ហើយនិងមានប្រសិទ្ធភាពបំផុត»។
លោក បន្តឲ្យដឹងទៀតថា លោក តាន់ សេងហាក់ ជាប់ពាក់ព័ន្ធពីបទជួញដូរគ្រឿងញៀន ពីព្រោះគាត់មានថ្នាំញៀននៅនឹងខ្លួនក្នុងបន្ទប់ផ្ទះស្នាក់នៅ របស់គាត់តែម្តង និងបញ្ហាទី២ គាត់បានបង្កលក្ខណៈឲ្យជនល្មើសស្នាក់នៅនិងជួលកន្លែងឲ្យជនល្មើស ធ្វើសកម្មភាព ហើយ តាមចម្លើយសារភាពរបស់គូកនទាំង៤ នាក់ថា កន្លងមកពួកគេសុទ្ធតែទទួលយកថ្នាំញៀនពីគាត់ជាញឹកញាប់ដើម្បីយក ទៅចែកចាយ និងលក់ដូរបន្តដែលមិនត្រឹមតែនៅរាជធានីភ្នំពេញទេ គឺនៅតាមខេត្តនានាថែមទៀត។
លោកខៀវ សាម៉នបន្តថាប្រទេសកម្ពុជា គ្រឿងញៀនភាគច្រើននាំចូល ឬឆ្លងពីប្រទេសផ្សេងៗដូចជា នាំចូលមកពីប្រទេសអា្រហ្វិកខាងត្បូងនិងប្រេស៊ីល ហើយនៅឆ្នាំ២០១២នេះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប ដែលសរុបបាន រាប់រយគីឡូក្រាម។ ប្រពន្ធនិងកូន តាន់សេងហាក់មិនអាចទាក់ទងបានទេ៕