Saturday, December 1, 2012

២នាក់​ស្លាប់ និងម្នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​ពុល​ស្រាថ្នាំ ៤ ឆ្នាំ​

ខេត្តកំពង់ចាម: ​បុរស​ចំណាស់ ៣​នាក់ បាននាំគ្នា​ផឹកស្រា​ថ្នាំ ដែល​ទុក​រយៈពេល ៤ ឆ្នាំ​មកហើយ​។ ស្រា​នោះ ដាក់​ក្នុង​ដប​ទឹក​សុទ្ធ ចំណុះ​កន្លះ​លីត្រ ហើយ​ត្រូវបាន​បុរស​ទាំងបី យកមក​ផឹក​ប្រហែល​មួយ​ពែង​ម្នាក់ៗ ក៏​ពុល ដោយ​ឈឺក្បាល ឈាម​ហូរ​ចេញ​តាម​ជើងធ្មេញ ទន់ដៃទន់ជើង និង​ប្រកាច់​ស្លាប់​ម្នាក់​ភ្លាមៗ​។ ចំណែក​តា​ចាស់ ២​នាក់​ទៀត មាន​សភាព​ជំងឺ​ធ្ងន់​ខ្លាំង ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ ជាបន្ទាន់​ ក្នុងនោះលោកតាម្នាក់បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត។ ​

​លោក​ វរសេនីយ៍ត្រី ខេង ស្រេង អធិការនគរបាល​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹងថា ហេតុការណ៍​ពុល​ស្រា នាំ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១២ នៅផ្ទះ​ហាង​លក់​គុយទាវ​មួយកន្លែង នៅ​ភូមិ​ព្រែក​ដំបូក​លើ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ អ្នកស្លាប់​ឈ្មោះ គុ ណឹ​ម​ឃី អាយុ ៧៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ដែលមាន​ចំងាយ​ពី​កន្លែង​ផឹកស្រា​ប្រមាណ ១៥០ ម៉ែត្រ​។

​លោក​អធិការ​ បន្ថែមថា លោកតា​នោះ ពេល​ផឹកស្រា បាន​មួយ​ពែង ក៏មាន​អ​ការៈឈឺ​ក្បាល ក៏​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ ពេល​ដល់ផ្ទះ​ក៏​ប្រកាច់ ទន់ដៃទន់ជើង ចេញឈាម​តាម​ជើងធ្មេញ ស្លាប់​ភ្លាមៗ​តែម្តង​។ ចំណែក​លោកតា​ពីរ​នាក់​ទៀត ដែល​ពុល​ធ្ងន់ធ្ងរ មានឈ្មោះ ឈុន យូ អាយុ ៥៧​ឆ្នាំ ជា​ម្ចាស់ផ្ទះ លក់​ស្រា និង​ឈ្មោះ កឹង លាង​ហេង ហៅ លាវ អាយុ ៦០ ឆ្នាំ ស្នាក់នៅ​ភូមិ​វាល ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ បានស្លាប់នៅពេលយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត​។​

​លោក​ អធិការ បាន​បន្តថា តា ឈុន យូ ជា​ម្ចាស់ផ្ទះ​លក់​ស្រា នៅពេល​មិនទាន់មាន​អ​ការៈពុល​ខ្លាំង បាន​និយាយថា ពួកគាត់ បាន​ផឹកស្រា​នេះ អស់​ប្រហែល​ម្នាក់​មួយ​ពែង ឬ​ពីរ​ពែង​ទេ ហើយក៏​មាន​អកា​រៈ​អីចឹង​ទៅ​។

​ លោកតា បាន​បញ្ជាក់ថា ស្រា​នេះ កាលពី ៤ ឆ្នាំមុន លោក​អតីត​អភិបាលរង​ស្រុក​ស្រី​សន្ធរ ឈ្មោះ ម៉ក់ លឹម​ហ៊​ន់ ដែល​ឥឡូវ​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កងមាស ជា​អ្នក​ឲ្យ ហើយ​លោក​ក៏បាន​រក្សាទុក​រហូត ដោយ​មិនបាន​ផឹក​ទេ រហូតដល់​ថ្ងៃទី​១​ធ្នូ​នេះ ក៏​នឹកឃើញ​ស្រា ដែល​គេ​ឲ្យ ក៏​យកមក​ផឹក ទើប​បណ្តាល​ឲ្យ​ពុល​តែម្តង​៕(CEN)

Comments system

Disqus Shortname