រោងចក្រចម្រាញ់ប្រេងកាតដែលមានទុន
វិនិយោគចំនួន ២៣០០ លានដុល្លារអាមេរិក
ត្រូវបានចុះហត្ថលេខាសាងសង់កាលពីព្រឹកថ្ងៃសុក្រទី២៨ខែធ្នូនេះ។
ក្រុមហ៊ុនកម្ពុជារបស់អ្នកឧកញ៉ា ស៊ី គង់ទ្រីវ
បានសហការជាមួយក្រុមហ៊ុនចិនដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេងកាត
ដែលមានសមត្ថភាពផលិតប្រេងបាន ៥ លានតោនក្នុងមួយឆ្នាំ។ រោងចក្រនោះ នឹងបើកដំណើរការ នៅចុងឆ្នាំ២០១៥។
ពិធីចុះហត្ថលេខា នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកមិញ ធ្វើឡើងចំនួនពីរ។
ទី១-ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ ស្ដីពី ការសាងសង់
និងប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងកាត
ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន
រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី
និងជាប្រធានអាជ្ញាធរជាតិប្រេងកាតកម្ពុជា ជាមួយនឹងលោកឧកញ៉ា ស៊ីវ
គង់ទ្រីវ ប្រធានក្រុមហ៊ុន Cambodian Petrochemical Co.Ltd.,។ចំណែកពិធីចុះហត្ថលេខាមួយទៀត លើកិច្ចសន្យា ស្តីពី វិស្វកម្ម ការផ្គត់ផ្គង់សម្ភារៈ និងការសាងសង់រោងចក្រចម្រាញ់ប្រេងកាត ដែលចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន Cambodian Petrochemical Co.Ltd. ជាមួយក្រុមហ៊ុនចិន Sinomach China Perfect Machinery industry Corp. Ltd.,។
លោក Zhang Sugang នាយក ចាត់ការទូទៅក្រុមហ៊ុនចិន Sinomach China Perfect Machinery industry Corp. Ltd., បានលើកឡើងថា រោងចក្រចម្រាញ់ប្រេងកាតនោះ មានតម្លៃវិនិយោគចំនួន ២៣០០ លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់ចំនួន ៣៦ ខែ ហើយនឹងដាក់ឲ្យប្រតិបត្តិការ នៅចុងឆ្នាំ២០១៥។
តាមតំណាងក្រុមហ៊ុន ក្នុង ១ឆ្នាំ រោងចក្រចម្រាញ់ប្រេងកាតនោះ អាចនឹងផលិតប្រេងបាន ៥ លានតោន ហើយនឹងផ្តល់ការងារដល់ពលរដ្ឋកម្ពុជា ៤.០០០ នាក់។ ចំណែកកាកសំណល់ពីការចម្រាញ់ប្រេងកាតនោះ ក៏នឹងត្រូវកែច្នៃ ជាផលិតផលប្រើប្រាស់ ដូចជា បំពង់ទីបទឹក និងជីកសិកកម្ម ជាដើម ដែលនឹងទទួលចំណូលប្រមាណ ១៥.០០០ លានដុល្លារ ក្នុងមួយឆ្នាំ។
ចំណែកលោក សុខ អាន បានលើកឡើងថា រោងចក្រចម្រាញ់ប្រេងកាត ដែលអាចនឹងផលិតប្រេងបាន ៥ លានតោន ក្នុងមួយឆ្នាំ នៅព្រំដែនខេត្តកំពត និងខេត្តព្រះសីហនុ នឹងអាចបម្រើឲ្យតម្រូវការប្រេងនៅកម្ពុជាដែលមានចំនួន១លានតោនក្នុង មួយឆ្នាំដោយលក់ក្នុងតម្លៃ សមរម្យ ហើយគុណភាពក៏ស្ថិតក្នុងស្តង់ដារប្រេងនៅអឺរ៉ុប ហើយនៅសល់ប៉ុន្មាន ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន នឹងត្រូវនាំចេញទៅលក់នៅក្រៅប្រទេស។
លោកឧបនាយករដ្ឋមន្ត្រីសុខ អានសង្ឃឹមថា ការចុះហត្ថលេខាថ្ងៃនេះនឹងបញ្ជូនសញ្ញាវិជ្ជមានមួយដល់វិនិយោគិនទាំង ក្នុងនិងក្រៅប្រទេស ឱ្យចូលរួមវិនិយោគក្នុងវិស័យប្រេងដ៏មានសក្តា នុពលនេះ កាន់តែច្រើនឡើងថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខមាលភាព និងវឌ្ឍនភាពសង្គម។
តាមតំណាងក្រុមហ៊ុន នៅឆ្នាំ១៩៦៨ កម្ពុជាធ្លាប់មានរោងចក្រចម្រាញ់ប្រេងកាតមួយ សាងសង់ឡើងដោយក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនបារាំង។ ប៉ុន្តែនៅឆ្នាំ១៩៧១ ត្រូវបានផ្អាកទៅវិញ ដោយសារសង្គ្រាម។
សូមរម្លឹកថា រោងចក្រចម្រាញ់ប្រេងកាតដែលបានចុះហត្ថលេខាព្រមព្រៀងបង្កើតនៅពេលនេះ ចំពេលដែលប្រេងកាតនៅបាតសមុទ្រកម្ពុជា ត្រូវបានក្រុមហ៊ុនរុករកប្រេងអាមេរិក Chevron បានសម្រេចពន្យារពេលទាញយកប្រេងដំបូងបង្អស់ នៅតំបន់ A កាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ ហើយកាលបរិច្ឆេទថ្មី នឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៦៕(rfi)