សៀមរាប៖ អគ្គិភ័យដ៏ សន្ធោសន្ធៅមួយ បានឆាបឆេះ ផ្សាររាត្រីសៀមរាប (ផ្សារផ្នែកខាងមុខ) និងសណ្ឋាគារ នៅក្បែរនោះ ស្ថិតនៅកណ្តាល ក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមាន ការភ្ញាក់ផ្អើល និងឆោឡោ យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ នៅទីក្រុងសៀមរាប ជាពិសេស ភ្ញៀវទេសចរជាតិ និងបរទេស ដែលកំពុងដើរ លេងកំសាន្តនៅ ក្នុងផ្សាររាត្រីនោះ។
សេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋ ពីក្រុងសៀមរាប បានឲ្យដឹងថា អគ្គិភ័យយ៉ាងខ្លាំងនេះ បានកើតឡើង នៅប្រហែល វេលាម៉ោង ២៖១៥នាទីយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្សារ រាត្រីតែម្តង ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ប្រជាពលរដ្ឋម្នាក់ ឈ្មោះរ៉ា បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទាំងយប់ថា នៅវេលាម៉ោង ប្រហែល២៖១៥នាទី មានករណីអគ្គិភ័យ ឆេះផ្សាររាត្រីសៀមរាប (ផ្សាររាត្រីនៅ ផ្នែកខាងមុខ) ដោយមិនទាន់ដឹង មូលហេតុ ហើយ សមត្ថកិច្ច និងអាជ្ញាធរជា ច្រើននាក់ បានចេញ មកជួយអន្តរាគមន៍ ភ្លាមៗតែម្តង។
អនុប្រធាន ការិយាល័យ ពន្លត់ និងបង្កាអគ្គិភ័យ ខេត្តសៀមរាប លោក ឈឿន ឆេង បានឲ្យដឹងថា តាមទូរស័ព្ទ ក្រោយកើត ហេតុថា អគ្គិភ័យ បាននិងកំពុងឆាបឆេះ យ៉ាងខ្លាំង និងបន្តទៅឆាបឆេះ សណ្ឋាគារទៀត។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ពី មូលហេតុ ដែលនាំឲ្យឆាបឆេះ ផ្សាររាត្រី ខាងលើនេះទេ ខណៈសមត្ថកិច្ច ជាច្រើននាក់ បាននិងកំពុង ជួយអន្តរាគមន៍។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា រហូតមកដល់ វេលាម៉ោង ៣យប់ទៀបភ្លឺដដែលនេះ អគ្គិភ័យ ហាក់បី មានការថមថយ ច្រើនហើយ ក្រោយពីសមត្ថកិច្ច បាននាំយក រថយន្តពន្លត់ អគ្គិភ័យទៅ ជួយអន្តរាគមន៍នោះ។ ដោយឡែក ទំហំនៃការខូចខាត សមត្ថកិច្ចក៏មិនទាន់ អាចធ្វើការ សន្និដ្ឋានបាន នៅឡើយទេ។
សេចក្តីរាយការណ៍បានបន្តឲ្យដឹងនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី០៨ ខែធ្នូ ថា ក្រោយពេលភ្លើងត្រូវបានពន្លត់ទាំងស្រុងនោះ ជាជំហានដំបូងនេះ សមត្ថកិច្ចបានរកឃើញ សពជនរងគ្រោះ៨នាក់ ត្រូវភ្លើងឆេះសុសអស់មើលឡែងស្គាល់ និងជនរងគ្រោះ២នាក់ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ផងដែរ។ ទោះជាយ៉ាងណា ជនរងគ្រោះទាំងអស់ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ៕(DAPNEWS)