Tuesday, December 4, 2012

ដំណើរ​នៃ​ការ​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍

ភ្នំពេញៈ​ដួង ហ្សូរីដា អាយុ ២៩ បាន​ធ្វើ​ការ​នៅ​ហាង​ទឹក​អប់​ក្បែរ​ផ្សារ​ថ្មី នៅ​ពេល​ដែល​នាង​មាន​អាយុ ១៨​ឆ្នាំ ដោយ​ទទួល​បាន​ប្រាក់​ខែ​៣០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។
ឪពុក ​របស់​នាង​បាន​ស្លាប់​នៅ​ពេល​នាង​អាយុ​ត្រឹម​តែ​១២​ឆ្នាំ​ប៉ុណ្ណោះ។ នាង​បាន​ចូល​រៀន​និង​ព្យាយាម​រិះ​រក​គ្រប់​វិធី​ដើម្បី​រក​ប្រាក់​ជួយ​ម្តាយ ​នាង​និង​ប្អូន​ស្រី​បី​នាក់​របស់​នាង។
បច្ចុប្បន្ន​ហ្សូរីដា មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ចំនួន​៨ រៀង​រាល់​សប្តាហ៍ ហើយ​មាន​គេ​ស្គាល់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ នាង​មាន​ហាង Zo Fashion នៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម និង​កម្មវិធី​បង្ហាញ​ម៉ូដ​កម្ពុជាCambodia Supermodel​។
កាល​ពី​សប្តាហ៍​មុន ហ្សូរីដា បាន​រៀប​រាប់​រឿង​រ៉ាវ​របស់​នាង ដែល​មាន​វត្តមាន​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍។
ហ្សូរីដា ​បាន​លើក​ឡើង​ថា៖ «ចាប់​តាំង​ពី​ឪពុក​ខ្ញុំ​ស្លាប់​ទៅ ម្តាយ​របស់​ខ្ញុំ បាន​ធ្វើ​ការ​យ៉ាង​លំបាក។ ខ្ញុំ​ជា​បង​ស្រី​ធំ​នៅ​ក្នុង​គ្រួសារ ហើយ​ខ្ញុំ​គិត​ថា ប្រសិន​បើ​ខ្ញុំ​អាច​ស្វែង​រក​ការ​ងារ​ធ្វើ​បាន វា​នឹង​ជួយ​សម្រាល​បន្ទុក​ម្តាយ​របស់​ខ្ញុំ»។
នៅ​ពេល​ដែល​នាង​ធ្វើ​ ការ​នៅ​ក្នុង​ហាង​ទឹក​អប់ នាង​បាន​ដឹង​ថា ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត Hello Axiata កំពុង​ជ្រើស​រើស​ការ​ប្រកួត « Fresh Girl and Boy»។ គំនិត​នេះ គឺ​ថា អ្នក​ឈ្នះ នឹង​ទទួល​បាន​ការ​ងារ​ធ្វើ។ ហ្សូរីដា បាន​ចូល​រួម​ប្រកួត ហើយ​ទោះ​បី​ជា​នាង​មិន​ជាប់​លេខ​ក៏​ដោយ ប៉ុន្តែ​នាង​ក៏​ទទួល​បាន​ការ​ងារ​ធ្វើ​ដែរ។
នាង​បាន​ប្រាប់​ថា៖ «ខ្ញុំ​បាន​ទទួល​ការ​ងារ​ធ្វើ ដោយ​សារ​តែ​ខ្ញុំ​អាច​និយាយ​ភាសា​អង់គ្លេស​បារាំង និង​ថៃ​បាន»។ នាង​បាន​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ហេឡូ បាន​មួយ​ឆ្នាំ​កន្លះ មុន​ពេល​មិត្ត​ភក្តិ​នាង​ប្រាប់​ថា មាន​ក្រុម​ហ៊ុន​អាកាស​ចរណ៍​មួយ ត្រូវ​ការ​បុគ្គលិក។ ក្រុម​ហ៊ុន​នោះ ចង់​ឲ្យ​នាង​បម្រើ​ការ​នៅ​ផ្នែក​បម្រើ​សេវា​អតិថិជន ប៉ុន្តែ​នាង​ចង់​ក្លាយ​ជា​អ្នក​បម្រើ​លើ​យន្ត​ហោះ។
នាង​បាន​បន្ថែម​ ថា៖ «អាកាស​យានិក​មួយ​ចំនួន បាន​សម្លឹង​មក​នាង ហើយ​និយាយ​ទៅ​កាន់​ថ្នាក់​គ្រប់​គ្រង​ថា តើ​នារី​ម្នាក់​នេះ​យ៉ាង​ម៉េច​ដែរ? នៅ​ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​វិញ ពួក​គេ បាន​ទូរស័ព្ទ​មក​ខ្ញុំ អបអរ​សាទរ ដោយ​សារ​អ្នក​គ្រប់​គ្រង​បាន​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​លើ​ យន្តហោះ»។
ព្រឹត្តិការណ៍​នោះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ហ្សូរីដា ដោយ​សារ​វា​ឆ្លុះ​បញ្ចាំង​ថា នាង​បាន​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​តាម​គោល​ដៅ​ដែល​នាង​ចង់​បាន។ នៅ​ពេល​នោះ នាង​អាយុ ២២​ឆ្នាំ​ហើយ​ជា​សិស្ស​អាហារូបករណ៍​នៅ​វិទ្យា​ស្ថាន​ភាសា​បរទេស (IFL)។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​នោះ​មិន​មាន​ដំណើរ​ការ​នៅ​កម្ពុជា​ទៀត​ទេ នា​ពេល​បច្ចុប្បន្ន។ កាល​នោះ​ក្រុម​ហ៊ុន​នោះ ហោះ​ហើរ​ទៅ​មក​ខេត្ត​សៀម​រាប រតនគិរី ហុងកុង ម៉ាកាវ Guangzhou និង​បាងកក។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​អន្តរជាតិ​ជា​ច្រើន បាន​ផ្តល់​ឱកាស​ដល់​នាង។
នាង​បាន​ប្រាប់​ទៀត​ថា៖ «ខ្ញុំ​តែង​តែ​តស៊ូ​មតិ​ជាមួយ​ថ្នាក់​ដឹក​នាំ ដើម្បី​លើក​កម្ពស់​គោល​នយោបាយ​ក្រុម​ហ៊ុន»។
នៅ ​ពេល​ដែល​នាង​អាយុ ២៣​ឆ្នាំ កាល​ពី​ឆ្នាំ​២០០៥ ចំ​ពេល​ដែល​នាង​បាន​ទទួល​សញ្ញា​បត្រ​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់​ គ្រង​ធុរកិច្ច នៅ​មហា​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ក្រុម​ហ៊ុន​អាកាស​ចរណ៍​នោះ ក៏​ជួប​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ម្តាយ​របស់​នាង និង​ប្អូន​ស្រី​របស់​នាង បាន​ជំរុញ​ឲ្យ​នាង​ចូល​ប្រឡង​ជ្រើស​រើស​Miss Luck ដែល​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​Unilever។ នៅ​ពេល​នោះ នាង​ក៏​ទទួល​បាន​ជោគជ័យ ហើយ​នាង​ក៏​ទទួល​បាន​កិច្ច​សន្យា​មួយ​ឆ្នាំ ដើម្បី​ជួយ​ក្រុម​ហ៊ុន​Unilever​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម។
បន្ទាប់​ មក ឆ្នាំ​២០០៦ Unilever បាន​ឧបត្ថម្ភ​កម្មវិធី​សម្ជស្ស​នៅ​ប៉ុស្តិ៍​លេខ​៥។ ដោយ​សារ​អ្នក​អត្ថា​ធិប្បាយ​ម្នាក់ មិន​អាច​ធ្វើ​វា​បាន​ក្រុម​ការ​ងារ ក៏​សម្រេច​ជ្រើស​រើស​អ្នក​មក​ជំនួស។
ពួក​គេ​ស្នើ​ឲ្យ​សួរ​ហ្សូរីដា ពេល​នោះ​ហើយ​ដែល​នាង​បាន​បង្ហាញ​មុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍។
បច្ចុប្បន្ន ​នាង​ធ្វើ​ជា​អ្នក​អត្ថា​ធិប្បាយ​ក្នុង​កម្មវិធី​ទូរទស្សន៍​សរុប​៨​កម្ម​ វិធី។ ក្នុង​នោះ មាន​កម្ម​វិធី​មួយ ឈ្មោះ​ថា វេទិកា​សម្រាប់​ប្រធាន​នាយក​ប្រតិបត្តិ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍។ នាង​បាន​ជួប​សម្ភាស​ជាមួយ​មនុស្ស​សំខាន់ៗ​មក​ពី​ក្រុម​ហ៊ុន និង​រដ្ឋាភិបាល នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ​ពី​ម៉ោង​៥​:​៣០​នាទី ដល់​ម៉ោង​៦:៣0​នាទី។ កម្មវិធី​សុខភាព​ប្រជាជន​បង្ហាញ​នៅ​លើ​កញ្ចក់​ទូរទស្សរ៍​អាស៊ី​អាគ្នេយ៍ រៀង​រាល់​ថ្ងៃ​ពុធ ពី​ម៉ោង៥​:​៣០​នាទី ដល់​ម៉ោង​៦:៣០​នាទី​។ នាង​លើក​ឡើង​ថា៖ «​យើង​បាន​ថត​កម្ម​វិធី​នោះ នៅ​រៀង​រាល់​ថ្ងៃ​ពុធ។ វា​ពិត​ជា​លំបាក​ណាស់​ក្នុង​ការ​ស្វែង​រក​ភ្ញៀវ ដោយ​សារ​មនុស្ស​សំខាន់​ៗ​ភាគ​ច្រើន មិន​ចង់​បង្ហាញ​មុខ ប៉ុន្តែ​បច្ចុប្បន្ន វា​កំពុង​តែ​មាន​ភាព​ងាយ​ស្រួល​»​។
កម្ម​វិធី​ផ្សេង​មួយ​ទៀត នៅ​ប៉ុស្តិ៍​អាស៊ី​អាគ្នេយ៍ ឈ្មោះ​ថា​Pop Music Concert ដែល​ជា​កម្មវិធី​បង្ហាញ​អំពី​តន្ត្រី​ខ្មែរ​បុរាណ​ចាក់​ផ្សាយ​ជា​រៀង​រាល់​ ថ្ងៃ​សៅរ៍ ចាប់​ពី​ម៉ោង ៥ ដល់​ម៉ោង ៧:៣០​យប់។ កម្មវិធី​ផ្សេង​មួយ​ទៀត ឈ្មោះ​ថា SEA TV Concert ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​អាទិត្យ​ចាប់​ពី​ម៉ោង​៥​ដល់ ៨ ដោយ​មាន​ចាក់​ផ្សាយ​តន្ត្រី​សម័យ​ផ្សាយ​ផ្ទាល់​តែ​ម្តង។
នាង​ក៏​បាន​ កាន់​កម្មវិធី​ចម្អិន​ម្ហូប​នៅ​ប៉ុស្តិ៍​លេខ​៥​ផង​ដែរ​ឈ្មោះ​ថា Ladies​Corner ដែល​ចាក់​ផ្សាយ​នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍​ព្រឹក ពី​ម៉ោង១០ ដល់ ១១​។ នៅ​ប៉ុស្តិ៍​លេខ ៥ ហ្សូរីដា ក៏​ធ្វើ​អត្ថា​ធិប្បាយ​ក្នុង​កម្មវិធី​ជជែក​ឈ្មោះ​ថា Wonderful Tonight ពី​ម៉ោង ៨ ដល់ ១០​យប់ រៀង​រាល់​ថ្ងៃ​អាទិត្យ។​នៅ​CTN ហ្សូរីដា ធ្វើ​អត្ថា​ធិប្បាយ​កម្មវិធី My Beauty, My Mega-Belle ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​អាទិត្យ​ពី​៤:៣០​នាទី ដល់​៥​៕CS(POSTKHMER)

Comments system

Disqus Shortname