ភ្នំពេញ:
ចោរឆក់ទូរស័ព្ទស្ទើរភ្លើងម្នាក់
បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់ តាមដងផ្លូវសាធារណៈ
បានសំរេច តែត្រូវម្ចាស់ដេញបុក ដួលបណ្តាលឲ្យបែកអាអូនតូច
កាលពីវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២
នៅចំណុចក្បែរធនាគារកាណាឌីយ៉ា ផ្លូវព្រះសីហនុ សង្កាត់អូឡាំពិក
ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ
ប៊ុន ស្រីលី អាយុ ២២ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅផ្ទះលេខ ១៣អឺ០
ផ្លូវលេខ១៨៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិះម៉ូតូម៉ាក Scoopy។
ចំណែកទូរស័ព្ទដែលត្រូវចោរឆក់មិនសំរេច ម៉ាក Iphone4S។ រីឯជនសង្ស័យ
ឈ្មោះ លឹម លីហួ អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១
សង្កាត់ទំបន់ទឹក ជិះម៉ូតូម៉ាកSL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ
1AJ-6591|។
សមត្ថកិច្ច បានបន្តឲ្យដឹងថា មុនកើតហេតុ
ស្ត្រីរងគ្រោះ បានជិះម៉ូតូម៉ាក Scoopy ហើយនិយាយទូរស័ព្ទ
ក៏ត្រូចោរឆក់ស្ទើរភ្លើងម្នាក់ ជិះម៉ូតូម៉ាក SL មកអែប
រួចឆក់យកទូរស័ព្ទ បានសំរេច ហើយបំរុងជិះម៉ូតូគេចខ្លួន ប៉ុន្តែពេលនោះ
ស្ត្រីជាម្ចាស់ទូរស័ព្ទ បានជិះម៉ូតូដេញតាម តាំងពីផ្លូវលេខ ១៦៣
ដោយស្រែក “ចោរឆក់ទូរស័ព្ទៗ”។
លុះមកដល់ចំណុចកើតហេតុ
តាមមកទាន់ក៏បុកពីក្រោយបណ្តាលឲ្យដួល ហើយជនសង្ស័យ បានរងរបួស
ដោយត្រូវចំអាអូនតូចខ្ទេច
ហើយត្រូវអ្នកស្រុកស្វាគមន៍ម្នាក់មួយដៃមួយជើង ទ្រោមខ្លួន
ទើបជនសង្ស័យប្រគល់ទូរស័ព្ទឲ្យទៅម្ចាស់វិញ។(cen)
ជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន បណ្តោះអាសន្ន៕