Saturday, December 1, 2012

ចូល​កាប់​ឈើ​គ្រញូង​បាញ់​គ្នា​ជាមួយ​ថៃ ស្លាប់​២​នាក់ ម្នាក់​ពាក់​ឯកសណ្ឋាន​យោធា​

ខេត្តព្រះវិហារ: ប្រជាជន​កម្ពុជា​ចំនួន​២​នាក់​ត្រូវបាន​គេ​រាយ​ការ​ណ៏​ថា បាន​ស្លាប់​នៅក្នុង​ទឹកដី​ថៃ​ជម្រៅ​ប្រមាណ ៥​ទៅ​៧​គីឡូម៉ែត្រ ដែល​អ្នក ស្លាប់ ទាំងពីរ មាន​ម្នា​ក់បាន​ពាក់​ឯកសណ្ឋាន​យោធា និង​ម្នាក់​ឯកសណ្ឋាន​ស៊ីវិល ក្នុងការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ រវាង កម្ពុជា និង​ទាហាន ឈុតខ្មៅ​ថៃ​។
​ជាមួយគ្នា​នោះគេ​រាយការណ៍​ទៀតថា ក៏មាន​អ្នករបួស​មួយចំនួន​កំពុង​បាត់​ខ្លួន និង​មេខ្លោង នាំ​មនុស្ស​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​ម្នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​ដើម្បី​អនុវត្ដ​ទៅតាម​ផ្លូវច្បាប់​ថែម​ទៀតផង​។​

​ ហេតុការណ៍​បាញ់​ប្រយុទ្ធ​គ្នា​បណ្ដាលឱ្យ​កម្ពុជា​២​រូប​បាន​ស្លាប់​នោះ គឺ​ស្ថិតក្នុង​ទឹកដី​ប្រទេស​ថៃ​ប្រមាណ​៥​ទៅ​៧​គីឡូ ម៉ែត្រ ស្រុក​ខាន់​តា​ឡាក់ ខេត្ដ​ស៊ីសាកេត ឈម​គ្នា​និង​ទឹកដី​កម្ពុជា ត្រង់ចំណុច​អូរ​ម្ទេស ដែល​ស្ថិតនៅ​ខាងលិច​ចំណុច​ច្រក​ជាំ តែ​បុស្ស​ស្បូវ ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ វេលា​ម៉ោង​១១​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២​។

​អាជ្ញាធរ​កម្ពុជា​បាន​ បញ្ជាក់ថា ការស្លាប់​របស់​ជនក​ម្ពុ​ជា​ទាំង​ពីររូប ត្រូវបាន​ទាហាន​ថៃ​ប្រាប់​មក​កម្ពុជា​វិញ​ថា មាន ជនកម្ពុជា ចំនួន​២​រូប បាន​ស្លាប់ នៅក្នុង​ទឹកដី​របស់ខ្លួន ដោយ​ម្នា​ក់មាន​ពាក់​ឯកសណ្ឋាន​ជា​យោធា និង​ម្នាក់ទៀត​ពាក់​ឯក សណ្ឋាន​ស៊ីវិល​។ ថៃ​ក៏បាន​រាយការណ៍ ប្រាប់ កម្ពុជា​ផងដែរ​ថា មាន​ជនកម្ពុជា​មួយចំនួន​អាច​នឹងមាន​រងរបួស ព្រោះ​ឃើញ ស្នាម​ឈាម​។

​អាជ្ញាធរ​កម្ពុជា​មិនទាន់​ដឹងថា កម្ពុជា​ដែល​ស្លាប់​ទាំងពីរ​រូបនោះ​មានឈ្មោះ​អ្វី​ពិតប្រាកដ​នោះទេ ហើយក៏​មិនដឹង​ជា មាន​ទីលំនៅ ពិតប្រាកដ រស់នៅ ទីណា​ដែរ​។ ប៉ុន្ដែ​សព​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា គេ​សង្ស័យថា ជា​ទាហាន​តំបន់​ប្រតិ ប​ត្ដិ​ការ​សឹក​រង​ខេត្ដ​ព្រះវិហារ ដែល​ប្រចាំការ​នៅ​តំបន់​ច្រក​កើតហេតុ​។

​ ក្រុមមន្ដ្រី​បាន​និយាយថា នៅ​យប់កើតហេតុ​គេ​ឃើញ​ជនកម្ពុជា​មួយក្រុម រួមជាមួយ​យោធា​ដោយ​ក្នុង​ដៃ​មាន​កាន់ អាវុធ​អាកា ជាច្រើន​ដើម ផង បាន​ឆ្លង​ចូល​ទឹកដី​ថៃ នៅ​ចំណុច​ខាងលើ ហើយក៏​ជួបនឹង​ទាហាន​ឈុតខ្មៅ​ថៃ​មួយក្រុម រួច​ក៏ បាន​ប្រយុទ្ធ​គ្នា​ដោយ​បាញ់​ត តប​ទៅវិញទៅមក ប្រមាណ​ជា​១០​នាទី រួច​ហើយក៏​សភាពការណ៍​ស្ងប់ស្ងាត់​។

​លុះ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១២​នេះ ភាគី​ថៃ​បាន​ជូនដំណឹង​មក​កម្ពុជា​ហើយ​ប្រាប់ថា ខាង​ថៃ​បានឃើញ​សព​ជន កម្ពុជា​ចំនួន​២​នាក់ នៅ​កន្លែង កើតហេតុ ដោយ​ម្នាក់​ជា​ជន​ស៊ីវិល និង​ម្នាក់​ជា​ទាហាន​។ ហើយ​ថៃ​ក៏​មិនបាន​ស្គាល់ឈ្មោះ​អ្នក ស្លាប់​នោះទេ ហើយ​កម្ពុជា​ក៏​មិនបាន​ដឹងថា ជន​ទាំងពីរ​នាក់​មានឈ្មោះ​អ្វី​នោះដែរ​។ សព​ទាំងពីរ​មិនត្រូវ​បាន​ទាហាន​ថៃ​បញ្ជូន មកឱ្យ​កម្ពុជា​វិញ​ភ្លាមៗ​នោះទេ​។ គេ​អាច​និយាយថា​ថៃ​ទុក​សព យ៉ាងតិច​ក៏​មួយ​សប្ដាហ៍​មុន​និង​បញ្ជូនមក​កម្ពុជា​។ ជាមួយគ្នា នោះ​ថៃ ក៏បាន​រាយ​ការ​ណ៏​មក​កម្ពុជា​ដែរ​ថា អាច​នឹងមាន​របួស​មួយចំនួនទៀត ព្រោះ​ខាង​ថៃ​បានឃើញ​ដាន​ឈាម​នៅ​កន្លែង កើតហេតុ​។​

​នៅ​ថ្ងៃត្រង់ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១២ នេះដែរ សមត្ថកិច្ច​កម្ពុជា​បាន​សហការគ្នា ហើយ​ឡើង​ទៅដល់​ចំណុច​អូរ​ម្ទេស ខាងលិច​ច្រក ជាំ​តែ​បុស្ស​ស្បូវ ប៉ុន្ដែ​នៅពេល​សមត្ថកិច្ច​មិនទាន់​ឡើងដល់​ផង ក៏មាន​ជនកម្ពុជា​ចំនួន​៣​នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន ដែល​ក្នុងនោះ​១ ជា​មេខ្លោង នាំ​ពលករ ឆ្លងដែន ចូលទៅ​កាប់​ឈើ​គ្រញូង និង​២​នាក់​ទៀត​ជា​កម្មករ​ធម្មតា​។

​ សមត្ថកិច្ច​បាន​រាយការណ៍​ឲ្យ​ដឹងផង​ដែរ​ថា មេខ្លោង​ដែល​គេ​មិនទាន់​បានផ្ដល់​ឈ្មោះ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន មក​អធិការ​ស្រុក​ជាំ​ក្សាន្ដ ដើម្បី​កសាង​សំណុំរឿង​ទៅកាន់​ស្នងការ​ខេត្ដ​ព្រះវិហារ និង​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​។ ដោយឡែក​កម្មករ​២​នាក់​សមត្ថកិច្ច​និយាយថា នឹងធ្វើ​ការអប់រំ​ហើយ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។

​បើតាម​ចំលើយសារភាព​ ពី​មេខ្លោង ដែល​សមត្ថកិច្ច​ដកស្រង់​សំដី​មក​និយាយថា រូបគេ​បានរស់នៅ​ស្រុក​ត្រញំង​ប្រាសាទ ហើយ​បាន​នាំ កម្មករ មួយក្រុម មាន​គ្នា​ចំនួន​៦​នាក់ ពី​ស្រុក​ត្រញំង​ប្រាសាទ ទៅឱ្យ​ឈ្មោះ ម៉ែន លី ដែលជា​ទាហាន​មាន ឋានៈ​ជា​សេនាធិការ នៅ​តំបន់​ប្រតិ​ប​ត្ដិ​ការ សឹក​រង ខេត្ដ​ព្រះវិហារ ប្រចាំការ​ណ៏​នៅក្នុង​ទឹកដី​កម្ពុជា​ក្បែរ​កន្លែងកើតហេតុ​។ ហើយ​ជនកម្ពុជា​ទាំង​៦​រូបនោះ ត្រូវបាន​ឈ្មោះ ម៉ែន លី ជា​អ្នក​បញ្ជូន​ត​ឱ្យចូល​ទៅក្នុង​ទឹកដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​បន្ដ ទៀត ហើយក៏​ជួប​ឧបទ្ទវហេតុ ក៏មាន​ការបាញ់ ប្រយុទ្ធ​ជាមួយ ថៃ បណ្ដាលឱ្យ​ប្រជាជន​កម្ពុជា​ចំនួន​២​រូប និង​ម្នាក់​ពាក់​ឯក សណ្ឋាន​យោធា​ស្លាប់​នៅ​កន្លែងកើតហេតុ​យ៉ាង​ដូច្នេះ​។

​ក្រោយពី​ ស្លាប់​ជន​ស៊ីវិល​ម្នាក់ និង​ម្នាក់​ពាក់​ឯកសណ្ឋាន​យោធា កើតឡើង​គឺ​នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១២ នោះដែរ ភាព​ជ្រួលច្របល់ បានកើត​មាន យ៉ាងខ្លាំង​ក្លា​នៅ​តំបន់​នោះ ហើយ​ព័ត៌មាន​ត្រូវបាន​គេ​លាក់​មិនឱ្យ​ធ្លា​យមក​ខាងក្រៅ​ឡើយ ព្រោះ ខ្លាច​ឮ​ដល់​ថ្នាក់លើ ជាពិសេស​ខ្លាច​ពត៌មាន​នោះ​ដឹង​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថែម​ទៀតផង​។

​នេះ​ មិនមែនជា​រឿង​ថ្មី​នោះទេ គឺ​បានកើត​ឡើងជា​បន្ដបន្ទាប់​ហើយ​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ឮ​តែ​ថា​កម្ពុជា ស្លាប់​រាប់រយ​នាក់ និង​របួស ក៏​រាប់រយ​នាក់ ព្រមទាំង​ជនកម្ពុជា​ជាច្រើន​នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន និង​មាន​អ្នកខ្លះ​កំពុង​ជាប់ ពន្ធនាគារ​នៅ​ប្រទេស​ថៃ​ទៀតផង​៕​

Comments system

Disqus Shortname