ភ្នំពេញៈ ប្រធានគណបក្សសង្គ្រោះជាតិ
ដែលកំពុងរស់នៅនិរទេសដើម្បីគេចវេះពីការជាប់ពន្ធនាគារ
បានធ្វើការរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
និងក្រុមប្រឹក្សាធម្មនុញ្ញដែលបានលុបឈ្មោះរូបលោក
ចេញពីបញ្ជីឈ្មោះបោះឆ្នោតព្រមទាំងបានហៅគណបក្សកាន់អំណាចថា
ជាកីឡាករ ដែលមិនហ៊ានប្រកួតជាមួយដៃគូខ្លាំង
ហើយព្យាយាមច្រានគូប្រកួតដែលខ្លាំងឲ្យចាកឆ្ងាយពីឆាកប្រយុទ្ធ។
នៅក្នុង
សេចក្ដីថ្លែងការណ៍មួយ
របស់ខុទ្ទកាល័យគណបក្សសង្គ្រោះជាតិចេញកាលពីម្សិលមិញ លោកសម រង្ស៊ី
បានសរសេរថា ប្រព័ន្ធវិនិច្ឆ័យយុត្តិធម៌នៅកម្ពុជា គឺអយុត្តិធម៌
ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
និងក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចលុបឈ្មោះ លោក សម រង្ស៊ី
ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយយកលេសថា ជាទណ្ឌិត។
សេចក្ដីថ្លែងការណ៍ក៏បានចង្អុលបង្ហាញថា៖ «គ.ជ.ប
មិនបានលុបឈ្មោះទណ្ឌិតចេញពីបញ្ជីបោះឆ្នោត មានដូចជា លោក ហេង ពៅ
អតីតស្នងការនគរបាលក្រុងភ្នំពេញ លោកស្រី ផេង គន្ធាបូរី
អតីតប្រធានពិធីការ និងលោក ឈឿន ចាន់ថន អតីតមេអង្គរក្ស លោកជា ស៊ីម
លោក តុប ចាន់សេរីវុធ
អតីតព្រះរាជអាជ្ញាតុលាការខេត្តពោធិ៍សាត់នោះទេ»។
សេចក្តីថ្លែងការណ៍ បានហៅការលុបឈ្មោះលោកសម រង្ស៊ី
ថា«ជាការបិទផ្លូវឲ្យគូប្រកួតរូបនេះឃា្លតឆ្ងាយពីទីលានប្រកួត
ដោយទុកឲ្យកីឡាករតែម្នាក់ ដែលមានឈ្មោះប្រកួត គឺលោក ហ៊ុន សែន»។
កាលពីថ្ងៃ
ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមប្រឹក្សាធម្មនុញ្ញ
បានតម្កល់រក្សាការសម្រេចរបស់ គ.ជ.ប និងបិទផ្លូវតវ៉ា
លើសំណុំរឿងរបស់ លោក ជូង ជូងី មេធាវីការពារក្តី ឲ្យលោក សម រង្ស៊ី
ដែលបានប្តឹងជំទាស់នឹងការលុបឈ្មោះកូនក្តី របស់លោក
ចេញពីបញ្ជីឈ្មោះបោះឆ្នោត។
លោក សម រង្ស៊ី កាលពីថ្ងៃទី៥ វិច្ឆិកា
ត្រូវបាន គ.ជ.ប
សម្រេចលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតដោយសំអាងលើសាលដីកា
របស់តុលាការកំពូលទាក់ទិនទៅនឹងរឿងបំផ្លាញតម្រុយបង្គោល
ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀងកាលពីឆ្នាំ២០០៩។
លោក
ទេព នីថា អគ្គលេខាធិការគ.ជ.ប បានថ្លែងថា នេះពុំមែនជាលើកទី១ទេ
ដែលលោកសម រង្ស៊ី ចោទប្រកាន់មកលើ គ.ជ.ប
ទាក់ទិនទៅនឹងការលុបឈ្មោះអ្នកណាម្នាក់នោះ
គឺក្រុមប្រឹក្សាឃុំសង្កាត់ ជាអ្នកស្រង់បញ្ជី អ្នកស្លាប់
ផ្លាស់ប្តូរទីលំនៅ ជាប់ពន្ធនាគារ ឬវិកលចរិតជាដើម។ ពលរដ្ឋគ្រប់រូប
មានសិទ្ធិប្តឹងមក គ.ជ.ប ប្រសិនបើឃើញឈ្មោះដែលខ្លួនស្គាល់ថា
ស្លាប់ ឬក៏ផ្លាស់ប្តូរទីលំនៅ ហើយនៅតែមានឈ្មោះបោះឆ្នោត។
លោកនិយាយថា៖«ករណីឯកឧត្តមសម រង្ស៊ីដែលយើងបានដឹងនោះ
គឺដោយសារតែមានពាក្យបណ្តឹង។ ខ្ញុំក៏មិនដឹងថា តើឈ្មោះណាខ្លះ
ត្រូវបានលុបចេញពីបញ្ជីនោះដែរ»។
លោក ទិត្យ សុធា
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា លោក សម
រង្ស៊ីពុំមានឥទ្ធិពលនយោបាយ មកធ្វើជាដៃគូប្រកួតប្រជែង
ជាមួយនឹងរដ្ឋាភិបាលនោះទេ ពីព្រោះសារនយោបាយរបស់គាត់
តែងតែបញ្ចេញជាបន្តបន្ទាប់ គឺខុសឆ្គងដដែលៗ។ លោកបន្តថា៖«លោកសម
រង្ស៊ីដឹងច្បាស់ខ្លួនឯង ថាគ្មានហេតុផលណា
ដែលរដ្ឋាភិបាលបង្កើតបរិយាកាសអាប់អួ ជាមួយគាត់នោះទេ
គឺគាត់ខ្លួនគាត់បង្កើតបញ្ហាដោយខ្លួនឯង
ដែលធ្វើឲ្យប៉ះពាល់ផ្លូវច្បាប់»។
លោកសម រង្ស៊ី
ត្រូវបានតុលាការកម្ពុជា ផ្តន្ទាទោសកំបាំងមុខ
ឲ្យជាប់ពន្ធនាគារចំនួន១២ ឆ្នាំ
ពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម
និងក្លែងបន្លំឯកសារពាក់ព័ន្ធនឹងផែនទីព្រំដែនកម្ពុជាវៀតណាម។
ការកាត់ទោសនេះ ត្រូវបានគណបក្សប្រឆាំងច្រានចោល និងអះអាងថា
តុលាការមិនឯករាជ្យ
តុលាការស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច៕(POSTKHMER)