Monday, December 3, 2012

Manulife បន្ថែម សេវាធានារ៉ាប់រង អាយុជីវិតថ្មី

DAP-Newsភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត Manulife បានបង្ហាញពី ផលិតផលធានារ៉ាប់រង អាយុជីវិតថ្មីមួយទៀត ដែលមានឈ្មោះថា “មរតកខ្ញុំ ជាមួយមេនូឡាយហ្វ៍" ដើម្បីផ្តល់ទំនុកចិត្ត កាន់តែខ្ពស់ឡើង សម្រាប់អតិថិជន ក៏ដូចជា ផ្តល់ជម្រើស កាន់តែច្រើនឡើង ដល់ពួកគេផងដែរ។
"មរតកខ្ញុំជាមួយមេនូឡាយហ្វ៍" ដើរតួជាគម្រោងទាយទានរួមផ្សំ រវាងគម្រោងធានារ៉ាប់រងអាយុជីវិត និងគម្រោងសន្សំប្រាក់ ដែលគាំទ្រគោលដៅហិរញ្ញវត្ថុ របស់អតិថិជន ដោយបំបាត់ក្តីកង្វល់ ចំពោះបញ្ហាហិរញ្ញវត្ថុ នៅក្នុងគ្រួសារនៅពេលដែល មានបញ្ហាគ្រោះថ្នាក់ កើតឡើង ដោយមិនបានគ្រោងទុកជាមុន។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា " គម្រោងធានារ៉ាប់រង អាយុជីវិតថ្មីនេះ មានការពេញនិយមណាស់ នៅក្នុងទីផ្សារអាស៊ី ដែលក្រុមហ៊ុនមេនូឡាយហ្វ៍ មានប្រតិបត្តិការអាជីវកម្ម។ យើងខ្ញុំសង្ឃឹមថា គម្រោងថ្មីនេះ នឹងជួយប្រជាជនកម្ពុជារៀបចំគម្រោង ហិរញ្ញវត្ថុគ្រួសារ សម្រាប់ពេលអនាគត ព្រមទាំងត្រៀមខ្លួន រួចជាស្រេចដោះស្រាយរាល់ផលវិបាកទៅលើ ហិរញ្ញវត្ថុគ្រួសារ ដែលបណ្តាលមកពី ហេតុការណ៍ ដែលកើតមានឡើង ដោយមិនបានគ្រោងទុក។" លោកមានប្រសាសន៍ថា "ចំនួនអតិថិជន របស់ មេនូឡាយហ្វ៍ មានការកើនឡើងពី មួយខែទៅមួយខែ" ។
គម្រោង "មរតកខ្ញុំជាមួយមេនូឡាយហ្វ៍" អាចផ្តល់ជូន អតិថិជនអាយុពី១៨ ទៅ៤៥ឆ្នាំ ជាមួយនឹងជម្រើស២ យ៉ាង ក្នុងការទិញប័ណ្ណសន្យារ៉ាប់រង សម្រាប់រយៈពេល ១០ ឆ្នាំ ឬ ១៥ ឆ្នាំ ដោយផ្តល់នូវ ការធានារ៉ាប់រង អាយុជីវិតយ៉ាង ទូលំទូលាយ ដោយជួយដល់អ្នកទិញសេវានេះ បន្សល់ទុក ជាទ្រព្យមរតកដ៏ល្អប្រសើរ សម្រាប់មនុស្សជាទីស្រលាញ់ របស់គេ ប្រសិនបើមានករណី មរណភាព ជាអកុសលណាមួយ កើតមានឡើង។ គម្រោងនេះ នឹងទទួលបានប្រាក់សំណងទ្វេដង នៃសំណងធម្មតា ហើយប្រសិនបើ អតិថិជនត្រូវបានធានាអាយុជីវិត នៅរស់រានមានជីវិត នៅពេលដែលប័ណ្ណសន្យា រ៉ាប់រងដល់កាលកំណត់ នោះគាត់នឹងទទួលបាន នូវការបង់ប្រាក់ ផលប្រយោជន៍ ដល់កាលកំណត់។
គួរបញ្ជាក់ថា ក្រុមហ៊ុន Manulife ជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ដ៏ធំមួយ របស់កាណាដា ដែលបាន ដំណើរការនៅកម្ពុជា តាំងពីខែមិថុនា ឆ្នាំ២០១២មក ។ ក្រុមហ៊ុនធ្លាប់បានធ្វើសំណងលើកទី១ របស់ខ្លួន នៅកម្ពុជា ម្តងរួចមកហើយ ចំពោះការបាត់បង់ជីវិត របស់បុរសម្នាក់ ដែលព្យាយាមយកទុងជាតិកម្ពុជា ទៅដោត លើកំពូលភ្នំ អេវើរ៉េស កាលពីខែតុលា កន្លងទៅ ៕(DAP)

Comments system

Disqus Shortname