Monday, December 3, 2012

សម្តេច​តេជោ​ ហ៊ុន សែន ​អំពាវនាវ​​ឱ្យ​ពលរដ្ឋ​​ទាំងអស់​គោរពច្បាប់​​ចរាចរណ៍​ និង​កុំ​មាក់ងាយ​ជនពិការ​

រាជ​ធានី​ភ្នំពេញ​ ៖ ជាថ្មីម្តងទៀត សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​អំពាវនាវឲ្យប្រជា​ពលរដ្ឋ​ទំាងអស់គោរព​ច្បាប់ចរាចណ៍​ប្រុង​ ប្រយ័ត្នក្នុងការ​បើកបរ​ បើមិនស្រលាញ់ជីវិតខ្លួន​ឯង ក៏គិតពីអ្នកដទៃ ព្រោះមួយប៉ប្រិច​ភ្នែកអាចធ្វើឲ្យអ្នកដ​ពិការ និង​រហូត​ដល់​ស្លាប់ ។
ការអំពាវនាវរបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ យ៉ាងដូច្នេះបាន​ធ្វើឡើងនៅព្រឹកថ្ងៃទី​៣​ ធ្នូ​ ២០១២​ ក្នុងឱកាស​ដែល​សម្តេចបានអញ្ជើញជាអធិបតីភាពក្នុងទិវាជនពិការលើកទី១៤​ ទិវាជនពិការអន្តរជាតិលើក​ទី៣០​ និងពិធីបើក​សិក្ខាសាលា​ស្តីពីការដាក់បញ្ចូល ពិការ​ភាព​ នៅក្នុងការអភិវឌ្ឍ​ ការផ្សព្វផ្សាយរបាយ​ការណ៍ពិភព​លោកស្តីពីពិការភាព​ និងអនុសញ្ញា​ស្តីពី​សិទ្ធិជនពិការ ដែលបានប្រារព្ធធ្វើឡើង​នៅសាល​មហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។
សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា បច្ចុប្បន្ននេះគ្រោះថ្នាក់​ចរាចរណ៍ និងគ្រាប់មិនទាន់ផ្ទុះ​បានធ្វើឲ្យមាន​ភាពពិការ​ ហើយយើងមិនអាចលុបបំបាត់ភាពពិការដូចការលុបបំបាត់​ជំងឺគ្រុនស្វិតដៃជើង​ ជំងឺគ្រុនចាញ់​ ឬ​ជំងឺរបេង​នោះ​ឡើយ​ ។ ជាមួយ​គ្នានេះដែរ សម្តេច​​ហ៊ុន សែន ក៏បានអំពាវនាវឲ្យបញ្ឈប់ការ​ប្រើពាក្យអសុរោះ និងរើសអើង មាក់​ងាយដល់ជនពិការ ដូចជាប្រើពាក្យអាខ្វាក់អាខ្វិន ដែលធ្វើឲ្យអ្នកពិការឈឺចាប់​ ហើយថា សម្តេចក៏ជាជនពិការម្នាក់ ក្នុងចំណោម​ជនពិការនៅកម្ពុជា ។
គួរបញ្ជាក់ដែរថា នៅ​រៀងរាល់ថ្ងៃទី៣ ខែធ្នូ នៃឆ្នាំនីមួយៗ គឺជាថ្ងៃ ដែលអង្គការសហ​ប្រជាជាតិកំណត់ថា ទិវាជនពិការអន្តរជាតិ​ស្របតាម សេចក្តីសម្រេចរបស់អង្គ​ការសហប្រជាជាតិ កាលពីឆ្នាំ ១៩៩២ កម្ពុជាបាន​ចាប់ផ្តើមចូលរួមប្រារព្ធទិវាជន​ពិការ​អន្តរជាតិ​ ជាលើកដំបូងនៅឆ្នាំ១៩៩៩ ហើយនៅឆ្នាំនេះ គឺជាខួបលើកទី៣០ នៃទិវាជន​ពិការអន្តរជាតិ​ស្របនឹងខួបលើកទី១៤​នៃទិវាជនពិការ​កម្ពុជា​ ដែល​បាននិងកំពុងប្រារព្ធក្រោមប្រធាន​បទ​ «លុបបំបាត់​ឧបសគ្គរារាំង​ ដើម្បី​កសាងសង្គមមួយ​ដោយ​មានការដាក់បញ្ចូល និងផ្តល់លក្ខណៈងាយស្រួលសម្រាប់ទាំងអស់គ្នា»៕(POSTKHMER)

Comments system

Disqus Shortname